ហោចណាស់មានក្រុមហ៊ុនចំនួន ៩៨ ក្រុមហ៊ុន ដែលបានចុះបញ្ជីក្នុងប្រទេសកម្ពុជា មានទំនាក់ទំនងជាមួយសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) ដែលជាអង្គការឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញដ៏ធំមួយក្នុងពិភពលោក។ នេះបើយោងតាម លោក ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ប្រាប់ទៅកាន់បណ្ដាញសារព័ត៌មានក្នុងស្រុក នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦។
ក្រៅពីក្រុមហ៊ុនទាំង ៩៨ ដែលនៅក្នុងស្រុក គ.ប.ឆ.ប. បានរកឃើញបណ្ដាញក្រុមហ៊ុន ១០០ ផ្សេងទៀត ដែលមានទីតាំងនៅក្រៅប្រទេស មានទំនាក់ទំនងជាមួយសម្ព័ន្ធ ព្រីនស៍ គ្រុប។
ក្នុងសំណុំរឿងដដែលនេះ លោក ឆៃ ស៊ីណារិទ្ធ សង្កត់ធ្ងន់ថា មានលក្ខណៈស្មុគស្មាញ ដោយមកទល់ពេលនេះ តុលាការកម្ពុជា កំពុងដំណើរការនីតិវិធីស៊ើបសួរអំពី «បទឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំង» និង «បទសម្អាតប្រាក់មានស្ថានទម្ងន់ទោស» ដោយមានបុគ្គលឈ្មោះ ចេន ហ្ស៊ី (Chen Zhi) ជាមេខ្លោង និងបក្ខពួក។
តុលាការកម្ពុជា បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនជាប់ចោទចំនួន ៣២ នាក់ និងបានដាក់មនុស្ស ៤ នាក់ផ្សេងទៀត ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ ជាមួយគ្នានេះ អាជ្ញាធរក៏កំពុងស៊ើបអង្កេត ដើម្បីកំណត់អត្តសញ្ញាណជនសង្ស័យចំនួន ៥ នាក់ បន្ថែមទៀត និងតាមដានទ្រព្យសម្បត្តិដែលជឿជាក់ថាពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់។
ក្នុងចំណោមនោះ មានមេខ្លោងចំនួន ៦ រូប រួមមាន លោក ចេន ហ្សី (Chen Zhi), លី សុង (Li Song), លីវ យិន (Liu Yin), អេង តារា (Eng Dara), អៀង សុខលីម (Eang Soklim) និង ហ្វ័ង រ៉ុន (Huang Ron) ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត ខណៈជនសង្ស័យ ២៩ នាក់ ផ្សេងទៀតកំពុងគេចខ្លួន។
អាជ្ញាធរកម្ពុជាបានចាប់ផ្តើមនីតិវិធីស្នើសុំដីកាក្រហមរបស់អង្គការអន្តរប៉ូល (INTERPOL Red Notices) សម្រាប់បុគ្គលទាំង ២៩ នាក់ ដោយស្វែងរកជំនួយអន្តរជាតិ ដើម្បីសម្រួលដល់ការកំណត់អត្តសញ្ញាណ និងការចាប់ខ្លួនពួកគេ។
មុនឈានដល់ដំណាក់កាលនៃការបោសសម្អាតអាណាចក្រស្កេមអនឡាញបណ្ដាញក្រុមហ៊ុន ព្រីនស៍ គ្រុប រដ្ឋាភិបាលកម្ពុជាធ្លាប់បានផ្ដល់តួនាទីមុខមាត់យ៉ាងក្រាស់ក្រែលទៅដល់ម្ចាស់ក្រុមហ៊ុននេះ គឺគោរមងារជា ឧកញ៉ា ដល់លោក ចេន ហ្ស៊ី នៅឆ្នាំ២០១៦ និងដំឡើងជា អ្នកឧកញ៉ា នៅឆ្នាំ២០២០។ ក្នុងរយៈពេលនោះហើយ ដែលប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញ កើនឡើងជាលំដាប់ រីករាលដាលទៅគ្រប់ខេត្តក្រុងនៃប្រទេសកម្ពុជា ជាពិសេសនៅតំបន់ព្រំដែន។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់វីអូឌី (VOD) ថា វត្តមានក្រុមហ៊ុនរកស៊ីខុសច្បាប់រាប់សិបក្រុមហ៊ុន ដែលជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុនព្រីនស៍នេះ មិនមែនកើតឡើងដោយចៃដន្យ ឬជាកំហុសបច្ចេកទេសនោះឡើយ ដោយហេតុថានីតិវិធីនៃការបើកក្រុមហ៊ុនមួយៗ គឺត្រូវឆ្លងកាត់នីតិវិធីជាច្រើន នៅក្រសួងមហាផ្ទៃ ក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច។ លោកបន្តថា ក្រុមហ៊ុនទាំងនេះអាចចុះបញ្ជី និងដំណើរការបែបនេះ ដោយសារមានការបើកដៃពីរដ្ឋាភិបាល ខណៈមន្ត្រីមានអំណាចមួយចំនួនពាក់ព័ន្ធយ៉ាងជ្រៅ ជាមួយសកម្មភាពខុសច្បាប់ទាំងនោះ។ លោកអំពាវនាវឱ្យរដ្ឋាភិបាលធ្វើការស៊ើបអង្កេតអ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដើម្បីបង្ហាញឆន្ទៈពិតប្រាកដ ក្នុងការបោសសម្អាតឧក្រិដ្ឋកម្មអនឡាញ។
លោក ម៉ែន ណាត ថ្លែងថា៖ «សូមអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជាហ្នឹង ត្រូវយកចិត្តទុកដាក់ឲ្យមែនទែន ហើយធ្វើឲ្យពិតប្រាកដស៊ើបអង្កេតមនុស្សទាំងឡាយណា ដែលពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ ទាំងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងពួកឧកញ៉ដែលមានអំណាចនៅកម្ពុជា អ្នកណាក៏ដោយឱ្យតែពាក់ព័ន្ធនៅក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិ រួមទាំងអ្នកដែលមានជាប់ពាក់ព័ន្ធនៅនៅក្នុងសំណុំរឿងទូរទស្សន៍ Al Jazeera ផ្សាយថ្មីៗនេះផង»។
អាជ្ញាធរ គ.ប.ឆ.ប. បានអះអាងបន្ថែមថា សមត្ថកិច្ចកម្ពុជាក៏កំពុងសហការជាមួយភ្នាក់ងារ FBI របស់អាមេរិក, ក្រសួងសន្តិសុខសាធារណៈចិន និងដៃគូអន្តរជាតិនានា ដើម្បីបន្តស្រាវជ្រាវស៊ើបអង្កេត និងផ្លាស់ប្តូរព័ត៌មាន ស្វែងរកក្រុមឧក្រិដ្ឋជនទាំងនោះ។
ជាមួយគ្នានេះ ទ្រព្យសម្បត្តិ រួមមាន អគារ កាស៊ីណូ អចលនទ្រព្យជាច្រើនពាន់កន្លែង និងចលនទ្រព្យជាច្រើនទៀត ដែលពាក់ព័ន្ធនឹងសំណុំរឿងក្រុមហ៊ុន ព្រីនស៍ គ្រុប តម្លៃប្រមាណជិត ១ ពាន់លានដុល្លារអាមេរិក ក៏ត្រូវបានតុលាការសម្រេចបង្កកទុកផងដែរ។
ទាក់ទិនរឿងនេះ អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី ប្រាប់វីអូឌី (VOD) តាមសារសំណេរថា ការរកឃើញបណ្ដាញក្រុមហ៊ុនពាក់ព័ន្ធនឹងព្រីនស៍ គ្រុប (Prince Group) គឺជាភស្តុតាងបង្ហាញច្បាស់ពីភាពបរាជ័យយ៉ាងធ្ងន់ធ្ងរ និងជាប្រព័ន្ធនៃប្រព័ន្ធគ្រប់គ្រងរដ្ឋ និងការអនុវត្តច្បាប់នៅកម្ពុជា។ លោកបន្តថា សញ្ញាគ្រោះថ្នាក់នេះ ចោទជាសំណួរចំៗ ទៅលើសមត្ថភាព និងតម្លាភាពរបស់ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារ និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ដែលបានបណ្តោយឱ្យក្រុមហ៊ុនស្រមោល និងសំបកក្រៅទាំងនេះបង្កើតឡើង និងប្រើប្រាស់ជាខែលបិទបាំងការលាងលុយកខ្វក់ និងប្រតិបត្តិការឆបោកឆ្លងដែន។
លោកបន្ថែមថា ភាពយឺតយ៉ាវ និងភាពទន់ខ្សោយនៃការទប់ស្កាត់នេះ មិនអាចបកស្រាយត្រឹមតែជាកង្វះសមត្ថភាពបច្ចេកទេសនោះទេ ប៉ុន្តែវាស្តែងចេញនូវលទ្ធភាពខ្ពស់នៃអំពើពុករលួយជាប្រព័ន្ធ ការទទួលសំណូក និងការគប់គិតការពារពីសំណាក់មន្ត្រីមានសមត្ថកិច្ច ឬបុគ្គលមានអំណាច។ ការចាត់វិធានការត្រឹមតែការបង្កកគណនី ឬការចាប់ខ្លួនអ្នកគ្រប់គ្រងថ្នាក់ក្រោម គឺជាការទប់ស្កាត់សំបកក្រៅ និងធ្វើឡើងដើម្បីតែរំដោះខ្លួនពីសម្ពាធអន្តរជាតិតែប៉ុណ្ណោះ ប្រសិនបើគ្មានការបើកការស៊ើបអង្កេតឯករាជ្យ សវនកម្មស៊ីជម្រៅ និងការស្រាវជ្រាវរកអ្នកនៅពីក្រោយខ្នង ដែលបានជួយសម្រួល ឬផ្តល់ជម្រកការពារដល់អាជីវកម្មទាំងនេះ។
សម្រាប់លោក សេង វណ្ណលី ករណីក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) គឺជាការសាកល្បងជាក់ស្តែងលើឆន្ទៈនយោបាយពិតប្រាកដរបស់លោក ហ៊ុន ម៉ាណែត។ លោកបន្ថែមថា ប្រសិនបើលោកមិនហ៊ានវះកាត់ និងចាត់វិធានការផ្លូវច្បាប់លើមន្ត្រីជាន់ខ្ពស់ អ្នកនយោបាយ សាច់ញាតិ ឬបុគ្គលមានឥទ្ធិពលដែលបានទាញយកផលប្រយោជន៍ពីបណ្តាញឧក្រិដ្ឋកម្មនេះទេ ការអះអាងពីការទប់ស្កាត់បទល្មើសឆ្លងដែន និងការកែទម្រង់ស៊ីជម្រៅ គ្រាន់តែជាវោហារសាស្ត្រប្រជាភិថុតិ សំដៅបំភាន់ភ្នែកសាធារណជនប៉ុណ្ណោះ ហើយវានឹងបន្តបើកផ្លូវឱ្យបណ្តាញឧក្រិដ្ឋកម្មថ្មីៗ បង្កើតឡើងជាថ្មីទៀតដោយឥតកោតក្រែង។
យោងតាមតួលេខរបស់លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) អាជ្ញាធរកម្ពុជាបានស៊ើបអង្កេតទីតាំងចំនួន ៩១០ ដែលពាក់ព័ន្ធនឹងសកម្មភាពបោកប្រាស់តាមអនឡាញ ចន្លោះពីខែកក្កដា ឆ្នាំ២០២៥ ដល់ចុងខែកញ្ញា ឆ្នាំ២០២៦ រួមទាំងមជ្ឈមណ្ឌលបោកប្រាស់ធំៗ ទាំង ៨៦ ដែលបានកំណត់ក្នុងអំឡុងពេលយុទ្ធនាការនេះ។
ក្នុងអំឡុងពេលដូចគ្នា មន្ត្រីអនុវត្តច្បាប់បានបញ្ជូនសំណុំរឿងចំនួន ៥២៩ ទៅកាន់តុលាការ ខណៈដែលជនជាប់ចោទចំនួន ៥ ៧៧៨ នាក់ ដែលមានសញ្ជាតិផ្សេងៗ គ្នា ត្រូវបានចោទប្រកាន់ និងបញ្ជាឱ្យឃុំខ្លួនរង់ចាំការស៊ើបអង្កេតបន្ថែម។
ស្របពេលជាមួយគ្នានេះ អាជ្ញាធរកម្ពុជាបានអនុវត្តនីតិវិធីបញ្ជូនជនបរទេសចំនួន ២២ ៨៩២ នាក់ មកពី ៤០ ប្រទេស ដែលរកឃើញនៅទីតាំងពាក់ព័ន្ធនឹងប្រតិបត្តិការខុសច្បាប់ ឱ្យត្រឡប់ទៅប្រទេសកំណើតវិញ៕









