ស្របពេលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាន់តែខិតជិតមកដល់ សញ្ញាគំរាមកំហែងខាងនយោបាយទៅកាន់គណបក្សប្រឆាំងដែលនៅសេសសល់ ត្រូវបានគេមើលឃើញថា មានកម្ដៅកើនឡើងគួរឱ្យព្រួយបារម្ភ ដែលនឹងធ្វើឱ្យការបោះឆ្នោតខាងមុខធ្វើឡើងគ្រាន់តែបង្គ្រប់កិច្ច និងខ្វះសុចរិតភាពដូចអាណត្តិមុនៗដែរ។
ក្នុងនោះ ក្រសួងមហាផ្ទៃ បានបង្កើតលេសថ្មីរារាំងការចងសម្ព័ន្ធភាពរវាងគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ ព្រមទាំងមានសកម្មភាពរំខានពីសំណាក់អ្នកគាំទ្របក្សកាន់អំណាច នៅមុខទីស្នាក់ការគណបក្សកម្លាំងជាតិជាដើម។ អ្នកឃ្លាំមើល និងមន្ត្រីសង្គមស៊ីវិល ហៅទង្វើនេះថា កំពុងបង្កឧបសគ្គដល់ការប្រកួតប្រជែងនយោបាយដោយស្មើភាព។
អ្នកតាមដានភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី ប្រាប់វីអូឌី (VOD) នៅថ្ងៃទី២៧ ខែតុលា ថា ការដែលក្រសួងមហាផ្ទៃបដិសេធមិនឱ្យគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ បន្តចងសម្ព័ន្ធភាពជាមួយគ្នា គឺជាការរឹតត្បិតយ៉ាងធ្ងន់ធ្ងរលើសិទ្ធិសេរីភាពខាងនយោបាយ និងជាការប្រើប្រាស់វិធានការរដ្ឋបាលដើម្បីបំបែកបំបាក់កម្លាំងប្រឆាំង។ លោកថា នៅក្នុងប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស ការចងសម្ព័ន្ធភាពរវាងគណបក្សនយោបាយ គឺជាយុទ្ធសាស្ត្រស្របច្បាប់ក្នុងការប្រមូលផ្ដុំសំឡេងឆ្នោត ដូច្នេះការរារាំងនេះបង្ហាញពីចេតនាក្នុងការកាត់បន្ថយកម្លាំងប្រកួតប្រជែងរបស់បក្សប្រឆាំង និងធ្វើឱ្យតុល្យភាពអំណាចនយោបាយកាន់តែមានគម្លាតធំធេងមុនការបោះឆ្នោត។
ចំណែកការរៀបចំឱ្យមានបាតុកម្មនៅមុខទីស្នាក់ការគណបក្សកម្លាំងជាតិ ដោយក្រុមដែលមាននិន្នាការគាំទ្ររដ្ឋាភិបាល ដើម្បីទាមទារឱ្យផ្ដាច់ខ្លួនពីអ្នកនយោបាយក្រៅស្រុក គឺជាការប្រើប្រាស់រូបភាពសង្គមស៊ីវិលធ្វើជាឧបករណ៍នយោបាយ។ លោកមើលឃើញថា ក្នុងពេលខាងមុខ គណបក្សប្រឆាំងអាចប្រឈមនឹងការចោទប្រកាន់តាមផ្លូវតុលាការ ការរឹតត្បិតផ្នែករដ្ឋបាល ការបដិសេធបញ្ជីបេក្ខជន និងសម្ពាធពីអាជ្ញាធរមូលដ្ឋាន រួមទាំងការឃ្លាំមើល ការកោះហៅ និងការគំរាមកំហែងពាក់ព័ន្ធនឹងជំនួយសង្គម។ ប្រសិនបើសម្ពាធទាំងនេះកើតមាន វាអាចធ្វើឱ្យសកម្មជន និងប្រជាពលរដ្ឋភ័យខ្លាច មិនហ៊ានចូលរួមសកម្មភាពនយោបាយ ឬគាំទ្របក្សប្រឆាំងដោយសេរី។
លោក សេង វណ្ណលី ថ្លែងថា៖ «ការរារាំងនេះ បង្ហាញពីចេតនាក្នុងការកាត់បន្ថយកម្លាំងប្រកួតប្រជែងរបស់គណបក្សប្រឆាំង ធ្វើឱ្យតុល្យភាពអំណាចនយោបាយនៅកម្ពុជាកាន់តែមានគម្លាតធំ មុនការបោះឆ្នោតមកដល់។ មួយទៀត ការរៀបចំឱ្យមានបាតុកម្មនៅមុខទីស្នាក់ការគណបក្សកម្លាំងជាតិ ដោយក្រុមអ្នកមាននិន្នាការគាំទ្ររដ្ឋាភិបាល ដើម្បីទាមទារឱ្យផ្ដាច់ខ្លួនពីនយោបាយក្រៅប្រទេស ជាពិសេសលោក សម រង្ស៊ី គឺជារឿងការប្រើប្រាស់រូបភាពសង្គមស៊ីវិល ធ្វើជាឧបករណ៍នយោបាយ។ សកម្មភាពបែបនេះ បង្កឱ្យមានបរិយាកាសគំរាមកំហែង និងអស្ថេរភាពដល់អ្នកគាំទ្រគណបក្សប្រឆាំង ព្រមទាំងស្ដែងឱ្យឃើញពីស្តង់ដារពីរក្នុងការអនុវត្តច្បាប់ ធ្វើបាតុកម្មដែលក្រុមអ្នកគាំទ្ររដ្ឋាភិបាលទទួលបានការសម្រួលយ៉ាងរលូន ករណីការតវ៉ារបស់ក្រុមអ្នករិះគន់ រួមទាំងសង្គមស៊ីវិលផង តែងតែរងការហាមឃាត់ ឬពេលខ្លះមានការបង្ក្រាបទៀតផង»។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២២ ខែតុលា បានបដិសេធមិនឱ្យគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ បន្តចងសម្ព័ន្ធភាពជាមួយគ្នា ក្រោមហេតុផលថា កិច្ចព្រមព្រៀងគណបក្សទាំងពីរនេះ មិនទាន់អនុលោមតាមគោលការណ៍ណែនាំរបស់ក្រសួង និងផ្ទុយពីច្បាប់ស្តីពីគណបក្សនយោបាយ។
អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ និងជាសមាជិកព្រឹទ្ធសភា លោក គង់ មុនីកា ប្រាប់វីអូឌីនៅថ្ងៃទី២៧ ខែតុលា ថា លោកចាត់ទុកការបដិសេធរបស់ក្រសួងមហាផ្ទៃ ចំពោះការចងសម្ព័ន្ធភាពរវាងគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ ថាជាក្ដីបារម្ភសម្រាប់អ្នកប្រជាធិបតេយ្យដែលចង់លើកស្ទួយលទ្ធិប្រជាធិបតេយ្យ ស្របតាមរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ទោះជាយ៉ាងណា លោកថា គណបក្សទាំងពីរ នឹងពិនិត្យលក្ខខណ្ឌរបស់ក្រសួងមហាផ្ទៃ ដើម្បីកែតម្រូវឱ្យស្របច្បាប់ និងអាចបង្កើតសម្ព័ន្ធភាពទៅអនាគត។ ជាមួយគ្នានេះ លោកអំពាវនាវដល់សកម្មជន និងអ្នកគាំទ្រឱ្យរក្សាភាពស្ងប់ស្ងាត់ បន្តបំពេញតួនាទីត្រៀមចូលរួមការបោះឆ្នោត និងបម្រើប្រជាពលរដ្ឋនៅថ្នាក់ឃុំ-សង្កាត់។
លោក គង់ មុនីកា ថ្លែងថា៖ «ទោះជាយើងមិនទាន់បានទទួលការទទួលស្គាល់សេចក្តីសម្ព័ន្ធភាពនេះជាផ្លូវការពីក្រសួងមហាផ្ទៃក៏ដោយ គណបក្សទាំងពីរ សកម្មជន ក៏ដូចជាថ្នាក់ដឹកនាំនៃគណបក្សទាំងពីរ នៅតែមានកិច្ចសហប្រតិបត្តិការគ្នា មានសាមគ្គីភាពគ្នាយ៉ាងរឹងមាំ ហើយយើងនឹងបន្តបេសកកម្មរបស់យើងបន្តទៀត ក្នុងការលើកស្ទួយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ហើយគោលដៅរបស់យើង គឺការចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាដែលជាកង្វល់របស់ប្រជាពលរដ្ឋ បញ្ហាប្រទេសជាតិ តាមរយៈការចូលរួមក្នុងការបោះឆ្នោតឃុំសង្កាត់នៅពេលខាងមុខនេះ ដែលជាការងារមួយដ៏មានអាទិភាពសម្រាប់គណបក្សទាំងពីរ»។
ងាកទៅគណបក្សកម្លាំងជាតិ កាលពីថ្ងៃទី២៦ ខែតុលា មានយុវជនមួយក្រុមមានគ្នាជាង ១០នាក់ ដែលអះអាងថាជាមន្ត្រីសង្គមស៊ីវិល និងត្រូវបានគេស្គាល់ថាមាននិន្នាការគាំទ្ររដ្ឋាភិបាល បាននាំគ្នាលើកបដាតវ៉ានៅមុខទីស្នាក់ការបក្ស ដើម្បីទាមទារឱ្យគណបក្សប្រឆាំងដ៏លេចធ្លោមួយនេះ ផ្ដាច់ខ្លួនពីអ្នកនយោបាយក្រៅប្រទេស។ ទន្ទឹមនឹងនេះ មន្ត្រី សកម្មជន និងអ្នកគាំទ្របក្សកម្លាំងជាតិមួយចំនួន រងការចាប់ខ្លួន និងចោទប្រកាន់ជាហូរហែ ដោយគ្រាន់តែបញ្ចេញមតិពីបញ្ហាព្រំដែន។ ឯទីប្រឹក្សាគណបក្ស គឺលោក រ៉ុង ឈុន ក៏រងការហាមឃាត់មិនឱ្យធ្វើនយោបាយ និងត្រូវបានដកសិទ្ធិដើរហើរថែមទៀត។
អនុប្រធានគណបក្សកម្លាំងជាតិ លោក សុខ គឹមសេង ប្រាប់វីអូឌីនៅថ្ងៃទី២៧ ខែតុលា ដោយបង្ហាញការយល់ឃើញថា ការរំខានពីក្រុមអ្នកគាំទ្រគណបក្សនយោបាយមួយមកលើគណបក្សកម្លាំងជាតិ និងការចាប់ខ្លួនសកម្មជន ព្រមទាំងថ្នាក់ដឹកនាំក្រោមហេតុផលនៃការបញ្ចេញមតិ បង្ហាញពីភាពមិនស្មើគ្នាក្នុងការប្រកួតប្រជែងនយោបាយ និងបង្កសម្ពាធដល់គណបក្សរបស់លោក។ លោកថា បរិយាកាសនយោបាយបច្ចុប្បន្ន ធ្វើឱ្យគណបក្សប្រឆាំងពិបាកបំពេញសកម្មភាពដោយសេរី និងត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះការបញ្ចេញមតិ ព្រោះអាចប្រឈមនឹងការចាប់កំហុស និងការចោទប្រកាន់តាមផ្លូវច្បាប់។ លោកបន្តថា ស្ថានភាពនេះបង្កការព្រួយបារម្ភដល់អ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ។
លោក សុខ គឹមសេង សង្កត់ធ្ងន់ថា គណបក្សកម្លាំងជាតិ ប្ដេជ្ញាធ្វើនយោបាយស្របតាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស និងទាមទារឱ្យមានការប្រកួតប្រជែងដោយសេរី ស្មើភាព ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមច្បាប់ និងរដ្ឋធម្មនុញ្ញកម្ពុជា។
លោកថា៖ «គោលដៅរបស់គណបក្សកម្លាំងជាតិ គឺឆ្ពោះទៅការប្រកួតប្រជែង នៅឆ្នាំ២០២៧ និង២០២៨។ អញ្ចឹងកិច្ចការងារយើងធ្វើ អត់មានធ្វើអីផ្សេង ក្រៅអំពីកិច្ចការងារបោះឆ្នោតទេ។ ហើយអ្វីដែលជាសកម្មភាពអុកឡុក រំខានកន្លងមក មិនមែនត្រឹមតែធ្វើឱ្យគណបក្សកម្លាំងជាតិមិនចុះប្រជាប្រិយភាពទេ កាន់តែធ្វើឱ្យប្រជាប្រិយភាពគណបក្សកាន់តែឡើង ហើយធ្វើឱ្យសកម្មជនអ្នកគាំទ្រគណបក្សកាន់តែរឹងមាំថែមទៀត»។
ក្រៅពីគណបក្សទាំងពីរនេះ ក៏មានសកម្មភាពរារាំងពីអាជ្ញាធររដ្ឋាភិបាលផងដែរ ក្នុងនោះសកម្មជនគណបក្សប្រជាធិបតេយ្យជឿនលឿន ក៏រងការគំរាមដកហូតប័ណ្ណសមធម៌ជាដើម។
អ្នកនាំពាក្យគណបក្សនេះ គឺលោក ប៉ោ មករា យល់ថា ការបោះឆ្នោតសេរី ត្រឹមត្រូវ និងយុត្តិធម៌ ត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់បោះឆ្នោត ច្បាប់ស្តីពីគណបក្សនយោបាយ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ដោយគ្មានការបង្ខិតបង្ខំ ការគំរាមកំហែង អំពើហិង្សា ការទិញសន្លឹកឆ្នោត ឬការរំខានដល់សកម្មជនគណបក្សប្រកួតប្រជែង។ លោកថា គណបក្សនយោបាយត្រូវមានសេរីភាពទទួលព័ត៌មាន ជជែកដេញដោល ជួបជុំ និងផ្សព្វផ្សាយគោលនយោបាយដោយស្មើភាព ខណៈអាជ្ញាធរមូលដ្ឋានត្រូវធានាសុវត្ថិភាព និងជៀសវាងការជ្រៀតជ្រែក ឬដាក់សម្ពាធលើគណបក្សក្រៅរដ្ឋាភិបាល។
លោកទទូចឱ្យរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធអនុវត្តច្បាប់ដោយស្មើភាព និងគោរពសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ស្តីពីការសម្របសម្រួលការជួបជុំ និងការផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សប្រឆាំង ដើម្បីធានាការប្រកួតប្រជែងប្រកបដោយសេរីភាព និងភាពថ្លៃថ្នូរ។ ដូច្នេះ អ្នកឈ្នះគួរទទួលបានការគាំទ្រពិតប្រាកដពីប្រជាពលរដ្ឋ ហើយអ្នកចាញ់អាចទទួលយកលទ្ធផលដោយសន្តិវិធី ដើម្បីលើកកម្ពស់សាមគ្គីភាព និងភាតរភាពរវាងខ្មែរនិងខ្មែរ។
លោក ប៉ោ មករា ថ្លែងថា៖ «អញ្ចឹងទេ ឱ្យអាជ្ញាធរពាក់ព័ន្ធនៅតាមមូលដ្ឋានហ្នឹង គួរគោរពតួនាទីរបស់គាត់ និងគោរពការណែនាំរបស់ក្រសួងមហាផ្ទៃ ជៀសវាងអនុវត្តមិនស្មើគ្នាចំពោះមុខច្បាប់ អនុវត្តមិនស្មើភាពគ្នានឹងគូប្រកួតរបស់ខ្លួនឯងណា ជាក់ស្ដែងគឺគណបក្សកាន់អំណាចជាមួយនឹងគណបក្សប្រឆាំង គឺជាគណបក្សដែលប្រកួតប្រជែងយកអាសនៈនៅឃុំសង្កាត់ហ្នឹងតែម្តង»។
ជុំវិញករណីនេះ ប្រធានមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (ហៅកាត់ថា សង់ត្រាល់ / CENTRAL) លោក មឿន តុលា យល់ថា ការរំខាន ការយាយី និងការដាក់សម្ពាធឱ្យគណបក្សនយោបាយផ្ដាច់ទំនាក់ទំនងពីបុគ្គលណាមួយ គឺជារឿងមិនត្រឹមត្រូវ និងផ្ទុយនឹងស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ លោកថា កម្ពុជាមានកាតព្វកិច្ចអន្តរជាតិក្នុងការគោរពសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ព្រមទាំងធានាឱ្យគណបក្សនយោបាយទាំងអស់ អាចបំពេញតួនាទីដោយសេរី ដោយគ្មានការធ្វើទុក្ខបុកម្នេញពីគណបក្សកាន់អំណាច ឬអាជ្ញាធរ។
លោកមើលឃើញថា ការរឹតត្បិតសិទ្ធិទាំងនេះ បានធ្វើឱ្យកម្ពុជារងការរិះគន់ពីអង្គការសហប្រជាជាតិ និងជាប់ពាក់ព័ន្ធនឹងការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន ២០% របស់សហភាពអឺរ៉ុបកន្លងមក ហើយលោកបារម្ភថា កម្ពុជាអាចលំបាកទទួលបានប្រព័ន្ធអនុគ្រោះពន្ធថ្មីពីសហភាពអឺរ៉ុប។
លោក មឿន តុលា ថ្លែងថា៖ «បន្តិចទៀតនេះ កម្ពុជាគឺនឹងផុត EBA។ ហើយយើងកំពុងតែសម្លឹងមើល ក្នុងការដាក់ពាក្យស្នើសុំប្រព័ន្ធអាទិភាពពន្ធរបស់សហគមន៍អឺរ៉ុប សហគមន៍អឺរ៉ុបមួយទៀត គឺ GSP Plusហ្នឹងណា។ ហើយអា GSP Plus ហ្នឹង វាធ្ងន់ជាង EBA ទៀត វាមានលក្ខខណ្ឌតឹងជាង EBA បើសិនជាយើងនៅតែមិនមានលំហប្រជាធិបតេយ្យ មិនមានការគោរពសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ សិទ្ធិមនុស្ស ទូទៅ ការគោរពសិទ្ធិកម្មករ និងការការពារបរិស្ថានឱ្យបានច្បាស់លាស់ទេ ខ្ញុំបារម្ភខ្លាចក្រែងតែយើង អត់ទទួលបាន GSP Plus ពីសហគមន៍អឺរ៉ុបហ្នឹងឯងបាទ»។
មន្ត្រីសង្គមស៊ីវិល និងអ្នកឃ្លាំមើល បង្ហាញក្ដីបារម្ភដូចគ្នាថា ការបន្តរឹតត្បិត និងធ្វើទុក្ខបុកម្នេញលើគណបក្សប្រឆាំង មិនត្រឹមតែបំផ្លាញទំនុកចិត្តរបស់ប្រជាពលរដ្ឋលើប្រព័ន្ធបោះឆ្នោតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យរូបភាពប្រជាធិបតេយ្យរបស់កម្ពុជាលើឆាកអន្តរជាតិ កាន់តែធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ។ ដូច្នេះ ការប្រកួតប្រជែងនយោបាយដែលខ្វះភាពស្មើភាព និងខ្វះបរិយាកាសសេរី នឹងធ្វើឱ្យលទ្ធផលនៃការបោះឆ្នោតដែលចេញមកខ្វះភាពស្របច្បាប់ពេញលេញ ទាំងនៅក្នុងភ្នែករបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត និងសហគមន៍អន្តរជាតិ៕









