ប្រធានាធិបតី​ប្រេស៊ីល​នឹង​ជួប​ការ​លំបាក​បំផុត​ក្នុង​ការ​ដឹកនាំ​ប្រទេស​​នៅ​អាណត្តិ​​ចុង​ក្រោយ​

លោក​ លូអ៊ីស​ អ៊ីណាស៊ីយ៉ូ​ លូឡា​ ដា​ស៊ីលវ៉ា​ ប្រធានាធិបតី​​វ័យ​​ជាង​ ៨០​ ឆ្នាំ​ ​របស់​​ប្រទេស​​ប្រេស៊ីល​ កំពុង​​ប្រឈម​មុខ​​នឹង​​​ការ​​តស៊ូ​​យ៉ាង​​លំបាក​​តាំង​​ពី​​ថ្ងៃ​​ដំបូង​​នៃ​​អាណត្តិ​​ចុង​ក្រោយ​​របស់​​លោក​។ នេះ​​បើ​តាម​ការ​បញ្ជាក់​ពី​ក្រុម​អ្នក​វិភាគ​ ខណៈ​ដែល​ផែនការ​របស់​លោក​ត្រូវ​បាន​រារាំង​ដោយ​បញ្ហា​សេដ្ឋកិច្ច​ និង​រដ្ឋសភា​ដែល​​គ្រប់គ្រង​ដោយ​ក្រុម​ស្តាំនិយម​។

ក្នុង​នាម​ជា​ប្រធានាធិបតី​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​ លោក​ លូឡា​ បាន​ទទួល​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​​ផ្តាច់​ព្រ័ត្រ​​​លើ​ ​លោក​ ហ្វ្លាវីយ៉ូ​ បូលសូណារ៉ូ​ ដោយ​ទទួលបាន​សំឡេង​ ៥១,៨%​ និង​ឈ្នះ​អាណត្តិ​ទីបួន​ ត្រឹម​តែ​ពីរ​ថ្ងៃ​មុន​ថ្ងៃ​ខួបកំណើត​គម្រប់​ ៨១​ ឆ្នាំ​​របស់​លោក​។

លោក​នឹង​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ទី​​៥​ ខែ​មករា​ ខាងមុខ​ បន្ទាប់ពី​ការ​បោះឆ្នោត​ចុងក្រោយ​របស់​លោក​ ដោយ​​រក្សា​អំណាច​ក្នុង​ប្រទេស​ដែល​បាន​ងាក​ទៅ​រក​ផ្នែក​ស្តាំនិយម​យ៉ាង​ខ្លាំង​។ លោក​ ម៉ាយខល​ អាន​ ផាល​ប៊ឺគ​ មក​ពី​វិទ្យាស្ថាន​ មជ្ឈមណ្ឌល​សម្រាប់​នយោបាយ​អន្តរជាតិ​ (Center for International Policy) បាន​ថ្លែង​ថា​៖ «លោក​ លូឡា​ គឺជា​អ្នក​​នយោ​បាយ​ដែល​មាន​ឥទ្ធិពល​ ប៉ុន្តែ​លោក​មាន​ភាព​ទន់ខ្សោយ​​ជាង​មុន​»។

រដ្ឋសភា​ថ្មី​របស់​ប្រេស៊ីល​ គឺជា​សភា​ដែល​មាន​ទំនោរ​អភិរក្ស​និយម​បំផុត​ ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ​​១៩៨០​ ដោយ​​បក្ស​​របស់​ ​លោក​ បូលសូណារ៉ូ​ និង​សម្ព័ន្ធមិត្ត​ទទួលបាន​សំឡេង​ភាគច្រើន​ទាំងពីរ​។ លោក​ អូលីវើ​ ស្ទើន​ឃើល​ សាស្ត្រា​ចារ្យ​​ទំនាក់ទំនង​​អន្តរជាតិ​ នៃ​មូលនិធិ​ ហ្សេទូលីយ៉ូ​ វ៉ាហ្គាស​ (Getulio Vargas) បាន​ព្យាករណ៍​​ថា​ លោក​ លូឡា​ នឹង​ជួប​ការ​លំបាក​ក្នុង​ការ​បង្កើត​សម្ព័ន្ធភាព ​ដើម្បី​អនុម័ត​របៀបវារៈ​របស់​លោក​ ដោយ​​ក្លាយជា​ប្រធានាធិបតី​គ្មាន​អំណាច​ (lame duck) ចាប់ពី​ដើមទី​។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ​ លោក​ បូលសូណារ៉ូ​ ដែល​ជា​កូនប្រុស​របស់​អតីត​ប្រធានាធិបតី​ ហ្សាអៀរ​ បូលសូណារ៉ូ​ មិន​ទាន់​បាន​ទទួលស្គាល់​ការ​បរាជ័យ​នៅ​ឡើយ​ទេ​ ហើយ​រដ្ឋសភា​បាន​ក្តាប់​អំណាច​ខ្លាំង​លើ​ការ​ចំណាយ​របស់​​រដ្ឋាភិបាល​ ដែល​អាច​រារាំង​ការ​រក្សា​កម្មវិធី​សុខុមាលភាព​របស់​លោក​ លូឡា​។ ទន្ទឹម​នឹង​នេះ​ រដ្ឋាភិបាល​​​ព្យាករណ៍​កំណើន​​សេដ្ឋកិច្ច​ត្រឹម​ ២,៣%​ នៅ​ឆ្នាំ​ក្រោយ​ បន្ថែម​លើ​បញ្ហា​សារពើពន្ធ​ដែល​ធ្ងន់ធ្ងរ​ដោយ​សារ​​អត្រា​​ការ​ប្រាក់​​ខ្ពស់​ និង​​បំណុល​​សាធារណៈ​​​លើស​ ៨២%​ នៃ​ GDP។

លោកស្រី​ ម៉ូនីកា​ ដឺ​ បូល​ ពី​វិទ្យាស្ថាន​ ភីធឺសិន​ (Peterson Institute) បាន​លើកឡើង​ថា​ រដ្ឋសភា​ដែល​មាន​​​ជំហរ​ប្រឆាំង​​នឹង​ធ្វើ​ឱ្យ​ការ​កែទម្រង់​ និង​ការ​គ្រប់គ្រង​ថវិកា​កាន់តែ​ពិបាក​។ សន្យា​របស់​លោក​ លូឡា​ ក្នុង​ការ​​​ដំឡើង​ប្រាក់​​ឈ្នួល​អប្បបរមា​ និង​កាត់បន្ថយ​ការ​លើកលែង​ពន្ធ​ ក៏​កំពុង​ប៉ះទង្គិច​នឹង​សម្ពាធ​គ្រប់​គ្រង​​​បំណុល​ផង​ដែរ​ ដោយ​​លោក​ អង់ដ្រេស​ អាបាឌីយ៉ា​ ប្រធាន​អ្នក​សេដ្ឋកិច្ច​នៅ​ ផេនធីអន​ ម៉ាក្រូអេកូណូមិក​ (Pantheon Macroeconomics) បាន​បញ្ជាក់​ថា​ នយោបាយ​សារពើពន្ធ​នៅតែ​ជា​បញ្ហា​ប្រឈម​ធំបំផុត​។

អ្នក​វិភាគ​ បាន​និយាយ​ថា​ វិបត្តិ​សេដ្ឋកិច្ច​អាច​ជំរុញ​ឱ្យ​មាន​យុទ្ធនាការ​ទម្លាក់​លោក​ លូឡា​ ចេញពី​តំណែង​ (impeachment) ដោយ​​ប្រៀបធៀប​ទៅ​នឹង​វិបត្តិ​ឆ្នាំ​​២០១៤-២០១៦​ របស់​លោកស្រី​ ឌីលម៉ា​ រូសសេហ្វ​។ លោក​ ប៉ូឡូ​ ក្រេមឺ​ អ្នក​វិទ្យាសាស្ត្រ​នយោបាយ​ បាន​និយាយ​ថា​ យុទ្ធនាការ​ទម្លាក់​លោក​ លូឡា​ បាន​ចាប់ផ្តើម​​ហើយ​។ វិនិយោគិន​បាន​​ប្រតិ​កម្ម​​ដោយ​​ភាព​ព្រួយបារម្ភ​ ដោយ​ធ្វើ​ឱ្យ​ទ្រព្យសកម្ម​របស់​ប្រេស៊ីល​ធ្លាក់ចុះ​នៅ​​ព្រឹក​​ថ្ងៃ​ទី២៦​ ខែ​តុលា​។

រដ្ឋសភា​ទំនងជា​នឹង​រារាំង​ការ​តែងតាំង​បុគ្គលិក​សំខាន់ៗ​របស់​ លោក​ លូឡា​ ដូចជា​នៅ​តុលាការ​កំពូល​ និង​ធនាគារ​កណ្តាល​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ