ការបោះឆ្នោតសកលនៅថ្ងៃទី២៧ ខែតុលា កំពុងគ្របដណ្តប់លើប្រទេសមួយដែលបែកបាក់គ្នាយ៉ាងជ្រាលជ្រៅ។ លទ្ធផលស្ទង់មតិកាលពីថ្ងៃទី២៣ ខែតុលា បានបង្ហាញថា គណបក្សកាន់អំណាច និងប្លុកប្រឆាំងសំខាន់ មានសំឡេងឆ្នោតប្រកៀកប្រកិតគ្នាខ្លាំង ខណៈដែលមានម្ចាស់ឆ្នោតថ្មីកន្លះលាននាក់ និងប្រជាជនអ៊ីស្រាអែលប្រមាណ ៧០ ០០០ នាក់ បានជិះយន្តហោះត្រឡប់មកពីបរទេស ដើម្បីចូលរួមការបោះឆ្នោតនេះ។
កាលពីយប់ថ្ងៃទី២៤ ខែតុលា អ្នកគាំទ្របក្សប្រឆាំងយ៉ាងច្រើនកុះករបានជួបជុំគ្នានៅកណ្តាលទីក្រុង តែល អាវីវ (Tel Aviv) ដើម្បីទាមទារឱ្យមានការផ្លាស់ប្តូររដ្ឋាភិបាល។
យុទ្ធនាការឃោសនានេះ ត្រូវបានជំរុញដោយយុទ្ធសាស្ត្រថ្មីៗ រាប់បញ្ចូលទាំងវីដេអូ AI និងដោយសារតែមានមុខមាត់ថ្មីផងដែរ។
លោក ហ្គាឌី អាយសិនកុត (Gadi Eisenkot) ប្រហែលជាមិនមែនជាមនុស្សដែលអ្នករំពឹងថានឹងមកតទល់ជាមួយ លោក បេនចាមីន នេតានយ៉ាហូ (Benjamin Netanyahu) ដែលជានាយករដ្ឋមន្ត្រីកាន់អំណាចយូរជាងគេរបស់អ៊ីស្រាអែលនោះទេ។
ដោយសារទើបតែចូលប្រឡូកក្នុងឆាកនយោបាយ និងមានប្រវត្តិដើមកំណើតមកពីប្រទេសម៉ារ៉ុក លោក អាយសិនកុត គឺជាអតីតអគ្គមេបញ្ជាការកងទ័ព ដែលល្បីល្បាញដោយសារភាពស្ងប់ស្ងាត់ និងរបៀបធ្វើការមិនចូលចិត្តភាពវឹកវរ។
ប៉ុន្តែ លោក និងគណបក្សកណ្តាល យ៉ាសារ (Yashar) របស់លោក បាននាំមុខលោក នេតានយ៉ាហូ និងគណបក្ស លីគុត (Likud) ជាញឹកញាប់នៅក្នុងការស្ទង់មតិចុងក្រោយកាលពីថ្ងៃទី២៣ ខែតុលា។
នយោបាយអ៊ីស្រាអែល គឺជាសិល្បៈនៃការបង្កើតរដ្ឋាភិបាលចម្រុះ ប៉ុន្តែដោយសារលទ្ធផលប្រកៀកប្រកិតគ្នា លក្ខណៈសម្បត្តិដ៏លេចធ្លោរបស់លោក អាយសិនកុត បានធ្វើឱ្យការប្រកួតប្រជែងកាន់តែស្រួចស្រាវ។
ការទាក់ទាញរបស់លោក អាយសិនកុត គឺតាមរយៈអាកប្បកិរិយា និងប្រវត្តិផ្ទាល់ខ្លួន ក្នុងនាមជាអតីតយោធានិយាយទន់ភ្លន់ ដែលកូនប្រុសរបស់លោកបានពលីជីវិតក្នុងសង្គ្រាមហ្គាហ្សា។
ប្រវត្តិដើមកំណើតម៉ារ៉ុករបស់លោក បានក្លាយជាចំណងជើងព័ត៌មានបោះឆ្នោតកាលពីដើមខែនេះ នៅពេលដែលអ្នកនិយាយគាំទ្រលោក នេតានយ៉ាហូ ម្នាក់បានប្រើពាក្យរើសអើងជាតិសាសន៍សំដៅលើលោក អាយសិនកុត កំឡុងពេលដេញដោលតាមទូរទស្សន៍។
«ការបោះឆ្នោតទាំងនេះ គឺនិយាយអំពីសន្តិសុខ សេដ្ឋកិច្ច អប់រំ… ប៉ុន្តែជាចម្បង វាគឺអំពីអត្តសញ្ញាណនៃរដ្ឋអ៊ីស្រាអែល និងប្រភេទអ៊ីស្រាអែលដែលយើងចង់ឃើញ» លោក អាយសិនកុត បានថ្លែង។
នេះគឺជាសម្តីដ៏ពីរោះសម្រាប់បក្សប្រឆាំង ដែលនិយាយថារដ្ឋាភិបាលរបស់លោក នេតានយ៉ាហូ គឺជាការគំរាមកំហែងដល់ប្រជាធិបតេយ្យ ដោយចង្អុលបង្ហាញពីការកាត់បន្ថយអំណាចនៃប្រព័ន្ធតុលាការ និងការបដិសេធបង្កើតគណៈកម្មការស៊ើបអង្កេតថ្នាក់ជាតិចំពោះការវាយប្រហារថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ លោក អាយសិនកុត បានសន្យាបង្កើតការស៊ើបអង្កេតថ្នាក់ជាតិនេះ ដែលត្រូវបានគាំទ្រដោយជនជាតិជ្វីហ្វអ៊ីស្រាអែលលើសពី ៧០%។
លោកក៏បានប្តេជ្ញាអនុវត្តការកែនគរជនជាតិជ្វីហ្វ អូថូឌក (Ultra-Orthodox) ឱ្យចូលបម្រើកងទ័ពជាតិ និងបានប្តេជ្ញាបញ្ចប់ការគ្រប់គ្រងរបស់ហាម៉ាសនៅហ្គាហ្សា ក្នុងរយៈពេល ១៨ ខែ។ លោក បេនចាមីន នេតានយ៉ាហូ បានវាយបកវិញជាមួយនឹងយុទ្ធនាការដែលផ្តោតលើសន្តិសុខ និងពាក្យស្លោក «មិនចុះចាញ់»។
លោកបានចោទប្រកាន់គូប្រជែងថាមានជំហរទន់ជ្រាយលើសន្តិសុខ ហើយបានសង្កត់ធ្ងន់ថា សង្គ្រាមនៅហ្គាហ្សា លីបង់ និងអ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហារថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ បានកាត់បន្ថយការគំរាមកំហែងដល់ប្រទេស។
ទោះជាយ៉ាងណា លោកត្រូវបានព្យាករណ៍ថានឹងថយចុះការគាំទ្រ ខណៈដែលអ្នកបោះឆ្នោតមួយចំនួនបានផ្លាស់ប្តូរទៅគណបក្សប្រឆាំង ឬទៅគណបក្សស្តាំនិយមជ្រុល៕









