ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ក្នុងការជួបជុំនយោបាយមួយ កាលពីថ្ងៃទី២៥ ខែតុលា បានព្យាករណ៍ថា ជម្លោះពាណិជ្ជកម្មជាមួយប្រទេសកាណាដានឹងត្រូវដោះស្រាយ «ក្នុងពេលឆាប់ៗ» ដោយមិនបានផ្តល់ព័ត៌មានលម្អិតនោះឡើយ។
នៅក្នុងព្រឹត្តិការណ៍មួយនៅ Port Huron រដ្ឋ Michigan ដើម្បីរុញច្រានបេក្ខជនបក្សសាធារណរដ្ឋមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិថ្ងៃទី៣ ខែវិច្ឆិកា លោក ត្រាំ និងវាគ្មិនផ្សេងទៀត បានបញ្ជាក់ឡើងវិញពីជំហរដែលលោកតែងតែលើកឡើងថា ពន្ធលើសលប់លើទំនិញកាណាដាគឺជារឿងចាំបាច់ ព្រោះកាណាដា «បានកេងប្រវ័ញ្ច» លើសហរដ្ឋអាមេរិកក្នុងផ្នែកពាណិជ្ជកម្ម។
លោក ត្រាំ បានប្រាប់អ្នកគាំទ្រនៅ Michigan ថា «ខ្ញុំត្រូវតែធ្វើវា។ យើងនឹងដោះស្រាយរឿងនេះបានឆាប់ៗ។ ពួកគេសុខចិត្តផ្តល់ឱ្យយើងនូវអ្វីៗគ្រប់យ៉ាងនៅពេលនេះ»។ ការិយាល័យនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។
លោក ត្រាំ បានឈ្នះឆ្នោតនៅតំបន់ព្រំដែន Michigan ដែលរួមមាន Port Huron ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ ជាមួយនឹងសំឡេងឆ្នោតលើសពី ៦៦% ប៉ុន្តែសេដ្ឋកិច្ចក្នុងស្រុកបានទទួលរងផលប៉ះពាល់ពីជម្លោះពន្ធគយរវាងអាមេរិក និងកាណាដា រួមទាំងឧស្សាហកម្មរថយន្តអាមេរិកដែលមានមូលដ្ឋាននៅ Detroit ផងដែរ។
សមាជិកសភាបក្សសាធារណរដ្ឋ លោក Mike Rogers ដែលកំពុងប្រកួតប្រជែងយ៉ាងស្វិតស្វាញជាមួយគូប្រជែងបក្សប្រជាធិបតេយ្យ លោក Abdul El-Sayed បានព្យាយាមរក្សាគម្លាតពីគោលនយោបាយពន្ធគយរបស់ប្រធានាធិបតីលើវិស័យរថយន្ត។
កាលពីថ្ងៃទី២៥ ខែតុលា លោក Rogers បានកោតសរសើរពន្ធគយរបស់លោក ត្រាំ ក្នុងការធានាបាននូវការវិនិយោគលើការផលិតសម្រាប់រដ្ឋ Michigan ពីក្រុមហ៊ុន Chevrolet និង Detroit Diesel ប៉ុន្តែបាននិយាយថា «ផ្នែករថយន្តនៃពន្ធគយកាណាដានេះ ធ្វើឱ្យខ្ញុំព្រួយបារម្ភបន្តិច»។ លោកបានប្រាប់កម្មវិធី «Meet the Press» ថា «មានចំណុចល្អខ្លះ និងចំណុចខ្លះដែលយើងត្រូវបន្តធ្វើការបន្ថែម»៕









