ការ​ដាក់​​លក្ខ​ខណ្ឌ​​លើ​​ក្រុម​​លោក អ៊ុំ សំអាន រង​​ការ​​រិះ​គន់​​ថា​​បក្ស​​កាន់​​អំណាច​​ខ្លាច​​រលក​​ប្រជា​ធិប​តេយ្យ

ការ​​ដាក់​​លក្ខ​ខណ្ឌ​​កំណត់​​ពេល​វេលា និង​​វិសាល​ភាព​​នៃ​​ការ​​ជជែក​​ដេញ​ដោល​​យ៉ាង​​ម៉ឺង​ម៉ាត់ ពី​​សំណាក់​​លោក​​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត លើ​​ក្រុម​​ការ​ងារ​​ព្រំដែន​​របស់​​លោក អ៊ុំ សំអាន ត្រូវ​​បាន​​ក្រុម​​អ្នក​​ឃ្លាំ​មើល និង​​អ្នក​​ជំនាញ​​ភូមិ​សាស្ត្រ​​នយោ​បាយ​​មើល​​ឃើញ​​ថា ស្ដែង​​ចេ​ញ​​ពី​​ក្ដី​​​បារម្ភ​​របស់​​គណបក្ស​​កាន់​​អំណាច ខ្លាច​​រលក​​ប្រជា​ធិប​តេយ្យ​​ងើប​​ឡើង​​​វិញ ដើម្បី​​ទាម​ទារ​​យុត្តិ​ធម៌​​​សង្គម។

ការ​បារម្ភ​នេះ ធ្វើ​ឡើង​ខណៈ​បច្ចុប្បន្ន ប្រជាពលរដ្ឋ​ខ្មែរ​កាន់​តែ​ច្រើន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​កំហឹង​កាន់​តែ​ខ្លាំង​លើ​រដ្ឋាភិបាល ដែល​អសមត្ថភាព​យ៉ាង​ខ្លាំង​ក្នុង​ការ​ដឹកនាំ​ប្រទេស បណ្តោយ​ឱ្យ​សៀម​រុល​ចូល​វាទ​​យក​ដី​ខ្មែរ​តាម​អំពើ​ចិត្ត ចាប់​តាំង​ពី​ក្រោយ​បទ​ឈប់​បាញ់ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥ មក។

នៅ​ក្នុង​សារ​ទៅ​កាន់​លោក អ៊ុំ សំអាន កាល​ពី​ថ្ងៃ​ទី​​២១ ខែ​តុលា លោក ហ៊ុន ម៉ាណែត បាន​ដាក់​លក្ខខណ្ឌ គូស​​ដី​ឱ្យ​​ក្រុម​​លោក អ៊ុំ សំអាន ពេល​មក​ជាន់​ដី​ខ្មែរ។ តាម​លោក ហ៊ុន ម៉ាណែត ក្រុម​នេះ​មក​ដល់​កម្ពុជា​មុន​​​កិច្ច​ពិភាក្សា មិន​​​ឱ្យ​លើស​ពី ២ ថ្ងៃ ហើយ​​ត្រូវ​ចាកចេញ​ពី​កម្ពុជា​វិញ ២ ថ្ងៃ បន្ទាប់​ពី​ជជែក​គ្នា​ចប់។

រីឯ​ប្រធានបទ​ជជែក​ទល់​មុខ រវាង​អ្នក​ជំនាញ​កិច្ចការ​ព្រំដែន​រវាង​ក្រុម​ទាំង​ពីរ គឺ​ផ្ដោត​លើ​ប្រធានបទ​តែ​មួយ​គត់ គឺ​​ការ​ផ្ទៀងផ្ទាត់​គ្នា ដោយ​ឈរ​លើ​មូលដ្ឋាន​បច្ចេកទេស និង​ឯកសារ​ភស្តុតាង​ជាក់លាក់ ពាក់ព័ន្ធ​នឹង​ព្រំដែន​​កម្ពុជា-ថៃ ចន្លោះ​បង្គោល ៥២-៥៩។

លោក អ៊ុំ សំអាន បាន​ចាត់​ទុក​លក្ខខណ្ឌ​នេះ​​ថា អាច​​មក​​ពី​​លោក ហ៊ុន ម៉ាណែត ព្រួយ​បារម្ភ ខ្លាច​ពលរដ្ឋ​ងើប​​តវ៉ា​​ជុំវិញ​​វិបត្តិ​​ជីវភាព និង​បញ្ហា​អយុត្តិធម៌​សង្គម។

លោក​ថ្លែង​ថា៖ «ប្រាកដ​ជាមាន​ការព្រួយ​បារម្ភ​ខ្លាចក្រុម​របស់​ខ្ញុំ​ ចូល​ទៅ​ប្រទេសកម្ពុជា​ ដើម្បី​បំផុស​ឱ្យ​ប្រជា​​​ពល​រដ្ឋ​ងើប​​ប្រឆាំង​​រដ្ឋាភិបាល​​លោក​ហ៊ុន ម៉ាណែត អ៊ីចឹង​​ហើយ​​ទើប​គាត់​ដាក់​លក្ខខណ្ឌ​រឹត​ត្បិត​យ៉ាងខ្លាំង​​បែប​នេះ​ ខណៈ​កម្ពុជា​យើង​ដឹងហើយ​កំពុង​មាន​វិបត្តិ​​អំពើ​ពុករលួយ​គ្រួសារ​និយម ​បក្ខ​ពួក​និយម ​ការ​ឆបោក​​តាម​​អន​​ឡាញ​ ​ការ​បាត់​បង់​ទឹកដីខ្មែរ​យើង​​ទៅ​ប្រទេសថៃ ​វិបត្តិអត់ការងារ​​ធ្វើ ​​ប្រជាពល​រដ្ឋ​ជំពាក់​លុយ​​ធនាគារ​​វ័ណ្ឌក​ជា​ដើម»។

សម្រាប់​លោក អ៊ុំ សំអាន លោក ហ៊ុន ម៉ាណែត មិន​​គួរ​ខ្លាច​ការ​ជជែក​ប្រធានបទ​ជា​ច្រើន​ទៀត ជុំវិញ​វិបត្តិ​ព្រំដែន​​កម្ពុជា​​ទាំង​មូល ពាក់ព័ន្ធ​នឹង​ប្រទេស​ជិតខាង​បាន​ឈ្លានពាន​នោះ​ទេ ដោយ​លោក​បញ្ជាក់​ថា លោក​ចង់​​បាន​​ដំណោះ​​ស្រាយ​​​រួម ព្រម​ទាំង​ការ​មូលមាត់​គ្នា ប្ដឹង​ថៃ ដើម្បី​ទាមទារ​ទឹកដី​ខ្មែរ​ចំនួន ៨៥ ទីតាំង ពី​ថៃ​យក​​​ត្រឡប់​មក​វិញ​ផង​ដែរ។

លើស​ពី​នេះ លោក​បាន​បង្ហាញ​ការ​ខក​ចិត្ត ចំពោះ​ការ​ដាក់​កំហិត​ឱ្យ​ក្រុម​លោក​បាន​ស្នាក់នៅ​ក្នុង​ដែនដី​ខ្មែរ ក្នុង​នាម​ជា​ជនជាតិ​ខ្មែរ បាន​ត្រឹម ៥ ថ្ងៃ បើ​ធៀប​នឹង​ជនជាតិ​វៀតណាម​ខ្លះ​មក​រស់នៅ​កម្ពុជា​ដោយ​ខុស​ច្បាប់ បាន​​រស់នៅ​ជា​អចិន្ត្រៃយ៍ ទាំង​គ្មាន​ការ​គំរាមកំហែង​លើ​សកម្មភាព​របស់​ពួកគេ។

លោក​ថ្លែង​ថា៖ «ជន​ជាតិ​វៀតណាម​ស្នាក់​នៅ​ស្រុកខ្មែរ​មិន​កំណត់​ថ្ងៃ ​ហើយ​បាន​​បណ្ណ​​ស្នាក់​​នៅ​​អចិ​ន្ត្រៃយ៍​​បាន​​សញ្ជាតិ​ខ្មែរ​ទៀត​ ​បែរ​ជាមា​ន​​សិទ្ធិ​​សេរី​​ភាព​​ជាង​​ពួក​​ខ្ញុំ ​ដែល​​​ជា​ជន​​ជាតិ​​ខ្មែរ​​ដើម​​កំណើត​​ខ្មែរ​​ទៅ​​វិញ»។

យ៉ាងណា​ក្ដី លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​នៅ​ថ្ងៃ​ទី​២២ ខែ​តុលា នេះ​ថា មូលហេតុ​ដែល​​លោក​​ត្រូវ​​អញ្ជើញ​​លោក អ៊ុំ សំអាន មក​​ជជែក​គ្នា​ផ្ទៀងផ្ទាត់​ករណី​ដែល​គាត់​ចោទ​ប្រកាន់​រដ្ឋាភិបាល​ធ្វើ​ឱ្យ​បាត់​ដី​នៅ​បង្គោល ៥២-៥៩ គឺ​ជា​រឿង​ធំ​ណាស់ ព្រោះ​វា​ស្មើ​នឹង​ក្បត់​ជាតិ។

លោក​ថ្លែង​ថា៖ «គោល​បំណង​ចង់​ឈ្លោះ​ខ្មែរគ្នា​ឯង​អត់ទេ​ គោល​បំណង​របស់​ខ្ញុំ​​ គឺ​សូម​ឱ្យ​ខ្មែរគ្រប់​និន្នាការ​នយោ​បាយ​​​ទាំង​​អស់​​ទាំងក្នុង​និងក្រៅប្រទេស​​ ​សូម​រក្សា​ភាពស្ងប់​ស្ងៀម​ទុក​ឱកាស​ឱ្យ​រដ្ឋា​ភិបា​ល​កំពុង​តែខំ​ប្រឹង​​ធ្វើការ​ដោះ​​ស្រាយ​ជាមួយថៃ​ មិន​ត្រូវ​មក​ច្របូក​ច្របល់​ត្រូវ​បែក​អារម្មរណ៍​​នៅ​ជាមួយ​ខ្មែរគ្នា​​ឯង​នៅក្នុង​ទេ។ ដំណាក់​កាល​នេះ ជាដំណាក់​កាលព្រំដែន​​មិន​ទាន់​ដោះ​ស្រាយ​ចប់​ រឿង​រសើប​ច្រើន​ណាស់​ព័ត៌មាន​រ​សើ​ប​​ច្រើន​ណាស់​»។

ចំណែក​លោក ម៉ែន ណាត ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា បាន​ថ្លែង​ថា លក្ខខណ្ឌ​របស់​លោក ហ៊ុន ម៉ាណែត លើ​ក្រុម​​លោក អ៊ុំ សំអាន គឺ​តឹងតែង​ហួសហេតុ ដែល​មិន​អាច​គួរ​ឱ្យ​ទុកចិត្ត​បាន​ឡើយ ខណៈ​លោក ហ៊ុន សែន ទើប​តែ​ផ្ញើ​សារ​ថ្មីៗ​នេះ ពី​ការ​តាម​កម្ទេច​ក្រុម​ប្រឆាំង​ឱ្យ​​អស់​ពី​ផែនដី និង​ប្រមាថ​ក្រុម​ប្រឆាំង​ជា​ឆ្កែ​​ជា​​ឆ្មា​​ជាដើម។

ដូច្នេះ លោក​ថា ក្រុម​តំណាង​​លោក អ៊ុំ សំអាន នឹង​ប្រឈម​ហា​និភ័យ​ជា​ច្រើន ខណៈ​ក្រុម​​នេះ​​មួយ​​ចំនួន​​ មាន​ដីកា​តាម​​ចាប់​ខ្លួន​របស់​តុលាការ ដែល​ជា​ឧបករណ៍​បម្រើ​​នយោបាយ​ឱ្យ​លោក ហ៊ុន សែន ថែម​ទាំង​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត អាច​ប្រឌិត​ភស្តុតាង បង្កើត​លេស​ផ្សេងៗ ដើម្បី​ចាប់​ខ្លួន​ពួកគេ។ ការ​ដាក់​លក្ខ​ខណ្ឌ​តឹងតែង លើ​ក្រុម​លោក អ៊ុំ សំអាន អាច​ដោយសារ​តែ​មាន​ការ​បារម្ភ​ថា ក្រុម​នេះ​អាច​បំផុស​ប្រជាពលរដ្ឋ ដែល​កំពុង​មាន​ការ​ឈឺចាប់​ដោយ​សារ​អំពើ​អយុត្តិធម៌​ក្នុង​សង្គម ឱ្យ​ងើប​ប្រឆាំង​នឹង​រដ្ឋាភិបាល នៅ​ពេល​ក្រុម​នេះ​មក​ដល់​កម្ពុជា។

លោក​ថ្លែង​ថា៖ «ប្រាកដជាបង្ហាញ​នូវ​សេចក្តី​បារម្ភ​ខ្លាច​មាន​ការ​ផ្ទុះការបះបោរ​ ពីព្រោះ​ក្នុង​ស្ថាន​ភាពកម្ពុជា​បច្ចុប្ប​ន្ន​​វាមាន​រឿង​ផុយ​ស្រួយ​​ណាស់ ​បញ្ហា​សៀម​ឈ្លានពាន​នេះ ​ហើយ​រដ្ឋាភិបាល​មិន​ទាន់​ដោះ​ស្រាយ​បាន​​សូម្បី​​​តែមួយ​​ចំណុច​។ អ៊ី​ចឹង​បើ​សិនមានការ​បំផុសគំនិត​​ឱ្យ​មាន​ការបះបោរ​​ចលាចល​សង្គម​ អាហ្នឹង​រដ្ឋាភិ​បាល​​ជួន​កាល​អាច​​គ្រប់​​គ្រងមិនបាន ​ហើយ​វាអាច​​ដួល​រលំ​រដ្ឋាភិបាល​​ក៏ថាបាន​ អាហ្នឹង​ជាក្តី​បារម្ភ​របស់​​ភាគីលោក​ហ៊ុន ម៉ាណែត ​អាច​បារម្ភ​​ចំណុចហ្នឹង»។

ជាមួយ​គ្នា​នេះ លោក សេង វណ្ណលី អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ យល់​ថា សារ​របស់​លោក ហ៊ុន ម៉ាណែត បង្ហាញ​​ពី​​របៀប​​ប្រើ​អំណាច ​ដែល​ចាត់​ទុក​កម្ពុជា​ជា​កម្មសិទ្ធិ​ផ្ដាច់មុខ​របស់​ក្រុម​គ្រួសារ​លោក។ លោក ហ៊ុន ម៉ាណែត គ្រាន់​តែ​ជា​នាយករដ្ឋមន្ត្រី ដែល​មាន​តួនាទី​បម្រើ​ពលរដ្ឋ មិនមែន​ជា​ម្ចាស់​ប្រទេស ដែល​​អាច​កំណត់​តាម​អំពើ​ចិត្ត​ថា អ្នក​ណា​ចូល​ស្រុក​បាន​ប៉ុន្មាន​ថ្ងៃ អ្នក​ណា​ត្រូវ​ចាកចេញ​នៅ​ពេល​ណា និង​អ្នក​ណា​មាន​សិទ្ធិ​ធ្វើ​នយោបាយ​នោះ​ទេ។

អ្នក​ជំនាញ​ភូមិសាស្ត្រ​នយោបាយ​រូប​នេះ លើក​ឡើង​ថា ការ​ដាក់​លក្ខខណ្ឌ​យ៉ាង​តឹងរ៉ឹង​របស់​លោក ហ៊ុន ម៉ាណែត លើ​លោក អ៊ុំ សំអាន ដូចជា​ឱ្យ​ជជែក​តែ​រឿង​ព្រំដែន​បង្គោល​លេខ ៥២-៥៩ ឱ្យ​ពេល​នៅ​ស្រុក​ខ្មែរ​ត្រឹម ២ ថ្ងៃ និង​ហាម​ធ្វើ​សកម្ម​ភាព​នយោបាយ​ដាច់ខាត គឺ​ជា​ការ​រៀប​អន្ទាក់​នយោបាយ។ លក្ខខណ្ឌ​បែប​នេះ ធ្វើ​ឡើង​ដើម្បី​ទម្លាក់​កំហុស​ថា ខាង​​ប្រឆាំង​អត់​ក្លាហាន ឬ​មិន​ព្រម​សហការ ប្រសិនបើ​លោក អ៊ុំ សំអាន និង​​ក្រុម​ការងារ​របស់​​លោក មិន​ហ៊ាន​ទទួល​​យក។

បន្ថែម​ពី​នេះ លោកថា ​ការ​ហាមឃាត់​សកម្មភាព​នយោបាយ​គ្រប់​រូបភាព និង​ការ​ធានា​សុវត្ថិភាព​តែ​ក្នុង​រយៈពេល​​​កំណត់ បង្កើត​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង អំពី​ការ​គោរព​សិទ្ធិ​ពលរដ្ឋ និង​មូលដ្ឋាន​ច្បាប់​នៃ​លក្ខ​ខណ្ឌ​​​ទាំង​នេះ។ លើស​ពី​នេះ ការ​​ប្រើ​ពាក្យ​​ប្រមាថ ដូចជា «កុំ​ធ្វើ​ជា​ត្រីងៀត ឆ្លៀត​ពង» ក្នុង​សារ​ផ្លូវការ​របស់​​លោក ហ៊ុន ម៉ាណែត គឺ​ជា​ការ​ដេញ​ដោល​បែប​​ជេរ​​ប្រមាថ​​បុគ្គល និង​ខ្វះ​សេចក្តី​ថ្លៃថ្នូរ​ក្នុង​នាម​ជា​មេដឹកនាំ។

លោក​ថ្លែង​ថា៖ «ហើយ​​ប្រសិន​បើ​លោក​អ៊ុំ សំអាន ​ទទួល​យកលក្ខខណ្ឌ ​​ហើយស្នើ​សមាសភាព​នៅក្នុង​ក្រុម​​​ការងារ​​របស់​​​លោក​ ​ដោយមាន​លោក​សម រង្ស៊ី ​នោះ​ខ្ញុំ​គិត​ថា លោក​ហ៊ុន ម៉ាណែត ​ច្បាស់​ជាមាន​លេស​​ផ្សេងៗ​ទៀត​ នៅក្នុង​សារ​បន្ទាប់។ មូលហេតុពិតប្រាកដដែល​​រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន រៀបចំលក្ខខណ្ឌរឹត​ត្បិត​បែប​នេះ គឺដោយសារភ័យខ្លាចវត្តមានរបស់លោក អ៊ុំ សំអាន ក៏ដូច​​ជា​លោក​សម រង្ស៊ី អាចទាញយកការចាប់អារម្មណ៍ និងបំផុសឱ្យមានការតវ៉ាពីប្រជាពលរដ្ឋ»។

លោក វណ្ណលី ក៏​យល់ស្រប​ដែរ​ថា នៅ​ក្នុង​ស្ថានភាព​ដែល​សង្គម​កម្ពុជា​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច ប្រជាជន​ជំពាក់​​បំណុល​​​ច្រើន និង​មាន​ការ​រិះគន់​ខ្លាំង​ពី​រឿង​បណ្ដាញ​ឆបោក​តាម​អនឡាញ ការ​បណ្ដោយ​ឱ្យ​មាន​ព្រឹត្តិការណ៍​នយោ​បាយ​​ដោយ​​សេរី អាច​ធ្វើ​ឱ្យ​កំហឹង​ពលរដ្ឋ​ផ្ទុះ​ឡើង​ជា​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​យ៉ាង​ងាយ។

លោក​ថ្លែង​ថា៖ «ដូច្នេះហើយ​ខ្ញុំ​គិត​ថា សារឆ្លើយ​ឆ្លង​រវាង​លោក​ហ៊ុន ម៉ាណែត​ ជាមួយ​លោក​អ៊ុំ សំអាន ​​វាគ្រាន់​​តែជាការ​ឆ្លើយ​តប​ដែលគ្រាន់​តែជាលេស ដែល​ធ្វើ​ម៉េច​កុំឱ្យ​មាន​ការ​ជជែក​ដេញដោល​ដោយ​សេរី និង​តម្លាភាព​កើតមាន​ឡើង​។ ដូច្នេះការឆ្លើយ​តប​របស់​​លោក​ហ៊ុន ម៉ាណែត​ ថា វា​គ្រាន់​តែជាលេស​តែប៉ុណ្ណោះ​ ជាក់​ស្តែងគឺ​រដ្ឋាភិបាល​លោក​ហ៊ុន ម៉ាណែត ​មិន​ហ៊ាន​​បើក​ឱ្យមាន​ការ​ជជែក​ដេញដោល​ជាសាធារណៈ ក៏ដូច​ជាប្រកបដោយ​តម្លាភាព និងគណនេយ្យ​​ភាព​​នោះ​ទេ»។

សម្រាប់​លោក សេង វណ្ណលី រឿង​នេះ​គឺ​ជា​ល្បិច​បង្វែរ​ដាន ដើម្បី​ទាញ​យក​ការ​ចាប់​អារម្មណ៍​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ ឱ្យ​ពលរដ្ឋ​​ភ្លេច​គិត​ពី​រឿង​វិបត្តិ​សង្គម និង​ការ​ប្រើប្រាស់​ភាសា​ខ្វះ​សីលធម៌​របស់​អ្នកដឹកនាំ។ ពលរដ្ឋ​ខ្មែរ​គួរ​មើល​ឱ្យ​ធ្លុះ​រវាង​​ល្បិច​នយោបាយ​របស់​អ្នក​មាន​អំណាច និង​ប្រយោជន៍​ជាតិ​ពិតប្រាកដ។ ប្រយោជន៍​ជាតិ គឺ​ជា​ការ​បោះ​បង្គោល​ព្រំដែន​​ប្រកប​ដោយ​តម្លាភាព និង​ការ​បើក​សិទ្ធិ​ឱ្យ​ពលរដ្ឋ​និយាយ​រិះគន់​ការពារ​ទឹកដី​ដោយ​គ្មាន​ការ​គំរាមកំហែង មិន​មែន​​ជា​ការ​ជេរ​ប្រមាថ ឬ​ការ​ដាក់​លក្ខខណ្ឌ​តឹងរ៉ឹង​លើ​អ្នក​រិះគន់​នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ