រដ្ឋធានីរបស់ប្រទេសអ៊ុយក្រែន បានរងការវាយប្រហារដោយកាំជ្រួចសារជាថ្មី តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីរុស្ស៊ីបាននិយាយថា ខ្លួន «ត្រៀមខ្លួនជាគោលការណ៍» ក្នុងការបន្តកិច្ចពិភាក្សាសន្តិភាព ហើយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា ពិភពលោកគឺ «ខិតជិតបំផុត» ក្នុងការបញ្ចប់សង្គ្រាមនេះ។
អភិបាលក្រុងកៀវ លោក Vitaliy Klitschko បាននិយាយថា ផ្ទះជាច្រើនខ្នងត្រូវបានប៉ះពាល់កាលពីយប់ថ្ងៃទី២១ ខែតុលា ដោយបានធ្វើឱ្យមនុស្ស ៦នាក់ រងរបួស។ ការវាយប្រហារនេះបានកើតឡើងចំពេលមានការប្រឹងប្រែងផ្នែកការទូតថ្មីមួយ ដឹកនាំដោយបេសកជនរបស់លោក ត្រាំ គឺលោក Steve Witkoff និងលោក Jared Kushner ដោយលោក Witkoff បានជួបប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅទីក្រុង St Petersburg កាលពីថ្ងៃពុធ បន្ទាប់ពីបានជួបមេដឹកនាំអ៊ុយក្រែននៅអូស្លូ។
កិច្ចពិភាក្សាត្រីភាគីត្រូវបានកាត់ផ្ដាច់កាលពីខែកុម្ភៈ ដែលបន្ទាប់មក រុស្ស៊ីបានបង្កើនការវាយប្រហារ ខណៈអ៊ុយក្រែនអស់កាំជ្រួចការពារអាកាសដែលផ្គត់ផ្គង់ដោយលោកខាងលិច។ ទោះបីជាលោក ត្រាំ អះអាងថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន កំពុងខិតជិតដល់ការបញ្ចប់សង្គ្រាមក៏ដោយ ក៏រូបលោកនៅតែមិនទាន់អាចសម្រេចបាននៅឡើយទេ។
លោក ហ្សេលេនស្គី បាននិយាយថា ការធានាសន្តិសុខ «ដ៏រឹងមាំ» សម្រាប់អ៊ុយក្រែន និងសំណើបទឈប់បាញ់លើវិស័យថាមពល ត្រូវបានយកមកពិភាក្សា ប៉ុន្តែជំនួយការរបស់លោក ពូទីន លោក Yuri Ushakov បាននិយាយថា គំនិតទាំងនោះមិនសូវជា «មានប្រយោជន៍» ប៉ុន្មានទេ។
លោក Ushakov បានលើកឡើងថា ជំនួបជុំថ្មីអាចនឹងធ្វើឡើងនៅប្រហែលថ្ងៃទី១០ ខែវិច្ឆិកា នៅទីក្រុងអាប៊ុយដាប៊ី ដើម្បីផ្តោតលើ «ការបង្កើតប្រព័ន្ធសន្តិសុខសម្រាប់រុស្ស៊ី និងអ៊ុយក្រែន»។ លោក Ushakov ក៏បានបញ្ជាក់ថា កងទ័ពរុស្ស៊ីកំពុងមាន «គំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ» នៅលើសមរភូមិ ខណៈអ៊ុយក្រែន និងសម្ព័ន្ធមិត្តអឺរ៉ុបបានបដិសេធ ដោយបង្ហាញពីស្ថានភាពជាប់គាំង។ ទោះជាយ៉ាងណា លោក ហ្សេលេនស្គី បានប្រាប់ Fox News ថា លោកនឹងទទួលយកកិច្ចព្រមព្រៀងដែលបង្កកសង្គ្រាម និង «បញ្ឈប់ការសម្លាប់រង្គាល» នៅតាមបណ្តោយខ្សែត្រៀមជួរមុខបច្ចុប្បន្ន។ កិច្ចពិភាក្សានេះត្រូវបានធ្វើឡើងចំពេលមានជម្លោះកើនឡើងរវាងអ៊ុយក្រែន និងសហរដ្ឋអាមេរិក។
លោក ត្រាំ បានរិះគន់ការវាយប្រហាររបស់អ៊ុយក្រែនលើរោងចក្រចម្រាញ់ប្រេងរុស្ស៊ី និងបានលើកលែងទណ្ឌកម្មលើរុស្ស៊ីដើម្បីនាំចូលប្រេងម៉ាស៊ូត ដែលនាំឱ្យមានការរិះគន់យ៉ាងខ្លាំង។ លើសពីនេះ អ៊ុយក្រែនបានចោទប្រកាន់អាមេរិកពីការលាក់បាំងព័ត៌មានរុករក និងការកម្រិតល្បឿនសេវាផ្កាយរណប Starlink ទោះបីជាមន្ត្រីអាមេរិកបានបដិសេធក៏ដោយ។ មុនជំនួបចាប់ផ្តើម រុស្ស៊ីបានដោះលែងលោក Stephen Hubbard ពលរដ្ឋអាមេរិកអាយុ ៧៤ឆ្នាំ ដែលត្រូវជាប់ពន្ធនាគារ។
លោក Witkoff បានហៅលោក ពូទីន ថាជា «អ្នកមនុស្សធម៌» ហើយអនុប្រធានាធិបតីអាមេរិក លោក JD Vance បានការពារការលើកឡើងនេះ ដោយសង្កត់ធ្ងន់ថា អ្វីដែលសំខាន់បំផុតគឺការនាំយកចំណាប់ខ្មាំងអាមេរិកត្រឡប់មកផ្ទះវិញ៕









