មន្ត្រី​សិទ្ធិ​មនុស្ស​​អន្តរជាតិ​​បង្កើន​​សម្ពាធ​​​ឱ្យ​​ដោះ​លែង​​សកម្ម​​ជន​​​មាតា​​​ធម្មជាតិ​​​មុន​​កិច្ច​ប្រជុំ​​ហ្វ្រង់​កូហ្វូនី

ខណៈ​​តុលាការ​​របស់​​ក្រុង​​ភ្នំពេញ​ ​ពន្យារ​​ពេល​​សវនា​ការ​​លើ​​​បណ្តឹង​​ឧទ្ធរណ៍​​របស់​​សកម្ម​ជន​​មាតា​​ធម្ម​ជាតិ​​ទាំង ៥ រូប មន្ត្រី​​​សិទ្ធិ​​មនុស្ស​​អន្តរ​ជាតិ​ ​បាន​​បង្កើន​​សម្ពាធ​​លើ​​រដ្ឋាភិ​បាល​​កម្ពុជា ឱ្យ​​ដោះ​លែង​​ពួក​គេ​​ជា​​បន្ទាន់ និង​​ដោយ​​ឥត​​លក្ខ​​ខណ្ឌ​ នៅ​​មុ​ន​​កិច្ច​ប្រជុំ​​កំពូល​​ហ្វ្រង់​កូហ្វូនី (Francophonie) នៅ​​​ខែ​​វិច្ឆិកា ឆ្នាំ ២០២៦។

ប្រធាន​​អង្គ​ការ​​អ្នក​​តស៊ូ​មតិ​ដើម្បី​សិទ្ធិ​មនុស្ស និង​ពលកម្ម​អាស៊ី (Asia Human Rights and Labour Advocates – AHRLA) លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ប្រាប់​វីអូឌី​​តាម​សារ​អេឡិចត្រូនិក កាល​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០២៦ ថា រដ្ឋាភិបាល​មិន​ទាន់​មាន​ការ​ឆ្លើយតប​​ជាក់ស្តែង ​ចំពោះ​ការ​អំពាវនាវ​​​របស់​​អង្គការ​អន្តរជាតិ​ឱ្យ​ដោះលែង​សកម្ម​ជន​​ចលនា​មាតា​ធម្មជាតិ​ដ៏​លេចធ្លោ ទាំង ៥ រូប​នោះ​ទេ។ លោក​ចាត់ទុក​ករណី​នេះ​ថា ជា​បញ្ហា​សិទ្ធិ​មនុស្ស និង​​បរិស្ថាន​ដ៏​សំខាន់​ ​ដែល​រដ្ឋាភិបាល​គួរ​ចាត់​វិធានការ​ឱ្យ​បាន​​ជាក់លាក់ ​ឆ្លើយតប​នឹង​ការ​ស្នើសុំ​របស់​សហគមន៍​អន្តរ​ជាតិ។

លោក​ថា ក្នុង​ជំនួប​ជាមួយ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក កែវ រ៉េមី កាលពី​ថ្ងៃ​ទី​២២ ខែ​តុលា នេះ លោក​​​បាន​ជំរុញ​ឱ្យ​មាន​ការ​ដោះលែង​​សកម្មជន​ទាំង ៥ រូប​​ជា​បន្ទាន់ ដោយ​យោង​ទៅ​លើ​មតិ​យោបល់​​របស់​​​ក្រុម​ការ​ងារ​​អង្គ​ការ​​សហប្រជាជាតិ ​ស្តីពី ​ការ​ឃុំខ្លួន​តាម​អំពើ​ចិត្ត (UNWGAD) ដែល​បាន​ចាត់​​ទុក​ការ​ឃុំខ្លួន​ពួកគេ ​ថា​ជា​ការ​​ឃុំ​ខ្លួន​​តាម​អំពើ​ចិត្ត និង​​អយុត្តិធម៌។

មន្ត្រី​សិទ្ធិ​មនុស្ស​អន្តរជាតិ​រូប​នេះ ​​ក៏​រិះគន់​ពី​ការ​ឃុំខ្លួន​ពួកគេ​នៅ​ឆ្ងាយ​ពី​ក្រុម​គ្រួសារ និង​ការ​ពន្យារ​ពេល​សវនាការ​​លើ​​បណ្តឹង​ឧទ្ធរណ៍​អស់​រយៈពេល​ជាង​ពីរ​ឆ្នាំ​​កន្លះ​មក​នេះ។ ប៉ុន្តែ លោក​អះអាង​ថា គណៈកម្មាធិការ​សិទ្ធិ​​មនុស្ស​​​កម្ពុជា​ បាន​​សន្យា​ថា នឹង​លើក​ករណី​នេះ​ជូន​​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ប៉ុន្តែ​​​ពួកគេ​​​ថា ខ្លួន​មិន​មាន​អំណាច​សម្រេច​លើ​ករណី​នេះ​ដោយ​ផ្ទាល់​ទេ ខណៈ​សំណើ​ឱ្យ​ដាក់​​បញ្ចូល​ករណី​សកម្មជន​ទាំង ៥ នាក់ ក្នុង​​សេចក្តី​ថ្លែងការណ៍​​របស់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ក៏​​ត្រូវ​បាន​បដិសេធ​ផង​ដែរ។

សកម្មជន​ទាំង ៥ រូប រួមមាន លោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុត លោក យីម លាងហ៊ី កញ្ញា ឡុង គន្ធា និង​កញ្ញា ភួន កែវរស្មី។ ពួកគេ​រង​ការ​ផ្តន្ទាទោស​ពី​បទ «រួមគំនិតក្បត់» និង «ប្រមាថចំព្រះមហាក្សត្រ» ដោយ​ត្រូវ​ជាប់​ពន្ធនា​គារ​​ពី ៦ ទៅ ៨ ឆ្នាំ។

លោក ហ្វីល រ៉ូប៊ឺតសុន បង្ហាញ​ក្តី​សង្ឃឹម​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត អាច​នឹង​ដោះលែង​ពួកគេ​ក្នុង​ប៉ុន្មាន​​សប្តាហ៍​​​ខាង​មុខ បន្ទាប់ពី​ឯកអគ្គរដ្ឋទូត​លោក​សេរី និង​មន្ត្រី​អង្គការ​សហប្រជាជាតិ​បន្ត​ជំរុញ​ករណី​នេះ។

លោក​និយាយ​ក្នុង​សម្តី​ដើម​ថា៖ «ការដោះលែង MNC5 អាចជាការបង្ហាញជាក់ស្តែងពីការគោរពសិទ្ធិមនុស្ស និង​ច្បាប់​​អន្តរជាតិរបស់កម្ពុជា ជាពិសេសមុនកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលគ្រោងប្រព្រឹត្តទៅក្នុង​រយៈពេលប្រហែល​៣សប្តាហ៍ទៀត។ ​ការដោះលែងនេះ ​អាចទទួលបានការស្វាគមន៍ពីមេដឹកនាំបរទេស និងជួយឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មានឧទាហរណ៍ជាក់ស្តែងឆ្លើយតបទៅនឹងសំណួរ​រិះគន់ពីអ្នកសារព័ត៌មានអន្តរជាតិ ជុំវិញកំណត់​ត្រាសិទ្ធិមនុស្ស និងបញ្ហាមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញនៅកម្ពុជា។ ផ្ទុយទៅវិញ បើរដ្ឋាភិបាលបន្ត​បដិ​សេធ នោះអាចបង្កើនការសង្ស័យពីសហគមន៍អន្តរជាតិ ចំពោះភាពម៉ឺងម៉ាត់របស់កម្ពុជាក្នុងការគោរពសិទ្ធិ​មនុស្ស និងច្បាប់អន្តរជាតិ។ ខណៈរដ្ឋាភិបាល​កំពុងស្វែងរកការគាំទ្រពីអន្តរជាតិលើបញ្ហាព្រំដែន និងសិទ្ធិមនុស្ស ការមិនឆ្លើយតបចំពោះករណីសិទ្ធិ​មនុស្សសំខាន់ៗ​ក្នុងប្រទេស អាចធ្វើឱ្យភាពជឿជាក់របស់កម្ពុជាចុះខ្សោយ។ អ្នករាយការណ៍ពិសេសរបស់​អង្គការសហប្រជាជាតិ លោក ថម អេនឌ្រូ (Tom Andrews) និង​ក្រុមការងារ យូអិន-ដាប់បលយូ-ជីអេឌី (UNWGAD) សុទ្ធតែបានលើកឡើងជាសាធារណៈអំពីករណីនេះ ហើយត្រូវការការឆ្លើយតបច្បាស់​លាស់​ពីរដ្ឋាភិបាលកម្ពុជា»។

វីអូឌី ​មិន​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក កែវ សុទ្ធី បាន​ទេ​នៅ​​ថ្ងៃ​ទី​២៦ ខែ​​តុលា ជុំវិញ​ការ​សន្យា​របស់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ចំពោះ​លោក ហ្វីល រ៉ូប៊ឺតសុន ថា​នឹង​​ដាក់​ករណី​នេះ​​ជូន​រដ្ឋាភិបាល។

កាលពី​ថ្ងៃ​ទី​២២ ខែ​តុលា គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ​​បាន​ផ្សព្វផ្សាយ​ពី​ជំនួប​ជាមួយ​លោក ហ្វីល រ៉ូប៊ឺតសុន នៅ​រាជធានី​ភ្នំពេញ ដោយ​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​​​បាន​ថែរក្សា និង​បង្កើត​​លក្ខ​ខណ្ឌ​​​អំណោយ​ផល​​សម្រាប់​ការ​​អភិវឌ្ឍ​ជាតិ និង​ការ​លើកកម្ពស់​សិទ្ធិ​មនុស្ស​ជាដើម។

​ក្រៅពី​នោះ ប្រធាន​ស្ថាប័ន​​សិទ្ធិ​មនុស្ស​នេះ​ ​បាន​ថ្លែង​អំណរគុណ​លោក ហ្វីល រ៉ូប៊ឺតសុន ដែល​បាន​ចូលរួម​ចំណែក​ស្នើ​ឱ្យ​រដ្ឋាភិបាល​ថៃ​ដោះលែង យោធិន​កម្ពុជា ១៨ នាក់ ដែល​ត្រូវ​ថៃ​ចាប់ខ្លួន​ក្រោយ​បទ​ឈប់​បាញ់​​កាលពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​​២០២៥ និង​ការ​តាមដាន​ព័ត៌មាន​រើសអើង​ពលករ​ខ្មែរ​នៅ​ថៃ​ជាដើម។

ជុំវិញ​ករណី​នេះ នាយក​គ្រប់គ្រង​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត គាំទ្រ​ការ​ជំរុញ​របស់​​លោក ហ្វីល រ៉ូប៊ឺតសុន ដែល​ដូចគ្នា​នឹង​អង្គការ​ជាតិ និង​អន្តរជាតិ ព្រមទាំង​អ្នក​រាយការណ៍​ពិសេស​​អង្គការ​សហប្រជា​ជាតិ ស្តីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទាំង ៥ រូប។ លោក​​ថា អ្នក​ការពារ​បរិស្ថាន អ្នក​ការពារ​សិទ្ធិ​មនុស្ស សកម្មជន​សហជីព និង​សកម្ម​ជន​​នយោបាយ មិន​គួរ​ត្រូវបាន​ចាប់​ខ្លួន ចោទប្រកាន់ ឬ​ផ្តន្ទាទោស ដោយសារ​ការ​អនុវត្ត​សិទ្ធិ និង​សេរីភាព​​ជា​មូលដ្ឋាន​របស់​ខ្លួន​ឡើយ។

លោក​ជឿជាក់​ថា ការ​ដោះលែង​សកម្មជន​ទាំង ៥ រូប និង​ការ​ពន្លឿន​នីតិវិធី​តុលាការ គឺជា​ជំហាន​សំខាន់​ក្នុង​​ការ​​​បង្ហាញ​​ពី​ឆន្ទៈ​របស់​រដ្ឋាភិបាល​ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស ស្តារ​លទ្ធិប្រជាធិបតេយ្យ និង​បើក​លំហ​សេរីភាព​ជា​មូល​ដ្ឋាន រួមទាំង​សេរីភាព​សារព័ត៌មាន និង​សេរីភាព​នយោបាយ ព្រោះ​ការ​បន្ត​ឃុំខ្លួន​ពួកគេ​អាច​​ប៉ះពាល់​ដល់​ការ​អនុ​វត្ត​​សិទ្ធិ​​ពលរដ្ឋ និង​រារាំង​ការ​ចូលរួម​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ។

លោក អំ សំអាត ថ្លែង​ថា៖ «អញ្ចឹង​ការ​ស្នើសុំ​របស់​លោក ហ្វីល រ៉ូបឺតសុន នេះ ក៏​វា​ជា​ការ​បន្ថែម​នូវ​ក្តី​កង្វល់ ក៏​ដូ​ចជា​ការ​សំណូមពរ​ស្នើសុំ​បន្ថែម​ទៀត ទៅលើ​ការ​ស្នើសុំ​របស់​អង្គការ​អន្តរជាតិ អង្គការជាតិ ក៏​ដូចជា​អ្នករាយ​​​ការណ៍​​ពិសេស​​អង្គការ​សហប្រជាជាតិ ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ហ្នឹង​ផងដែរ។ អញ្ចឹងដើម្បី​ឱ្យ​​​​បរិយា​កាស ក៏​ដូច​ជា​​ការ​​ស្តារ​នូវ​លទ្ធិប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស វា​គួរតែ​មាន​ការ​ដោះលែង​ទៅ​​​លើ​​​អ្នក​ទាំងអស់​ហ្នឹង ឱ្យ​មាន​​សេរីភាព​​ឡើង​វិញ»។

ចំណែក​សមាជិក​ព្រឹទ្ធសភា​ពី​គណបក្ស​ឆន្ទៈ​ខ្មែរ លោក គង់ មុនីកា យល់ថា ជំនួប​រវាង​លោក កែវ រ៉េមី ជាមួយ​នឹង​​​លោក ហ្វីល រ៉ូប៊ឺតសុន គឺ​ជា​ឱកាស​នៃ​ការ​សន្ទនា​មួយ​ដើម្បី​ជួយ​ឆ្លុះបញ្ចាំង​គ្នា​ទៅវិញទៅមក ពាក់ព័ន្ធ​​ទៅ​នឹង​ស្ថាន​ភាព​​នៃ​​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ លោក​ថា ការ​ស្នើ​ឡើង​ឱ្យ​ពិនិត្យ​លើ​ករណី​សកម្មជន​​មាតា​​ធម្មជាតិ​​ទាំង ៥ រូប គឺ​​ជា​​ករណី​មួយ​ដែល​រដ្ឋាភិបាល​គួរ​យកចិត្តទុកដាក់។

លោក គង់ មុនីកា ថ្លែងថា៖ «ការ​ស្នើ​ឡើង​ឱ្យ​ពិនិត្យ​លើ​ករណី​សកម្មជន​មាតាធម្មជាតិ​ទាំង ៥ រូប ហ្នឹង គឺ​ជា​​​ករណី​មួយ​ដែល​រាជរដ្ឋាភិបាល​​គួរតែ​ធ្វើការ​យកចិត្តទុកដាក់​លើ​ករណី​នេះ​ឱ្យ​បាន​ច្បាស់លាស់ ឆាប់រហ័ស ដើម្បី​ធានា​ថា យុត្តិធម៌​​កើតមាន​សម្រាប់​អ្នក​ទាំង ៥ នោះ។ បាទ ហើយ​យើង​ដឹង​ហើយ​ថា នៅ​ក្នុង​កាលៈ​​ទេសៈ​​នេះ កម្ពុជា​ចាំបាច់​ណាស់​​ក្នុង​ការ​ជំរុញ​នូវ​ការ​លើកកម្ពស់​សិទ្ធិមនុស្ស ហើយ​ត្រូវ​ដើរ​ស្រប​ពេល​​​ជាមួយ​នឹង​ការ​កសាង​នូវ​ជំនឿ​ទុកចិត្ត​ពី​សហគមន៍​​អន្តរជាតិ​ផង​ដែរ»។

រីឯ​អ្នកប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ យល់ឃើញ​ថា រដ្ឋាភិបាល​​​កម្ពុជា​​គួរ​ពិនិត្យ​ឡើងវិញ និង​ទម្លាក់​ចោល​ការ​ចោទប្រកាន់​លើ​សកម្មជន​សង្គម និង​បរិស្ថាន ដើម្បី​ផ្តល់​សេរីភាព​​ឱ្យ​ពួក​គេ​អាច​បន្ត​ការងារ​បម្រើ​សង្គម និង​ការពារ​ធនធាន​ធម្មជាតិ តាម​ការ​ស្នើ​របស់​សហគមន៍​អន្តរជាតិ។ លោក​លើក​ទឹកចិត្ត​ឱ្យ​រដ្ឋាភិបាល​គួរ​លើកទឹកចិត្ត​ដល់​ការ​ចូលរួម​របស់​សកម្មជន ជាជាង​ចាប់ខ្លួន ឬ​​​ដាក់​ទណ្ឌកម្ម​លើ​ពួក​គេ​​ក្នុង​​នាម​​ជា​អ្នក​ការពារ​ផលប្រយោជន៍​ពលរដ្ឋ និង​សង្គមជាតិ។

លោក​អះអាង​ថា ការ​រឹតត្បិត​សេរីភាព​របស់​យុវជន និង​សកម្មជន​បរិស្ថាន អាច​ធ្វើ​ឱ្យ​មុខមាត់​កម្ពុជា​កាន់តែ​អាក្រក់​​​​លើ​ឆាក​អន្តរជាតិ និង​បង្កើន​ការ​រិះគន់​ថា រដ្ឋាភិបាល​មិន​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​បើក​លំហ​ប្រជា​ធិប​តេយ្យ និង​សិទ្ធិ​មនុស្ស។

លោក សេក សុជាតិ ថ្លែងថា៖«គ្រប់យ៉ាង​វា​គួរតែ​មាន​ការ​សម្របសម្រួល ហើយ​នៅ​ពេល​ដែល​សកម្មជន​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​​​លើកឡើង​ផ្ទាល់​ហើយ គួរតែ​ពិចារណា ហើយ​ពិចារណា​ទៀត សម្រាប់​ខ្ញុំ​យល់​ថា គួរតែ​លើកលែង​ការ​ចោទប្រកាន់​​នេះ ដើម្បី​ផ្តល់​នូវ​សេរីភាព និង​បើក​លំហ​ការគោរព​សិទ្ធិមនុស្ស និង​ប្រជាធិប​តេយ្យ ក៏ដូចជា​ការការពារ​ធន​ធាន​​ធម្មជាតិ​ ​​ដែល​បំផ្លាញ​ដោយ​ក្រុម​ឧក្រិដ្ឋជន ដើម្បី​ផលប្រយោជន៍​រួម​របស់​ជាតិ និង​ពិភពលោក​រយៈពេល​យូរ​អង្វែង»។

សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទាំង ៥ រូប ស្ថិត​ក្នុង​ចំណោម​អ្នក​ការពារ​សិទ្ធិ​មនុស្ស សកម្មជន​សហជីព និង​សកម្ម​ជន​​នយោបាយ​ជាដើម​ជាង ១០០ នាក់ ដែល​លោក ថម អេនឌ្រូ អ្នក​រាយការណ៍​ពិសេស​អង្គការ​​សហប្រជាជាតិ​​ស្តីពី​ស្ថាន​ភាព​​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដោះ​លែង ដោយ​អះអាង​ថា ពួកគេ​ត្រូវ​ជាប់​​ឃុំ​​ដោយសារ​ការ​អនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន។

​ក្រៅពី​អ្នក​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ លោក អេនឌ្រូ ក៏​បាន​អំពាវនាវ​ឱ្យ​ធានា​នូវ​សេរីភាព​របស់​ទីប្រឹក្សា​គណបក្ស​កម្លាំង​​ជាតិ​​លោក រ៉ុង ឈុន និង​លោក កឹម សុខា ដែល​ជា​បុគ្គល​លេចធ្លោ​ក្នុង​បញ្ហា​សិទ្ធិ​មនុស្ស និង​នយោបាយ​​ផង​ដែរ។ អ្នកឃ្លាំមើល​ថា បើ​រដ្ឋាភិបាល​ដោះលែង និង​ធានា​សិទ្ធិ​សេរីភាព​របស់​អ្នក​ពាក់ព័ន្ធ​ទាំង​នេះ អាច​ចាត់ទុក​ថា​ជា​​ជំហាន​​សំខាន់​ក្នុង​ការ​ស្តារ​លំហ​ប្រជាធិបតេយ្យ ពង្រឹង​ការ​គោរព​សិទ្ធិ​មនុស្ស និង​​បង្ហាញ​ឆន្ទៈ​ពិតប្រាកដ​របស់​រដ្ឋាភិ​បាល​​ក្នុង​ការ​អនុវត្ត​ស្តង់ដារ​អន្តរជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ