ការ​បោះ​ឆ្នោត​​​ដ៏​​សំខាន់​​នៅ​​អ៊ីស្រា​អែល​​បង្ហាញ​​ថា មិន​​ទាន់​​​មាន​​​អ្នក​​ឈ្នះ​​ដាច់​​ខាត​​ឡើយ

ការ​ស្ទង់មតិ​ក្រោយ​ការ​បោះឆ្នោត (Exit polls) កាលពី​ថ្ងៃ​ទី២៧ ខែ​​តុលា បង្ហាញ​​ថា មិន​​​ទាន់​មាន​​អ្នក​ឈ្នះ​​ដាច់​​ខាត​​ឡើយ នៅ​​ក្នុង​ការ​បោះឆ្នោត​​សកល​ដ៏​សំខាន់​​របស់​ប្រទេស​អ៊ីស្រាអែល ដោយ​ទាំង​លោក​នាយក​រដ្ឋ​មន្ត្រី បេនចាមីន នេតាន់​យ៉ាហ៊ូ (Benjamin Netanyahu) និង​លោក ហ្គាឌី អ៊ីសិនខុត (Gadi Eisenkot) សុទ្ធតែ​មិន​ទាន់​ទទួលបាន​សំឡេង​​ភាគច្រើន។

​ទូរទស្សន៍​អ៊ីស្រាអែល​ចំនួន​ពីរ បាន​ព្យាករណ៍​ថា «ប្លុក​ផ្លាស់ប្តូរ» (Change Bloc) របស់​លោក ហ្គាឌី អ៊ីសិនខុត ទទួលបាន ៥១ កៅអី នៅ​​ក្នុង​សភា (Knesset) ទាំង ១២០ កៅអី ស្មើគ្នា​នឹង​ប្លុក​របស់​លោក បេន​ចាមីន នេតាន់យ៉ាហ៊ូ ដែរ ខណៈ​ទូរទស្សន៍​ទីបី​ព្យាករណ៍​ថា លោក បេនចាមីន នេតាន់យ៉ាហ៊ូ នាំមុខ ៣ កៅអី។ លទ្ធផល​ចុងក្រោយ នឹង​អាស្រ័យ​​លើ​​គណបក្ស​អារ៉ាប់​ទាំងពីរ ដែល​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​ឈ្នះ ១៨ ទៅ ១៩ កៅអី។

​អត្រា​អ្នក​ទៅ​បោះឆ្នោត​មាន​រហូត​ដល់ ៧៧.៧% ដែល​ជា​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​។ លទ្ធផល​​ផ្លូវការ​នឹង​ចេញ​ជា​បន្ត​​បន្ទាប់ ប៉ុន្តែ​សន្លឹកឆ្នោត​អវត្តមាន​ប្រហែល ៦០០,០០០ សំឡេង (ភាគច្រើន​ជា​ទាហាន) នឹង​ត្រូវ​រាប់​រួចរាល់​នៅ​ថ្ងៃ​ទី២៩ ខែ​តុលា។

​ក្រោយ​មក ប្រធានាធិបតី​នឹង​អញ្ជើញ​មេដឹកនាំ​ដែលមាន​ឱកាស​ខ្ពស់​ជាងគេ ឱ្យ​បង្កើត​រដ្ឋាភិបាល​ចម្រុះ ដែល​ដំណើរ​ការ​​នេះ​ ​អាច​ស៊ីពេល​រាប់​សប្តាហ៍ ហើយ​ប្រសិនបើ​បរាជ័យ នឹង​ត្រូវ​បោះឆ្នោត​ឡើងវិញ។

​នៅ​ទីស្នាក់ការ​បក្ស​របស់​លោក ហ្គាឌី អ៊ីសិនខុត អ្នកគាំទ្រ​បាន​ស្រែក​អបអរសាទរ ខណៈ​លោក​ប្រកាស​ថា​បាន «បង្កើត​​ប្រវត្តិ​សាស្ត្រ» ហើយ​អតីត​នាយករដ្ឋមន្ត្រី Yair Lapid បាន​និយាយ​ថា ប្លុក​លោក បេនចាមីន នេតាន់​យ៉ាហ៊ូ បាន​​រង​​បរាជ័យ​​យ៉ាង​ធ្ងន់ធ្ងរ។

​ទោះជាយ៉ាងណា ខាង​ភាគី​លោក បេនចាមីន នេតាន់យ៉ាហ៊ូ មិន​ទាន់​ចុះចាញ់​ឡើយ ដោយ​មន្ត្រី​ជាន់ខ្ពស់​បក្ស​​លោក​លើកឡើង​ថា ការ​អបអរសាទរ​របស់​បក្ស​ប្រឆាំង​គឺ​ឆាប់រហ័ស​ពេក។ ក្រោយមក លោក បេនចាមីន នេតាន់យ៉ាហ៊ូ បាន​ប្រកាស​ថា ប្លុក​ស្តាំនិយម​របស់​លោក​មាន «សំឡេង​ភាគច្រើន​ដ៏​អស្ចារ្យ»។ គណបក្ស​អារ៉ាប់​ទាំងពីរ — United Arab List និង Joint List — កំពុង​លេចធ្លោ​ជា «អ្នក​កំណត់​ជោគវាសនា» (kingmakers) ក្នុង​ការ​បោះឆ្នោត​នេះ។

​ការ​បោះឆ្នោត​នេះ គឺជា​លើក​ដំបូង​ចាប់តាំងពី​ការ​វាយប្រហារ​របស់​ក្រុម​ហាម៉ាស កាលពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០២៣ និង​សង្គ្រាម​បន្តបន្ទាប់​នៅ​ហ្គាហ្សា លីបង់ និង​អ៊ីរ៉ង់។ ប្រជាជន​អ៊ីស្រាអែល ​ចាត់ទុកថា វា​ជា​ការ​​បោះ​ឆ្នោត​​ដ៏​សំខាន់​បំផុត​មួយ ដែល​សម្រេច​លើ​ការទទួលខុសត្រូវ​ផ្នែក​សន្តិសុខ ការ​ដឹកនាំ​សង្គ្រាម ការ​កែ​ទម្រង់​​តុលាការ និង​ជំហរ​អន្តរ​ជាតិ​​របស់​​ប្រទេស។

​សំណើ​របស់​បក្ស Likud ក្នុង​ការ​សុំ​ពន្យារពេល​ម៉ោង​បោះឆ្នោត ត្រូវ​បាន​បដិសេធ ដោយ​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​បញ្ជាក់​ថា មិន​មាន​ហេតុផល​ចាំបាច់​ត្រូវ​ពន្យារពេល​នោះ​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ