រដ្ឋាភិបាលមួយដែលកំពុងរងការរិះគន់ពីការរំលោភសិទ្ធិមនុស្ស ពុករលួយ និងបក្ខពួកនិយម រួមទាំងបង្កើតទីលានប្រកួតនយោបាយខ្វះសុច្ចរិតភាព បានជំរុញឱ្យយុវជនបង្កើនសមត្ថភាពក្នុងវិស័យអប់រំ ដើម្បីអនាគតភ្លឺស្វាង ការណ៍នេះជំរុញឱ្យមានការលើកឡើងពីភាពចាំបាច់ត្រូវកែទម្រង់ជាប្រព័ន្ធ ទើបអាចបើកផ្លូវឱ្យយុវជន ទទួលបានគុណប្រយោជន៍ពីថ្នាលបណ្តុះធនធានមនុស្ស។
ក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេសA នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត៣ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងដោយជំរុញដល់យុវជន ត្រូវខិតខំពង្រឹងសមត្ថភាពខ្លួនឯងបន្ថែមទៀត ដើម្បីភាពជោគជ័យ និងអនាគតភ្លឺស្វាង បើទោះជាការសិក្សារបស់ខ្លួនបាននិទ្ទេសល្អក៏ដោយ។
លោកបន្តថា៖ «ចឹងក្មួយៗតែប៉ុណ្ណឹងទេ ឱ្យយកចិត្តទុកដាក់ទៅលើ៣ ដូចរដ្ឋាភិបាលគិតគូរលើប្រជាពលរដ្ឋចឹង ក្មួយៗក៏គិតគូរខ្លួនឯងលើ៣ទៅ ទី១សុខភាព ទី២ចំណេះដឹងបំនិន ហើយទី៣គឺការងារ រដ្ឋខំប្រឹងផ្តល់ឱកាស៣ហ្នឹង»។
លោកនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា មូលធនមនុស្សជាគ្រឹះដ៏រឹងម៉ាំនៃការអភិវឌ្ឍប្រទេសជាតិ ពោលគឺការអភិវឌ្ឍជាតិឱ្យរីកចម្រើន រឹងមាំ បរិយាប័ន្ន និងចីរភាព ត្រូវពឹងផ្អែកលើគុណភាពធនធានមនុស្ស ដែលមានទាំងចំណេះដឹង ជំនាញ សីលធម៌វិជ្ជាជីវៈ វិន័យ និងឧត្តមគតិស្នេហាជាតិ។
ជុំវិញការលើកឡើងរបស់នាយករដ្ឋមន្ត្រីនេះ លោក សេង វណ្ណលី អ្នកស្រាវជ្រាវភូមិសាស្ត្រនយោបាយ យល់ថា ការលើកឡើងដែលថាឲ្យយុវជនតែប្រឹងរៀននឹងជោគជ័យ នៅក្នុងបរិបទសង្គមបច្ចុប្បន្ន គឺជាការមើលរំលងភាពទន់ខ្សោយនៃរចនាសម្ព័ន្ធអភិបាលកិច្ច ខណៈលោកសង្កេតឃើញថា យុវជនដែលខិតខំរៀនសូត្រដោយគ្មានខ្នងបង្អែកនយោបាយ ឬគ្រួសារដែលមានអំណាច ច្រើនជួបប្រទះនូវរបាំងរាំងស្ទះ ក្នុងការទទួលបានឱកាសស្មើភាពក្នុងការលូតលាស់ ឬទទួលបានតំណែងសមស្របនឹងសមត្ថភាព។
លោកបន្តថា ទោះបីជាការអប់រំជាគ្រឹះមិនអាចខ្វះបានក៏ដោយ ប៉ុន្តែនៅពេលដែលប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈ នៅតែបន្តឈរលើមូលដ្ឋាននៃបណ្តាញខ្សែស្រឡាយ និងបក្ខពួកនិយម តម្លៃនៃចំណេះដឹង និងសមត្ថភាពពិតប្រាកដត្រូវថយចុះយ៉ាងខ្លាំង។ ទន្ទឹមនឹងនេះ លោកថា ការភ័យខ្លាចបាត់បង់តួនាទី ឬការរងសម្ពាធផ្សេងៗ បានបង្ខំឱ្យបញ្ញវន្តភាគច្រើន ជ្រើសរើសការស្ងៀមស្ងាត់ ឬធ្វើតាមបញ្ជា ជាជាងការនិយាយការពិត និងការផ្តល់អនុសាសន៍ផ្អែកលើការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ដើម្បីផលប្រយោជន៍ជាតិ។ បាតុភូតនេះ បានធ្វើឱ្យស្ថាប័នរដ្ឋបាត់បង់ភាពឯករាជ្យ និងសមត្ថភាពក្នុងការឆ្លើយតបទៅនឹងបញ្ហាសង្គមជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព និងភាពច្នៃប្រឌិត។
ជាងនេះទៅទៀត លោកបានលើកឡើងក្នុងសំណេរដើមថា៖ «អំពើពុករលួយ និងការខ្វះខាតការប្រកួតប្រជែងដោយស្មោះត្រង់ នៅក្នុងការជ្រើសរើស និងដំឡើងតំណែងមន្ត្រីសាធារណៈ បានជះឥទ្ធិពលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់កម្លាំងចិត្តរបស់យុវជនជំនាន់ក្រោយ[…] ហើយថែមទាំងធ្វើឱ្យយុវជនអស់សង្ឃឹមលើប្រព័ន្ធដឹកនាំផងដែរ»។
បើតាម លោក សេង វណ្ណលី ប្រសិនបើរដ្ឋាភិបាលគ្មានឆន្ទៈនយោបាយពិតប្រាកដ ក្នុងការធ្វើកែទម្រង់ស៊ីជម្រៅទេនោះ សារលើកទឹកចិត្តទាំងឡាយ នឹងនៅតែជាវោហារសាស្ត្រដ៏ទទេស្អាត។ ការបើកផ្លូវឱ្យយុវជន និងបញ្ញវន្តចូលរួមបម្រើជាតិដោយគ្មានការភ័យខ្លាច តម្រូវឱ្យមានការលុបបំបាត់ប្រព័ន្ធបក្ខពួកនិយម ការពង្រឹងឯករាជ្យភាពនៃតុលាការ ការធានាសេរីភាពនៃការបញ្ចេញមតិ និងការបង្កើតប្រព័ន្ធវាយតម្លៃសមត្ថភាពប្រកបដោយតម្លាភាព។ លោកបន្ថែមថា ប្រសិនបើគ្មានការផ្លាស់ប្តូរជារចនាសម្ព័ន្ធទាំងនេះទេ សង្គមកម្ពុជានៅតែមិនអាចទាញយកសក្តានុពលពេញលេញពីធនធានមនុស្សរបស់ខ្លួន ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានចីរភាព និងសមធម៌បានឡើយ។
ចំណែក ទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន មានប្រសាសន៍ថា ការថ្លែងជំរុញយុវជនឱ្យប្រឹងប្រែងបង្កើនសមត្ថភាពក្នុងវិស័យអប់រំ ជារឿងមួយ ប៉ុន្តែបើសិនចង់ឱ្យសារនោះមានប្រសិទ្ធភាព លុះត្រាតែមេដឹកនាំពិនិត្យឡើងវិញ លើកត្តាសង្គម ថាតើនៅពេលដែលយុវជនរៀនចប់អាចទទួលបានការងារល្អដែរឬទេ? ហើយមន្ត្រីរាជការទទួលបានប្រាក់បៀវត្សរ៍ខ្ពស់ទេ? ហើយអាណាព្យាបាលមានប្រាក់ចំណូលគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ជីវភាពដែរឬទេ?។ មួយវិញទៀត លោកថា រដ្ឋាភិបាលក៏ត្រូវធ្វើកំណែទម្រង់ និងផ្តល់តម្លាភាពក្នុងការជ្រើសរើសមន្ត្រីរាជការ ដោយមិនត្រូវមានការផ្ទេរពីតំណែងពីឪពុកម្តាយទៅកូនដែរ ព្រោះការធ្វើបែបនេះ នឹងធ្វើឱ្យយុវជនបាត់ឱកាសប្រកួតប្រជែងក្នុងការទទួលបានតំណែងធំៗល្អៗក្នុងជួររដ្ឋាភិបាល។
លោកថា៖ «បើយើងមើលស្ថាប័នរដ្ឋ អ្នកដែលជាកូនអ្នក្រីក្រ ទោះបីថារៀនពូកែក៏ដោយ ក៏នឹងលំបាកទៅបានតួនាទីសាកសមនឹងចំណេះដឹង ដូចជាតួនាទីធំៗ […] ហើយបើយើងមើលកត្តាសង្គមត្រង់ហ្នឹង ឃើញថា ឪពុកកាន់ស្ថាប័នហ្នឹង បន្ទាប់ពីឪពុកចូលនិវត្តន៍ កូនគឺឡើងគ្រប់គ្រងស្ថាប័នហ្នឹងហើយ ចឹងឡើងបន្តគ្នា អាហ្នឹងដែលធ្វើឱ្យយុវជនគាត់មើលឃើញកត្តាអស់ហ្នឹងហើយដែលជាការលំបាក អីចឹងនាយករដ្ឋមន្ត្រី មិនមែនត្រឹមតែជំរុញទេ ត្រូវតែកែលម្អកត្តាសង្គម ដែលជាកត្តាទាក់ទាញទៅនឹងយុវជន»។
លោក រ៉ុង ឈុន យល់ថា បើសិនរដ្ឋាភិបាលចង់ឱ្យយុវជនបង្កើនសមត្ថភាព គួរតែពង្រឹងវិស័យអប់រំប្រកបដោយគុណភាពនិងគ្មានអំពើពុករលួយ បក្ខពួកនិយម, កែលម្អកត្តាសង្គម និងបើកលំហសិទ្ធិសេរីភាពដល់យុវជន មន្ត្រីរាជការ បញ្ញវន្ត ក៏ដូចជាប្រជាពលរដ្ឋ។
ចំណែក ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ លោក ស៊ឹង សែនករុណា បង្ហាញការគាំទ្រចំពោះសាររបស់លោកនាយករដ្ឋមន្ត្រី ដែលជំរុញឱ្យយុវជនបង្កើនការខិតខំប្រឹងប្រែងរៀនសូត្រ បង្កើនចំណេះដឹង និងពង្រឹងសមត្ថភាព បើទោះបីជាលោកថា ការដឹកនាំប្រទេសបច្ចុប្បន្ន ធ្វើឡើងដោយគ្រួសារនិយម បក្ខពួកនិយមក៏ដោយ ក៏យុវជនត្រូវមានសុទិដ្ឋិនិយមថា អំពើមិនត្រឹមត្រូវទាំងនោះ មិនអាចមាននិរន្តរភាពយូរអង្វែងនោះទេ។
លោកបន្តថា៖ «ហើយកុំភ្លេចតាមដានអំពីបញ្ហាសង្គមជាតិផង បញ្ហានយោបាយផង ហើយត្រូវយល់ឱ្យច្បាស់ពីសិទ្ធិរបស់ខ្លួនឯង ត្រូវយល់ឱ្យច្បាស់ពីប្រព័ន្ធដឹកនាំប្រទេស តាមបែបប្រជាធិបតេយ្យសេរីត្រឹមត្រូវ ហើយយល់ឱ្យច្បាស់អំពីអ្វីទៅជាសេចក្តីថ្លៃថ្នូររបស់ពលរដ្ឋ ដែលរស់នៅក្នុងសង្គមប្រជាធិបតេយ្យ ចឹងត្រូវស្វែងយល់បណ្តើរៗ នៅពេលដែលខ្លួនចេះដឹងរៀនសូត្រ ត្រូវបង្កើននូវសីលធម៌ គុណធម៌ និងវិន័យឱ្យបានច្បាស់លាស់ កុំយកគំរូអាក្រក់ពីមេដឹកនាំប្រទេស កុំយកគំរូអាក្រក់ពីអ្នកណាឱ្យសោះ[…] ចឹងយើងរើសយកនូវចំណុចល្អៗមកកសាងខ្លួន មកកសាងសមត្ថភាព ថ្ងៃក្រោយនឹងអាចក្លាយទៅជាមេដឹកនាំមួយដ៏ត្រឹមត្រូវ»។
យ៉ាងណា របាយការណ៍វាយតម្លៃនានារបស់ស្ថាប័នអន្តរជាតិ បានរកឃើញថា វិស័យអប់រំនៅកម្ពុជា នៅតែមានបញ្ហាប្រឈម និងហាក់មិនទាន់មានដំណោះស្រាយជាដុំកំភួននៅឡើយ។
បើយោងតាមរបាយការណ៍វាយតម្លៃពីធនាគារពិភពលោក (World Bank) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងឆ្នាំ២០២៥ បានបង្ហាញក្តីបារម្ភថា ទោះបីជាបរិមាណសិស្សជាប់មានការកើនឡើង ប៉ុន្តែក្រោយរៀនចប់គ្មានការងារធ្វើ នៅតែជាបញ្ហាស្នូល ដោយសិស្សជាច្រើនជាប់សញ្ញាបត្រមែន ប៉ុន្តែខ្វះសមត្ថភាពមូលដ្ឋានក្នុងការដោះស្រាយបញ្ហាស្មុគស្មាញ និងការគិតបែបវិភាគ។ បញ្ហាប្រឈមដែលគួរឱ្យបារម្ភបំផុតគឺ វិបត្តិជីវភាពគ្រូបង្រៀនដែលរដ្ឋាភិបាលហាក់មិនទាន់មានដំណោះស្រាយជាដុំកំភួនលើសពីការសន្យាតាមគោលនយោបាយ។
ចំណែក អង្គការពលកម្មអន្តរជាតិ (ILO) បានសង្កត់ធ្ងន់ថា យុវជនកម្ពុជាជាច្រើនដែលបញ្ចប់បរិញ្ញាបត្រ នៅតែជួបការលំបាកក្នុងការរកការងារដែលសមស្របនឹងជំនាញ ដោយសារការបណ្តុះបណ្តាលនៅតាមសាកលវិទ្យាល័យភាគច្រើន មិនទាន់ឆ្លើយតបនឹងតម្រូវការឧស្សាហកម្ម៕









