ការ​មិន​​​ប្រើ​​កិច្ច​​ព្រម​​ព្រៀង​​២៣​​តុលា​ និង​​តុលាការ​ ICJ​ ធ្វើ​​​ឱ្យ​​ថៃ​​យក​​ដី​​ខ្មែរ​​យ៉ាង​​ងាយ​ ទោះ​​មាន​​បទ​​ឈប់​​បាញ់​

ការ​​ដែល​​លោក​ ហ៊ុន ម៉ាណែត​ មិន​​ប្រើ​ប្រាស់​​កិច្ច​​ព្រម​​ព្រៀង​​សន្តិ​ភាព​​ទីក្រុង​​ប៉ារីស​ និង​​មិន​​រុញ​​សំណុំ​​រឿង​​ព្រំដែន​​ទៅ​​តុលាការ​​អន្តរ​ជាតិ​​ជាង​​មួយ​​ឆ្នាំ​​មក​​នេះ​ ត្រូវ​​​បាន​ក្រុម​អ្នក​តាមដាន​លើក​ឡើង​ថា​ បាន​ធ្វើ​ឱ្យ​ថៃ​ពង្រីក​​ការ​ឈ្លានពាន​ទឹក​ដី​កម្ពុជា​រហូត​ដល់​ជាង​ ៨០​ ទីតាំង​ ដោយ​ងាយស្រួល​ជាង​សម័យ​ណាៗ​ទាំងអស់​ បើ​​ទោះ​បី​ជា​ថៃ​បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ថ្លែងការណ៍​រួម ​ស្តីពី​ ​សន្តិភាព​​​រវាង​កម្ពុជា-ថៃ​ នៅ​រាជធានី​កួឡាឡាំពួរ​​​ក៏ដោយ​។

ពាក់ព័ន្ធ​នឹង​រឿង​នេះ​ ក្រសួង​ការ​បរទេស​កម្ពុជា​ បាន​ថ្លែង​ថា​ សេចក្តី​ថ្លែងការណ៍​រួម​នៅ​រាជធានី​កួឡាឡាំពួរ​ កាល​ពី​ថ្ងៃ​ទី២៦​ ខែ​តុលា​ ឆ្នាំ​២០២៥​ ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ និង​នាយក​រដ្ឋមន្ត្រី​​ថៃ​ ដោយ​មាន​លោក​ ដូណាល់ ត្រាំ​ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ និង​លោក​ អាន់វ៉ា អ៊ីប្រាហ៊ីម​ នាយក​រដ្ឋ​​មន្ត្រី​ម៉ាឡេស៊ី​ ធ្វើ​ជា​សាក្សី​នា​ពេល​នោះ​ កម្ពុជា​នៅ​តែ​បន្ត​ប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់​​ក្នុង​ការ​ប្រកាន់​ខ្ជាប់​នូវ​បទ​ឈប់​​បាញ់​ និង​ការ​អនុវត្ត​ស្មារតី​នៃ​សេចក្តី​ថ្លែងការណ៍​នេះ​ដោយ​សុឆន្ទៈ​។

កម្ពុជា​បន្ត​ប្តេជ្ញា​ចិត្ត​ចំពោះ​ការ​ដោះស្រាយ​វិវាទ​ព្រំដែន​ស្រប​តាម​ច្បាប់​អន្តរជាតិ​ ដោយចៀស​​វាង​ការ​គំរាម​កំហែង​ ការ​​ប្រើ​ប្រាស់​​កម្លាំង​ ឬ​សកម្មភាព​បង្ក​ហេតុ​ណាមួយ​។ កម្ពុជា​នៅ​តែ​បន្ត​ប្តេជ្ញា​ចិត្ត​ធ្វើការ​ជាមួយ​ភាគី​​​ថៃ​ និង​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់​ ដើម្បី​ពង្រឹង​ទំនុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ ការពារ​ប្រជាជន​ស៊ីវិល​ សម្រួល​ដល់​​ការ​វិល​ត្រឡប់​ដោយ​សុវត្ថិភាព​របស់​ជន​ភៀស​សឹក​ និង​លើក​កម្ពស់​ស្ថិរភាព​ ព្រម​ទាំង​វិបុលភាព​នៅ​តាម​បណ្តោយ​ព្រំដែន​រួម​។

ក្រៅ​ពី​នេះ​ អ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​ លោក​ ប៉ែន បូណា​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី២៦​ ខែ​តុលា​នេះ​ ដោយ​​បាន​រំលេច​ខ្លឹមសារ​សំខាន់ៗ​ទាំង​ ៨​ ចំណុច​ នៃ​​​សេចក្តី​ប្រកាស​រួម​នោះ​ផង​ដែរ​។ សម្រាប់​លោក​ ប៉ែន បូណា​ កម្ពុជា​មាន​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​រឹងមាំ​ចំពោះ​សន្តិភាព​ និង​សន្តិសុខ​រវាង​ប្រទេស​ទាំងពីរ​ ដូច​ដែល​បាន​ប្រកាស​ក្នុង​សេចក្តី​​​ថ្លែងការណ៍​​រួម​ និង​កិច្ច​ព្រម​​ព្រៀង​​ផ្សេងៗ​ទៀត​ ដើម្បី​លើក​កម្ពស់​សន្តិភាព​ សន្តិសុខ​ ស្ថេរ​​ភាព​ និង​វិបុលភាព​ក្នុង​តំបន់​។

លោក​ថា​៖ «យើងបានប្តេជ្ញាចិត្តក្នុងការបន្ធូរបន្ថយភាពតានតឹង ការស្ដារ​ទំនុក​ចិត្ត និង​ទំនាក់​ទំនង ដែល​បាន​ផ្ដល់​ប្រយោជន៍​ទៅវិ​ញ​ទៅ​មក​​រវា​ង​ព្រះ​រាជាណា​ចក្រ​កម្ពុជា និង​ព្រះរាជា​ណាច​ក្រ​ថៃ។ ៥. នៅ​ពេល​អនុ​វត្ត​វិធាន​ការ​ដែល​បាន​រៀប​រាប់​ខាង​លើ ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ពី​ភាគី​ទាំង​ពីរ និងទ​ទួល​ស្គាល់​ថា អរិភាព​សកម្ម ត្រូវ​បាន​បញ្ចប់»។​

ប៉ុន្តែ​ជាង​មួយ​ឆ្នាំ​មក​នេះ​ ក្រុម​អ្នក​តាមដាន ​បាន​អះអាង​ថា​ ថៃ​បាន​ពង្រីក​ការ​ឈ្លានពាន​ដី​ខ្មែរ​រហូត​ដល់​ ៨៥​ ទីតាំង​ ដោយ​​គ្មាន​ការ​រំខាន​ពី​រដ្ឋាភិបាល​​លោក​ ហ៊ុន ម៉ាណែត​ ឡើយ​ ខណៈ​រដ្ឋាភិបាល​នេះ​ប្រកាស​គោរព​​បទ​​ឈប់​​បាញ់​​យ៉ាង​ពេញ​ទំហឹង​។

ដោយឡែក​ សម្រាប់​អតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ដែល​មាន​ជំនាញ​កិច្ចការ​ព្រំដែន​ លោក​ អ៊ុំ សំអាន​ បាន​​​កត់​សម្គាល់​​ថា​ លទ្ធផល​នៅ​លើ​ដី​ជាក់ស្តែង​ ថៃ​មាន​ប្រៀប​លើ​កម្ពុជា​ ទោះបីជា​ភាគី​ទាំងពីរ​បាន​ចុះ​ហត្ថ​​លេខា​លើ​បទ​ឈប់​បាញ់​ និង​សេចក្តី​ប្រកាស​រួម​នេះ​ក៏ដោយ​។ លោក​គូស​បញ្ជាក់​ថា​ ជាង​ ១​ ឆ្នាំ​មក​នេះ​ រដ្ឋាភិបាល​លោក​ ហ៊ុន ម៉ាណែត​ បន្ត​ទន្ទិញ​ខ្លឹមសារ​បទ​ឈប់​បាញ់​ ប៉ុន្តែ​ថៃ​ចេះ​តែ​រុល​ចូល​ឈ្លានពាន​កម្ពុជា​​ឥត​ឈប់ឈរ​ រហូត​គ្រប់គ្រង​ដី​ខ្មែរ​បាន​ ៨៥​ ទីតាំង​ ដែល​លោក​រិះគន់​ចំៗ​ថា​ លោក​ ហ៊ុន ម៉ាណែត​ គ្មាន​សមត្ថភាព​ការពារ​ទឹក​ដី​នោះ​ទេ​។

លើស​ពី​នេះ​ ក៏​មាន​ពលរដ្ឋ​ខ្មែរ​ជាង​ ២​ ម៉ឺន​នាក់​ទៀត​ ដែល​រងគ្រោះ​ពី​ការ​ឈ្លានពាន​របស់​ថៃ​ នៅ​មិន​ទាន់​អាច​​​វិល​ត្រឡប់​​ទៅ​កាន់​ផ្ទះសម្បែង​របស់​ខ្លួន​វិញ​បាន​នៅ​ឡើយ​។ ក្នុង​ន័យ​នេះ​ លោក​គូស​បញ្ជាក់​ថា​ ថៃ​មិន​បាន​​គោរព​កិច្ច​ព្រម​ព្រៀង​នេះ​ទេ​ ហើយ​ថែម​ទាំង​បន្ត​ឈ្លានពាន​ទឹក​ដី​ខ្មែរ​ តាម​រយៈ​ការ​ដាក់​ទូ​កុងតឺន័រ​ ជីក​ប្រឡាយ​ និង​សាងសង់​របង​បេតុង​ជាដើម​។

ជា​ការ​ផ្តល់​យោបល់​ លោក​ថ្លែង​ថា​ ដើម្បី​ទប់ស្កាត់​ការ​ឈ្លានពាន​លើ​ដី​ជាក់ស្តែង​ លោក​ ហ៊ុន ម៉ាណែត​ ត្រូវ​តែ​​​ប្រាប់​ទៅ​លោក​ ដូណាល់ ត្រាំ​ និង​សហគមន៍​អន្តរជាតិ​ ដើម្បី​ជួយ​ដាក់​សម្ពាធ​លើ​ប្រទេស​ថៃ​ ឱ្យ​គោរព​កិច្ច​ព្រម​​ព្រៀង​ និង​ឈប់​ឈ្លានពាន​ទឹក​ដី​ខ្មែរ​។

លោក​ថា​៖ «ដូច្នេះ​​កម្ពុជាត្រូវប្តឹងថៃទៅកាន់តុលាការ​យុត្តិ​ធម៌​អន្តរ​ជាតិ ICJ ប្តឹង​ថៃ​ទៅ​កាន់​សហ​ប្រធាន​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុ​ង​ប៉ារីស​ឆ្នាំ​១៩៩១ ទើប​អាច​បញ្ឈប់​ការ​ឈ្លាន​ពាន​របស់​ថៃ ហើយ​អាច​ទាម​ទារ​ទឹក​ដីបាន​មក​វិញ។ បើ​ចរ​ចា​ធ្វើ​ទ្វេ​ភាគី​គឺ​មិន​អាច​ទាម​ទារ​ទឹក​ដី​បាន​មក​វិញ​នោះ​ទេ»។

បន្ថែម​លើ​នេះ​ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ លោក​ មែន ណាត​ បាន​លើក​ឡើង​ថា​ កិច្ច​ព្រម​ព្រៀង​នៅ​ទីក្រុង​​​​កួឡាឡាំពួរ​ គឺ​បាន​ផ្តល់​ផល​​អវិជ្ជមាន​ និង​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ទឹក​ដី​ជាច្រើន​ ព្រោះ​តែ​ភាគី​ថៃ​មិន​បាន​​គោរព​។ លោក​​សង្កត់​ធ្ងន់​ថា​ ប្រសិនបើ​កម្ពុជា​នៅ​តែ​បន្ត​ប្រើប្រាស់​យន្តការ​ចរចា​ទ្វេភាគី​ជាមួយ​ថៃ​ គឺ​នឹង​​​មិន​អាច​ទាមទារ​ទឹក​ដី​ត្រឡប់​មក​វិញ​បាន​ឡើយ​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ គឺ​ត្រូវ​ប្តឹង​ថៃ​ទៅ​កាន់​តុលាការ​យុត្តិ​ធម៌​អន្តរ​​ជាតិ​ (ICJ) និង​ប្តឹង​ទៅ​កាន់​សហប្រធាន​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ១៩៩១​ ទើប​អាច​​បញ្ឈប់​ការ​ឈ្លានពាន​ និង​ទាមទារ​ទឹក​ដី​មក​វិញ​បាន​។

លោក​ថា​៖ «ប៉ុន្តែអាការកើនឡើងនៃការឈ្លានពាននេះ អត់ឃើញរដ្ឋាភិបាល​កម្ពុជា​ធ្វើ​សេច​ក្ដី​រាយ​ការណ៍​ជាពិសេស ហើយ​ភ្ជាប់​ជាមួយ​ភស្តុ​តាង​ទៅ​ដៃ​គូ​​រអន្តរ​ជាតិ​ទេ គ្រាន់​តែ​និយាយ​ឆ្បោលៗ មូលៗ​ហើយ ទទូច​អង្វរ​ថៃ​ចូល​តុ​ចរចា អញ្ចឹង​ហើយ​បាន​ជា​ថៃ​​នៅ​បាន​ចិត្ត នៅ​តែ​ពង្រីក​ការ​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ​មិន​ឈប់​ឈរ​រហូត​​ដល់​ពេល​នេះ»។

សម្រាប់​អ្នក​តាមដាន​បញ្ហា​ព្រំដែន​ដែល​មិន​ចំណុះ​ឱ្យ​រដ្ឋាភិបាល​ យល់​ឃើញ​ថា​ បើ​កម្ពុជា​នៅ​តែ​បន្ត​ប្រើ​យន្ត​​ការ​​ចរចា​​​ទ្វេភាគី​ជាមួយ​ថៃ​ កម្ពុជា​នឹង​បាត់បង់​ទឹក​ដី​បន្ថែម​ទៀត​ពី​ការ​ឈ្លានពាន​របស់​ថៃ​។ ហេតុ​នេះ​ កម្ពុជា​​ត្រូវ​ប្តឹង​ថៃ​​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ (ICJ) និង​ប្តឹង​ទៅ​កាន់​សហប្រធាន​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​ ទើប​អាច​បញ្ឈប់​ការ​ឈ្លានពាន​របស់​ថៃ​ និង​អាច​ទាមទារ​ទឹក​ដី​ត្រឡប់​មក​​វិញ​បាន​ ព្រោះ​ការ​ចរចា​ទ្វេ​ភាគី​​មិន​​អាច​​ទាមទារ​ទឹក​ដី​មក​វិញ​បាន​ឡើយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ