ក្រុមអ្នកតស៊ូមតិកម្ពុជា និងបក្សជំទាស់ ទាមទារឱ្យមេដឹកនាំបង្ហាញភាពស្មោះត្រង់ចំពោះប្រជាជាតិ រឿងបញ្ហាទឹកដីតាមរដ្ឋធម្មនុញ្ញ តាមរយៈការបង្ហាញការទទួលខុសត្រូវដោយយកផែនទីខ្នាត១លើ១០០ពាន់ ដែលធ្វើជាមួយវៀតណាម ទៅឱ្យសភាពិនិត្យ និងដេញដោល ព្រោះកន្លងមក លោក ហ៊ុន សែន បានកែផែនទីពីខ្នាតពី១លើ១០០ពាន់ ទៅ ១លើ២៥ពាន់ ពេលបោះបង្គោលព្រំដែនជាវៀតណាម ព្រមទាំងបំភ្លឺពីស្ថានភាពជាក់ស្តែងនៅបង្គោលព្រំដែនកម្ពុជា-ថៃ ជាពិសេសបង្គោលលេខ ៥២ ដល់ ៥៩។
នេះបើតាមសេចក្តីវិភាគផ្លូវច្បាប់ ស្តីពី «តួនាទី និងការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ក្នុងករណីកិច្ចការព្រំដែនជាមួយប្រទេសជិតខាង» របស់ក្រុមអ្នកតស៊ូមតិកម្ពុជា ដែលបានផ្សព្វផ្សាយពីទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦។
ក្រុមអ្នកតស៊ូមតិកម្ពុជា បានលើកឡើងថា ផ្អែកតាមរដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាលកម្ពុជាមានភារកិច្ច និងការទទួលខុសត្រូវផ្លូវច្បាប់ក្នុងការយកផែនទីខ្នាត ១/១០០.០០០ នេះ ទៅបង្ហាញជូនប្រជាជាតិនៅក្នុងរដ្ឋសភា និងថ្វាយព្រះមហាក្សត្រជានិមិត្តរូបនៃជាតិ អំពីគ្រប់បញ្ហាទាំងអស់តាមបណ្តោយព្រំដែននៃព្រះរាជាណាចក្រកម្ពុជា រួមទាំងករណីទំនាស់ ឬការប្រឈមមុខដាក់គ្នាជាមួយប្រទេសជិតខាង ជាពិសេសប្រទេសថៃ មិនថាក្នុងករណីមានការបាត់បង់ទឹកដីចំនួន ៣១ ទីតាំង, ៨៥ ទីតាំង ឬចំនួនណាមួយនោះឡើយ។
ប៉ុន្តែគិតត្រឹមថ្ងៃទី២៦ ខែតុលានេះ ក្រុមអ្នកតស៊ូមតិកម្ពុជា នៅមិនទាន់ឃើញរាជរដ្ឋាភិបាល ធ្វើសេចក្តីបំភ្លឺជាផ្លូវការចំពោះមុខរដ្ឋសភាជាតិ ឬទូលថ្វាយព្រះមហាក្សត្រតាមការកំណត់នៃរដ្ឋធម្មនុញ្ញ អំពីស្ថានភាពព្រំដែនគោក និងព្រំដែនទឹក ព្រមទាំងមិនទាន់បានយកផែនទីខ្នាត១លើ១០០ពាន់ មកបង្ហាញជូនប្រជាជាតិទាំងមូលនៅឡើយ បើទោះជាប្រជាពលរដ្ឋជាច្រើនបានរងផលប៉ះពាល់ បាត់បង់ដីធ្លី និងទ្រព្យសម្បត្តិដោយសារតែការឈ្លានពានរបស់ថៃ។
ក្រុមអ្នកតស៊ូមតិកម្ពុជា ចាត់ទុកការខកខានក្នុងការប្រើប្រាស់យន្តការរដ្ឋធម្មនុញ្ញ និងការប្រើប្រាស់អំណាចជ្រៀតជ្រៀត ដូចជាករណីប្រធានព្រឹទ្ធសភា ឬបញ្ជាការដ្ឋានអង្គរក្សចេញមុខក្រៅក្របខណ្ឌក្រសួងការពារជាតិ គឺជាការរំលោភលើគោលការណ៍បែងចែកអំណាច។
ការណ៍នេះ ក្រុមអ្នកតស៊ូមតិកម្ពុជា បានអំពាវនាវ និងទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជា យកផែនទីខ្នាត ១លើ១០០ពាន់ ទៅបង្ហាញ និងដាក់ជូនតំណាងរាស្ត្រក្នុងរដ្ឋសភាពិនិត្យ និងដេញដោល និងត្រូវរាយការណ៍លម្អិតថ្វាយព្រះមហាក្សត្រ ដែលជានិមិត្តរូបនៃឯកភាពជាតិ និងបូរណភាពទឹកដី ព្រមទាំងធ្វើសេចក្តីបំភ្លឺជាផ្លូវការជូនប្រជាជាតិទាំងមូល អំពីស្ថានភាពជាក់ស្តែងនៃបង្គោលព្រំដែន ជាពិសេសពីបង្គោលលេខ៥២ ដល់ ៥៩ ដើម្បីធានានូវតម្លាភាព នីត្យានុកូលភាព និងភាពស្មោះត្រង់ចំពោះជាតិមាតុភូមិ។
បើតាមប្រភពដដែល មាត្រា២ នៃរដ្ឋធម្មនុញ្ញ ចែងថា “បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភបានដាច់ខាត ក្នុងព្រំដែនរបស់ខ្លួនដែលមានកំណត់ក្នុងផែនទីខ្នាត ១/១០០.០០០ ធ្វើនៅចន្លោះឆ្នាំ១៩៣៣-១៩៥៣ ហើយដែលបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះឆ្នាំ១៩៦៣–១៩៦៩”។
ចំណែក មាត្រា៥២ នៃរដ្ឋធម្មនុញ្ញ ចែងថា “រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាថែរក្សា ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា អនុវត្តនយោបាយបង្រួបបង្រួមជាតិ ដើម្បីការពារឯកភាពជាតិ រក្សាការពារទំនៀមទម្លាប់ និងប្រពៃណីល្អរបស់ជាតិ។ រាជរដ្ឋាភិបាលកម្ពុជា ត្រូវរក្សានីត្យានុកូលភាព ធានាសណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ។ រាជរដ្ឋាភិបាល យកចិត្តទុកដាក់ជាអាទិភាពចំពោះជីវភាពរស់នៅ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ”។
ដូច្នេះ រាជរដ្ឋាភិបាល ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន ត្រូវតែឆ្លើយបំភ្លឺជូនប្រជាជាតិជាផ្លូវការតាមរយៈរដ្ឋសភាដើម្បីឱ្យរួចផុតពីការកត់ត្រាក្នុងប្រវត្តិសាស្ត្រ ថាជាមេដឹកនាំដែលធ្វើឱ្យបាត់បង់ទឹកដី ឬក្បត់ជាតិ ជាជាងការចង់ឈ្នះចាញ់លើមតិរិះគន់ ឬការគាំទ្រ និងការឆ្លើយឆ្លងគ្នាលើបណ្តាញសង្គម ដែលធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ផ្លូវច្បាប់ និងជាការស្តែងឱ្យឃើញពីការដឹកនាំតាមទំនើងចិត្ត ដោយរំលងស្ថាប័នរដ្ឋ និងមិនគោរពឆន្ទៈប្រជាពលរដ្ឋដែលមានចែងក្នុងច្បាប់។
មួយវិញទៀត តាមផ្លូវច្បាប់ ស្ថាប័នទទួលបន្ទុកកិច្ចការព្រំដែន អាចស្នើសុំឯកសារ ឬព័ត៌មានបន្ថែមពីលោក អ៊ុំ សំអាន ដើម្បីយកមកផ្ទៀងផ្ទាត់ជាមួយផែនទីខ្នាត ១/១០០.០០០ ហើយគួរតែស្វាគមន៍រាល់ព័ត៌មានបន្ថែមពីប្រជាពលរដ្ឋ ខណៈករណីជម្លោះព្រំដែន ឬការបាត់បង់ទីតាំងឈរជើង ដែលក្រសួងការបរទេសធ្លាប់បានប្រកាសជាង ៣០ ទីតាំងនោះ ពុំមែនជារឿងបុគ្គលរវាងលោក អ៊ុំ សំអាន និងរាជរដ្ឋាភិបាលនោះទេ ប៉ុន្តែវាជាបញ្ហាសន្តិសុខជាតិទាំងមូល។
លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ យល់ស្របចំពោះក្រុមអ្នកតស៊ូមតិកម្ពុជា ដែលទាមទារឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ត្រូវតែបង្ហាញភាពស្មោះត្រង់ និងមានតម្លាភាពចំពោះបញ្ហាទឹកដី ជាពិសេសការដែលលោកហ៊ុន ម៉ាណែត និយាយថាចន្លោះបង្គោលព្រំដែនលេខ ៥២ ដល់៥៩ ដែលថៃធ្វើរបងបេតុងនោះស្ថិតនៅលើដីថៃ ខណៈប្រជាពលរដ្ឋខ្មែរនៅតែមានមន្ទិលសង្ស័យថាថៃរំលោភយកដីខ្មែរនៅតំបន់នោះ។
ដូច្នេះលោកថា លោកហ៊ុន ម៉ាណែត ត្រូវតែដេញដោលរឿងនេះនៅសភា និងបំភ្លឺជូនប្រជាពលរដ្ឋ ជុំវិញបង្គោលព្រំដែនលេខ៥២ដល់៥៩នេះ និងថាតើមកដល់ពេលនេះរដ្ឋាភិបាលបានដោះស្រាយបញ្ហាព្រំដែនជាមួយថៃដល់ណាហើយ? យកផែនទីណាមួយទៅដោះស្រាយ? ហើយថៃរំលោភយកទឹកដីខ្មែរប៉ុន្មានទីតាំងហើយ? ហើយរដ្ឋាភិបាលកម្ពុជាមានវិធានការនិងផ្លូវច្បាប់អ្វីខ្លះ ដើម្បីទប់ស្កាត់ការឈ្លានពានរបស់ថៃជាដើម។
លោកថា ៖ «អាហ្នឹងជារឿងត្រូវដេញដោលក្នុងសភា និងបំភ្លឺជូនប្រជាពលរដ្ឋដើម្បីឱ្យប្រជាពលរដ្ឋអស់ចិត្ត បើមិនចឹងទេប្រជាពលរដ្ឋលោកនៅតែមានមន្ទិលសង្ស័យថា ហេតិចរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ហ្នឹងកាត់ដីឱ្យថៃដើម្បីដូរយកសន្តិភាពនិងអំណាចទៅ ឬក៏គាត់សង្ស័យថា រដ្ឋាភិបាលហ្នឹងគាត់លក់ដីឱ្យថៃទេដឹង បានជាបណ្តែតបណ្តោយឈ្លានពានទឹកដីខ្មែរយើងស្រេចចិត្ត តាមរយៈការរាយបន្លាលួស ដាក់ទូរកុងតឺន័រ ជីកប្រឡាយ ធ្វើរបងបេតុងយកដីខ្មែរយើងស្រេចចិត្ត»។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានទេ។
ចំណែក ក្នុងអំឡុងពេលថ្លែងក្នុងសេចក្តីថ្លែងការណ៍ពីបច្ចុប្បន្នភាព ស្តីពីការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃនេះ លោក ប៉ែន បូណា ក៏មិនបានលើកយកបញ្ហាបង្គោលព្រំដែនកម្ពុជា-ថៃចន្លោះលេខ៥២ដល់៥៩មកធ្វើការអត្ថាធិប្បាយដែរ ដោយគ្រាន់តែបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងធ្វើការងារការទូតយ៉ាងសកម្ម ដើម្បីទាមទារទឹកដីកម្ពុជាមួយចំនួនដែលកងកម្លាំងថៃកំពុងកាន់កាប់ដោយខុសច្បាប់នោះមកវិញ តាមមធ្យោបាយសន្តិវីធី និងកិច្ចព្រមព្រៀងដែលមានស្រាប់ និងដោយផ្អែកលើអនុសញ្ញា សន្ធិសញ្ញា ឯកសារ ផែនទី ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។
លោកថា៖ «សហគមន៍អន្តរជាតិ ក៏កំពុងតាមដានរឿងនេះយ៉ាងយកចិត្តទុកដាក់ និងជំរុញឱ្យភាគីទាំងពីរដោះស្រាយបញ្ចប់បញ្ហាដោយសន្តិវិធីតាមកិច្ចព្រមព្រៀង ដែលបានឯកភាពគ្នា»។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានឱ្យដឹងថា ផែនទីខ្នាត១លើ១០០ពាន់ ដែលកំណត់ក្នុងមាត្រា២នៃរដ្ឋធម្មនុញ្ញ ក្របដណ្តប់លើព្រំដែនរដ្ឋបាលរវាងកម្ពុជានិងវៀតណាម និងផែនទីខ្នាត១លើ២០០ពាន់គ្របដណ្តប់លើព្រំដែនរដ្ឋបាលរវាងកម្ពុជានិងថៃ ដែលបន្សល់ទុកពីសម័យអាណានិគមនិយមបារាំង។
យ៉ាងណា លោកគាំទ្រឱ្យមានការសួរដេញដោលនៅសភាជាតិ ជុំវិញផែនទីទាំងពីរខ្នាត ដែលរដ្ឋាភិបាលកម្ពុជា បានធ្វើជាមួយប្រទេសជិតខាងទាំងថៃ និងវៀតណាម និងបំភ្លឺជូនប្រជាពលរដ្ឋដែលកំពុងមានកង្វល់ជាទូទៅ ជុំវិញបញ្ហាជម្លោះព្រំដែនជាមួយថៃ ដែលបាននិងកំពុងកើតមាននាពេលបច្ចុប្បន្ន។ ហើយរដ្ឋសភា ក៏គួរតែកោះហៅរដ្ឋាភិបាលឱ្យបំភ្លឺដែរលើបញ្ហានេះ។
លោកថា៖ «បញ្ហាដែលប្រជាពលរដ្ឋចង់ដឹង គឺតើពេលណាសៀមដកកងទ័ពពីកម្ពុជាបច្ចុប្បន្ន ហើយតើរដ្ឋាភិបាលកម្ពុជាមានអ្វីដែលបង្ហាញនូវភាពស្មោះត្រង់ជាមួយប្រជាពលរដ្ឋ ចឹងជាការចាំបាច់គឺរដ្ឋសភាកម្ពុជាហ្នឹង គួរណាតែធ្វើញត្តិឬក៏កោះអញ្ជើញនាយករដ្ឋមន្ត្រីទៅឆ្លើយបំភ្លឺផ្លូវការនៅក្នុងរដ្ឋសភា ថាហេតុអ្វីការប្តេជ្ញារយៈពេល១ឆ្នាំមកនេះ ត្រូវប្តឹងថៃទៅតុលាការអន្តរជាតិ ម៉េចក៏មិនទាន់ប្តឹង អាហ្នឹងទី១សំខាន់ ហើយទី២ តើយន្តការការទូតហ្នឹងដែលធ្វើរាល់ថ្ងៃហ្នឹង មានប្រសិទ្ធភាពប៉ុន្មានភាគរយ បើមិនទាន់មានប្រសិទ្ធភាពទេ ត្រូវតែរៀបចំយុទ្ធសាស្ត្រយ៉ាងម៉េចធ្វើការទូតហ្នឹងឱ្យមានប្រសិទ្ធភាព ហើយដើម្បីមានប្រសិទ្ធិភាពយើងឃើញចន្លោះប្រហោងនៃដែលការទូតយើងខ្វះប្រសិទ្ធភាពហ្នឹង គឺជំហររបស់រដ្ឋាភិបាលកម្ពុជាហ្នឹងមិនច្បាស់លាស់[…] ម្តងថាប្តឹងថៃ ហើយម្តងថាមិនប្តឹងថៃ»។
គួរបញ្ជាក់ថា ផែនទីថ្មី ខ្នាត ១/២៥.០០០ ត្រូវបានប្រកាស នៅដើមខែសីហា ឆ្នាំ២០២០នេះ នៅពេល គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនរបស់រដ្ឋាភិបាល បានទៅទទួលយកផែនទីខ្នាតថ្មី ជាសម្ងាត់ ពីរដ្ឋាភិបាលវៀតណាម នៅច្រកព្រំដែនម៉ុកបាយ (Moc Bai) ខេត្តតៃនិញ (Tay Ninh) ជាប់ខេត្តស្វាយរៀង។
រដ្ឋាភិបាល អះអាងថា ផែនទីខ្នាត ១លើ២៥ពាន់ (១/២៥.០០០) នេះ ត្រូវបានចម្លងចេញពីផែនទីបោន (Bonce) ខ្នាតមួយលើ១លើ១០០ពាន់ (១/១០០.០០០) បន្សល់ទុកពីអាណានិគមបារាំង។
លោក ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីនៅពេលនោះ បានធានាពីភាពត្រឹមត្រូវនៃផែនទីថ្មីនេះ ដោយអះអាងថា បានផ្ទៀងផ្ទាត់ម្ដងមួយសន្លឹក ដោយយកចិត្តទុកដាក់ ហើយបោះពុម្ព ដោយប្រទេសដាណឺម៉ាក ហើយផែនទីថ្មី នឹងធ្វើឲ្យកម្ពុជាចំណេញដីពីប្រទេសវៀតណាមទំហំជាង ២.០០០ហិកតា។
តែយ៉ាងណា សម្រាប់លោក អ៊ុំ សំអាន មន្ត្រីបក្សជំទាស់ បានរកឃើញថា ផែនទីថ្មី ខ្នាត ១/២៥.០០០ គូសវាសជាឯកតោភាគីដោយវៀតណាម គ្រាន់តែយកទៅបោះពុម្ព នៅប្រទេសដាណឺម៉ាកប៉ុណ្ណោះ។ លោកបន្តថា ផែនទីថ្មីនេះ បានដោះដូរខ្សែបន្ទាត់ព្រំដែនសម័យអាណានិគមបារាំង ដោយរដ្ឋាភិបាលដឹកនាំដោយបក្សកាន់អំណាច ដោយបានយកដីខ្មែរតាមព្រំដែនច្រើនទីតាំង ទៅដូរយកដីខ្មែរ ដែលវៀតណាមរំលោភបំពានមកវិញ ជាហេតុធ្វើឲ្យបាត់ដីតាមព្រំដែនសរុបជាង ៣ ០០០ហិកតា។
ក្រមព្រហ្មទណ្ឌមាត្រា៤៤០ ចែងថា «អំពើប្រគល់ឱ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេស នូវដែនដីជាតិទាំងស្រុង ឬមួយផ្នែក ជាអំពើក្បត់ជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត»៕









