ការទទួលខុស​ត្រូវរបស់​រាជ​រដ្ឋាភិ​បាល​ចំពោះ​មុខ​រដ្ឋ​ធម្ម​នុញ្ញ​​ក្នុង​បុព្វ​ហេតុ​ការ​ពារ​ទឹក​ដី

ការ​​ទទួល​​ខុស​​ត្រូវ​​របស់​​រាជ​រដ្ឋាភិ​បាល​​ក្នុង​​កាតព្វ​កិច្ច​​ការ​ងារ​​ព្រំដែន​​ជាមួយ​​ប្រទេស​​ជិត​ខាង និង​​ការ​​បាត់​បង់​​ទឹក​ដី ឬ​​ទីតាំង​​ឈរ​ជើង មិន​មែន​​​ជា​​ជម្លោះ​​បុគ្គល​​រវាង​​មេដឹក​នាំ និង​​ពលរដ្ឋ​​ណាម្នា​ក់​​នោះ​​ឡើយ តែ​​ជា​​បញ្ហា​​សន្តិ​សុខ​​ជាតិ និង​​បូរណ​ភាព​​ទឹក​ដី​​ទាំង​មូល។

ការណ៍​​នេះ ទាម​ទារ​​​ឱ្យ​​មាន​​ការ​​ដោះ​ស្រាយ​​​តាម​ផ្លូវ​​ការ​ទូត និង​​ច្បាប់​​​អន្តរ​ជាតិ ដោយ​​ផ្អែក​​លើ​​​ផែនទី​ខ្នាត ១/១០០.០០០។ ដើម្បី​បង្ហាញ​នូវ​ភាព​ស្មោះត្រង់​ចំពោះ​មុខ​រដ្ឋធម្មនុញ្ញ និង​ការពារ​ប្រយោជន៍​ជាតិ រាជរដ្ឋាភិបាល​ត្រូវ​វិល​ត្រឡប់​មក​រក​គន្លង​ច្បាប់​វិញ តាមរយៈ​ការ​យក​ផែនទី​ខ្នាត ១/១០០.០០០ មក​បង្ហាញ និង​ពិនិត្យ​ដេញដោល​ក្នុង​រដ្ឋសភា​ជាតិ។

លើស​ពី​នេះ រដ្ឋាភិបាល​ត្រូវ​ថ្វាយ​សវនាការ និង​រាយការណ៍​ជូន​ព្រះមហាក្សត្រ​អំពី​ស្ថានភាព​ព្រំដែន​ពិតប្រាកដ ព្រមទាំង​ចេញ​សេចក្តី​បំភ្លឺ​ផ្លូវការ​ជូន​ជនរួមជាតិ​ទាំងមូល ដើម្បី​បង្ហាញ​ពី​ភាព​ម៉ឺងម៉ាត់ និង​ភាព​ស្មោះត្រង់​ចំពោះ​ជាតិ​មាតុភូមិ។

នេះ​បើ​តាម «សេចក្តី​វិភាគ​ផ្លូវច្បាប់ តួនាទី និង​ការ​ទទួល​ខុស​ត្រូវ​របស់​រាជរដ្ឋាភិបាល ក្នុង​ករណី​កិច្ចការ​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង» ពី​ទីក្រុង​ម៉ែលប៊ន ប្រទេស​អូស្ត្រាលី ចុះ​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០២៦ របស់​ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា ហៅ​កាត់​ថា (CAT) ដែល​មាន​កម្រាស់​ជាង ៤​ទំព័រ។

CAT បាន​ចង្អុល​បង្ហាញ​ថា រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ​១៩៩៣ បាន​កំណត់​យ៉ាង​ច្បាស់​លាស់​​អំពី​​មូល​ដ្ឋាន​គ្រឹះ នៃ​​អធិ​ប​តេយ្យ​ភាព និង​​បូរណ​ភាព​​ទឹក​ដី​។ ផ្អែក​តាម មាត្រា ២ នៃ​រដ្ឋធម្មនុញ្ញ​បាន​ចែង​ថា៖ «បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភបានដាច់ខាត ក្នុងព្រំដែនរបស់ខ្លួនដែលមានកំណត់ក្នុងផែនទីខ្នាត ១/១០០.០០០ ធ្វើនៅចន្លោះឆ្នាំ​​១៩៣៣-១៩៥៣ ហើយដែលបានទទួលស្គាល់​ជាអ​ន្តរ​ជាតិ​នៅ​ចន្លោះ​ឆ្នាំ​១៩៦៣-​១៩៦៩»។

ការ​ចែង​បែបនេះ បញ្ជាក់​ថា ផែនទី​ខ្នាត ១/១០០.០០០ មិនមែន​ជា​ឯកសារ​រដ្ឋបាល​ធម្មតា​ទេ ប៉ុន្តែ​វា​គឺ​ជា ឧបករណ៍​​គតិ​យុត្តិ​​អធិប​តេយ្យ ដែល​មាន​តម្លៃ​ផ្លូវច្បាប់​កំពូល។ រាល់​សកម្មភាព ឬ​ការ​សម្រេចចិត្ត​របស់​រាជរដ្ឋាភិបាល​ទាំង​ឡាយ​​​ណា​​​ដែល​​ពាក់ព័ន្ធ​នឹង​កិច្ចការ​ព្រំដែន គឺ​ត្រូវតែ​យក​ផែនទី​នេះ ជា​ត្រីវិស័យ និង​ជា​ឧបករណ៍​​ផ្ទៀងផ្ទាត់​ដាច់​ខាត។

ក្នុង​នាម​ជា​ស្ថាប័ន​ប្រតិបត្តិ​ដែល​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាល​មាន ភារកិច្ច និង​ការ​ទទួល​ខុស​​ត្រូវ​​ផ្លូវ​ច្បាប់ ចំពោះ​​មុខ​​រដ្ឋ​សភា និង​​ព្រះ​មហា​ក្សត្រ តាមរយៈ​យន្តការ​សំខាន់ៗ ដូចជា​កាតព្វកិច្ច​បង្ហាញ និង​​តម្លាភាព។ រាជ​រដ្ឋាភិ​បាល​​មាន​កាតព្វកិច្ច​យក​ផែនទី​ខ្នាត ១/១០០.០០០ មក​បង្ហាញ​ជូន​តំណាង​រាស្ត្រ​ក្នុង​រដ្ឋសភា និង​ថ្វាយ​ព្រះ​មហា​ក្សត្រ ក្នុង​ឋានៈ​ជា​ព្រះប្រមុខរដ្ឋ និង​ជា​និមិត្តរូប​នៃ​បូរណភាព​ទឹកដី ជា​ជំហាន​ដំបូង និង​ជា​ប្រចាំ។

កាតព្វកិច្ច​រាយការណ៍​ពី​ភាព​មិន​ប្រក្រតី​នៅ​ព្រំដែន៖ មិនថា​ករណី​បាត់បង់​ដែនដី ៣១ ទីតាំង ៨៥ ទីតាំង ឬ​ការ​ប្រឈម​​មុខ​ដាក់គ្នា​ជាមួយ​ប្រទេស​ជិតខាង ដូចជា​ករណី​ប្រទេស​ថៃ និង​បញ្ហា​បង្គោល​ព្រំដែន​លេខ ៥២ ដល់ ៥៩ រាជរដ្ឋាភិ​​បាល​​ត្រូវតែ​ផ្តល់​សវនាការ និង​រាយការណ៍​បំភ្លឺ​ជា​ផ្លូវការ​ជូន​រដ្ឋសភា និង​ព្រះមហាក្សត្រ។

លើស​ពី​នេះ សមាជិក​រាជរដ្ឋាភិបាល​ទាំងអស់​បាន​ស្បថ​សច្ចាប្រណិធាន​ថា​នឹង​ការពារ​ផលប្រយោជន៍​ជាតិ​ជា​អតិ​បរមា និង «មិនបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ឬបក្សពួក»។ ការ​គេចវេស​ពី​ការ​បំភ្លឺ ឬ​ការ​ខកខាន​ក្នុង​ការ​ការពារ​ទឹក​​ដី គឺ​ជា​ការ​ប្រាសចាក​នឹង​ពាក្យ​សម្បថ ឬ​សច្ចាប្រណិធាន។

បើ​គេ​វិភាគ​ទៅ​លើ​ការ​រំលង​នីតិវិធី​ស្ថាប័ន និង​ការ​ប្រើប្រាស់​មធ្យោបាយ​ក្រៅ​ច្បាប់​វិញ ព្រឹត្តិការណ៍​នយោ​បាយ និង​ការ​ឆ្លើយឆ្លង​គ្នា​ចុងក្រោយ ក្នុង​ខែ​តុលា ឆ្នាំ​២០២៦ រវាង​ថ្នាក់ដឹកនាំ​រដ្ឋ គឺ​នាយករដ្ឋមន្ត្រី និង​ប្រធាន​​ព្រឹទ្ធ​សភា ជាមួយ​​ភាគី​ពលរដ្ឋ សកម្មជន ឬ​ឥស្សរជន​នយោបាយ​ប្រឆាំង ជុំវិញ​បញ្ហា បង្គោល​ព្រំដែន បង្ហាញ​​ឱ្យ​​ឃើញ​​កាន់​តែ​​ច្បាស់ នូវ​​ភាព​​ខុសឆ្គ​ង​​ធំៗ​​ចំនួន​​ពីរ៖

ទី១. ការ​​ធ្វើ​នយោបាយ​បុគ្គល​លើ​កិច្ចការ​អធិបតេយ្យ​ជាតិ៖ ការ​ប្រើប្រាស់​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន ដើម្បី​អញ្ជើញ តតាំង ឬ​កំណត់​ពេល​កំណត់​ជាមួយ​ពលរដ្ឋ (ឧទាហរណ៍ ករណី​ស្ថាប័ន​នាយករដ្ឋមន្ត្រី និង​ស្ថាប័ន​ព្រឹទ្ធសភា​ចេញ​សារ​រិះ​គន់ ឬ​ចាត់ចែង​រឿង​ព្រំដែន​តាម​បុគ្គល) គឺ​ជា​ការ​ធ្វើ «រឿង​ជាតិ​ឱ្យ​ទៅ​ជា​រឿង​បុគ្គល ឬ​​រឿង​បក្សពួក» ដែល​ខុស​ពី​​ក្របខ័ណ្ឌ​រដ្ឋបាល​រដ្ឋ និង​គោលការណ៍​បែងចែក​អំណាច។ មួយ​វិញ​ទៀត វា​បាន​រំលោភ​លើ​អំណាច​តុលាការ និង​នីតិ​​វិធី​រដ្ឋសភា។ ការ​សន្យា​ធានា​សន្តិសុខ​បុគ្គល ឬ​ការ​រៀបចំ​យន្តការ​ក្រៅ​ផ្លូវការ​ដោយ​នាយករដ្ឋមន្ត្រី ពុំមែន​ជា​ដំណោះ​​ស្រាយ​ផ្លូវ​ច្បាប់​អន្តរជាតិ​ឡើយ។

ទី២. ស្ថាប័ន​ព្រឹទ្ធសភា ឬ​នីតិបញ្ញត្តិ គ្មាន​អាណត្តិ​ប្រតិបត្តិ​ក្នុង​ការ​ចុះ​មក​ចាត់ចែង ឬ​ប្រើប្រាស់​សម្តី​ផ្ទាល់មាត់ ដើម្បី​បញ្ជា​ក្រៅ​ពី​ដែន​សមត្ថកិច្ច​របស់​ខ្លួន​នោះ​ទេ។

មួយ​វិញ​ទៀត ការ​មិន​បង្ហាញ​តម្លាភាព ដើម្បី​បង្ហាញ​ភាព​ស្មោះត្រង់​ចំពោះ​ជាតិ​មាតុភូមិ បញ្ជាក់​កាន់តែ​ច្បាស់​​ពី​ការ​ដែល​មេដឹកនាំ​បាន​ខកខាន​ក្នុង​ការ​អនុវត្ត «មាត្រា ៥២» នៃ​រដ្ឋធម្មនុញ្ញ។ យោង​តាម មាត្រា ៥២ រាជរដ្ឋាភិបាល​មាន​​កាតព្វកិច្ច​ដាច់ខាត​ក្នុង​ការ​ថែរក្សា​ការពារ ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹកដី ព្រមទាំង​រក្សា​នីត្យានុ​កូល​ភាព។

ខ្លឹមសារ​នៃ​សេចក្តី​វិភាគ​ដដែល​បាន​គូស​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០២៦ រាជរដ្ឋាភិបាល​ពុំ​ទាន់​បាន​ធ្វើ​សេចក្តី​បំភ្លឺ​ជា​ផ្លូវការ​ណាមួយ ចំពោះ​មុខ​រដ្ឋសភា ឬ​ទូលថ្វាយ​ព្រះមហាក្សត្រ ជុំវិញ​ស្ថានភាព​ព្រំដែន​​​ដីគោក និង​​ព្រំដែន​​ទឹក ជា​ពិសេស​​តំបន់​​បង្គោល​​លេខ ៥២ ដល់ ៥៩ តាម​​ផ្លូវ​​រដ្ឋ​ធម្ម​នុញ្ញ​​​នៅ​ឡើយ​​ទេ។ ការ​​មិន​​ប្រើ​ប្រា​ស់​​យន្ត​ការ​​ស្ថាប័ន​​រដ្ឋ ប៉ុន្តែ​​បែរ​ជា​​​ប្រើ​ប្រាស់​ការ​ប្រកួតប្រជែង​មតិ​លើ​បណ្តាញ​សង្គម ធ្វើ​ឱ្យ​បាត់បង់​នូវ តម្លាភាព​សាធារណៈ និង​​ទុក​​ឱ្យ​​បញ្ហា​​អធិប​តេយ្យ​​ជាតិ​​ធ្លាក់​​ក្នុង​ភាព​មន្ទិលសង្ស័យ។

ជា​មូលដ្ឋាន​ពិចារណា បញ្ហា​ព្រំដែន និង​ការ​បាត់បង់​ទឹកដី ឬ​ទីតាំង​ឈរជើង មិនមែន​ជា​ជម្លោះ​បុគ្គល រវាង​មេដឹក​នាំ និង​ពលរដ្ឋ​ណាម្នាក់​ឡើយ ប៉ុន្តែ​វា​ជា «បញ្ហា​សន្តិសុខ​ជាតិ និង​បូរណភាព​ទឹកដី​ទាំងមូល» ដែល​ទាមទារ​ឱ្យ​មាន​ការ​​ដោះ​ស្រាយ​​តាម​ផ្លូវ​ការទូត និង​ច្បាប់​អន្តរជាតិ ដោយ​ផ្អែក​លើ​ផែនទី​ខ្នាត ១/១០០.០០០។

ដើម្បី​ធានា​បាន​នូវ​ភាព​ស្មោះត្រង់​ចំពោះ​រដ្ឋធម្មនុញ្ញ និង​ការពារ​ប្រយោជន៍​ជាតិ រាជរដ្ឋាភិបាល​ត្រូវ​វិល​ត្រឡប់​​មក​រក​​គន្លង​​ច្បាប់​វិញ តាមរយៈ​ការ​យក​ផែនទី​ខ្នាត ១/១០០.០០០ មក​បង្ហាញ និង​ពិនិត្យ​ដេញដោល​ក្នុង​​រដ្ឋ​សភា​​ជាតិ ថ្វាយ​​សវនាការ​រាយការណ៍​ជូន​ព្រះមហាក្សត្រ អំពី​ស្ថានភាព​ព្រំដែន​ពិតប្រាកដ និង​ចេញ​សេចក្តី​បំភ្លឺ​ផ្លូវការ​ជូន​ជនរួម​ជាតិ​​ទាំងមូល អំពី​ស្ថានភាព​ជាក់ស្តែង​នៃ​បង្គោល​ព្រំដែន ជាពិសេស​ពី​បង្គោល​លេខ ៥២ ដល់ ៥៩ ដើម្បី​ធានា​នូវ​តម្លា​ភាព និង​នីត្យានុកូលភាព។

ក្រោម​ហេតុផល​នេះ ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា បាន​គូស​បញ្ជាក់​បន្ថែម​ថា ខ្លួន​នឹង​បន្ត​សង្កេត និង​តាមដាន​បញ្ហា​​នេះ​យ៉ាង​យកចិត្ត​ទុកដាក់ ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការ​បំភ្លឺ​មតិ​ជាតិ និង​អន្តរជាតិ ក្នុង​តួនាទី​ជា​ពលរដ្ឋ​ខ្មែរ​​សកម្ម ដែល​កំពុង​​រស់​នៅ​​ក្រៅ​​ប្រទេស​​កំណើត លើ​ដែនដី​ដែល​មាន​សេរីភាព គោរព​សិទ្ធិ​សម្តែង​មតិ និង​​​មាន​សន្តិភាព​ពិតប្រាកដ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ