ថៃ​​ពង្រីក​​ដែន​​គ្រប់​គ្រង​​ដី​​ខ្មែរ​​កាន់​តែ​​ច្រើន​​ក្រោម​​យុទ្ធ​សាស្ត្រ​​​លោក ហ៊ុន ម៉ាណែត «ស្ងាត់​​តែ​​មិន​​ស្ងៀម»

ថៃ​​ពង្រីក​​ដែន​​គ្រប់​គ្រង​​ទឹក​ដី​​កម្ពុជា​​តាម​​ព្រំដែន​​កាន់​តែ​​ច្រើន​​ឡើង​​ជា​​បន្ត​បន្ទាប់​​ឥត​​ឈប់ ក្រោម​​ការ​ដឹក​នាំ​​របស់​​រដ្ឋាភិ​បាល​​លោក ហ៊ុន ម៉ាណែត ដែល​​ប្រើ «យុទ្ធ​សាស្ត្រ​​ស្ងាត់​​​តែ​​មិន​​ស្ងៀម» ដែល​​ការណ៍​​នេះ រង​​ការ​រិះ​គន់​​ថា ជា​​មេដឹក​នាំ​​អសមត្ថ​ភាព បង្ក​​ហានិភ័យ​​ធ្ងន់​ធ្ងរ​​ដល់​​បូរណ​ភាព​​ទឹក​ដី និង​​ជាតិ​សាសន៍​​ខ្មែរ។

​តាម​ការ​អះអាង​ពី​ក្រុម​អ្នកឃ្លាំមើល និង​អ្នកនយោបាយ​ប្រឆាំង បាន​​គូសបញ្ជាក់​ពី​ការប្រែប្រួល​​យ៉ាង​ឆាប់​រហ័ស​​ពី​​មហិច្ឆតា ពង្រីក​​ការ​គ្រប់​គ្រង​​ដែនដី​​ខ្មែរ​ពី​សំណាក់​ភាគី​ថៃ ដែល​ថា​ក្រោយ​បទ​ឈប់​បាញ់ ថៃ​បាន​ពង្រីក​កាន់កាប់​ទឹកដី​ខ្មែរ​ពី ១៤ រហូត​ដល់ ៨៥ ទីតាំង គិត​ត្រឹម​ខែតុលា​នេះ ពោល​គឺ​ជិត ១ ឆ្នាំ​ប៉ុណ្ណោះ។

​ការឈ្លានពាន​នេះ ថៃ​មិន​ត្រឹមតែ​បាន​ផ្លាស់ប្តូរ​រូបរាង​ដីធ្លី បោះ​ទីតាំង​យោធា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថៃ​បាន​សាងសង់​​សំណង់​​រឹង​​​យ៉ាង​​រហ័ស រួម​មាន ​ផ្លូវ​បេតុង ប្រឡាយ​​ទឹក របង​​ព្រំដែន​​បេតុង និង​​លេណ​ដ្ឋាន​​យោធា​ ដើម្បី​​ផ្លាស់​​ប្តូរ​ស្ថាន​ភាព​​​ដើម និង​ជ្រៀតជ្រែក​កែប្រែ​ដី​ខ្មែរ​ឱ្យ​ទៅជា​ដី​ថៃ​ជា​ផ្លូវការ​ទៀតផង។

​លោក អ៊ុំ សំអាន អ្នកជំនាញ​កិច្ចការ​ព្រំដែន​នៃ​គណបក្ស​ប្រឆាំង បាន​ថ្លែង​ទៅកាន់​សហគមន៍​ខ្មែរ​នៅ​ប្រទេស​​បារាំង ថ្ងៃទី​២៥ ខែតុលា ដោយ​​លើកឡើង​នូវ​ចំណុច​ខ្វះខាត​​របស់​រដ្ឋាភិបាល​​លោក ហ៊ុន ម៉ាណែត ពី​​កង្វះ​ការគាំទ្រ​ពី​អន្តរជាតិ និង​​បន្ត​​ធ្វើ «នយោបាយ​​ប្រជាភិថុតិ» ដើម្បី​​​បិទបាំង​ក​ម្សោយ​ការពារ​ទឹកដី។

​លោក​គូសបញ្ជាក់​ថា៖ «ប្រសិន​បើ​លោក​ហ៊ុន សែន​និង​លោក​ហ៊ុន ម៉ាណែត​ នៅ​តែបន្ត​​ប្រើ​​យុទ្ធ​សាស្ត្រ​​ស្ងាត់​​តែ​មិន​ស្ងៀម​ ដោយ​​បណ្តោយ​ឱ្យ​ថៃ​បន្ត​រុល​ចូល​​វាទយក​ដីខ្មែរ​តាម​អំពើ​ចិត្ត​កាន់​តែជ្រៅ​​ជារៀង​រាល់​ថ្ងៃ ដោយ​​មិន​ប្តឹងថៃទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ និង​ ​ICC មិន​ប្តឹងថៃ​ទៅសហប្រធាន​កិច្ច​ព្រមព្រៀង​​​សន្តិភាព​ទីក្រុង​​ប៉ារីស គឺ​កម្ពុជា​មិន​ត្រឹម​តែមិន​អាច​ទាម​ទារ​ទឹក​ដី​ ដែល​ថៃកំពុង​ដណ្តើម​កាន់​កាប់​បាន​​វិញ​​ប៉ុណ្ណោះ​ទេ​ ថែម​ទាំ​ង​បន្តបាត់​ដីកាន់​តែច្រើន​ទៀត​»។

​លោកបន្ត​ថា៖ «ថៃគេឈ្លានពាន​ទឹកដីខ្មែរ​យើង យកលេសអារឿង​ឆបោក​តាម​អនឡាញហ្នឹង​​ឃើញ​ទេ?​ដូច្នេះ​​អត់មាន​​ប្រទេស​ណា​​គេគាំទ្ររដ្ឋាភិបាល​​លោក​ហ៊ុន ម៉ាណែត​ ទេ ដូច្នេះ​​កាលណាការទូតយើង​អន់​អញ្ចឹង​​ គ្មាន​​អ្នកណាគាំទ្រ​​សង្ឃឹម​ថាបាន​ដីមក​វិញ​អត់បានទេ​»។

​ជុំវិញ​ដំណោះស្រាយ​​​លើ​បញ្ហា​ព្រំដែន​ដ៏​ចម្រូងចម្រាស​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ថ្លែង​កាលពី​ថ្ងៃទី​​២២ ខែតុលា ដោយ​អំពាវនាវ​សូម​ឱ្យ​ខ្មែរ​គ្រប់​និន្នាការ ទោះ​បី​គាំទ្រ​រដ្ឋាភិបាល ឬ​មិន​គាំទ្រ​រដ្ឋាភិបាល​​ក្តី ត្រូវ​ស្ងប់ស្ងាត់ និង​ជឿជាក់​លើ​រដ្ឋាភិបាល ទុក​ឱកាស​ឱ្យ​រដ្ឋាភិបាល ធ្វើការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​​ភាគី​ថៃ តាម​ផ្លូវច្បាប់ និង​​ផ្លូវ​​ការ​ទូត ខណៈ​​​បញ្ហា​ព្រំ​ដែន កំពុងតែ​មាន​ភាព​ស្មុគស្មាញ​នៅឡើយ។

​លោក​ថា ក្នុង​បរិបទ​ភូមិសាស្ត្រ​នយោបាយ សហគមន៍​​អន្តរជាតិ និង​​ប្រទេស​​ប្រជាធិប​តេយ្យ មាន​​នយោ​បាយ​​​លំអៀង​​​​​ទៅរក​ប្រទេស​ប្រជាធិបតេយ្យ ជាជាង​គាំទ្រ​រដ្ឋាភិបាល​ផ្តាច់ការ។

​លោក​ថា៖ «តែឥឡូវយើងយកជម្រើសការទូត​ និងនយោបាយ បច្ចេក​ទេស​ព្រំដែន ​ដើម្បី​ធ្វើការការពារទឹកដី​របស់​​យើង។ ​ខ្ញុំសូមឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរបង្កើននូវការសាមគ្គីផ្ទៃក្នុង​កុំហែកហួរគ្នារឿងនេះ។ សូមឱ្យ​​រក្សាមូល​​គំនិតគ្នា ​ទុកឱកាស​ សុំតែឱកាសទេ ​ឱ្យរដ្ឋាភិបាលមានភាពស្ងប់ស្ងាត់​ដើម្បីទល់នោះ សមរភូមិវា​នោះខាង​នោះ ​​មិន​មែនត្រូវមកឆ្លើយឆ្លងជាមួយខ្មែរគ្នាឯងនោះទេ»។

​ប៉ុន្តែ​យ៉ាងណាក៏ដោយ លោក ម៉ែន ណាត ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា បាន​ថ្លែង​ថា បញ្ហា​សៀម​បន្ត​ឈ្លាន​ពាន​ចូលមក​កាន់តែ​ជ្រៅ​ក្នុង​ទឹកដី​កម្ពុជា គឺ​ជា​​​រឿង​ដែល​កើតមានឡើង​ជា​ហូរហែ​ក្រោម​យុទ្ធសាស្ត្រ​ស្ងាត់​តែ​មិន​ស្ងៀម​​របស់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត។

​ការណ៍​នេះ លោកថា វា​បង្ហាញ​ពី​ការខ្វះ​យុទ្ធសាស្ត្រ​ការទូត​របស់​រដ្ឋាភិបាល​​លោក ហ៊ុន ម៉ាណែត ដែល​ចេញ​ត្រឹម​លិខិត​តវ៉ា ឬ​ក៏​ថ្កោលទោស​ទៅកាន់​តែ​ភាគី​ថៃ​តែមួយ ដែល​ជា​ភាគី​ចោរ ដោយ​មិនបាន​ពង្រីក​វិសាល​ភាព​នៃ​ការចេញ​លិខិត​​តវ៉ា ឬ​លិខិត​ថ្កោលទោស​នេះ​ទៅកាន់​ឆាក​អន្តរជាតិ ដូចជា​សមាគម​អាស៊ាន អង្គការសហប្រជាជាតិ និង​បណ្តា​​ប្រទេស​មហាអំណាច។ ការធ្វើ​លិខិត​តវ៉ា​ទៅ​ចោរ តែ​បែរជា​មិន​ប្តឹង​ទៅ​តុលាការ ឬ​សមត្ថកិច្ច​ឱ្យ​ចាត់វិធានការ​លើ​​ចោរ គឺ​ប្រាកដ​ណាស់​មិនអាច​ទាមទារ​ដី​ពី​ចោរ​មកវិញ​បានឡើយ។

​លោក​ថា៖ «យុទ្ធសាស្ត្ររបស់លោកហ៊ុន សែន និងលោកហុន ម៉ាណែត ​ស្ងាត់តែមិនស្ងៀម! មិន​ដឹងមាន​ន័យ​​ថាម៉េច ​ស្ងាត់​​តែមិន​​ស្ងៀម បណ្តោយ​​ឱ្យគេ​ឈ្លានពាន​​ទឹក​ដីខ្មែរ​តាម​អំពើ​​ចិត្ត​អញ្ចឹង? រដ្ឋា​ភិបាល​កាលណា​គេដាក់យុទ្ធសាស្ត្រ​អីមួយ​​ទៅ​​វាមានការ​ខុសឆ្គង គេ​ប្រញាប់​ឱ្យគណៈ​រដ្ឋ​មន្ត្រីកែតម្រូវ​ទៅ! ហើយ​ជាមួយ​គ្នា​​ហ្នឹង ​​ក៏​​ឱ្យ​រដ្ឋសភាជជែក​ដេញ​ដោល​​​ដែរ​ អំពីយន្តការយុទ្ធ​សា​ស្ត្រថ្មី​ៗ ​​ត្រូវ​ធ្វើ​យ៉ាងម៉េច​ដើម្បីការ​ពារ​​ផល​ប្រយោជន៍​​ជាតិ​​ការពារ​បូរណៈ​ភាពទឹកដី!»។

​បើ​តាម​អ្នកឃ្លាំមើល​រូបនេះ នៅពេល​ដែល​ពលរដ្ឋ​ត្រូវបាន​រដ្ឋាភិបាល​បំបិទមាត់​មិនឱ្យ​និយាយ​ពី​បញ្ហា​ព្រំដែន គេ​ឃើញ​​មាន​តែ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត តែ​ពីរ​នាក់​​​ឪពុក​កូន​ហ្នឹង​ទេ ដែល​មាន​សិទ្ធិ​​អាង​យ៉ាង​​ចង់​និយាយ​យ៉ាង​ម៉េច​​​ក៏បាន ចង់​ធ្វើ​យ៉ាងម៉េច​ក៏បាន ក្នុង​ការចាត់ចែង​ទឹកដី​កម្ពុជា​តាម​អំពើ​ចិត្ត ដែល​​វា​ផ្ទុយ​ទាំង​ស្រុង​​ពី​​គោល​ការណ៍​​ច្បាប់។

​ដើម្បី​ទាមទារ​ដី​ពី​ថៃ​មកវិញ និង​ដើម្បី​ការពារ​ទឹកដី និង​ទ្រព្យសម្បត្តិ​ជាតិ​ឱ្យ​បាន​គង់វង្ស លោក ម៉ែន ណាត បាន​ជំរុញ​​ឱ្យ​រដ្ឋាភិបាល​គួរតែ​បញ្ជូន​លិខិត និង​ភស្តុតាង​ទៅកាន់​​ភាគី​​ទីបី មិន​ត្រឹមតែ​ផ្ញើ​ទៅ​ប្រទេស​ថៃ​តែមួយ​​នោះទេ គឺ​ត្រូវ​ភ្ជាប់​ឯកសារ និង​ភស្តុតាង​​ទៅកាន់​ដៃគូ​អន្តរជាតិ ដូចជា អង្គការសហប្រជាជាតិ (UN) សមាគម​​អាស៊ាន និង​ប្រទេស​មហាអំណាច មាន​អាមេរិក ចិន បារាំង ជាដើម រួមទាំង​ស្នើ​ទៅ​សហប្រធាន​​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឱ្យ​កោះប្រជុំ​ពាក់ព័ន្ធ​នឹង​ព្រំដែន​កម្ពុជា-ថៃ។

​លោក​ថា៖ «ក្រៅ​ពីនឹង​ត្រូវប្រញ៉ាប់​ប្តឹងថៃ​ទៅតុលាការអន្តរជាតិ ​​រួម​ទាំង​ត្រូវ​ប្រញាប់​ប្រើ​សិទ្ធិការពារខ្លួន​ទប់​ស្កាត់​ការ​រុល​​ចូល​​រ​បស់​ភាគីថៃ​ ​ចូល​ក្នុង​ទឹកដី​ខ្មែរបន្ថែមទៀត ហើយ​​​បើ​ប្រើ​យុទ្ធសាស្ត្រ​ផ្តេស​​ផ្តាស​ស្ងាត់​តែមិន​ស្ងៀម​​សព្វ​ថ្ងៃ​នេះ ​ធ្វើ​ឱ្យ​សេចក្តីព្រួយ​បារម្ភ​របស់​យើង​​ហ្នឹង ​វាកាន់​តែ​ធ្ងន់​ធ្ងរ​​ ​ពល​រដ្ឋ​​ខ្មែរ​​កាន់​​តែ​អស់​សង្ឃឹម​​​ទៅ​លើ​​រដ្ឋាភិ​បាល​​ថា​គ្មា​ន​​សមត្ថ​ភាព​ក្នុងការ​ទប់​ស្កាត់​ថៃ​ឈ្លានពាន ​​​ហើយ​ទឹកដីខ្មែរ​នឹង​បាត់ជាបន្តបន្ទាប់​ទៀត ​ក្រោម​ដៃ​ដឹកនាំ​របស់​លោក​​នាយក​​រដ្ឋមន្ត្រី​​ ហ៊ុន ម៉ាណែត​ និង​ក្រុមគ្រួសារ​គាត់​»។

​សូម​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃទី២៣ ខែតុលា បាន​ដាក់​ការតវ៉ា​ជាថ្មី​ទៀត ចំពោះ​សកម្មភាព​របស់​​កងកម្លាំង​ប្រដាប់អាវុធ​ថៃ ដែល​រំលោភបំពាន​លើ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​កម្ពុជា តាមរយៈ​​ការប្រើ​គ្រឿងចក្រ​ធុន​ធ្ងន់ ចូលមក​ឈូសឆាយ​សាងសង់​ផ្លូវ និង​បាញ់ថ្នាំ​ពណ៌ក្រហម លើ​ដើមឈើ​នៅ​តំបន់​​តាទុំ ស្រុក​អន្លង់វែង ខេត្តឧត្តរមានជ័យ កាលពី​ថ្ងៃទី​១៥ និង​ទី​១៧ ខែតុលា ឆ្នាំ​២០២៦ នៅ​​ចន្លោះ​​​បង្គោល​​​ព្រំដែន​​លេខ ៩ លេខ ១០ និង​លេខ ១១។

​កាលពី​ថ្ងៃទី២ ខែតុលា កម្ពុជា​ក៏បាន​ធ្វើការ​តវ៉ា ចំពោះ​ការបន្ត​រំលោភបំពាន​ជា​​​បន្តបន្ទាប់​ពី​ភាគី​ថៃ នៅ​តំបន់​​ច្រក​ទ្វារ​​ព្រំដែន​​អន្តរ​ជាតិ​​​ថ្មដា ក្នុង​ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ដោយ​កងកម្លាំង​ប្រដាប់អាវុធ​ថៃ អម​​ដោយ​​ព្រះសង្ឃ​ថៃ បាន​ចូលមក​លើក​ទង់ជាតិ នៅលើ​ដី​កម្ពុជា​ក្នុង​តំបន់​នេះ។

​រដ្ឋាភិបាល​កម្ពុជា បាន​សម្តែង​ការតវ៉ា​យ៉ាងខ្លាំង ដោយ​ចាត់ទុក​សកម្មភាព​ទាំងនេះ​ថា ជា​ការរំលោភបំពាន​យ៉ាង​ច្បាស់​​លើ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​កម្ពុជា ដូចដែល​បាន​កំណត់ និង​ខណ្ឌសីមា​ដោយ​ផែនទី​ខ្នាត ១លើ២០០​​ពាន់ ដែល​ផលិត​ដោយ​គណៈកម្មការ​កំណត់​ព្រំដែន​រវាង​ឥណ្ឌូចិន និង​សៀម ស្រប​​តាម​​​អនុ​សញ្ញា​បារាំង-សៀម ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា​ឆ្នាំ​១៩០៧។

​កម្ពុជា​បញ្ជាក់​ថា សកម្មភាព​រំលោភបំពាន​ជា​បន្តបន្ទាប់​ទាំងនេះ ផ្ទុយ​នឹង​មាត្រា​​៥ នៃ​អនុស្សរណៈ​នៃ​ការយោគ​យល់​​គ្នា​​រវាង​កម្ពុជា និង​ថៃ ស្តីពី​​ការវាស់វែង និង​ខណ្ឌសីមា​ព្រំដែន​គោក ដែល​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​​២០០០ ព្រមទាំង​ចំណុច​ស្តីពី​វិធានការ​កាត់បន្ថយ​ភាពតានតឹង ក្នុង​​សេចក្តី​ប្រកាស​​រួម​​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២៥។ បើទោះបីជា​ថៃ​គឃ្លើន​បន្ត​រំលោភបំពាន​​មកលើ​ដែនដី​កម្ពុជា​​ឥតឈប់ឈរ​យ៉ាងណាក៏ដោយ ក៏​គេ​​មិនទាន់​ឃើញ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដាក់ពាក្យ​​ប្តឹង​ថៃ​ទៅកាន់​តុលាការ​អន្តរជាតិ ឬក៏​យន្តការ​ច្បាប់​អន្តរជាតិ​នៅឡើយ​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ