សង្គម​​ស៊ីវិល​​ជំរុ​ញ​​ឱ្យ​​រដ្ឋាភិ​បាល​​ពង្រឹង​​ប្រព័ន្ធ​​យុត្តិ​ធម៌​​ពេញ​​លេញ និង​​​សិទ្ធិ​មនុស្ស

ក្រុម​​អង្គ​ការ​​សង្គ​ម​​ស៊ីវិល​​ដែល​​សកម្ម​​ក្នុង​​ការ​​ជំរុញ​​តម្លា​ភាព និង​​យុត្តិ​ធម៌​​សង្គម​​នៅ​​កម្ពុជា បាន​​យក​​ថ្ងៃ​​ខួប​ ២៣​តុលា ធ្វើ​​ជា​​​យុទ្ធនាការ​លើ​បណ្តាញ​សង្គម ផ្ញើ​សារ​ទាមទារ​ឱ្យ​រដ្ឋាភិបាល ក៏ដូចជា​តុលាការ ត្រូវ​ទម្លាក់​បទ​​ចោទ​ប្រកាន់​​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស ដើម្បី​ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌។

ក្រុម​អង្គការ​ដែល​សកម្ម​ទាំងនោះ​ ​​មាន​ដូចជា អង្គការ​លីកាដូ (LICADHO) សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) មជ្ឈមណ្ឌល​​សិទ្ធិមនុស្ស​កម្ពុជា (CCHR) និង​អង្គការ​សម្ព័ន្ធ​ភាព​ដើម្បី​ការពារ​សិទ្ធិមនុស្ស (សង់ត្រាល់) ជាដើម។ ពួកគេ​បាន​លើកឡើង​ដូចៗ​គ្នា​​​ថា សន្តិភាព និង​សិទ្ធិមនុស្ស គឺ​ជា​សមាសភាគ​ដែល​មិន​អាច​បំបែក​ចេញ​ពី​គ្នា​បាន​ឡើយ។ ពួកគេ​បន្ថែម​ថា «គ្មានសន្តិភាពណាមួយពេញលេញឡើយ កាល​ណាអ្នកដែលហ៊ានឈឺឆ្អាលរឿងសង្គម និងសិទ្ធិមនុស្ស ត្រូវរងគ្រោះដោយសារការគំរាម​កំហែង និង​ការជាប់ឃុំឃាំង»។

បើ​តាម​កំណត់ត្រា​របស់​អង្គការ​លីកាដូ អ្នកទោស​​មនសិការ​ជាង ១០០ នាក់ ត្រូវ​បាន​ចាប់ខ្លួន​ដាក់​ពន្ធនា​​គារ ដោយ​សារ​​​តែ​​ភាព​សកម្ម​របស់​ពួកគេ​ក្នុង​ការ​បញ្ចេញមតិ ដើម្បី​ជំរុញ​តម្លាភាព​សង្គម។ ក្រៅពី​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ ក៏​បាន​ផុស​រូបភាព​សកម្មជន​លេចធ្លោ​ជាង ១០ នាក់​ផងដែរ ដែល​មាន​ទាំង​ព្រះ​សង្ឃ ក្រុម​យុវជន​ចលនា​មាតា​​ធម្មជាតិ និង​សមាជិក​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ។

ក្រោម​ហេតុផល​នេះ សង្គម​ស៊ីវិល​រួម​គ្នា​​ ទាមទារ​ឱ្យ​តុលាការ និង​រាជរដ្ឋាភិបាល ទម្លាក់​ចោល​បទចោទ និង​ដោះ​លែង​អ្នក​ការពារ​សិទ្ធិមនុស្ស​ទាំងអស់ ឱ្យ​មាន​សេរីភាព​ពេញលេញ​ឡើងវិញ ដើម្បី​កសាង​សង្គម​មួយ​ដែល​មាន​សន្តិភាព យុត្តិធម៌​ពេញលេញ និង​ភាព​សុខសាន្ត​ពិតប្រាកដ។

លើស​ពី​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី សុខា បាន​លើកឡើង និង​សង្កត់ធ្ងន់​ថា លោក​បាន​មើល​ឃើញ​ពី​ការ​ប្រឹងប្រែង​របស់​អង្គការ​សង្គម​ស៊ីវិល ក៏ដូចជា​ពលរដ្ឋ​សកម្ម​នៅ​ក្នុង​សង្គម ដែល​តែងតែ​រង​នូវ​ការ​គាបសង្កត់ ឬ​សម្ពាធ​ពី​សំណាក់​អាជ្ញាធរ និង​រាជរដ្ឋាភិបាល។

លោក​បាន​ពន្យល់​បន្ថែម​ថា សន្តិភាព​ដែល​បាន​មក​តាមរយៈ​ការ​គាបសង្កត់ គឺ​មិនមែន​ជា​សន្តិភាព​ពិតប្រាកដ​​នោះ​​ឡើយ។ លោក​គូសបញ្ជាក់​ថា ការ​បិទមាត់​ដើម្បី​ការពារ​សន្តិភាព គឺ​មិន​អាច​ធ្វើ​ឱ្យ​មាន​សន្តិភាព​ពិតប្រាកដ​បាន​ឡើយ។

លើស​ពី​នេះ លោក​ថា យុត្តិធម៌​សង្គម​​មាន​សារៈសំខាន់​យ៉ាងខ្លាំង ក្នុង​ដំណើរការ​ការពារ​សេរីភាព​ទាំង​នយោ​បាយ និង​សង្គម ដើម្បី​ធានា​បាន​នូវ​ភាព​សុខសាន្ត​ក្នុង​សង្គម។ តែ​ផ្ទុយទៅវិញ ប្រសិនបើ​ការ​គាបសង្កត់​នៅ​តែ​បន្ត​កើតមាន ទាំង​ដែល​យុវជន​នៅ​តែ​មាន​​ឆន្ទៈ​ចង់​ចូលរួម វានឹង​ជំរុញ​ឱ្យ​មាន​វិបត្តិ​នយោបាយ និង​វិបត្តិ​សង្គម​ធ្ងន់ធ្ងរ ដែល​​អាច​ជំរុញ​ឱ្យ​យុវជន​ងើប​បះបោរ ហើយ​ជា​ស្ថានភាព​ដែល​មិន​គួរ​ឱ្យ​កើតមាន​សម្រាប់​ប្រទេស​ជាតិ​នោះ​ឡើយ។

លោក​ថ្លែង​ថា៖ «ដូច្នេះ យើងសង្កេតឃើញ​ប៉ុន្មាន​ឆ្នាំចុ​ង​ក្រោយ​នេះ ការ​បន្ត​ការ​ចាប់​ខ្លួន​ទៅ​លើស​កម្ម​ជន​ទាំង​សិទ្ធិ​មនុស្ស ទាំង​នយោ​បាយ ទាំង​សកម្ម​ជន​ដីធ្លី បរិស្ថាន គឺ​នៅ​តែ​បន្ត​រង​ការ​គំរាម​កំហែង ការ​ចាប់​ឃុំ​ខ្លួន រហូត​មក​ដល់​ពេល​នេះ យើង​ឃើញ​ហើយ​មាន ១៣០ផ្លាយ​នាក់​ហើយ ដែល​ជា​សក​ម្មជ​ន និង​ប្រជា​ពលរដ្ឋ​ដែល​សកម្ម​នៅក្នុ​ង​ការ​ប្រើ​ប្រាស់​សិទ្ធិ​សេរី​ភាព​របស់​ខ្លួន ក្នុង​ការ​ចូល​រួម​សកម្ម​នៅ​​ក្នុង​ជីវ​ភាព​សង្គម​ នយោ​បាយ សេដ្ឋ​កិច្ច អី​ជា​ដើម​នេះ ត្រូវ​ទទួល​រង​នូវ​ការ​ចាប់​ខ្លួន ការ​កាត់​ទោស​ឱ្យ​មាន​ជាប់​ទោស ជាប់​ពន្ធនា​គារ​ជា​ដើម»។

ប្រហាក់ប្រហែល​នេះ​ដែរ សហស្ថាបនិក​គណបក្ស​កែទម្រង់​កម្ពុជា និង​ជា​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ច័ន្ទរ័ត្ន បាន​គូសបញ្ជាក់​ថា ការ​ខិតខំ​ប្រឹងប្រែង​របស់​អង្គការ​សង្គម​ស៊ីវិល និង​ពលរដ្ឋ​សកម្ម តែងតែ​រង​ការ​​គាបសង្កត់ ឬ​សម្ពាធ​ពី​សំណាក់​អាជ្ញាធរ និង​រាជរដ្ឋាភិបាល។ លោក​គូសបញ្ជាក់​ថា សន្តិភាព​​កើតចេញ​ពី​ការ​គាប​សង្កត់ ឬ​បំបិទមាត់​ពលរដ្ឋ មិនមែន​ជា​សន្តិភាព​ពិតប្រាកដ​ឡើយ។ សន្តិភាព​ពិតប្រាកដ ទាល់តែ​ចេញ​ពី​ផ្លូវចិត្ត​​របស់​ប្រជាពលរដ្ឋ អង្គការ​សង្គម​ស៊ីវិល និង​មនុស្ស​ទូទៅ​ក្នុង​សង្គម ដោយ​​​គ្មាន​ការ​​​គុំកួន ស្អប់ខ្ពើម ឬ​ជិះជាន់​គ្នា​ទៅ​វិញ​ទៅមក។

ក្នុង​ន័យ​នេះ លោក​ពន្យល់​ថា យុត្តិធម៌​សង្គម​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ក្នុង​ដំណើរការ​ការពារ​សេរីភាព​ផ្នែក​​នយោ​បាយ និង​​សង្គម។ ការ​បើក​លំហ​សិទ្ធិ​សេរីភាព​សម្រាប់​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ ជា​កាតព្វ​​កិច្ច​​ចាំបាច់​របស់​រាជរដ្ឋាភិ​បាល ដើម្បី​ទទួល​យក​មតិ​ចម្រុះ និង​ការ​មើល​ឃើញ​គ្រប់​ជ្រុងជ្រោយ​ក្នុង​សង្គម។

លោក​រំលឹក​ថា កម្ពុជា​ប្រកាន់​យក​របប​ដឹកនាំ​បែប​ប្រជាធិបតេយ្យ។ ការ​ទទួលបាន​ការ​គោរព​ពី​សហគមន៍​អន្តរ​ជាតិ ប្រទេស​លោកខាងលិច និង​ប្រទេស​ជឿនលឿន ទាមទារ​ឱ្យ​មាន​ការ​អនុវត្ត​ស្របតាម​ច្បាប់​ជាតិ សន្ធិសញ្ញា និង​អនុ​សញ្ញា​អន្តរជាតិ​ដែល​កម្ពុជា​បាន​ចុះហត្ថលេខា។

តែ​ផ្ទុយទៅវិញ ការ​មិន​គោរព​តាម​ការ​សន្យា​របស់​ខ្លួន​ជាមួយ​អន្តរជាតិ និង​ប្រជាពលរដ្ឋ នឹង​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​​ដំណើរការ​​អភិវឌ្ឍ​​ជាតិ ព្រោះ​ដៃគូ​បរទេស និង​អ្នក​វិនិយោគទុន គ្មាន​ទំនុកចិត្ត​ក្នុង​ការ​ផ្ដល់​ជំនួយ ឬ​​មក​​បណ្ដាក់​​ទុន​រកស៊ី​នៅ​ក្នុង​ប្រទេស​ដែល​មាន​វិបត្តិ​ឡើយ។

លោក​ថ្លែង​ថា៖ «ដូច្នេះ ខ្ញុំគិតថា ការបើកលំហសេរីភាព សិទ្ធិ​សេរី​ភាព​របស់​អង្គ​ការ​សង្គម​ស៊ីវិល​ក្តី របស់​ប្រជា​ពលរដ្ឋ​ក្តី វាជា​រឿង​ចាំបាច់​របស់​រាជ​រដ្ឋាភិ​បាល ដើម្បី​ទទួល​យក​មតិ​ចម្រុះ ការ​មើល​ឃើញ​គ្រប់​ជ្រុង​នៃ​សង្គម​ហ្នឹង»។

យ៉ាងណា លោក​បង្ហាញ​ការ​បារម្ភ​ថា ប្រសិន​បើ​សម្ពាធ និង​ការ​គាបសង្កត់​នៅ​តែ​បន្ត​កើតមាន ហើយ​រារាំង​ដល់​​ការ​ចូលរួម​​របស់​​យុវជន វានឹង​ធ្វើ​ឱ្យ​ពួកគេ​បាត់បង់​ការ​យកចិត្តទុកដាក់​ចំពោះ​ជាតិ ដោយ​បែរ​ទៅ​អាត្មានិយម ឬ​​ក្នុង​ករណី​ធ្ងន់ធ្ងរ វា​អាច​រុញច្រាន​ឱ្យ​ពួកគេ​ងើប​បះបោរ រហូត​បង្កើត​ទៅជា​វិបត្តិ​នយោបាយ និង​វិបត្តិ​​សង្គម ដែល​​ជា​ហានិភ័យ​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​អនាគត​ប្រទេស​ជាតិ។

វីអូឌី (VOD) មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​សុំ​ការ​ឆ្លើយតប​ជុំវិញ​ការ​លើក​ឡើង​នេះ​បាន​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

ប៉ុន្តែ មេដឹកនាំ​បក្ស​កាន់​អំណាច និង​ជា​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ក្នុង​សារ​អបអរសាទរ​ខួប​លើក​ទី​៣៥ នៃ​​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣​តុលា នេះ លោក​​បាន​អះអាង​ថា «ក្រោមនយោបាយ ឈ្នះ-ឈ្នះ​របស់​លោក គឺបានបញ្ចប់សង្គ្រាមស៊ីវិល​ទាំងស្រុង នៅឆ្នាំ​​១៩៩៨ ដែលកម្ពុជាទូទាំងប្រទេស បានស្គាល់នូវសន្តិភាព​ពេញ​លេញ និង​សម្បូរសប្បាយ​រហូតមកដល់សព្វថ្ងៃ»។

យ៉ាងណា សម្រាប់​ក្រុម​អ្នក​ឃ្លាំមើល ​យល់​ថា សន្តិភាព​ដែល​បាន​មក​តាមរយៈ​ការ​គាបសង្កត់ គឺ​មិនមែន​ជា​​សន្តិភាព​​​ពិតប្រាកដ​នោះ​​ឡើយ។ ផ្ទុយទៅវិញ សន្តិភាព​ពិតប្រាកដ ទាល់តែ​ចេញ​ពី​ផ្លូវចិត្ត​របស់​ប្រជាពលរដ្ឋ ពី​អង្គការ​សង្គម​ស៊ីវិល និង​ពី​មនុស្ស​ទូទៅ​នៅ​ក្នុង​សង្គម ដោយ​គ្មាន​ការ​ខឹង​គុំកួន ការ​ស្អប់ខ្ពើម ឬ​ការ​​គាបសង្កត់​គ្នា​ទៅវិញទៅមក។

ពួកគេ​បាន​គូសបញ្ជាក់​ថា ការ​ប្រើ​ប្រព័ន្ធ​តុលាការ និង​ចាប់​មនុស្ស​ដាក់​ពន្ធនាគារ រួម​ទាំង​រូបភាព​គំរាម​​កំហែង​​គ្រ​ប់​រូបភាព ដើម្បី​បិទមាត់​​អ្នក​​រិះ​គន់ និង​​អ្នក​​រង​គ្រោះ គឺ​មិន​អាច​បង្កើត​សន្តិភាព​ពិតប្រាកដ​បាន​ឡើយ។

លើស​ពី​នេះ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន លោក យ៉ែម បុញ្ញឫទ្ធិ បាន​គូសបញ្ជាក់​ថា ស្មារតី​​​នៃ​កិច្ចព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស គឺ​បញ្ចប់​ជម្លោះ បញ្ចប់​សង្គ្រាម និង​ផ្សះផ្សា​ជាតិ ដែល​នោះ​ជា​ចំណុច​មួយ​ដ៏​សំខាន់។ ហើយ​​លើស​ពី​នោះ​ទៅ​ទៀត គឺ​ពាក់ព័ន្ធ​ជាមួយនឹង​អធិបតេយ្យភាព និង​បូរណ​ភាព​​ទឹក​ដី​​របស់​​កម្ពុជា។ ទន្ទឹម​នឹង​នោះ ក៏​មាន​ការ​ចូលរួម​ជួយ​ដើម្បី​ស្តារ និង​អភិវឌ្ឍ​ប្រទេស​ជាតិ​ឡើងវិញ​​។ ចំណុច​ដ៏​សំខាន់​មួយ​ទៀត គឺ​ការ​រៀបចំ​ឱ្យ​ស្រប​​តាម​របប​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស ព្រមទាំង​​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួបជុំ និង​បញ្ចេញមតិ។

លោក​យល់​ថា គួរតែ​មាន​ការ​លើកលែង​ទោស និង​ដោះលែង​​​សកម្មជន​សង្គម សកម្មជន​បរិស្ថាន និង​សកម្មជន​​សហជីព​​​ជាដើម ពីព្រោះ​ទាំង​សកម្មជន​សង្គម​​ទាំង​សកម្មជន​នយោបាយ ភាគច្រើន​គឺ​មាន​គោលបំណង​​តែ​មួយ​ដូច​គ្នា គឺ​​ការ​ចូលរួម​រិះគន់​ស្ថាបនា និង​ស្តារ​ឡើងវិញ​នូវ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា ក៏ដូច​ជា​​ការ​ចូលរួម​ចំណែក​ដើម្បី​​ថែរក្សា​បរិស្ថាន។ គោលបំណង​ដែល​សំខាន់​បំផុត ​ដែល​សកម្មជន​សង្គម​ចង់បាន គឺ​ចង់​ឱ្យ​មាន​ការ​អភិវឌ្ឍ​ប្រកប​​ដោយ​និរន្តរភាព ចីរភាព និង​សមធម៌​​នៃ​ការ​ទទួលបាន​ផល​ពី​ការ​អភិវឌ្ឍ​​ទាំង​នោះ។

លោក​សង្កេត​ឃើញ​ថា តំណាង​អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស តែងតែ​ស្នើសុំ​យ៉ាង​ទទូច ពាក់ព័ន្ធ​ជាមួយ​នឹង​សិទ្ធិ​សេរីភាព ព្រមទាំង​ការ​លើកលែង​ទោស ឬ​ដោះលែង​ដល់​សកម្មជន។

សម្រាប់​លោក យ៉ែម បុញ្ញឫទ្ធិ លោក​យល់ឃើញ​ថា គួរតែ​មាន​ការ​ស្តាប់ ពិចារណា និង​រក​ដំណោះស្រាយ ដើម្បី​ស្តារ​មុខមាត់​​ប្រជាជាតិ​របស់​យើង​ឡើងវិញ ទាក់ទាញ​ការ​វិនិយោគ​ទុន ដើម្បី​បង្ហាញ​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​​ពី​សិទ្ធិ​សេរីភាព លំហ​ប្រជា​ធិប​តេយ្យ និង​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ល្អ​ប្រសើរ ខណៈ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ ​​ហាក់ដូចជា​នៅ​មាន​កម្រិត​នៅ​ឡើយ។

លោក​បន្ថែម​ថា ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣​តុលា គឺ​ប្រពៃ​ណាស់ ពីព្រោះ​យើង​​ចង់បាន​សន្តិ​ភាព​​ទាំង​​ផ្លូវកាយ សន្តិភាព​ទាំង​ផ្លូវចិត្ត និង​សន្តិភាព​នៃ​ការ​រួមរស់​ដោយ​សុខដុមរមនា រវាង​ពលរដ្ឋ​គ្រប់​​និន្នាការ​នយោ​បាយ​​ទាំងអស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ