សមាគមផ្ដល់ប្រាក់កម្ចីនៅកម្ពុជា បានរួមគ្នាបង្ហាញពីភាពស្អាតស្អំក្នុងការផ្ដល់ប្រាក់កម្ចីដល់អតិថិជន ដោយបង្ហាញថា មិនជាប់ពាក់ព័ន្ធនឹងការបង្ខំឱ្យកូនបំណុលលក់ផ្ទះសម្បែង ដីធ្លី ក្នុងករណីជួបវិបត្តិហិរញ្ញវត្ថុសងប្រាក់ត្រឡប់មកម្ចាស់បំណុលវិញនោះឡើយ ក្រោយមានរបាយការណ៍រកឃើញថា ពលរដ្ឋជិត ១៧ ម៉ឺនគ្រួសារ លក់ដីដើម្បីដោះបំណុលមីក្រូហិរញ្ញវត្ថុ។
ការបំភ្លឺនេះ បន្ទាប់ពីមានការរកឃើញរបាយការណ៍ស៊ើបអង្កេតថ្មីមួយ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ អង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) បានចុះផ្សាយលើទំព័រហ្វេសប៊ុករបស់ខ្លួន អំពីខ្សែភាពយន្តឯកសារស៊ើបអង្កេតថ្មីមួយ ដែលមានចំណងជើងថា «Debt Inc.» ដោយបានលាតត្រដាងខ្សែសង្វាក់ហិរញ្ញវត្ថុអន្តរជាតិ។ របាយការណ៍នេះ រកឃើញថា ពលរដ្ឋខ្មែរជាង ១៦ ម៉ឺនគ្រួសារ (១៦៧ ០០០ គ្រួសារ) បានលក់ដីធ្លីរបស់ពួកគេ ដើម្បីយកទៅដោះបំណុល ក្រោយពីបានខ្ចីប្រាក់ពីមីក្រូហិរញ្ញវត្ថុ ដោយពួកគេត្រូវកាត់បន្ថយអាហារប្រចាំថ្ងៃ ឯកូនៗត្រូវបង្ខំចិត្តឈប់រៀន ដើម្បីធ្វើការងារដោះបំណុល ហើយមានករណីខ្លះ កូនបំណុលបានធ្វើអត្តឃាត ដោយសារតែជំពាក់បំណុលវ័ណ្ឌក។
សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានចេញផ្សាយសេចក្តីថ្លែងការណ៍រួម កាលពីថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦ កម្រាស់ ៥ ទំព័រ ស្តីពី «ការពង្រឹងការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ និងកិច្ចការពារអតិថិជនក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា»។
សេចក្តីថ្លែងការណ៍ បានគូសបញ្ជាក់នូវការប្តេជ្ញាចិត្តរួម ក្នុងការលើកកម្ពស់ការផ្តល់ឥណទាន ប្រកបដោយការទទួលខុសត្រូវ និងការបង្កើនការយល់ដឹងអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដើម្បីផ្តល់លទ្ធភាពដល់អតិថិជនសម្រេចចិត្ត ដោយមានព័ត៌មានគ្រប់គ្រាន់ ព្រមទាំងពង្រឹងយន្តការកិច្ចការពារអតិថិជន រួមទាំងការដោះស្រាយបណ្តឹងតវ៉ាសម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាទាំងមូលដោយយុត្តិធម៌។
បន្ថែមពីនេះ សមាគមក៏បានដាក់ចេញវិធានការការពារអ្នកខ្ចីប្រាក់ជាក់លាក់ផងដែរ រួមមានការរឹតបន្តឹងលើការទទួលយកដីរដ្ឋ ដីការពារ និងដីសហគមន៍ធ្វើជាទ្រព្យធានាសម្រាប់ការស្នើសុំប្រាក់កម្ចីថ្មី ការហាមឃាត់ការយកអត្តសញ្ញាណប័ណ្ណផ្ទាល់ខ្លួនធ្វើជាទ្រព្យធានា និងការបង្កើនការវាយតម្លៃសមត្ថភាពបង់សងប្រាក់ត្រឡប់សម្រាប់គ្រួសារដែលមានប្រាក់ចំណូលទាប ក្នុងគោលបំណងពង្រឹងការការពារអ្នកខ្ចីដែលងាយរងគ្រោះ។
យ៉ាងណាមិញ លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង និងលេខាធិការដ្ឋានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានថ្លែងប្រាប់វីអូឌី (VOD) បន្ថែមថា ការចេញសេចក្តីថ្លែងការណ៍រួមគ្នារបស់សមាគមទាំងពីរ គឺដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ លើការការពារអតិថិជន ដើម្បីឆ្លើយតបទៅនឹងក្តីកង្វល់របស់សាធារណជនមួយចំនួន ពាក់ព័ន្ធនឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុនៅកម្ពុជា។
លោកថ្លែងថា៖ «សេចក្ដីថ្លែងការណ៍របស់សមាគមទាំងពីរនេះ យើងចេញដើម្បីបង្ហាញពីការប្ដេជ្ញាចិត្ត របស់វិស័យទៅលើការការពារអតិថិជន ក៏ដូចជាការធ្វើប្រតិបត្តិការប្រកបដោយការទទួលខុសត្រូវ ពីព្រោះកន្លងមកនេះ ក៏មានការលើកឡើងនៅក្នុងចំណោមសាធារណជនអីមួយចំនួន ដែលការបារម្ភរឿងការប្រើប្រាស់សេវា រឿងបញ្ហាកម្ចី បញ្ហាឥណទានអីជាដើមហ្នឹង។ ចឹងនេះជាសេចក្ដីថ្លែងការណ៍ដែលបង្ហាញពីការប្ដេជ្ញាចិត្តរបស់ពួកយើង ជូនដល់សាធារណជន និងអ្នកពាក់ព័ន្ធនៅក្នុងវិស័យធនាគារ ក៏ដូចជាមីក្រូហិរញ្ញវត្ថុផងដែរ»។
ដោយឡែក អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យជឿនលឿន លោក ប៉ោ មករា បានលើកឡើងថា តាមរយៈសេចក្តីថ្លែងការណ៍ វាជាជំហានដ៏ល្អមួយ ក្នុងការចូលរួមដោះស្រាយ ក៏ដូចជាធានានូវស្ថិរភាព និងសុវត្ថិភាពនៃការផ្តល់កម្ចី ព្រមទាំងការការពារជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ប៉ុន្តែលោកនៅតែបារម្ភពីការអនុវត្តជាក់ស្តែងដែលអាចប្រឈមនឹងបញ្ហាជាច្រើន ពាក់ព័ន្ធនឹង «អំពើពុករលួយក្នុងប្រតិបត្តិការផ្តល់កម្ចី» ដែលត្រូវយកចិត្តទុកដាក់ «ការខ្វះតម្លាភាព» និងការគប់គិតគ្នារវាងមន្ត្រីឥណទាន និងអ្នកខ្ចីប្រាក់ ក្នុងការរៀបចំឯកសារ ដើម្បីទទួលបានកម្ចី។
លោកថ្លែងថា៖ «អញ្ចឹងបញ្ហាបំណុល វាមិនមែនគ្រាន់តែយើងសិក្សាទៅលើតែបញ្ហាដែលគាត់សងត្រឡប់ទៅធនាគារវិញមិនទាន់ ឬក៏គ្មានលទ្ធភាពនៅក្នុងការសងត្រឡប់ទៅគ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតែប៉ុណ្ណោះទេ ប៉ុន្តែយើងសិក្សាទៅលើចំណូលរបស់ពួកគាត់ យើងសិក្សាទៅលើបញ្ហាពាក់ព័ន្ធនឹងផ្លូវចិត្ត ឬក៏ការដែលគាត់បាត់បង់នៅក្នុងការផ្គត់ផ្គង់ទៅលើការសិក្សារបស់កូនៗរបស់ពួកគាត់ ក៏ដូចជាជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។ អញ្ចឹងស្ថានភាពទាំងអស់នេះ វាជាស្ថានភាពមួយដែលគួរតែសិក្សា ដោះស្រាយ ពិនិត្យពិច័យឱ្យមែនទែន ចំពោះបញ្ហាពីបំណុលនៅកម្ពុជា»។
ជុំវិញរឿងនេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) បានប្រាប់វីអូឌីនៅថ្ងៃទី២៣ ខែតុលា នេះថា សេចក្តីថ្លែងការណ៍រួមនេះ ហាក់មិនទាន់ឆ្លើយតបចំគោលដៅបញ្ហានៅឡើយទេ ដោយលោកថា កន្លងទៅ អង្គការលីកាដូ បានចេញផ្សាយរបាយការណ៍ជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងបញ្ហានៃការរំលោភសិទ្ធិមនុស្ស ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងការផ្តល់កម្ចីដែលខ្វះតម្លាភាព បង្កឱ្យប្រជាពលរដ្ឋជាច្រើនធ្លាក់ចូលទៅក្នុង «វិបត្តិបំណុលវ័ណ្ឌក»។
លោកយល់ថា រឿងនេះទាមទារឱ្យមានយន្តការតាមដាន និងត្រួតពិនិត្យទៅលើមន្ត្រីឥណទាន ព្រមទាំងអនុវត្តវិធានការផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ ចំពោះការអនុវត្តខុសគោលការណ៍នៃវិស័យហិរញ្ញវត្ថុនេះដោយតម្លាភាព។
លោកថ្លែងថា៖ «ការចេញសេចក្តីថ្លែងការណ៍រួម វាមិនមែនប្រាកដថាអាចនឹងដោះស្រាយទៅលើបញ្ហានោះទេ គឺត្រូវមានយន្តការឱ្យបានច្បាស់លាស់ក្នុងការត្រួតពិនិត្យ ជាពិសេសទៅលើមន្ត្រីឥណទានរបស់ស្ថាប័ននីមួយៗ[…] ដើម្បីកុំឱ្យមានបញ្ហាកើតឡើង។ ហើយត្រូវអនុវត្តនូវចំណុចដែលមាននៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់មីក្រូហិរញ្ញវត្ថុ[…] និងអនុវត្ត ហើយនិងតាមឃ្លាំមើល ហើយប្រសិនជាមានការអនុវត្តខុស ត្រូវតែចាត់វិធានការតាមផ្លូវច្បាប់»។
ទន្ទឹមនឹងនេះ លោក អំ សំអាត បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងពីផលវិបាកជាបន្តបន្ទាប់ពីបំណុលវ័ណ្ឌកនេះ ដែលនឹងបង្ខំឱ្យពលរដ្ឋមួយចំនួន សម្រេចចិត្តលក់ដីធ្លីកាន់តែកើនឡើង កំណើននៃការចំណាកស្រុក ការកើតមានពលកម្មកុមារ ដោយសារកូនៗត្រូវបោះបង់ការសិក្សាទៅធ្វើការជួយគ្រួសារ រួមទាំងការកាត់បន្ថយរបបអាហារ ដើម្បីសន្សំប្រាក់សងបំណុលទៀតសោត ដែលនឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់ពួកគេ ជាពិសេសប៉ះពាល់ដល់ដីធ្លី ជីវភាព និងវប្បធម៌របស់ជនជាតិដើមភាគតិច។
ជាមួយគ្នានេះ លោក សៅ វត្ថា ពលរដ្ឋម្នាក់ ក្នុងចំណោមជាង ១ ពាន់គ្រួសារផ្សេងទៀត ដែលចាញ់បោកក្រុមហ៊ុនលោក ហ៊ី គឹមហុង បានថ្លែងប្រាប់វីអូឌីថា បច្ចុប្បន្ន លោក និងគ្រួសារ កំពុងរស់នៅក្រោមសម្ពាធបំណុលយ៉ាងធ្ងន់ធ្ងរ រហូតដល់ថ្នាក់លក់ផ្ទះ លក់ដី ដើម្បីយកប្រាក់ទៅសងធនាគារ ដោយសារតែការខ្ចីប្រាក់ពីធនាគារ យកទៅដាក់លុយក្នុងក្រុមហ៊ុនលោក ហ៊ី គឹមហុង។
លោកថ្លែងថា៖ «សម្រាប់បងប្អូន មិនថាខ្ញុំ មិនថាបងប្អូនជាង ១ ពាន់នាក់ហ្នឹងទេ គ្នាវេទនាក្រៃលែង។ ខ្លះលក់ផ្ទះ ខ្លះលក់ដីអស់ហើយដើម្បីបង់ធនាគារ ហើយខ្លះហ្នឹងក៏ឈឺ គ្មានលទ្ធភាពមើលចឹងណា ហើយខ្លះស្លាប់អីចឹង»។
ទោះជាបែបនេះក្ដី លោក ប៉ោ មករា បានផ្ដល់ជាយោបល់ថា ដើម្បីធានាបាននូវនិរន្តរភាព និងការរីកចម្រើនពិតប្រាកដសម្រាប់អតិថិជន ក៏ដូចជាវិស័យហិរញ្ញវត្ថុទាំងមូល ស្ថាប័នពាក់ព័ន្ធចាំបាច់ត្រូវតែពង្រឹងលើអភិបាលកិច្ច និងបណ្តុះបណ្តាលមន្ត្រីឥណទានឱ្យមានវិជ្ជាជីវៈ និងមានភាពស្មោះត្រង់, ផ្តល់ព័ត៌មាន ព្រមទាំងលក្ខខណ្ឌនៃកិច្ចសន្យាកម្ចីឱ្យបានច្បាស់លាស់ និងមានតម្លាភាពជូនដល់ប្រជាពលរដ្ឋ និងពិនិត្យ និងរៀបចំយន្តការដោះស្រាយបំណុលឡើងវិញ ដោយផ្អែកលើការត្រួតពិនិត្យ និងការវាយតម្លៃស្ថានភាពសេដ្ឋកិច្ចពិតប្រាកដរបស់ពលរដ្ឋ៕









