លោក Mohsen Rezaei អគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ បានថ្លែងថា អ៊ីរ៉ង់នឹងវាយប្រហារលើទីតាំងប្រេង ខ្សែកាបក្រោមសមុទ្រ មជ្ឈមណ្ឌលទិន្នន័យ (Datacentres) និងទីតាំងបញ្ញាសិប្បនិម្មិត (AI) នៅតាមបណ្តាប្រទេសរហូតដល់ទៅ ៧ នៅក្នុងតំបន់ឈូងសមុទ្រពែក្ស ប្រសិនបើមានការវាយប្រហារថ្មីពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
លោក Mehdi Mohammadi ទីប្រឹក្សាអ្នកដឹកនាំការចរចារបស់អ៊ីរ៉ង់ បានឱ្យដឹងថា លោក Donald Trump និងលោក Benjamin Netanyahu បានយល់ព្រមជាគោលការណ៍លើការវាយប្រហារមួយ ប៉ុន្តែមិនអាចធានាផលសម្រេចបានឡើយ។
លោកបានបន្ថែមថា៖ «យើងមើលឃើញជម្លោះបន្ទាប់នេះ ជាការគំរាមកំហែងដល់អត្ថិភាព។ យុទ្ធសាស្ត្ររបស់យើងគឺ “គ្មានខ្សែបន្ទាត់ក្រហម” (Zero red lines) ហើយសង្គ្រាមនឹងអូសបន្លាយយូរជាង និងគ្របដណ្តប់លើតំបន់ភូមិសាស្ត្រទូលំទូលាយជាងអ្វីដែលសត្រូវរំពឹងទុក»។
លោក Rezaei បានបញ្ជាក់បន្ថែមថា៖ «ក្នុងករណីមានសង្គ្រាម ខ្សែកាប មជ្ឈមណ្ឌលទិន្នន័យ និងទីតាំង AI ក៏អាចជាគោលដៅដែរ។ មិនអាចមានការរៀបចំណាដែលអនុញ្ញាតឱ្យខ្សែជីវិតសេដ្ឋកិច្ចរបស់អ៊ីរ៉ង់រងការវាយប្រហារ ខណៈដែលរចនាសម្ព័ន្ធសេដ្ឋកិច្ចដែលជួយសម្រួលដល់ការវាយប្រហារទាំងនោះ ត្រូវបានចាត់ទុកថាគ្មានបញ្ហានោះទេ»។
យោងតាមរបាយការណ៍អាមេរិក ទីប្រឹក្សាយោធាអាមេរិកបានរៀបចំបញ្ជីគោលដៅសម្រាប់ការវាយប្រហាររួមគ្នាសារជាថ្មីលើអ៊ីរ៉ង់ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិ នៅថ្ងៃទី៣ ខែវិច្ឆិកា។ ខណៈពេលជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសមកពីបណ្តាប្រទេសអឺរ៉ុប ព្រមទាំងទួរគី ស៊ូដង់ អារ៉ាប់ ប៉ាគីស្ថាន និងអេហ្ស៊ីប នឹងជួបប្រជុំគ្នានៅទីក្រុងអ៊ីស្តង់ប៊ុល ដើម្បីបង្កើតគោលនយោបាយរួមលើវិបត្តិនេះ។
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានអះអាងថា បានវាយប្រហារលើនាវាពាណិជ្ជកម្មចំនួន ៤ គ្រឿង ដែលព្យាយាមឆ្លងកាត់ច្រកសមុទ្រ Hormuz និង ៣ គ្រឿងទៀត បានរងការខូចខាតដោយសារប៉ះមីន។ ព័ត៌មាននេះ បានធ្វើឱ្យតម្លៃប្រេងឆៅ Brent កើនឡើងដល់ ១១៣,៤ ដុល្លារក្នុងមួយបារ៉ែល។
ទោះបីជាលោក Trump បានដកថយពីការវាយប្រហារលើអ៊ីរ៉ង់ចំនួន ៧ លើកក្នុងរយៈពេល ៤ ខែចុងក្រោយនេះក៏ដោយ ការជាប់គាំងក្នុងការចរចាការទូតបាននាំឱ្យអាមេរិក រៀបចំយុទ្ធនាការយោធាថ្មីលើទីតាំងមីស៊ីល ប្រេង និងនុយក្លេអ៊ែរ។ លោក Netanyahu ក៏បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក Pete Hegseth អំពីពេលវេលានៃការវាយប្រហាររួមគ្នាផងដែរ ខណៈដែលអាមេរិកគ្រោងដាក់ពង្រាយនាវាផ្ទុកយន្តហោះចំនួនបី និងកងកម្លាំងយោធាយ៉ាងច្រើននៅមជ្ឈិមបូព៌ានៅត្រឹមខែវិច្ឆិកា។
លោក Reza Nasri មេធាវីអន្តរជាតិជិតស្និទ្ធនឹងក្រសួងការបរទេសអ៊ីរ៉ង់ បានព្រមានថា៖ «រលកសង្គ្រាមទីបីនឹងធ្វើឱ្យបណ្តាញអគ្គិសនី រោងចក្រចម្រោះទឹកប្រៃ និងកំពង់ផែនៅទូទាំងតំបន់ត្រូវឆេះ។ ច្រកសមុទ្រ Hormuz នឹងត្រូវបិទទាំងស្រុង តម្លៃប្រេងនឹងកើនឡើងកំហុក ហើយសេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចូលទៅក្នុងវិបត្តិ»។
ភ្នាក់ងារព័ត៌មាន Fars បានឱ្យដឹងថា អ៊ីរ៉ង់បានណែនាំដល់អង្គភាពយោធារបស់ខ្លួនថា ក្នុងករណីមានសង្គ្រាមថ្មី ការឆ្លើយតបរបស់អ៊ីរ៉ង់នឹងមិនកម្រិតត្រឹមតែគោលដៅយោធានោះទេ ប៉ុន្តែនឹងរាប់បញ្ចូលទាំងគោលដៅនយោបាយផងដែរ។
ទោះជាយ៉ាងណា អ្នកសម្របសម្រួលមកពីអ៊ីរ៉ង់ និងប៉ាគីស្ថាន នៅតែបន្តស្វែងរកជម្រើសសម្រាប់ការឈប់បាញ់ ដោយអ៊ីរ៉ង់បានស្នើសុំបញ្ចប់ការបិទខ្ទប់ច្រកសមុទ្រ Hormuz ក្នុងរយៈពេល ៧ ថ្ងៃ និងចាប់ផ្តើមការចរចានុយក្លេអ៊ែរ ប្រសិនបើសហរដ្ឋអាមេរិកយល់ព្រមលើកលែងទណ្ឌកម្មជាមុន៕









