ប្រព័ន្ធ​​យុត្តិធម៌​​កម្ពុជា​​បន្ត​​ស្ថិត​​នៅ​​ជិត​​បាត​​តារាង តែ​​រដ្ឋាភិ​បាល​​​ថា​​មិន​​ឆ្លុះ​​បញ្ចាំង​​ពី​​ការ​​ពិត

មិន​ខុស​ពី​ឆ្នាំ​មុនៗ កម្ពុជា​បន្ត​ស្ថិត​ក្នុង​ចំណោម​ប្រទេស​​​ដែល​មាន​​ចំណាត់​ថ្នាក់​​ទាប​​បំផុត​ ​លើ​​សន្ទស្សន៍​​នីតិ​រដ្ឋ​​ឆ្នាំ​២០២៦ ដោយ​​ស្ថិត​​នៅ​​លេខ​រៀង​​ទី ១៤០ ក្នុង​​ចំណោម ១៤៣ ប្រទេស។ នេះ​​បើ​​យោង​​តាម​​សន្ទស្សន៍​​ប្រចាំ​​ឆ្នាំ​​របស់​​គម្រោង​​​យុត្តិ​ធម៌​​ពិភព​លោក (World Justice Project) ដែល​ចេញ​ផ្សាយ​នៅ​ចុង​ខែ​តុលា ឆ្នាំ​២០២៦ នេះ។

បើ​ធៀប​នឹង​ឆ្នាំ​២០២៥ លេខរៀង​នេះ​​បាន​កើន​ឡើង​មួយ​លេខ ពី ១៤១ មក ១៤០ តែ​​ពិន្ទុ​​សរុប​​ស្ថិត​​​នៅ​ដដែល។ ក្នុង​​លេខរៀង​ទី ១៤០ នេះ កម្ពុជា​ទទួល​បាន​ពិន្ទុ​​សរុប ០,៣១ លើ​​ពិន្ទុ​​អតិបរមា ១ ដែល​ជា​ចំណាត់​​ថ្នាក់​ទាប​ជាងគេ​បំផុត ​​ក្នុង​ចំណោម​ប្រទេស​នៅ​តំបន់​អាស៊ាន និង​​នៅ​លើ​​ប្រទេស​​ចំនួន ៣ ប៉ុណ្ណោះ រួម​មាន ប្រទេស​​ហៃទី អាហ្វហ្គា​នីស្ថាន និង​​វេណេស៊ុយ​អេឡា ដែល​​ស្ថិត​នៅ​បាត​​តារាង​​​បំផុត ខណៈ​​ដាណឺម៉ាក​​​ជាប់​ចំណាត់​ថ្នាក់​​លេខ ១ ដោយ​​​ទទួលបាន​​ពិន្ទុ ០,៩០ ជា​​ប្រទេស​​មាន​​នីតិរដ្ឋ​​​ល្អ​បំផុត​​លើ​​លោក។

តាមរយៈ​លទ្ធផល​នៃ​សន្ទស្សន៍​នេះ គម្រោង​យុត្តិធម៌​ពិភពលោក បាន​បង្ហាញ​ថា បញ្ហា​នីតិរដ្ឋ និង​សិទ្ធិមនុស្ស​ ​នៅ​តែ​​ជា​​ប្រធាន​បទ​​នៃ​​ការ​​ព្រួយ​បារម្ភ ក្នុង​នោះ មូលហេតុ​ដែល​កម្ពុជា​នៅ​មាន​ចំណាត់ថ្នាក់​ទាប​លើ​​ប្រព័ន្ធ​​យុត្តិធម៌ គឺ​មក​​ពី​​រដ្ឋាភិបាល​នៅតែ​ប្រើ​ឥទ្ធិពល​លើ​ប្រព័ន្ធ​តុលាការ ពិសេស​លើ​រឿងក្តី​ធំៗ​ទាក់ទង​នឹង​នយោបាយ។

គម្រោង​យុត្តិធម៌​ពិភពលោក ក៏​បាន​វាយតម្លៃ​លើ​កត្តា​សំខាន់ៗ​ចំនួន ៨ រួម​មាន ការកំណត់​ដែន​អំណាច​រដ្ឋាភិ​បាល និង​ការទទួលខុសត្រូវ​ចំពោះ​ច្បាប់ ការប្រឆាំង​អំពើពុករលួយ តម្លាភាព និង​ការបើកចំហ​របស់​រដ្ឋាភិ​បាល ការគោរព​​សិទ្ធិ​​ជា​មូលដ្ឋាន សណ្តាប់ធ្នាប់ និង​សន្តិសុខ ការអនុវត្ត​បទប្បញ្ញត្តិ​ច្បាប់ ប្រសិទ្ធភាព​នៃ​​ប្រព័ន្ធ​យុត្តិធម៌​រដ្ឋប្បវេណី និង​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ឯម ច័ន្ទមករា ប្រាប់​វីអូឌី នៅ​ថ្ងៃទី​២៨ ខែ​តុលា តាម​សារ​សំណេរ​ថា បើទោះ​​បីជា​​ចំណាត់ថ្នាក់​របស់​​កម្ពុជា​​មាន​ការកើនឡើង​វិជ្ជមាន​មួយ​លេខ ក៏​ចំណាត់ថ្នាក់​នេះ​នៅតែ​មិន​ទាន់​ឆ្លុះ​​​បញ្ចាំង​​ពេញ​លេញ អំពី​​ទិដ្ឋភាព​ជាក់ស្តែង​​នៃ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​​នោះ​ទេ។ លោក​គូសបញ្ជាក់​ថា គម្រោង​​យុត្តិធម៌​ពិភព​លោក (WJP) មិន​​បាន​យក​​របាយការណ៍​​នោះ​​មក​​ធ្វើ​ការ​​ពិគ្រោះ​​យោបល់ ជាមួយ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ឬ​ស្ថាប័ន​រដ្ឋ​ដែល​​ជា​​អ្នកអនុវត្ត​ច្បាប់​ផ្ទាល់​នោះ​ឡើយ ដោយ​ភាគច្រើន គឺ​ផ្អែក​តែ​លើ​ការស្ទង់មតិ និង​ការវាស់ស្ទង់​ទៅលើ​ការយល់ឃើញ។

ជា​ការឆ្លើយតប​បន្ថែម លោក​ឱ្យ​ដឹង​ថា រដ្ឋាភិបាល​ក្នុង​អាណត្តិ​នេះ​ មាន​ភាពសកម្ម​ក្នុងការ​កែទម្រង់​ប្រព័ន្ធ​យុត្តិ​ធម៌ តាមរយៈ​យុទ្ធនាការ​ជំរុញ និង​ពន្លឿន​ការដោះស្រាយ​រឿងក្តី​នៅ​តាម​តុលាការ ដើម្បី​កាត់បន្ថយ​ការ​កក​ស្ទះ​​សំណុំរឿង, យុទ្ធនាការ​ត្រួតពិនិត្យ និង​ដោះស្រាយ​ភាពមិនប្រក្រតី​នៅ​តាម​តុលាការ ដើម្បី​ធានា​​ឱ្យ​​បាន​​នូវ​ភាពស្អាតស្អំ តម្លាភាព និង​យុត្តិធម៌, ការដាក់ចេញ​យន្តការ «អាជ្ញាធរជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ» ហៅកាត់ថា អ.ដ.ក. និង​ការពង្រឹង​យ៉ាង​តឹងរ៉ឹង​នូវ​វិន័យ ព្រមទាំង​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​ចៅក្រម ព្រះរាជអាជ្ញា និង​មន្ត្រី​តុលាការ​​ជាដើម។

យ៉ាងណា លោក​បញ្ជាក់​បន្ថែម​ថា ក្រសួងយុត្តិធម៌​បើកចំហ​ទទួលយក​មតិ​រិះគន់​ស្ថាបនា ដោយ​គោលដៅ​ធំ​បំផុត និង​ចម្បង​បំផុត​នៃ​ការកែទម្រង់​ប្រព័ន្ធ​ច្បាប់ និង​យុត្តិធម៌​របស់​កម្ពុជា គឺ​មិនមែន​ធ្វើឡើង​ត្រឹមតែ​ដើម្បី​​​រត់​តាម​តួលេខ ឬ​ដើម្បី​បាន​ចំណាត់ថ្នាក់​ល្អ​ពី​ស្ថាប័ន​ណាមួយ​នោះ​ឡើយ ប៉ុន្តែ​គឺ​ដើម្បី​ការបម្រើ​ផលប្រយោជន៍​​ជាតិ ធានា​ការការពារ​សិទ្ធិ​ប្រជាពលរដ្ឋ និង​ផ្តល់​នូវ​សេវា​យុត្តិធម៌​មួយ​ដែល​ពលរដ្ឋ​អាច​ជឿទុក​ចិត្ត​​​បាន ស្របតាម​​ទិស​ស្លោក «យុត្តិធម៌ ត្រូវតែ​មាន​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់រូប»។

អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ដែល​កម្ពុជា​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទាប​ស្ទើរ​បាត​តារាង​ទៅលើ​កម្រិត​យុត្តិ​ធម៌ និង​នីតិរដ្ឋ​នៅក្នុង​សង្គម។ បើ​តាម​អ្នកតាមដាន ចំណាត់ថ្នាក់​នេះ គឺ​ឆ្លុះបញ្ចាំង​ពី​តថភាព​ជាក់ស្តែង តាម​រយៈ​ការប្រើប្រាស់​អំណាច​របស់​រដ្ឋាភិបាល ទៅលើ​ការធ្វើទុក្ខបុកម្នេញ​លើ​សកម្មជន គណបក្ស​ប្រឆាំង ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​អ្នកប្រើប្រាស់​សិទ្ធិ​សេរីភាព​នៃ​ការបញ្ចេញមតិ រួមទាំង​អំពើពុករលួយ​ក្នុង​​ជួរ​​រដ្ឋាភិបាល​ផ្ទាល់។

ទាក់ទិន​រឿង​នេះ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ លោក ស៊ឹង សែនករុណា យល់ស្រប​នឹង​ចំណាត់ថ្នាក់​នីតិរដ្ឋ និង​យុត្តិធម៌ ព្រោះ​រដ្ឋាភិបាល​នៅតែ​បន្ត​ប្រើប្រាស់​អំណាច​ទាំង​តុលាការ និង​ការបង្កើត​ច្បាប់ ដើម្បី​បង្ក្រាប និង​គាបសង្កត់​ទៅលើ​ប្រជាពលរដ្ឋ ព្រមទាំង​ក្រុម​ដែល​រដ្ឋាភិបាល​ចាត់ទុកថា​ប្រឆាំង​នឹង​ការដឹកនាំ​របស់​ខ្លួន។

ទន្ទឹមគ្នានេះ លោក​កត់សម្គាល់​ឃើញ​ពី​ភាពមិនប្រក្រតី​លើ​ការជ្រើសរើស​ធនធាន​មនុស្ស​ចូល​ក្នុង​ជួរ​មន្ត្រីរាជការ ដែល​​ភាគច្រើន​មិនមែន​ជ្រើសរើស​អ្នកបម្រើ​រាស្ត្រ​ពិតប្រាកដ។ សម្រាប់​លោក ស៊ឹង សែនករុណា ស្ថាន​ភាព​យុត្តិធម៌ និង​​នីតិរដ្ឋ​នៅ​កម្ពុជា ពិបាក​នឹង​មាន​ភាពល្អប្រសើរ។

លោកថា៖ «អ៊ីចឹងខ្ញុំមិ​នមានសង្ឃឹមថានឹងមានការកែប្រែទេ ពីព្រោះយើងឃើញ​​ហើយ​​ក្នុង​​​រ​យៈកា​លថ្មី​ៗ​ហ្នឹង ខាង​គណបក្ស​កាន់​អំណាច បាន​ប្រើ​ប្រាស់​គ្រប់​រូប​ភាព រួម​ទាំង​ការ​ប្រើ​ប្រាស់​ការ​​គំរា​ម​កំហែង​តាម​ប្រព័ន្ធ​តុលាការ ការ​គំរាម​កំហែង​ដោយ​សមត្ថ​កិច្ច អាជ្ញាធរ ការ​គំរាម​​កំហែ​ង​​ដោយ​​ប្រើ​​​ប្រាស់​រូប​ភាព​​​​ជា​អង្គ​ការ​សង្គម​ស៊ីវិល ដើម្បី​រឹត​ត្បិត​សេរីភាព​នយោ​បាយ និង​​បំបាក់​ស្មារតី​ពលរដ្ឋ​​ជាដើម»។

បើ​តាម​របាយការណ៍​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ គិត​មក​ទល់​ពេល​នេះ មាន​ពលរដ្ឋ​កម្ពុជា​យ៉ាងហោច​ណាស់ ១០៩ នាក់ ដែល​កំពុង​ជាប់ឃុំ​ឃាំង ដោយសារ​ការប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន។ ក្នុង​នោះ មា​ន​អ្នក​ជាប់ឃុំ​ដោយ​សារ​​នយោ​បាយ​​ចំនួន ៤១ នាក់ បរិស្ថាន​ចំនួន ៥ នាក់ អ្នកសារព័ត៌មាន ៧ នាក់ ដីធ្លី ១ នាក់ សហជីព ១ នាក់ និង​ករណី​ផ្សេងទៀត​ចំនួន ៥២ នាក់។

បើ​តាម​អ្នកតាមដាន អ្នកទោស​ទាំងនេះ​​ភាគច្រើន​ជាប់ឃុំ ដោយសារ​រដ្ឋាភិបាល​ប្រើប្រាស់​អំណាច​តុលាការ​​កំហិត​​​លើ​សកម្ម​ភាព និង​សំឡេង​របស់​ពួកគេ​ដោយ​ខុសច្បាប់ ព្រមទាំង​ការអូសបន្លាយ​នីតិវិធី ដើម្បី​​ញាំញី​ដល់​សេរីភាព និង​ផ្លូវចិត្ត​របស់​ពួកគេ និង​ក្រុម​គ្រួសារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ