កិច្ច​​ព្រម​​ព្រៀង​​ទីក្រុង​​ប៉ារីស​​មិ​ន​​ទាន់​​ផុត​​សុពល​​ភាព​​ទេ ប៉ុន្តែ​​ហេតុ​អ្វី​​លោក ហ៊ុន សែន បក​​ស្រាយ​​ផ្ទុយ?

កិច្ច​​​ព្រម​​ព្រៀង​​សន្តិ​ភាព​​ទីក្រុង​​ប៉ារីស មិន​​មែ​ន​​ជា​​កម្ម​សិទ្ធិ​​ឯកជន​​របស់​​លោក ហ៊ុន សែន និង​​លោក ហ៊ុន ម៉ាណែត ឬ​​គណបក្ស​​ប្រជាជន​​កម្ពុ​ជា​​នោះ​​ទេ ប៉ុន្តែ​​វា​​ជា​​កេរ​ដំណែល​​ប្រវត្តិ​សាស្ត្រ​​រួម​​របស់​​ជាតិ និង​​ជា​​ក្រប​ខណ្ឌ​​ច្បាប់​​អន្តរ​ជាតិ ដ៏​​មាន​​តម្លៃ​​សម្រាប់​​ប្រជា​ពលរ​ដ្ឋ​ខ្មែរ​​គ្រប់​​ជំនាន់ ​ក្នុង​​ការ​​ការ​ពារ​​សិទ្ធិ​​សេរី​ភាព និង​​អធិប​តេយ្យ​​ភាព​​របស់​​ខ្លួន។

គុណតម្លៃ​នៃ​ក្របខណ្ឌ​ច្បាប់​អន្តរជាតិ​នេះ ជំរុញ​ឱ្យ​មាន​ការ​ប្រៀបធៀប​ថា ប្រសិន​បើ​រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត ពិត​​ជា​គោរព​រដ្ឋធម្មនុញ្ញ ដែល​ប្រសូត​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ពិត​​មែន​​​នោះ រដ្ឋាភិ​បាល​​ចាំបាច់​​ត្រូវ​តែ​បើក​លំហ​នយោបាយ និង​ធានា​ឯករាជ្យ​ភាព នៃ​ប្រព័ន្ធ​តុលាការ។

ត្រូវ​​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​សកម្មជន និង​អ្នក​រិះគន់ រួម​ទាំង​ត្រូវ​ធានា​ឱ្យ​មាន​ការ​ប្រកួត​ប្រជែង​ដោយ​សេរី និង​​យុត្តិធម៌​​ក្នុង​កា​រ​​បោះឆ្នោត​​ជ្រើស​រើស​​ក្រុម​ប្រឹក្សា​​ឃុំ សង្កាត់​​ឆ្នាំ​​២០២៧ និង​បោះ​ឆ្នោត​​​ជាតិ​ជ្រើស​តាំង​​តំណាង​រាស្ត្រ ឆ្នាំ​២០២៨។

នៅ​ថ្ងៃ​ទី២៣ ខែ​តុលា ឆ្នាំ២០២៦ ខាង​មុខ​នេះ កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស (Paris Peace Agreements ឬ PPA) នឹង​​មាន​អាយុកាល​គម្រប់ ៣៥ឆ្នាំ គិត​ចាប់​ពី​ថ្ងៃ​ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​ទី២៣ ខែ​តុលា ឆ្នាំ​១៩៩១។ ឆ្នាំ​នេះ ក៏​ដូច​ជា​​ឆ្នាំ​​មុនៗ ប្រជាពលរដ្ឋ​ខ្មែរ​អ្នក​ស្រឡាញ់​ប្រជាធិបតេយ្យ​នៅ​តាម​បណ្តា​ប្រទេស​នានា ដូចជា សហរដ្ឋ​អាមេរិក បារាំង កាណាដា អូស្ត្រាលី ជប៉ុន កូរ៉េ​ខាង​ត្បូង ថៃ និង​អង្គការ​សង្គម​​ស៊ីវិល​​មួយ​​ចំនួន​​នៅ​កម្ពុជា បាន​ចាប់​ផ្តើម និង​​កំពុង​​រៀបចំ​សកម្មភាព​រំលឹក​ខួប​ក្នុង​អំឡុង​ថ្ងៃ​ទី១៨ ដល់​​ថ្ងៃ​ទី២៣ ខែ​តុលា ឆ្នាំ២០២៦។

ជាក់ស្តែង នៅ​ថ្ងៃ​ទី១៧ ខែ​តុលា ឆ្នាំ២០២៦ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កាណាដា​បាន​ជួបជុំ​គ្នា​នៅ​មុខ​អគារ​​​រដ្ឋសភា​កាណាដា ក្នុង​ទីក្រុង​អូតាវ៉ា ដើម្បី​រំលឹក​ខួប​លើក​ទី៣៥ នៃ PPA និង​ទាមទារ​ឱ្យ​ប្រទេស​ហត្ថលេខី​បន្ត​យក​ចិត្ត​ទុក​ដាក់​​លើ​ការ​អនុវត្ត​កាតព្វកិច្ច​ដែល​មាន​ចែង​ក្នុង​កិច្ច​ព្រម​ព្រៀង​នេះ។ បន្ទាប់​មក នៅ​ថ្ងៃ​ទី១៨ ខែ​តុលា អង្គការ ២៣ តុលា នៅ​ទីក្រុង​មែលប៊ន ប្រទេស​អូស្ត្រាលី ក៏​បាន​រៀបចំ​ពិធី​រំលឹក​ខួប​នេះ ដោយ​​មាន​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​​ខ្មែរ សកម្មជន​ប្រជាធិបតេយ្យ និង​តំណាង​សហគមន៍​ខ្មែរ​ជាង ២០០នាក់/អង្គ។ នៅ​ថ្ងៃ​ដដែល​នោះ សកម្ម​ជន​​​នយោបាយ​គណបក្ស​ប្រឆាំង និង​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ជប៉ុន ក៏​បាន​​ជួបជុំ​គ្នា​រំលឹក​ខួប​ប្រវត្តិសាស្ត្រ​នេះ​ផង​ដែរ។ ដោយ​ឡែក នៅ​ថ្ងៃ​ទី២៣ ខែ​តុលា ខាង​មុខ​នេះ រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា ដឹកនាំ​ដោយ​លោក សម រង្ស៊ី ក៏​​គ្រោង​​ជួបជុំ​សមាជិក អ្នក​គាំទ្រ និង​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​បារាំង ដើម្បី​រំលឹក​ខួប​លើក​ទី៣៥ និង​បន្ត​ជំរុញ​ឱ្យ​មាន​ការ​​អនុវត្ត​​គោលការណ៍​ស្នូល​នៃ PPA ផង​ដែរ។

ការ​​ប្រារព្ធ​ខួប​ជា​បន្តបន្ទាប់​នៅ​តាម​បណ្តា​ប្រទេស​ទាំង​នេះ បាន​បង្ហាញ​ថា ទោះបី PPA មាន​អាយុកាល ៣៥ឆ្នាំ​​ហើយ​​​​ក៏ដោយ ក៏​ប្រជា​​ពលរដ្ឋ​ខ្មែរ​​ជាច្រើន​​នៅ​​តែ​​ចងចាំ និង​​ផ្តល់​តម្លៃ​ខ្ពស់​​ចំពោះ​​​សន្ធិសញ្ញា​​អន្តរជាតិ​​មួយ​​នេះ។ សម្រាប់​​ពួកគេ ការ​រំលឹក​ខួប​មិន​មែន​គ្រាន់តែ​ជា​ការ​រំលឹក​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ឬ​ការ​ជួប​ជុំ​គ្នា​តាម​ទម្លាប់​នោះ​ទេ ប៉ុន្តែ​​ជា​ការ​រំលឹក​ដល់​ការ​សន្យា និង​កាតព្វកិច្ច​ដែល​រដ្ឋាភិបាល​កម្ពុជា និង​សហគមន៍​​អន្តរ​ជាតិ​​បាន​ប្តេជ្ញា​កាលពី​ថ្ងៃ​ទី២៣ ខែ​តុលា ឆ្នាំ១៩៩១ ក្នុង​ការ​កសាង​កម្ពុជា​ឱ្យ​មាន​សន្តិភាព ប្រជាធិប​តេយ្យ​​សេរី​​ពហុបក្ស ការ​​គោរព​​សិទ្ធិ​មនុស្ស នីតិរដ្ឋ និង​ការ​ការពារ​អធិបតេយ្យ​ភាព​ជាតិ។

ការ​បន្ត​ទាមទារ​ឱ្យ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​នេះ ក៏​ឆ្លុះ​បញ្ចាំង​ពី​ក្តី​ព្រួយ​បារម្ភ​ចំពោះ​ការ​ធ្លាក់​ចុះ​នៃ​ប្រជាធិបតេយ្យ និង​​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​នយោបាយ​នៅ​កម្ពុជា​ផង​ដែរ។ ដូច្នេះ ការ​រំលឹក​ខួប​លើក​ទី៣៥​នេះ គឺ​ជា​សារ​​នយោបាយ​​ដ៏​សំខាន់​មួយ​ថា PPA មិន​គួរ​ត្រូវ​បាន​បំភ្លេច ឬ​បក​ស្រាយ​បែប​កាត់​បន្ថយ​តម្លៃ ដើម្បី​គេចវេស​​ពី​កាតព្វកិច្ច​ក្នុង​ការ​ការពារ​សិទ្ធិ​ប្រជាពលរដ្ឋ​នោះ​ឡើយ។

ប៉ុន្តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មេដឹកនាំ និង​មន្ត្រី​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ចំនួន បាន​​​ព្យាយាម​​​បក​ស្រាយ​ថា PPA បាន​បញ្ចប់​តួនាទី​របស់​ខ្លួន​ហើយ ក្រោយ​ការ​បង្កើត​រដ្ឋធម្មនុញ្ញ​ឆ្នាំ១៩៩៣។ ជាក់ស្តែង នៅ​ថ្ងៃ​ទី២៤ ខែ​តុលា ឆ្នាំ២០២៥ លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​អះអាង​ថា PPA មិន​អាច​យក​មក​ដោះ​ស្រាយ​​ជម្លោះ​ព្រំដែន កម្ពុជា-ថៃ បាន​ទេ ព្រោះ​ខ្លឹមសារ​សំខាន់ៗ​ត្រូវ​បាន​បញ្ចូល​​ក្នុង​រដ្ឋធម្មនុញ្ញ​រួច​ហើយ។ លោក​ថែម​​ទាំង​អះអាង​ថា បារាំង និង​ឥណ្ឌូណេស៊ី ដែល​ជា​សហប្រធាន​សន្និសីទ​ប៉ារីស ក៏​មិន​យល់ព្រម​ឱ្យ​ប្រើ​យន្តការ​នេះ​ដែរ។ ការ​លើក​ឡើង​បែប​នេះ​អាច​យល់​បាន​ថា ជា​ការ​វាយ​តម្លៃ​អំពី​ភាព​លំបាក​ក្នុង​ការ​ប្រើប្រាស់​យន្តការ​ការទូត ប៉ុន្តែ​​មិន​​មែន​ជា​ភស្តុតាង​ថា​សន្ធិសញ្ញា​បាន​ផុត​សុពល​ភាព​ផ្លូវ​ច្បាប់​ឡើយ។

តាម​ឯកសារ​ផ្លូវការ​របស់​អង្គការ​សហប្រជាជាតិ PPA ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​ប្រទេស​ចំនួន១៩ នៅ​ថ្ងៃ​ទី២៣ ខែ​តុលា ឆ្នាំ១៩៩១ ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ដដែល​តាម​មាត្រា៣០ និង​បាន​ចុះ​បញ្ជី​នៅ UN នៅ​ថ្ងៃ​ទី២៣ ខែ​មករា ឆ្នាំ​១៩៩២ ក្រោម​លេខ​សន្ធិសញ្ញា២៨៦១៣។ មាត្រា១ ពិត​ជា​បាន​កំណត់​ថា​ដំណាក់កាល​អន្តរកាល​ត្រូវ​បញ្ចប់​ក្រោយ​ការ​បង្កើត​​រដ្ឋធម្មនុញ្ញ និង​រដ្ឋាភិបាល​ថ្មី។ ប៉ុន្តែ​ការ​បញ្ចប់​បេសកកម្ម​របស់​អ៊ុនតាក់​នៅ​ឆ្នាំ១៩៩៣ មិន​មែន​មាន​ន័យ​ថា​កាតព្វ​កិច្ច​ទាំងអស់​ក្នុង​កិច្ច​ព្រម​ព្រៀង​ត្រូវ​រលាយ​បាត់​តាម​នោះ​ទេ។ កាតព្វកិច្ច​មួយ​ចំនួន​មាន​លក្ខណៈ​អន្តរកាល ខណៈ​​​កាតព្វកិច្ច​ស្តីពី​សិទ្ធិ​មនុស្ស និង​អធិបតេយ្យ​ភាព​ជាតិ​មាន​អត្ថន័យ​បន្ត​ក្រោយ​ឆ្នាំ១៩៩៣។

តាម​អនុសញ្ញា​ទីក្រុង​វីយែន ស្តីពី​ច្បាប់​សន្ធិសញ្ញា ឆ្នាំ១៩៦៩ មាត្រា២៦ បាន​កំណត់​គោលការណ៍​ថា សន្ធិ​សញ្ញា​​ដែល​នៅ​ជា​​ធរមាន​​ត្រូវ​តែ​អនុវត្ត​ដោយ​សុចរិត​ភាព។ មាត្រា២៧ ហាម​ភាគី​យក​ច្បាប់​ផ្ទៃក្នុង​ធ្វើ​ជា​លេស​សម្រាប់​មិន​អនុវត្ត​កាតព្វ​កិច្ច​សន្ធិសញ្ញា ខណៈ​មាត្រា៥៤ និង៥៩ កំណត់​លក្ខខណ្ឌ​ច្បាប់​សម្រាប់​​ការ​បញ្ចប់​សន្ធិសញ្ញា រួម​ទាំង​ការ​ព្រមព្រៀង​​​របស់​ភាគី និង​ការ​ជំនួស​ដោយ​សន្ធិសញ្ញា​ថ្មី​ក្រោម​លក្ខខណ្ឌ​​ជាក់លាក់។ ដូច្នេះ ការ​បង្កើត​រដ្ឋធម្មនុញ្ញ​ឆ្នាំ១៩៩៣ មិន​​មែន​​ជា​មូលហេតុ​គ្រប់គ្រាន់​ដើម្បី​ប្រកាស​ថា PPA បាន​ផុត​សុពល​ភាព​ទាំងស្រុង​នោះ​ឡើយ។ រដ្ឋធម្មនុញ្ញ គឺ​ជា​ច្បាប់​​កំពូល​របស់​កម្ពុជា ប៉ុន្តែ​មិន​មែន​ជា​ឯកសារ​ដែល​អាច​លុបចោល​កាតព្វកិច្ច​អន្តរជាតិ​ដោយ​ឯកតោភាគី​បាន​ទេ។

ភស្តុតាង​ច្បាស់​បំផុត​ស្ថិត​នៅ​ក្នុង​មាត្រា១៥ និង១៧។ មាត្រា១៥ កំណត់​កាតព្វកិច្ច​ឱ្យ​កម្ពុជា​គោរព​សិទ្ធិ​មនុស្ស និង​សេរីភាព​ជា​មូលដ្ឋាន ព្រមទាំង​ការពារ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស។ ចំណែក​មាត្រា១៧ បាន​​ចែង​យ៉ាង​ច្បាស់​អំពី​ការ​បន្ត​តាមដាន​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ក្រោយ​បញ្ចប់​​ដំណាក់កាល​អន្តរកាល រួម​ទាំង​​លទ្ធភាព​តែងតាំង​អ្នក​រាយការណ៍​ពិសេស។ រហូត​ដល់​ថ្ងៃ​ទី៣០ ខែ​កញ្ញា ឆ្នាំ២០២៦ រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​ជួប​ពិភាក្សា​​ជាមួយ​លោក Thomas Andrews អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ ការ​បន្ត​មាន​យន្តការ​តាមដាន​នេះ បង្ហាញ​​ថា ការ​គ្រប់គ្រង​សិទ្ធិ​មនុស្ស​ក្រោយ​ឆ្នាំ១៩៩៣ នៅ​តែ​ជា​បញ្ហា​ដែល​​សហគមន៍​អន្តរជាតិ​មាន​តួនាទី​តាមដាន។

លើស​​ពី​​នេះ មាត្រា១៨ បាន​កំណត់​អំពី​ការ​គោរព​អធិបតេយ្យ​ភាព ឯករាជ្យ​ភាព បូរណភាព​ទឹកដី អព្យា​ក្រឹត​​ភាព និង​ឯកភាព​ជាតិ​របស់​កម្ពុជា។ មាត្រា២៩ បាន​បើក​យន្តការ​ពិគ្រោះ​យោបល់​រវាង​សហប្រធាន​សន្និសីទ​ប៉ារីស គឺ​បារាំង និង​ឥណ្ឌូណេស៊ី នៅ​ពេល​មាន​ការ​រំលោភ ឬ​ការ​គំរាម​រំលោភ​កិច្ច​ព្រម​ព្រៀង តាម​សំណើ​​របស់​អគ្គលេខាធិការ​អង្គ​ការ​សហប្រជាជាតិ។ ចំណែក​មាត្រា៥ នៃ​កិច្ច​ព្រម​ព្រៀង​ដាច់​ដោយ​ឡែក​ស្តីពី​​អធិបតេយ្យ​ភាព​កម្ពុជា បាន​ចែង​អំពី​​ការ​ពិគ្រោះ​យោបល់ និង​ការ​ដោះស្រាយ​ការ​រំលោភ​ដោយ​សន្តិវិធី។ យន្ត​​ការ​ទាំង​​នេះ មិន​មែន​ជា​ការ​ធានា​ថា​ប្រទេស​​​ហត្ថលេខី​នឹង​ចូល​អន្តរាគមន៍​ដោយ​ស្វ័យប្រវត្តិ​ឡើយ ប៉ុន្តែ​​​វា​ក៏​មិន​មែន​ជា​ឯកសារ​ដែល​គ្មាន​តម្លៃ​ច្បាប់​ដែរ។

អ្វី​ដែល​គួរ​ឱ្យ​រិះគន់​ខ្លាំង​បំផុត គឺ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា តែង​លើក​ឡើង​អំពី​សន្តិភាព ប៉ុន្តែ​ការ​អនុវត្ត​​គោល​ការណ៍​​​ប្រជាធិបតេយ្យ​​ដែល​ជា​ស្នូល​នៃ PPA បែរ​ជា​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ។ នៅ​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា ឆ្នាំ២០១៧ តុលាការ​កំពូល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ហាមឃាត់​មន្ត្រី​គណបក្ស ១១៨រូប មិន​ឱ្យ​ធ្វើ​នយោបាយ​រយៈពេល ៥ឆ្នាំ។ នៅ​ថ្ងៃ​ទី១៥ ខែ​ឧសភា ឆ្នាំ២០២៣ គណបក្ស​ភ្លើង​ទៀន​ក៏​ត្រូវ​បាន​រារាំង​មិន​ឱ្យ​ចូលរួម​ការ​បោះឆ្នោត​ជាតិ។ ព្រឹត្តិការណ៍​ទាំង​នេះ បង្ហាញ​ពី​ការ​ដើរ​ផ្ទុយ​នឹង​គោលការណ៍​ប្រជាធិប​តេយ្យ​សេរី​ពហុបក្ស ដែល​មាន​ចែង​ក្នុង​ឧបសម្ព័ន្ធ​​ទី៥ នៃ PPA។

ជារួម បញ្ហា​មិន​មែន​ស្ថិត​នៅ​ត្រង់​ថា​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស មាន​អាយុ ៣៥ឆ្នាំ​ហើយ​ត្រូវ​ផុត​សុពល​ភាព​នោះ​ទេ ប៉ុន្តែ​ស្ថិត​នៅ​ត្រង់​ឆន្ទៈ​នយោបាយ​របស់​អ្នក​កាន់​អំណាច​ក្នុង​ការ​អនុវត្ត​កាតព្វកិច្ច​ដែល​នៅ​បន្ត។ គណបក្ស​ប្រជាជន​​កម្ពុជា​មិន​អាច​យក​សមិទ្ធផល​នៃ PPA មក​អួតអាង​អំពី​សន្តិភាព ហើយ​បែរ​ជា​បដិសេធ​កាតព្វកិច្ច​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​របស់​ខ្លួន​បាន​ឡើយ។

ប្រសិន​បើ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ពិត​ជា​គោរព​ស្មារតី​នៃ PPA រដ្ឋាភិបាល​ត្រូវ​តែ​បើក​លំហ​នយោ​បាយ ធានា​ឯករាជ្យ​ភាព​តុលាការ បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​អ្នក​រិះគន់ និង​ធានា​ការ​ប្រកួត​ប្រជែង​ដោយ​សេរី​​ក្នុង​កា​រ​បោះ​ឆ្នោត​​​ឆ្នាំ​២០២៧ និង២០២៨។ កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស មិន​មែន​ជា​កម្មសិទ្ធិ​របស់​​លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត ឬ​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ ប៉ុន្តែ​ជា​កេរដំណែល​ប្រវត្តិ​សា​ស្ត្រ និង​ជា​ក្របខណ្ឌ​ច្បាប់​អន្តរ​ជាតិ ដែល​មាន​សារៈសំខាន់​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ជំនាន់៕

អត្ថបទដោយ៖ លោក សុក្រឹត ពុទ្ធិ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ