វិភាគ៖ តើ​ប្រព័ន្ធ​​ធនាគារ​​កម្ពុជា​​នឹង​​រ​ង​​ហានិភ័យ​​អ្វី​​​ខ្លះ​​​បើ​​លោក ហ៊ុន ម៉ាណែត ព្រងើយ​​កន្តើយ​​នឹង​​លុយ​​ស្កេម?

ការ​​ព្រមាន​​ពី​មូ​ល​និធិ​​រូបិយ​វត្ថុ​​អន្តរ​ជាតិ (IMF) និង​​របាយ​ការណ៍​​ជួញ​ដូរ​​មនុស្ស​​ឆ្នាំ​​២០២៦ របស់​​ក្រសួង​​ការ​បរទេស​​សហរដ្ឋ​​អាមេរិក បាន​​ទម្លាយ​​ពី​​សញ្ញា​​អាសន្ន​​ដ៏​​ធ្ងន់​ធ្ងរ​​ចំពោះ​កម្ពុជា។

បញ្ហា​នេះ បាន​ឆ្លង​ផុត​ពី​រឿង​អំពើ​ឆបោក​អនឡាញ ឬ​ការ​ជួញដូរ​មនុស្ស​ធម្មតា ទៅ​ជា​វិបត្តិ​ប្រព័ន្ធ​ដែល​ពាក់ព័ន្ធ​ផ្ទាល់​នឹង​ការ​លាង​លុយ​កខ្វក់ ការ​ខកខាន​ក្នុង​ការ​អនុវត្ត​ច្បាប់ និង​ភាព​ទន់ខ្សោយ​នៃ​យន្តការ​គ្រប់គ្រង​ប្រព័ន្ធ​ធនាគារ។ បើ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត នៅ​តែ​បន្ត​បណ្ដោយ​ឱ្យ​លុយ​ឧក្រិដ្ឋកម្ម​ជ្រៀតចូល​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ នោះ​ផលវិបាក​នឹង​ធ្លាក់​ទៅ​លើ​ស្ថិរភាព​សេដ្ឋកិច្ច​ជាតិ និង​ជីវភាព​ប្រជាពលរដ្ឋ​ទាំងស្រុង។

នៅ​ក្នុង​របាយការណ៍​ពិគ្រោះ​យោបល់​ប្រចាំ​ឆ្នាំ​២០២៦ ចេញផ្សាយ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២៦ IMF បាន​គូស​បញ្ជាក់​ជា​ផ្លូវការ ដោយ​បង្ខំ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ស្វែងរក និង​កាត់​ផ្តាច់​ទំនាក់ទំនង​រវាង​បណ្តាញ​ឧក្រិដ្ឋកម្ម និង​ស្ថាប័ន​ធនាគារ​ជា​បន្ទាន់។

IMF ទាមទារ​ឱ្យ​រឹតបន្តឹង​ដំណើរការ​ផ្តល់​អាជ្ញាប័ណ្ណ និង​តាមដាន​លំហូរ​ប្រាក់​ដែល​បាន​មក​ពី​ការ​ឆបោក​អនឡាញ និង​ការ​ជួញដូរ​មនុស្ស។ នេះ​ជា​ការ​ប្រកាស​អាសន្ន​ថា សុចរិតភាព​នៃ​ប្រព័ន្ធ​ធនាគារ​កម្ពុជា និង​ទំនុកចិត្ត​របស់​វិនិយោគិន​អន្តរជាតិ កំពុង​ប្រឈម​នឹង​ហានិភ័យ​យ៉ាង​ធ្ងន់ធ្ងរ។

វិបត្តិ​នេះ​កាន់តែ​ធ្ងន់ធ្ងរ នៅ​ពេល​ក្រសួង​ការបរទេស​អាមេរិក បាន​ចេញផ្សាយ​របាយការណ៍​ជួញដូរ​មនុស្ស​ឆ្នាំ​២០២៦ (Trafficking in Persons Report) នៅ​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០២៦ ដោយ​បន្ត​ចាត់ទុក​កម្ពុជា​ក្នុង​ចំណាត់ថ្នាក់​ទាប​បំផុត Tier 3 ចាប់តាំងពី​ឆ្នាំ​២០២២​មក។ ការ​វាយតម្លៃ​ចាប់ពី​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០២៥ ដល់​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០២៦ បាន​សន្និដ្ឋាន​យ៉ាង​ច្បាស់​ថា រដ្ឋាភិបាល​កម្ពុជា​មិន​ត្រឹមតែ​ខកខាន​ក្នុង​ការ​បំពេញ​តាម​ស្តង់ដារ​អប្បបរមា​ដើម​ ​ដើម្បី​លុបបំបាត់​ការ​ជួញដូរ​មនុស្ស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​មិន​បាន​បង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​គួរ​ឱ្យ​កត់​សម្គាល់​​ណា​មួយ​​ឡើយ។

ចំណុច​ប្រឈម​ដ៏​ស្រួចស្រាវ​បំផុត គឺ​របាយការណ៍​អាមេរិក​បាន​ចោទប្រកាន់​ចំៗ​ថា បើ​ទោះជា​កម្ពុជា​មិន​មាន​គោលនយោបាយ​ផ្លូវការ​លើ​ការ​ជួញដូរ​មនុស្ស ប៉ុន្តែ​មាន​លំនាំ​នៃ​ការ​បើកដៃ​ឱ្យ​មាន​មជ្ឈមណ្ឌល​ឆបោក ដោយ​​មាន​ការ​គប់​គិត​ពី​មន្ត្រី​រដ្ឋ។ មន្ត្រី​ជាន់ខ្ពស់ ទីប្រឹក្សា និង​មន្ត្រី​អនុវត្ត​ច្បាប់​មួយ​ចំនួន​បាន​ទាញយក​​ផលប្រយោជន៍​ហិរញ្ញវត្ថុ​ពី​ការ​កេងប្រវ័ញ្ច​ជនរងគ្រោះ រារាំង​ការ​ស៊ើបអង្កេត និង​ផ្តល់​ការ​ជ្រកកោន​ឱ្យ​ទីតាំង​ឧក្រិដ្ឋកម្ម​ទាំងនោះ។ ការ​ចោទប្រកាន់​នេះ​តម្រូវ​ឱ្យ​មាន​ការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ ដើម្បី​ស្វែងរក​អ្នកទទួលខុសត្រូវ​តាម​ផ្លូវច្បាប់​ជាដាច់ខាត។

ក្នុង​អំឡុង​ពេល​វាយតម្លៃ អាជ្ញាធរ​កម្ពុជា​មិន​បាន​ផ្តន្ទាទោស​ជនល្មើស​ជួញដូរ​មនុស្ស​ណាម្នាក់ ​ដែល​ជាប់​ពាក់​ព័ន្ធ​​នឹង​​មជ្ឈ​មណ្ឌល​​ឆបោក​​ឡើយ។ ទោះបីជា​មាន​មន្ត្រី ៨​នាក់​ដែល​សង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​ត្រូវបាន​បន្ថយ​ឋានៈ ហើយ​រដ្ឋាភិបាល​ធ្លាប់​បាន​បង្ក្រាប ឬ​ចាប់ខ្លួន​មនុស្ស​រាប់ពាន់​នាក់​ក៏ដោយ ក៏​គ្មាន​របាយការណ៍​​ស៊ើប​អង្កេត ឬ​ការ​កាត់ទោស​មន្ត្រី​រដ្ឋ​ណាម្នាក់​ជា​ផ្លូវការ​នោះ​ទេ។ ភាព​ផ្ទុយគ្នា​នេះ ឆ្លុះបញ្ចាំង​ថា ការ​ចាប់ខ្លួន​ត្រឹមតែ​មនុស្ស​កម្រិត​ក្រោម គឺជា​យុទ្ធនាការ​បង្កើត​រូបភាព ប៉ុន្តែ​មិន​បាន​ប៉ះពាល់​ដល់​មេខ្លោង ឬ​អ្នក​ការពារ​នៅ​ពីក្រោយ​ខ្នង​ឡើយ។

កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ របាយការណ៍​បាន​ចោទប្រកាន់​សមាជិក​ព្រឹទ្ធសភា​កម្ពុជា​ពីរ​រូប គឺ​លោក លី យ៉ុង​ផាត់ និង​លោក កុក អាន ថា​មាន​ក្រុមហ៊ុន និង​អចលនទ្រព្យ​ជាប់​ពាក់ព័ន្ធ​នឹង​មជ្ឈមណ្ឌល​ឆបោក ទោះ​បី​​ជា​​សាម៉ី​ខ្លួន​​បាន​​បដិសេធ​​ក៏ដោយ។ នៅ​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០២៦ ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក ​បាន​ដាក់​​ទណ្ឌ​កម្ម​​លើ​​លោក កុក អាន បុគ្គល ២៨​រូប និង​អង្គភាព​ពាក់ព័ន្ធ រួមទាំង​ធនាគារ Anco Specialized Bank ផង​ដែរ។ ករណី​នេះ បាន​បង្ហាញ​​ពី​ចន្លោះប្រហោង​ធំធេង​នៃ​យន្តការ​ត្រួតពិនិត្យ​ប្រភព​ទុន និង​ភាព​ជា​ម្ចាស់​នៃ​ស្ថាប័ន​ហិរញ្ញវត្ថុ​ពី​សំណាក់​រដ្ឋាភិ​បាល​គណបក្ស​ប្រជាជន​កម្ពុជា។

បន្ថែម​លើ​នេះ នៅ​ខែ​មករា ឆ្នាំ​២០២៦ រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ផ្តល់​អាជ្ញាប័ណ្ណ​ផ្លូវការ​ដល់​កាស៊ីណូ​មួយ​ចំនួន​ដែល​ធ្លាប់​មាន​ប្រវត្តិ​ជា​ទីតាំង​ឆបោក ដែល​នេះ​ជា​ទង្វើ​ប្រកប​ដោយ​ហានិភ័យ​ខ្ពស់​បំផុត។ កាស៊ីណូ​គឺជា​ច្រក​លាង​លុយ​កខ្វក់ ប្រសិនបើ​គ្មាន​ការ​ត្រួតពិនិត្យ​ហិរញ្ញវត្ថុ​ឱ្យ​បាន​តឹងរ៉ឹង។ ការ​បន្ត​ផ្តល់​អាជ្ញាប័ណ្ណ​ឱ្យ​ទីតាំង​ដែល​មាន​ប្រវត្តិ​សង្ស័យ​ធ្ងន់ធ្ងរ គឺជា​ការ​ខកខាន​ក្នុង​ការ​ទទួល​ខុសត្រូវ​លើ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ជាតិ។

ចំពោះ​វិស័យ​ធនាគារ ការ​ដែល​ធនាគារជាតិ​នៃ​កម្ពុជា​ដក​អាជ្ញាប័ណ្ណ​ធនាគារ​ចំនួន​បី (CCU Commercial Bank, Heng Feng Cambodia Bank, និង HH Bank) កាលពី​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០២៦ គ្រាន់តែ​ជា​វិធានការ​បន្លំ​ភ្នែក​ប៉ុណ្ណោះ ប៉ុន្តែ​មិន​ទាន់​អាច​លុបបំបាត់​មន្ទិល​សង្ស័យ​លើ​ប្រសិទ្ធភាព​នៃ​យន្តការ​ត្រួតពិនិត្យ​មុនៗ​បាន​ឡើយ។ ការ​បិទ​​ធនាគារ​ដោយ​មិន​បាន​បើក​ការ​ស៊ើបអង្កេត​ស៊ីជម្រៅ​លើ​លំហូរ​ប្រាក់ ប្រភព​​ទុន និង​​ស្វែង​រក​​អ្នក​​នៅ​​ពី​ក្រោយ​​ប្រតិ​​បត្តិ​ការ​សង្ស័យ គឺជា​កិច្ចការ​មិន​ទាន់​ចប់ចុងចប់ដើម និង​មាន​ចរិត​​នយោបាយ​សំដៅ​ការពារ​ឧក្រិដ្ឋជន​ដែល​ស្និទ្ធ​​នឹង​បណ្តាញ​អំណាច។

ហានិភ័យ​ចម្បង​បំផុត​ដែល​កម្ពុជា​ត្រូវ​ប្រឈម គឺ​ការ​បាត់បង់​ទំនុកចិត្ត​ពី​ប្រព័ន្ធ​ធនាគារ​អន្តរជាតិ។ កាលណា​​ស្ថាប័ន​​ហិរញ្ញវត្ថុ​បរទេស​វាយតម្លៃ​ថា ប្រព័ន្ធ​ធនាគារ​កម្ពុជា​ជា​ច្រក​លាង​លុយ​កខ្វក់ ពួកគេ​នឹង​ផ្តាច់ ឬ​រឹត​បន្តឹង​​ទំនាក់​ទំនង។ ផលវិបាក​គឺ​ការ​ផ្ទេរ​ប្រាក់​អន្តរជាតិ​ត្រូវ​ចំណាយ​ពេល​យូរ និង​មាន​តម្លៃ​ថ្លៃ ដែល​នឹង​វាយប្រហារ​ដោយ​ផ្ទាល់​លើ​អាជីវកម្ម​នាំចេញ-នាំចូល និង​វិនិយោគិន​ស្របច្បាប់ ហើយ​បន្ទុក​សេដ្ឋកិច្ច​ទាំងនេះ​នឹង​ធ្លាក់​លើ​ប្រជាពលរដ្ឋ​​ទូទៅ។

ទន្ទឹម​នឹង​នេះ វិបត្តិ​នេះ​នឹង​រុញច្រាន​បញ្ហា​បំណុល​ឱ្យ​កាន់តែ​ធ្ងន់ធ្ងរ។ តាម​ទិន្នន័យ​ធនាគារជាតិ​នៃ​កម្ពុជា គិត​ត្រឹម​ចុង​ខែ​មិថុនា ឆ្នាំ​២០២៦ ឥណទាន​សរុប​មាន​ប្រមាណ ៦៤,២ ពាន់​លាន​ដុល្លារ ដោយ​មាន​អត្រា​ឥណទាន​មិន​ដំណើរការ (NPL) កើនឡើង​ដល់ ៩,៦%។ IMF ក៏​បាន​ទម្លាក់​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​មក​ត្រឹម ៣% ក្នុង​ឆ្នាំ​២០២៦ ពី ៥,៣% ក្នុង​ឆ្នាំ​២០២៥។ ក្នុង​ស្ថានភាព​ដែល​ទំនុកចិត្ត​ធ្លាក់ចុះ ការ​​រឹត​បន្តឹង​ការ​ផ្តល់​ឥណទាន​នឹង​ធ្វើ​ឱ្យ​អាជីវកម្ម​ខ្វះ​សាច់ប្រាក់​រង​ការ​គាំង និង​ប៉ះពាល់​ដល់​ការងារ​ប្រជាពលរដ្ឋ​​ភ្លាមៗ បើ​ទោះបីជា​ប្រព័ន្ធ​ធនាគារ​មិន​ទាន់​ដួលរលំ​ភ្លាមៗ​ក៏ដោយ។

លើស​ពី​នេះ យន្តការ​ការពារ​ជនរងគ្រោះ​នៅ​តែ​មាន​ចន្លោះប្រហោង​ធំធេង។ របាយការណ៍​អាមេរិក​បង្ហាញ​ថា អាជ្ញាធរ​កម្ពុជា​បាន​កំណត់​ជនរងគ្រោះ​បាន​ត្រឹម ៣៣១​នាក់ (ថយចុះ​ពី ៤០៥​នាក់) ខណៈ​ជនបរទេស​​រហូត​ដល់ ១១០.០៩៥​នាក់ បាន​ចាកចេញ​ពី​កម្ពុជា​ដោយ​គ្មាន​ការ​ពិនិត្យ​ឱ្យ​បាន​ត្រឹមត្រូវ​ថាតើ​មាន​ជនរងគ្រោះ​ដោយសារ​ការ​ជួញដូរ​មនុស្ស​ដែរ ឬ​ទេ។ តួលេខ​នេះ​ស្ដែង​ឱ្យ​ឃើញ​ពី​ការ​ខកខាន​ក្នុង​ការ​អនុវត្ត​កាតព្វកិច្ច​ការពារ​សិទ្ធិមនុស្ស និង​សន្តិសុខ។

ក្នុង​ទិដ្ឋភាព​នយោបាយ និង​ការ​ដឹកនាំ ការ​ព្រមាន​ពី IMF និង​របាយការណ៍​របស់​អាមេរិក គឺជា​ការ​គូស​បញ្ជាក់​ពី​បរាជ័យ​នៃ​យន្តការ​គណនេយ្យភាព​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត។ ការ​ទប់ស្កាត់​បទល្មើស មិន​អាច​វាស់វែង​ត្រឹម​ការ​ចាប់ខ្លួន​ជនបរទេស​កម្រិត​ទាប ការ​បិទ​អគារ ឬ​ដក​អាជ្ញាប័ណ្ណ​ធនាគារ​មួយ​ចំនួន​នោះ​ឡើយ។ លក្ខខណ្ឌ​តម្រូវ​តែ​មួយ​គត់ គឺ​ភាព​ក្លាហាន​ក្នុង​ការ​អនុវត្ត​ច្បាប់​លើ​អ្នក​មាន​អំណាច និង​មន្ត្រី​គ្រាក់ៗ​ដែល​ទទួល​ផលប្រយោជន៍​​ពី​បទល្មើស​ទាំងនេះ ដោយ​ស្មើភាព​គ្នា​នឹង​ប្រជាពលរដ្ឋ​ទូទៅ។

ដើម្បី​ស្រោចស្រង់​ទំនុកចិត្ត​ឡើងវិញ រដ្ឋាភិបាល​ត្រូវតែ៖ ១. បើក​ការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​លើ​ស្ថាប័ន​ធនាគារ កាស៊ីណូ និង​ក្រុមហ៊ុន​ដែល​មាន​ហានិភ័យ​ខ្ពស់។ ២. បើក​កកាយ​អត្តសញ្ញាណ​ម្ចាស់​ទុន​ពិតប្រាកដ និង​បង្កក​ទ្រព្យសម្បត្តិ​ដែល​បាន​មក​ពី​បទល្មើស​តាម​ផ្លូវច្បាប់។ ៣. ការពារ​ប្រាក់​បញ្ញើ​ស្របច្បាប់​របស់​​ប្រជាពលរដ្ឋ និង​បញ្ជូន​ខ្លួន​អ្នក​ប្រព្រឹត្ត​បទល្មើស​ពិតប្រាកដ​ទៅ​ផ្តន្ទាទោស​តាម​ច្បាប់។

ជារួម បើ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត មិន​ហ៊ាន​ផ្តាច់​ឫសគល់​រវាង​បណ្តាញ​ឧក្រិដ្ឋកម្ម លុយ​ស្កេម និង​អ្នក​មាន​អំណាច​នៅ​​កាង​​​ពី​ក្រោយ​​ទេ នោះ​រាល់​វិធានការ​បោសសម្អាត​ប្រព័ន្ធ​ធនាគារ គ្រាន់តែ​ជា​រូបភាព​ប្រជាភិថុតិ និង​ជា​ការ​បិទបាំង​ការពិត​ចំពោះ​សាធារណមតិ​ជាតិ និង​អន្តរជាតិ​តែប៉ុណ្ណោះ។ បញ្ហា​នេះ មិន​ត្រឹម​​តែ​បំផ្លាញ​កិត្យានុភាព​ជាតិ​នៅ​លើ​ឆាក​អន្តរជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នឹង​បង្ក​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​ស្ថិរភាព​ហិរញ្ញវត្ថុ ការ​វិនិយោគ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងស្រុង​នា​ពេល​អនាគត៕

អត្ថបទដោយ៖ សុក្រឹត ពុទ្ធិ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ