សហគមន៍​​ស្ទឹង​​កំបុត ១១៨​គ្រួសារ ព្រមាន​​តវ៉ា​​ទ្រង់​ទ្រាយ​​ធំ បើ​​​ក្រសួង​​​ដែន​ដី​​ពន្យារ​​ពេល​​ចុះ​​បញ្ជី​​ដី

សហគមន៍​​ស្ទឹង​​កំបុត ១១៨ គ្រួសារ នៅ​​រាជធានី​​ភ្នំពេញ ព្រមាន​​លើក​គ្នា​​តវ៉ា​​ទ្រង់​ទ្រាយ​​ធំ​​​ជា​​​ថ្មី​​ទៀត បើ​​ក្រសួង​រៀបចំ​​ដែន​​ដី​​​នៅ​​តែ​​ពន្យារ​​ពេល​​ចុះ​​បញ្ជី​​ជូន​​ពួក​គាត់ បណ្ដាល​​ឱ្យ​​អ្នក​ភូមិ​​រ​ស់​នៅ​​ជួប​​ការ​​លំបាក រង​​សម្ពាធ និង​​ភ័យ​ខ្លាច​​បណ្ដេញ​​​ចេញ។

ការ​ព្រមាន​នេះ​ធ្វើឡើង ក្រោយ​ពី​សហគមន៍ ៥០ នាក់ នៅ​ថ្ងៃ​ទី​​២៦ ខែ​តុលា​នេះ បាន​លើកគ្នា​តវ៉ា​ជា​ថ្មី​ទៀត នៅ​​ក្រសួង​រៀបចំ​​​ដែនដី ដើម្បី​ទាមទារ​ចុះ​បញ្ជី​ដី។

តំណាង​សហគមន៍​ទាំងនោះ រស់នៅ​ភូមិ​ឡកំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឫស្សីកែវ បង្ហាញ​ពី​បញ្ហា​ប្រឈម​ច្រើន ប៉ះពាល់​​ជីវភាព​រស់នៅ ខ្វះ​​ភាព​កក់ក្តៅ រង​សម្ពាធ​ពី​អាជ្ញាធរ និង​ប្រឈម​ការ​បណ្ដេញ​ចេញ​ដោយ​​បង្ខំ អំឡុង​ពេល​ដែល​ក្រសួង​ពន្យារ​ពេល​មិន​ចុះ​បញ្ជី​ដី​​​ជូន​ពួកគាត់​ជាច្រើន​ឆ្នាំ​មក​ហើយ។

តំណាង​សហគមន៍ អ្នកស្រី រឿង អូន​ បារម្ភ​ពី​អនាគត ផ្ទះសម្បែង​របស់​ខ្លួន​គ្មាន​សុវត្ថិភាព និង​ស្ថិត​ក្នុង​ភាព​មិន​​ច្បាស់​​លាស់ ខណៈ​ដែល​អាជ្ញាធរ​មូលដ្ឋាន​តែងតែ​ចោទ​ពួកគាត់​ថា រស់នៅ​លើ​ដី​រដ្ឋ​ខុសច្បាប់។ អ្នក​ស្រី​​ថា ពលរដ្ឋ​ខ្លះ​មាន​​​ដី​ប្រភេទ​លំនៅឋាន​ទំហំ​ក្បាល ៥ ម៉ែត្រ បណ្ដោយ ១៣ ម៉ែត្រ និង​ខ្លះ​ទៀត​មាន​ដី​ទំហំ ១០ ម៉ែត្រ បណ្ដោយ ២០ ម៉ែត្រ រស់​នៅ​​ជា​​បន្ត​បន្ទាប់​​ចាប់តាំងពី​ឆ្នាំ​១៩៨៦ រហូត​មក​ទល់​ពេល​នេះ អាជ្ញាធរ​មិន​ទាន់​ផ្តល់​ប្លង់​កម្មសិទ្ធិ​ដីធ្លី​នៅ​ឡើយ​​ទេ។

អ្នកស្រី រឿង អូន និយាយថា៖ «ដេក​មិន​លក់​ទេ ស្រម៉ៃ​ឃើញ​គេ​ដេញ​ចេញ។ យើង​អត់​មាន​អារម្មណ៍​នឹង​ន ថា នឹង​ប្រកប​​មុខ​របរ​អី​ឲ្យ​បាន​ជីវភាព​ប្រសើរ​ឡើង​ទេ ដោយ​សារ​យើង​គ្មាន​បណ្ណ​កម្ម​សិទ្ធិ។ ក្នុង​ចិត្ត​ប្រជា​ពលរដ្ឋ​រាល់​ថ្ងៃហ្នឹង គាត់​​មាន​តែ​ការ​ភ័យ​ព្រួយ ខ្លាច​អាជ្ញាធរ​ដេញ​ចេញ ដេញ​ចេញ​ពី​លំនៅ​ឋាន»។

ស្ត្រី​ដដែល ​បន្ថែម​ថា ពលរដ្ឋ​ភាគច្រើន​មាន​ជីវភាព​ក្រីក្រ ដោយ​ប្រកប​របរ​លក់ដូរ​តូចតាច ធ្វើ​កម្មករ​សំណង់ កម្មករ​​​រោង​​ចក្រ លក់​​អេត​ចាយ និង​​រត់​​ម៉ូតូ​​កង់​បី បាន​រង់ចាំ​ក្រសួង​រៀបចំ​​ដែនដី​ចុះ​បញ្ជី​ដី​ជិត ២០ ឆ្នាំ​​មក​​ហើយ មក​​ទល់​​ពេល​នេះ។ អ្នកស្រី​ថា ការ​អូសបន្លាយ​ពេល​ចុះ​បញ្ជី​ដី​ធ្វើ​ឱ្យ​អ្នកភូមិ​ខ្លះ មាន​សម្ពាធ​ផ្លូវ​ចិត្ត និង​​ដេក​មិន​លក់ មាន​​ជំងឺ​​ប្រចាំ​កាយ។

សមាជិក​សហគមន៍​ម្នាក់ទៀត អ្នកស្រី ឃុត ណាវី វ័យ ៣៨ ឆ្នាំ បង្ហាញ​ពី​ភាព​អយុត្តិធម៌​សម្រាប់​ពលរដ្ឋ​ក្រីក្រ ដែល​​អាជ្ញាធរ​​ពង្រីក​ផ្លូវ​តែ​ម្ខាង ប៉ះពាល់​ផ្ទះសម្បែង​របស់​សហគមន៍ ផ្ទុយ​ពី​វីឡា​របស់​អ្នក​មាន​អំណាច។

អ្នកស្រី ឃុត ណាវី និយាយថា៖ «ឱ្យគាត់ជួយរៀបចំបណ្ណកម្មសិទ្ធិ​ឱ្យ​ពួក​ខ្ញុំ​បាន​នៅ​ផង ព្រោះ​ពួក​ខ្ញុំ​រស់​នៅ​ទីនេះ​យូរ​ហើយ។ ខ្ញុំ​នៅជា​ង ២០ ឆ្នាំ​មក​ហើយ ១០ ឆ្នាំ​ជាង​ហើយ ហើយ​ចុះ​ហេតុ​អ្វី​ក៏​ដេញ​ពួក​ខ្ញុំ​ចេញ​ធ្វើ​អី? មួយ​ម៉ាត់​ណា​ក៏រ​ក​តែ​ដេញ រក​តែ​ដោះ​ដូរ​ដី។ ខ្ញុំ​អត់​ចង់​ទៅ​នៅ​​ណា​ទេ ខ្ញុំ​ចង់​រស់​នៅ​ហ្នឹង ពួក​ខ្ញុំ​នៅ​ហ្នឹង​យូរ​ហើយ។ កន្លែ​ង​គេផ្សេ​ង គេ​បា​ន​​បណ្ណ​ក​ម្ម​​សិទ្ធិ ចុះ​កន្លែង​ខ្ញុំ​ម៉េច​ក៏​មិន​បាន​ប្លង់​កម្ម​សិទ្ធិ»។

វីអូឌី មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បន្ថែម​ជុំវិញ​រឿង​នេះ ពី​អ្នកនាំពាក្យ​ក្រសួងរៀបចំ​​​ដែនដី លោក សេង ឡូត បាន​​​នៅឡើយ​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

តែ​យ៉ាង​ណា ក្នុង​ពេល​ដាក់​ញត្តិ​នៅ​ថ្ងៃ​ដដែល​នេះ មន្ត្រី​ក្រសួងរៀបចំ​​ដែនដី​ម្នាក់​ ​បាន​ចេញ​មក​ទទួល​ញត្តិ​របស់​ពលរដ្ឋ ដោយនិយាយ​​ប្រាប់​ពលរដ្ឋ​ថា ក្រសួង​នឹង​ជូនដំណឹង​ប្រាប់​តាម​ក្រោយ​ពី​នីតិវិធី​ដោះស្រាយ។

ជុំវិញ​រឿងរ៉ាវ​នេះ​ដែរ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស និង​ដីធ្លី នៃ​សមាគម​អាដហុក (ADHOC) លោក យិន ម៉េងលី យល់ឃើញ​ថា ក្រសួង​រៀបចំ​​ដែនដី​គួរ​ជូនដំណឹង ផ្ដល់​​ចម្លើយ​ឱ្យ​ច្បាស់លាស់​​ប្រាប់​ពលរដ្ឋ​ពី​វិធានការ​ដោះ​ស្រាយ ដើម្បី​ជម្រះ​​​មន្ទិល។ លោក​ថា ការ​ទុក​រឿងរ៉ាវ​អូសបន្លាយ​ពេល​យូរ នឹង​រឹតតែ​ធ្វើ​ឱ្យ​ពលរដ្ឋ​បារម្ភ​ពី​សុវត្ថិភាព​ដីធ្លី និង​ខាត​បង់​​ថវិកា​​ធ្វើដំណើរ​មក​តវ៉ា​ច្រើន​លើក​ច្រើន​សារ។

លោក យិន ម៉េងលី ថ្លែងថា៖ «ពលរដ្ឋ​គាត់​នៅ​តែ​មិន​អស់​ចិត្ត! បើសិ​ន​ជា​មិន​ចុះ​បញ្ជី​ដី​ឱ្យ​គាត់​ទេ ប្រាប់​ពួក​គាត់​ទៅ​ ហើយ​យើង​ចរចា​គ្នា​រក​មធ្យោ​បាយ​ធ្វើ​ការ​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​ទៅ សម្រប​សម្រួល​យ៉ាង​ម៉េច​។ ហើយ​បើ​សិន​ជា​ចុះ​បញ្ជី ប្រាប់​គាត់​ឱ្យ​ច្បាស់​ទៅ ចាំ​ដើម​ឆ្នាំ​ក្រោយ ឬ​នៅ​ពេល​ណា ពលរដ្ឋ​គាត់​អស់​មន្ទិល​ហើយ ហើយ​កុំ​ឱ្យ​គាត់​ទៅ​មកៗ។ ការ​ទៅម​កៗ​នេះ វា​ចំណាយ​ថវិកា​ផង»។

ខ្លឹមសារ​ញត្តិ​ដែល​មាន​ស្នាម​មេដៃ​ពលរដ្ឋ ១១៧ នាក់ បាន​ដាក់​ជូន​រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី លោក សាយ សំអាល់ បង្ហាញ​​ថា សហគមន៍​រស់នៅ​តំបន់​នោះ​តាំងពី​ឆ្នាំ​១៩៨៦ កាន់កាប់​ដោយ​សុចរិត គ្មាន​ហិង្សា ដឹង​ឮ​ជា​សាធារណៈ ហើយ​​រហូត​មក​ដល់​បច្ចុប្បន្ន ពលរដ្ឋ ១១៧ គ្រួសារ ពុំ​ទាន់​ចុះ​បញ្ជី​ដី​នៅឡើយ​​ទេ ធ្វើ​ឱ្យ​ពួកគាត់​បារម្ភ ពុំ​មាន​សុវត្ថិ​ភាព​​រស់​នៅ និងការ​​​បណ្ដេញ​​ចេញ​​ពី​លំនៅឋាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ