វិបត្តិនយោបាយ និងកិច្ចការព្រំដែនរវាងកម្ពុជា និងថៃ បានឈានដល់ចំណុចក្តៅជាថ្មី បន្ទាប់ពីភាគីថៃសម្រេចចុះបញ្ជីប្រាសាទខ្នារ និងប្រាសាទតាក្របី ចូលជាបេតិកភណ្ឌជាតិរបស់ខ្លួន។ ការណ៍នេះ មិនត្រឹមតែបង្កឱ្យមានប្រតិកម្មពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានក្លាយជា «សមរភូមិវោហារសាស្ត្រ» រវាងរាជរដ្ឋាភិបាល និងក្រុមអ្នកនយោបាយប្រឆាំងនៅក្រៅប្រទេស ព្រមទាំងបង្កការព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់អ្នកជំនាញច្បាប់ និងមតិសាធារណៈផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ចេញប្រតិកម្មជាថ្មីទៀតទៅក្រុមអ្នកនយោបាយខ្មែរនៅក្រៅប្រទេស ថាតែងតែចោទរាជរដ្ឋាភិបាលដោយគ្មានភស្តុតាង ឬឯកសារ ថារដ្ឋាភិបាលបានធ្វើឱ្យបាត់ដីខ្មែរទៅថៃ ខណៈក្រសួងវប្បធម៌បានតវ៉ា និងបដិសេធយ៉ាងដាច់អហង្ការ ចំពោះការចុះបញ្ជីប្រាសាទខ្នារ និងប្រាសាទតាក្របីរបស់កម្ពុជា ចូលជាបេតិកភណ្ឌជាតិថៃ។
លោក ហ៊ុន ម៉ាណែត បានបង្ហោះសារលើហ្វេសប៊ុក (Facebook) នៅថ្ងៃទី២៨ ខែតុលា នេះ ដោយដាក់រូបថតអង្គុយសើចសប្បាយ ជាមួយនឹងសារចោទសួរថា តើប្រជាពលរដ្ឋខ្មែរមានចម្ងល់ដូចលោកដែរឬទេ ថាក្រុមអ្នកនយោបាយខ្មែរនៅក្រៅប្រទេស តែងតែចោទរាជរដ្ឋាភិបាលដោយគ្មានភស្តុតាង ឬឯកសារ ថារាជរដ្ឋាភិបាលបានធ្វើឱ្យបាត់ដីខ្មែរនៅចន្លោះបង្គោលព្រំដែនលេខ ៥២-៥៩ តាមរយៈការបោះបង្គោលព្រំដែនបណ្តោះអាសន្ន និងការដែលថៃធ្វើរបងព្រំដែនបេតុងដោយឯកតោភាគី។
លោកថា ក្រុមប្រឆាំងតែងតែយកព័ត៌មានពីថៃ។ អ្វីដែលជាការចម្លែក ហើយខុសពីរាល់ដង ប៉ុន្មានថ្ងៃនេះព័ត៌មានថៃបានផ្សាយជាសាធារណៈថា ការធ្វើរបងបេតុងជាឯកតោភាគីរបស់ថៃ នៅចន្លោះបង្គោលព្រំដែនលេខ ៥២-៥៩ បានធ្វើឱ្យប្រជាពលរដ្ឋថៃ ៦៦ គ្រួសារ ដែលធ្លាប់ធ្វើចម្ការលើផ្ទៃដីចំនួន ១៣៨ ហិកតា ចូលមកខាងកម្ពុជា មិនអាចបន្តធ្វើបានទៀតនោះទេ។ ការផ្សាយនេះ បែរជាក្រុមអ្នកនយោបាយប្រឆាំងស្ងាត់ឱ្យជ្រាបដូចចោរលួចសេះទៅវិញ។
លោកនាយករដ្ឋមន្ត្រីបានចោទសួរទៀតថា៖ «តើខួរក្បាលរបស់ក្រុមអ្នកនយោបាយខ្មែរនេះ មានតែមួយគត់ គឺចោទថា រដ្ឋាភិបាលខ្មែរធ្វើអោយបាត់ដី (ទោះជាពួកគេ គ្មានឯកសារឬភស្តុតាងអ្វីច្បាស់លាស់ក៏ដោយ) ហើយអ្វីខុសពីហ្នឹង ទោះជាការពិត មានភស្តុតាងនិងឯកសារបញ្ជាក់ច្បាស់យ៉ាងណា គឺពួកគេមិនទទួលស្គាល់ និងមិនហ៊ាននិយាយទេ?»។
ការចេញមកផ្ញើសារឌឺដងជាថ្មីទៀតរបស់លោក ហ៊ុន ម៉ាណែត នេះ ស្របពេលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា កាលពីថ្ងៃទី២៧ ខែតុលា បានចេញសេចក្តីថ្លែងការណ៍តវ៉ា និងបដិសេធយ៉ាងដាច់អហង្ការ ចំពោះការសម្រេចចុះបញ្ជីប្រាសាទខ្នារ និងប្រាសាទតាក្របីរបស់កម្ពុជា ចូលជាបេតិកភណ្ឌជាតិថៃ។ កម្ពុជាបញ្ជាក់ថា ប្រាសាទខ្នារ និងប្រាសាទតាក្របី រួមទាំងប្រាសាទមួយចំនួនទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ហើយដែលកំពុងគ្រប់គ្រងដោយខុសច្បាប់ដោយយោធាថៃ គឺជាប្រាសាទដែលត្រូវបានកសាងឡើងដោយបុព្វបុរសខ្មែរ។
ប្រាសាទបុរាណទាំងនេះ មានទីតាំងស្ថិតនៅក្នុងទឹកដីកម្ពុជា អនុលោមតាមផែនទីមាត្រដ្ឋាន ១ លើ ២០០.០០០ (មួយលើពីររយពាន់) ដែលជាលទ្ធផលនៃការងារខណ្ឌសីមារបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម ដែលបង្កើតឡើងស្របតាមស្មារតីនៃអនុសញ្ញាបារាំង-សៀម ឆ្នាំ ១៩០៧ ហើយដែលភាគីថៃតែងទទួលស្គាល់ និងអនុវត្តជាបន្តបន្ទាប់ ដូចមានភស្តុតាងបញ្ជាក់នៅក្នុង TOR ឆ្នាំ ២០០៣ និងឯកសារកំណត់ហេតុបច្ចេកទេសនានា ដែលបានឯកភាពគ្នានាពេលកន្លងមក។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងវប្បធម៌។
ការចេញមកបដិសេធរបស់កម្ពុជានេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ លោកស្រី Sabeeda Thaised អះអាងកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ថា ប្រាសាទខ្នារ និងប្រាសាទតាក្របី ស្ថិតនៅក្នុងទឹកដីថៃ ហើយថៃបានចុះបញ្ជីប្រាសាទទាំងពីរនេះក្នុងបញ្ជីបេតិកភណ្ឌជាតិថៃ ព្រមទាំងបានចាត់វិធានការរដ្ឋបាលនានា ដើម្បីគ្រប់គ្រង ថែរក្សា និងអភិរក្ស តាមរយៈច្បាប់ជាតិរបស់ថៃផងដែរ។ នេះបើយោងតាមសារព័ត៌មាន Khaosod English របស់ថៃ។
ក្រសួងវប្បធម៌កម្ពុជា បានចាត់ទុកការសម្រេចរបស់ថៃ ថាជាសកម្មភាពដែលមានចេតនាបង្កើតអង្គហេតុសម្រេចលើដីជាក់ស្តែង (Fait accompli) ហើយបើយោងតាមច្បាប់អន្តរជាតិ សកម្មភាពទាំងនេះមិនអាចបង្កើតបានជាការគ្រប់គ្រងស្របច្បាប់នោះទេ និងក៏មិនអាចនាំទៅដល់ការបង្កើតបាននូវសិទ្ធិមិនអាចបំពានបាននោះដែរ។
សកម្មភាពទាំងនេះ រឹតតែមិនអាចកែប្រែបូរណភាព និងអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជានោះទេ ដោយអនុលោមតាមគោលការណ៍ខ្សែបន្ទាត់ព្រំដែនមិនកែប្រែ (uti possidetis juris) ផែនទីព្រំដែនជាប្រវត្តិសាស្ត្រ សន្ធិសញ្ញានានា និងការព្រមព្រៀងនាពេលកន្លងមក។
កម្ពុជា បានចាត់ទុកសកម្មភាពខុសច្បាប់របស់ភាគីថៃ ថាជាសកម្មភាពដែលមានចេតនាកែប្រែបរិស្ថានព្រំដែន បំបាត់វត្ថុតាងបច្ចេកទេស និងធ្វើឱ្យខូចទ្រង់ទ្រាយដើមនៃតំបន់ព្រំដែន។ មិនត្រឹមតែប៉ុណ្ណោះ សកម្មភាពរបស់ភាគីថៃ គឺខុសទាំងស្រុងទៅនឹងប្រការ ៥ នៃ MOU ឆ្នាំ២០០០ និងជាការបង្កភាពតានតឹងនៅតាមព្រំដែន ដែលផ្ទុយនឹងការព្រមព្រៀង និងការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរនាពេលកន្លងមក ដើម្បីកសាង និងស្តារទំនុកចិត្តឡើងវិញ អនុលោមតាមសេចក្តីប្រកាសរួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ និងការព្រមព្រៀងនានារបស់ភាគីទាំងពីរនាពេលកន្លងមក។
លោក អ៊ុំ សំអាន អ្នកជំនាញកិច្ចការព្រំដែនពីបក្សប្រឆាំង បានថ្លែងថា ការដែលកម្ពុជាបានតវ៉ា ចំពោះការសម្រេចចុះបញ្ជីប្រាសាទខ្នារ និងប្រាសាទតាក្របី ចូលជាបេតិកភណ្ឌជាតិថៃ គឺជារឿងល្អ។ ក៏ប៉ុន្តែ ការបន្តតវ៉ាតែមួយមុខរបស់កម្ពុជា នឹងមិនអាចបានប្រាសាទមកវិញឡើយ។ លោកថា មានតែការប្រើយន្តការច្បាប់អន្តរជាតិតែប៉ុណ្ណោះ ទើបកម្ពុជាអាចដណ្តើមប្រាសាទ និងដីដែលថៃកំពុងគ្រប់គ្រង ត្រឡប់មកវិញបាន។
លោកថា៖ «ដូច្នេះអ្វីដែលរដ្ឋាភិបាលលោកហ៊ុន ម៉ាណែតត្រូវធ្វើមិនមែនគ្រាន់តែចេញលិខិតតវ៉ាហើយចប់ទេ ត្រូវប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិICJ ប្តឹងថៃទៅកាន់សហប្រធានកិច្ចព្រមព្រៀងក្រុងប៉ារីសឆ្នាំ១៩៩១ ប្តឹងថៃទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិICC អាហ្នឹងទើបបានប្រាសាទត្រឡប់មកវិញបើគ្រាន់តែចេញលិខិតតវ៉ាមិនបានប្រាសាទមកវិញនោះទេ ហើយថៃក៏មិនអើពើមិនទៅយកចិត្តទុកដាក់របស់កម្ពុជានោះដែរ»។
អតីតតំណាងរាស្ត្របក្សប្រឆាំងរូបនេះលើកឡើងថា បើសិនជារដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នៅតែបន្តតវ៉ា ហើយថៃនៅតែគឃ្លើន បន្តរុលចូលវាទយកដីខ្មែរឥតឈប់ឈរដូចបច្ចុប្បន្ននេះ ដោយមិនប្រើសិទ្ធិស្វ័យការពារទឹកដីរបស់ខ្លួន នោះថៃនឹងបន្តវាទយកដីខ្មែររហូតទាល់តែអស់មិនខាន។ បើតាមលោក អ៊ុំ សំអាន គ្មានរដ្ឋាភិបាលប្រទេសណា គេបណ្តោយឱ្យប្រទេសជិតខាង រុលចូលវាទយកទឹកដីរបស់ខ្លួនតាមចិត្ត ដូចរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដូច្នេះទេ នៅលើពិភពលោកនេះ។
លោក វន ចាន់ឡូត អ្នកសិក្សាផ្នែកច្បាប់ ក៏បានលើកឡើងផងដែរថា គ្រប់ប្រទេសមានជម្លោះព្រំដែន គ្មានកងទ័ពប្រទេសណាមួយ អនុញ្ញាតឱ្យកងទ័ពប្រទេសមួយទៀត ធ្វើអ្វីតាមអំពើចិត្តនៅលើដីរបស់ខ្លួនបានឡើយ មានតែមួយគត់គឺកម្ពុជា ក្រោមស្នាដៃលោក ហ៊ុន ម៉ាណែត។
ក្រុមអ្នកឃ្លាំមើលកត់សម្គាល់ថា បន្ទាប់ពីមានបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានដណ្តើមកាន់កាប់ដីកម្ពុជាចំនួន ១៤ ទីតាំង។ ប៉ុន្តែ បច្ចុប្បន្ន ថៃបានដណ្តើមកាន់កាប់ដីកម្ពុជា កើនឡើងរហូតដល់ ៨៥ ទីតាំងហើយ ខណៈរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ធ្វើត្រឹមចេញលិខិតតវ៉ាប្រឆាំងថៃ និងថ្កោលទោសថៃ នៅតាមវេទិកាអន្តរជាតិមួយចំនួន ប៉ុន្តែបែរជាមិនប្តឹងថៃ និងមិនប្រើសិទ្ធិស្វ័យការពារលើដីជាក់ស្តែង នៅពេលដែលយោធាថៃបន្តរុលចូលដណ្តើមកាន់កាប់ដីខ្មែរឥតឈប់ឈរ។
ប៉ុន្តែយ៉ាងណាក្តី លោក ហ៊ុន ម៉ាណែត បានថ្លែងជាបន្តបន្ទាប់នាពេលថ្មីៗនេះថា កម្ពុជាមិនបានបាត់ដីទៅថៃទេ គឺគ្រាន់តែបាត់សិទ្ធិគ្រប់គ្រងប៉ុណ្ណោះ។ លោកនាយករដ្ឋមន្ត្រី ក៏បានថ្លែងសំដៅទៅដល់ការសាងសង់របងព្រំដែនបេតុងជាឯកតោភាគីរបស់ថៃ ត្រង់បង្គោលព្រំដែនលេខ ៥២ ដល់ ៥៩ នៅក្នុងខេត្តបាត់ដំបងផងដែរថា ត្រូវបានធ្វើឡើងនៅក្នុងទឹកដីថៃ មិនមែនធ្វើនៅលើដីកម្ពុជានោះទេ។ ប៉ុន្តែយ៉ាងណាក្តី ពលរដ្ឋខ្មែរមួយចំនួន អះអាងថា ការធ្វើរបងព្រំដែនបេតុងជាឯកតោភាគីរបស់ថៃ ពីបង្គោលព្រំដែនលេខ ៥២ និង ៥៩ បានធ្វើឱ្យពួកគេបាត់បង់ដីស្រែដីចម្ការរាប់ពាន់ម៉ែត្រការ៉េក្នុងមួយគ្រួសារៗ។
ត្រង់ចំណុចនេះ លោក វន ចាន់ឡូត បានលើកឡើងថា ទំនងមិនចម្លែកទេ ដែលលោក ហ៊ុន ម៉ាណែត ក្លាហាននិយាយថា ថៃសាងសង់របងនៅក្នុងដីថៃ ទាំងដែលប្រទេសទាំងពីរកំពុងមានជម្លោះ និងថៃបាននិងកំពុងប្រើកម្លាំងចូលមកឈ្លានពានដីកម្ពុជា។ វាក៏អាចកើតឡើងបានដែរនាពេលអនាគត ដែលលោក ហ៊ុន ម៉ាណែត ថាខ្មែរពិតជាបានរស់នៅលើដីថៃ ដូចដែលលោក ហ៊ុន សែន ថាដីផ្ទះ លោក ហេង សំរិន សាងសង់លើដីវៀតណាម ហើយប្រើយន្តការដោះដូរ ដែលមានន័យថា យកដីខ្មែរ ដូរដីខ្មែរយ៉ាងដូច្នោះដែរ។ នេះមិនត្រឹមតែហៅថា ស្លឹកឈើមិនជ្រុះមិនឆ្ងាយពីគល់ប៉ុណ្ណោះទេ តែជាស្លឹកឈើមិនព្រមចាកមែកតែម្តង។
សូមបញ្ជាក់ថា អង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា ដែលមានតំណាងរាស្ត្រ ១៨២ អង្គ/នាក់ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ បានបោះឆ្នោតគាំទ្រជាឯកច្ឆន្ទ ឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នាំយកបញ្ហាព្រំដែន នៅតំបន់មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងប្រាសាទតាមាន់ធំ ប្តឹងទៅតុលាការអន្តរជាតិ (ICJ)។ ប៉ុន្តែយ៉ាងណាក្តី រហូតមកដល់ពេលនេះ គេមិនទាន់ឃើញរដ្ឋាភិបាលប្តឹងថៃទៅកាន់ ICJ នៅឡើយទេ ខណៈរដ្ឋសភា និងព្រឹទ្ធសភា នៅសម្ងំយ៉ាងស្ងៀមស្ងាត់ក្នុងរយៈពេលជាង ១ ឆ្នាំមកនេះ បើទោះបីជាបច្ចុប្បន្នតំបន់មុំបី ប្រាសាទតាមាន់តូច តាមាន់ធំ និងប្រាសាទតាក្របី រួមទាំងដីខ្មែរជាង ៨០ ទីតាំងផ្សេងទៀត ត្រូវបានយោធាថៃដណ្តើមកាន់កាប់ក៏ដោយ៕









