បរិយាកាសមុនការបោះឆ្នោតមានសារៈសំខាន់ជាងថ្ងៃបោះឆ្នោត ព្រោះថាប្រសិនបើសេរីភាពនយោបាយ ការជួបជុំ និងការប្រកួតប្រជែងត្រូវបានរារាំងតាមផ្លូវច្បាប់ និងរដ្ឋបាលចាប់តាំងពីដំណាក់កាលដំបូង នោះការបោះឆ្នោតនាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ ខាងមុខ នឹងគ្រាន់តែជា «រូបភាពផ្លូវការ» នៃការបន្តក្តោបក្តាប់អំណាចប៉ុណ្ណោះ។
ប្រសិនបើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ចង់បានការទទួលស្គាល់លើ «នីតិរដ្ឋ» ពីសហគមន៍អន្តរជាតិ រដ្ឋាភិបាលចាំបាច់ត្រូវតែបើកលំហសេរីភាពនយោបាយ បញ្ឈប់ការប្រើប្រាស់ស្ថាប័នរដ្ឋ ដើម្បីធ្វើជារបាំងប្រកួតប្រជែង និងធានាឱ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ការវិភាគថ្មីមួយ បានឆ្លុះបញ្ចាំងថា ការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរនៃសន្ទស្សន៍នីតិរដ្ឋរបស់កម្ពុជាឆ្នាំ២០២៦ ដោយស្ថិតនៅលេខរៀងទី១៤០ ក្នុងចំណោម ១៤៣ ប្រទេស និងមានពិន្ទុត្រឹម ០,៣១ នៃគម្រោងយុត្តិធម៌ពិភពលោក មិនមែនជារឿងចៃដន្យនោះទេ ដែលស្ថានភាពនេះ មិនមែនជាបញ្ហាដែលគួរមើលរំលងឡើយ។
យោងតាមរបាយការណ៍សន្ទស្សន៍នីតិរដ្ឋឆ្នាំ២០២៦ របស់គម្រោងយុត្តិធម៌ពិភពលោក ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ កម្ពុជាស្ថិតនៅចំណាត់ថ្នាក់ទី១៤០ ក្នុងចំណោម ១៤៣ ប្រទេស និងដែនយុត្តាធិការ ដោយទទួលបានពិន្ទុត្រឹម ០,៣១ លើពិន្ទុពេញ ១។
ទោះបីកម្ពុជាបានឡើងមួយចំណាត់ថ្នាក់ធៀបនឹងឆ្នាំ២០២៥ ក៏ពិន្ទុសរុបដែលបានបង្ហាញនៅតែមិនប្រែប្រួល ហើយកម្ពុជានៅតែស្ថិតនៅចំណាត់ថ្នាក់ចុងក្រោយក្នុងចំណោមប្រទេសទាំង ១៥ នៃតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។
អ្វីដែលគួរឱ្យព្រួយបារម្ភជាងនេះ គឺពិន្ទុទាបលើការត្រួតពិនិត្យអំណាចរដ្ឋាភិបាល ភាពបើកចំហរបស់ស្ថាប័នរដ្ឋ និងប្រព័ន្ធយុត្តិធម៌។ ទិន្នន័យទាំងនេះ បង្ហាញពីបញ្ហាធ្ធន់ធ្ងរក្នុងការអនុវត្តគោលការណ៍នីតិរដ្ឋ និងបង្កើនការព្រួយបារម្ភអំពីសមត្ថភាពរបស់ស្ថាប័នរដ្ឋក្នុងការធានាភាពស្មើគ្នាចំពោះមុខច្បាប់។
នៅពេលពិនិត្យរួមជាមួយការរឹតត្បិតសកម្មភាពនយោបាយ ការប្រើវិធានការរដ្ឋបាលលើគណបក្សប្រឆាំង និងបញ្ហាឯករាជ្យភាពតុលាការ ស្ថានភាពនេះកាន់តែបង្ហាញពីភាពចាំបាច់នៃការកែទម្រង់ស្ថាប័ន និងការធានាឱ្យមានយន្តការត្រួតពិនិត្យអំណាចប្រកបដោយប្រសិទ្ធភាព។
ទោះបីជាក្រសួងយុត្តិធម៌កម្ពុជាបានចេញមុខបដិសេធ និងចោទប្រកាន់ថា របាយការណ៍នេះមិនបានឆ្លុះបញ្ចាំងពីតថភាពជាក់ស្តែងយ៉ាងណាក្តី ប៉ុន្តែបើពិនិត្យលើទិដ្ឋភាពនយោបាយជាក់ស្តែងនៅកម្ពុជា គេឃើញយ៉ាងច្បាស់ថា ស្ថាប័នរដ្ឋបាន និងកំពុងក្លាយជាឧបករណ៍បម្រើនយោបាយយ៉ាងសកម្ម។
នៅមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ សំណួរដ៏សំខាន់គឺ តើរដ្ឋាភិបាលអាណត្តិថ្មីក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត កំពុងប្រើប្រាស់ប្រព័ន្ធច្បាប់ និងវិធានការរដ្ឋបាល ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ ឬដើម្បីបំបែកបំបាក់ និងបង្កកគណបក្សប្រឆាំងមិនឱ្យមានឱកាសតតាំង?
ការដាក់ចេញនូវសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ដែលហាមប្រាមមិនឱ្យគណបក្សនយោបាយផ្សេងគ្នាប្រើប្រាស់ទីស្នាក់ការរួម ឬនៅជាប់គ្នា គឺជាឧទាហរណ៍ច្បាស់ក្រឡែតនៃយុទ្ធសាស្ត្ររារាំងផ្នែករដ្ឋបាល។
ទោះបីជាអាជ្ញាធរអះអាងថានេះជាការរៀបចំសណ្តាប់ធ្នាប់ក៏ដោយ ប៉ុន្តែគោលដៅពិតប្រាកដគឺសំដៅបំបែកកម្លាំងរវាងគណបក្សឆន្ទៈខ្មែរ និងគណបក្សភ្លើងទៀន ដែលកំពុងចាប់ដៃគ្នាយ៉ាងជិតស្និទ្ធ។ យុទ្ធសាស្ត្រនេះត្រូវបានគេមើលឃើញថា ជាការបន្តវេនពីការរារាំងគណបក្សភ្លើងទៀនមិនឱ្យចូលរួមការបោះឆ្នោតជាតិឆ្នាំ២០២៣ ដោយសារលេសខ្វះឯកសារដើម។
លើសពីនេះ ការដែលក្រសួងមហាផ្ទៃប្រកាសនិរាករណ៍ការទទួលស្គាល់លោក សេង ម៉ារឌី ជាប្រធានគណបក្សឆន្ទៈខ្មែរ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ដោយបង្វែរទៅទទួលស្គាល់លោក សុក ហាច វិញ បន្ទាប់ពីបានទទួលស្គាល់ផ្លូវការរួចហើយនោះ ឆ្លុះបញ្ចាំងពីកង្វះតម្លាភាព និងការប្រើប្រាស់អំណាចរដ្ឋបាលតាមអំពើចិត្ត ដើម្បីបង្កើតវិបត្តិផ្ទៃក្នុង និងធ្វើឱ្យបក្សប្រឆាំងរញ៉េរញ៉ៃ រហូតដល់បាត់បង់សមត្ថភាពរៀបចំរចនាសម្ព័ន្ធតតាំងក្នុងការបោះឆ្នោតខាងមុខ។
បន្ថែមលើការរឹតត្បិតផ្នែករដ្ឋបាល ការកែប្រែប្រព័ន្ធច្បាប់ក៏ត្រូវគេមើលឃើញថាធ្វើឡើងដើម្បីបន្តប្រមូលផ្តុំអំណាចផ្តាច់មុខ។ វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ នាខែកក្កដា-សីហា ឆ្នាំ២០២៦ ដែលអនុញ្ញាតឱ្យគណបក្សឈ្នះឆ្នោតទទួលបានសំឡេងពីរភាគបី អាចគ្រប់គ្រងតំណែងដឹកនាំសំខាន់ៗទាំងបីនៅមូលដ្ឋាន បានកាត់ផ្តាច់ឱកាសរបស់គណបក្សប្រឆាំងទាំងស្រុងក្នុងការមានសំឡេង ឬតួនាទីត្រួតពិនិត្យ។
យោងតាមមាត្រា៣៣ថ្មី គណបក្សដែលទទួលបានសំឡេងឆ្នោតយ៉ាងតិចពីរភាគបីនៅក្នុងឃុំ-សង្កាត់មួយ អាចកាន់កាប់តំណែងទាំងបី គឺមេឃុំ ឬចៅសង្កាត់ ជំទប់ទី១ និងជំទប់ទី២។ ប្រសិនបើគណបក្សមួយទទួលបានសំឡេងភាគច្រើនដាច់ខាត ប៉ុន្តែមិនដល់ពីរភាគបី វាអាចកាន់កាប់តំណែងដឹកនាំពីរ។
ចំណុចសំខាន់គឺ វិសោធនកម្មនេះ មិនបានលុបចោលអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ដែលគណបក្សប្រឆាំងអាចទទួលបានតាមការបោះឆ្នោតឡើយ។ ប៉ុន្តែវាបានកាត់បន្ថយឱកាសរបស់គណបក្សដែលទទួលបានសំឡេងលំដាប់ទីពីរ ឬទីបី ក្នុងការកាន់តំណែងដឹកនាំ និងចូលរួមត្រួតពិនិត្យការងាររដ្ឋបាលមូលដ្ឋាន។
Human Rights Watch បានបង្ហាញឧទាហរណ៍ថា នៅរាជធានីភ្នំពេញ គណបក្សភ្លើងទៀន ទទួលបានតំណែងជំទប់ទី២ ចំនួន៨៧ ក្នុងការបោះឆ្នោតឆ្នាំ២០២២។ បើប្រើរូបមន្តច្បាប់ថ្មីលើលទ្ធផលដដែល គណបក្សនេះនឹងទទួលបានតំណែងតែ៣ប៉ុណ្ណោះ។ នេះជាការគណនាសាកល្បងដោយផ្អែកលើលទ្ធផលបោះឆ្នោតចាស់ មិនមែនជាការព្យាករណ៍លទ្ធផលឆ្នាំ២០២៧ទេ។ វិធានការនេះបំផ្លាញចោលនូវស្មារតីនៃរដ្ឋធម្មនុញ្ញ មាត្រា៤១ និង៤២ ដែលធានាសេរីភាពនយោបាយ និងការជួបជុំ ដោយជំនួសមកវិញនូវការគ្រប់គ្រងបែបឯកបក្សនៅថ្នាក់មូលដ្ឋាន។
ទន្ទឹមនឹងនេះ វិធានការផ្លូវតុលាការ និងការបំភ័យនៅតែជាឧបករណ៍ដ៏ស្រួចស្រាវ។ ការចាប់ខ្លួនសកម្មជននយោបាយជាបន្តបន្ទាប់ ដូចជាលោក ឡាត់ គឿ មន្ត្រីគណបក្សឆន្ទៈខ្មែរ និងលោក ប៉ាវ ប៉ោហេង សមាជិកគណបក្សកម្លាំងជាតិ ក្រោមបទចោទពាក់ព័ន្ធនឹងការបញ្ចេញមតិលើបណ្តាញសង្គម គឺជាសារច្បាស់ៗផ្ញើទៅកាន់ពលរដ្ឋ និងអ្នកនយោបាយប្រឆាំងផ្សេងទៀតថា សេរីភាពនៃការបញ្ចេញមតិមានតម្លៃថ្លៃខ្លាំងណាស់។ ការប្រើប្រាស់រូបភាពបាតុកម្មប្រមូលផ្តុំនៅមុខទីស្នាក់ការបក្សប្រឆាំង និងសម្ពាធអរូបិយនៅមូលដ្ឋាន ដូចជាការគំរាមដកប័ណ្ណក្រីក្រ ឬជំនួយសង្គម ក៏ត្រូវបានយកមកប្រើប្រាស់ជាលក្ខខណ្ឌនយោបាយ ដែលបំពានធ្ងន់ធ្ធរលើសិទ្ធិមូលដ្ឋានរបស់ប្រជាពលរដ្ឋ។
ប្រវត្តិនៃការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២២ ដែលគណបក្សភ្លើងទៀនទទួលបានសំឡេងគាំទ្ររហូតដល់ជាង ១,៦ លានឆ្នោត (ស្មើនឹងអាសនៈ ២១៩៨) បានបង្ហាញច្បាស់ថា កម្លាំងប្រឆាំងនៅតែមានប្រជាប្រិយភាព និងជាការគំរាមកំហែងដល់គណបក្សកាន់អំណាច។ ដូច្នេះ វិធានការថ្មីៗនេះ មិនមែនជាការអនុវត្តច្បាប់ដើម្បីស្មើភាពគ្នានោះទេ ប៉ុន្តែជាការត្រាយផ្លូវទុកមុនដើម្បីធានាថា គណបក្សប្រឆាំងនឹងគ្មានកម្លាំង គ្មានរចនាសម្ព័ន្ធ និងគ្មានលទ្ធភាពប្រកួតប្រជែងនៅឆ្នាំ២០២៧ឡើយ។
ជារួម ការបោះឆ្នោតដែលសេរី និងយុត្តិធម៌ មិនអាចវាស់វែងត្រឹមតែព្រឹត្តិការណ៍នៅថ្ងៃបោះឆ្នោតនោះទេ។ ប្រសិនបើបរិយាកាសនយោបាយមុនការបោះឆ្នោតត្រូវបានគ្របដណ្តប់ដោយការបំភិតបំភ័យ ការរារាំងផ្នែករដ្ឋបាល និងការប្រើប្រាស់ប្រព័ន្ធតុលាការជាអាវុធ នោះការបោះឆ្នោតនាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ ខាងមុខ នឹងគ្រាន់តែជាល្ខោននយោបាយ រៀបចំឡើងដើម្បីបិទបាំងការក្តោបក្តាប់អំណាចផ្តាច់មុខរបស់គណបក្សកាន់អំណាចប៉ុណ្ណោះ។
ប្រសិនបើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ចង់បង្ហាញពិភពលោកថា ខ្លួនមានឆន្ទៈកែទម្រង់នីតិរដ្ឋពិតប្រាកដ រដ្ឋាភិបាលគ្រួសារលោក ហ៊ុន សែន មួយនេះ ត្រូវតែបញ្ឈប់ការប្រើប្រាស់ស្ថាប័នរដ្ឋជាឧបករណ៍នយោបាយ បើកទូលាយលំហសេរីភាព បញ្ចប់ការធ្វើទុក្ខបុកម្នេញលើសកម្មជន និងធានាឱ្យមានការប្រកួតប្រជែងដោយស្មើភាពរវាងគ្រប់គណបក្សនយោបាយទាំងអស់៕
អត្ថបទដោយ៖ សុក្រឹត ពុទ្ធិ









