គ្រោះថ្នាក់​​រថភ្លើង​​ល្បឿន​​លឿន​​បុក​​គ្នា​​​នៅ​​អេស្ប៉ាញ ស្លាប់​​មនុស្ស​​យ៉ាង​ហោច​ណាស់​ ៦៨ នាក់

គ្រោះថ្នាក់​រថភ្លើង​ល្បឿន​លឿន​​បុក​គ្នា​ ​នៅ​តំបន់​កណ្តាល​នៃ​ប្រទេស​អេស្ប៉ាញ បាន​សម្លាប់​​មនុស្ស​​យ៉ាង​ហោច​ណាស់ ៦៨ នាក់ និង​​បង្ក​​ឱ្យ​​មនុស្ស​​រាប់​សិប​​នាក់​​ផ្សេង​ទៀត​​រង​របួស។

ហេតុការណ៍​នេះ ​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​២៨ខែ​​តុលា នៅ​​ពេល​ដែល​រថភ្លើង​មួយ​ខ្សែ​ធ្វើដំណើរ​ពី​ក្រុង​ម៉ាឌ្រីដ (Madrid) ទៅកាន់​ក្រុង​សេវីល (Seville) បាន​បុក​ពេញទំហឹង​ទៅលើ​រថភ្លើង​មួយ​ខ្សែ​ទៀត​ដែល​កំពុង​ឈប់ស្ងៀម​នៅ​លើ​​ផ្លូវដែក ចន្លោះ​​​ក្រុង​ម៉ូរ៉ា (Mora) និង​​អរហ្កាស់ (Orgaz)។ កម្លាំង​បុក​ទង្គិច​ដ៏​ខ្លាំង​ក្លា បាន​ធ្វើឱ្យ​ទូរ​រថភ្លើង​ជាច្រើន​ ​ត្រូវ​​ធ្លាក់​​ចូល​ទៅក្នុង​គ្រឡុក​ចន្លោះ​ផ្លូវ។

រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន លោក Óscar Puente បាន​ថ្លែង​ថា បញ្ហា​បច្ចេកវិទ្យា​កុំព្យូទ័រ បូករួម​ទាំង​កំហុស​មនុស្ស បាន​​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​នេះ​ឡើង។ លោក​បាន​ពន្យល់​ថា រថភ្លើង​ដែល​ឈប់ស្ងៀម ប្រតិបត្តិការ​ដោយ​​ក្រុមហ៊ុន​រថភ្លើង​​ឯកជន Iryo មាន​អ្នកដំណើរ ១៤៧ នាក់ បាន​ឈប់​នៅលើ​ផ្លូវដែក​ដោយសារ​បញ្ហា​កុំព្យូទ័រ។ នៅពេល​មាន​បញ្ហា​​ប្រព័ន្ធ មជ្ឈមណ្ឌល​បញ្ជា ២៤ ម៉ោង​ ​​នៅ​ក្រុង​ម៉ាឌ្រីដ​បាន​ចូល​គ្រប់គ្រង ប៉ុន្តែ​បាន​ធ្វើការ​សម្រេចចិត្ត​ណែនាំ​ឱ្យ​រថភ្លើង​​ធ្វើដំណើរ​ជាថ្មី ដោយ​គ្មាន​ការកម្រិត​ល្បឿន​ឡើយ។

ក្រុមហ៊ុន Iryo បាន​ឱ្យ​ដឹង​ថា រថភ្លើង​របស់​ខ្លួន​ត្រូវបាន “បុក​ពីក្រោយ” ដោយ​រថភ្លើង​មួយ​ខ្សែ​ទៀត​ដែល​ប្រតិ​បត្តិ​​ការ​ដោយ​ក្រុមហ៊ុន​រដ្ឋ Renfe ដែល​កំពុង​ដឹក​អ្នកដំណើរ​ចំនួន ៣៩៧ នាក់។ នេះ​ជា​គ្រោះថ្នាក់​រថភ្លើង​ដែលមាន​មនុស្ស​ស្លាប់​ច្រើន​ជាងគេ​បំផុត​ នៅ​អេស្ប៉ាញ ​ក្នុង​រយៈពេល ១៣ ឆ្នាំ ​ចុងក្រោយ​នេះ។

អ្នក​រស់រាន​មាន​ជីវិត​ បាន​រៀបរាប់​ពី​ទិដ្ឋភាព​ដ៏​រន្ធត់ ដោយ​អ្នកដំណើរ​ត្រូវ​ខ្ទាត​ទៅលើ​អាកាស ជាប់​នៅក្នុង​កម្ទេច​​​រថភ្លើង និង​បាន​វាយ​បំបែក​កញ្ចក់​ដើម្បី​រត់គេច​ខ្លួន។ Tangui Binier អាយុ ២២ ឆ្នាំ ដែល​នៅលើ​រថភ្លើង Iryo បាន​ប្រាប់ BBC ថា “វ៉ាលី​បាន​ចាប់ផ្តើម​ហោះ ហើយ​មនុស្សម្នា​ចាប់ផ្តើម​ស្រែក” នៅពេល​រថភ្លើង​ឈប់​​ជាស្ថាពរ។ លោក​បាន​​បន្ថែម​​ថា មាន​ផ្សែង និង​ការ​ជ្រួលច្របល់​ជាខ្លាំង ហើយ​ឃើញ​ទូរ​រថភ្លើង​ក្រឡាប់​​ផ្ងារជើង និង​សព​ជនរងគ្រោះ​នៅ​កន្លែង​កើតហេតុ។

អ្នកសារព័ត៌មាន​អេស្ប៉ាញ Antonio Jiménez Barca ដែល​នៅលើ​រថភ្លើង Renfe បាន​រៀបរាប់​ថា លោក​ត្រូវ​​គេ​រុញ​ខ្ទាត​ធ្លាក់​ទៅលើ​ដី ក្បាល​បុក​យ៉ាងខ្លាំង និង​ស្រោច​ដោយ​ឈាម ព្រមទាំង​ឃើញ​អ្នកដំណើរ​ជាច្រើន​​ទៀត​រងរបួស​ធ្ងន់ធ្ងរ។

រថយន្ត​សង្គ្រោះ​បន្ទាន់​រាប់សិប​គ្រឿង និង​ឧទ្ធម្ភាគចក្រ ​បាន​ប្រញាប់ប្រញាល់​ទៅកាន់​កន្លែង​កើតហេតុ ដើម្បី​​ដឹកជញ្ជូន​​អ្នក​រងរបួស​ធ្ងន់ធ្ងរ​បំផុត។ កងកម្លាំង​ការពារ​ស៊ីវិល​អេស្ប៉ាញ​ បាន​ឱ្យ​ដឹង​ថា ខ្លួន​នឹង​ត្រូវការ​កោសិកា DNA ពី​សាច់​ញាតិ​​ដើម្បី​កំណត់​អត្តសញ្ញាណ​ជនរងគ្រោះ​មួយចំនួន។

នាយករដ្ឋមន្ត្រី Pedro Sánchez បាន​ថ្លែង​ក្នុង​អំឡុង​ពេល​ចុះ​ពិនិត្យ​ទីតាំង​កើតហេតុ​ថា “ប្រជាជន​អេស្ប៉ាញ​ទាំង​មូល​​កំពុង​​កាន់ទុក្ខ។ ជីវិត​ជាច្រើន​ត្រូវបាន​បំផ្លិចបំផ្លាញ គ្រួសារ​ត្រូវបាន​បែកបាក់ ការឈឺចាប់​គឺ​ធំធេង​​ណាស់”។ លោក​​បាន​ប្តេជ្ញា​ថា នឹង​ស្រាវជ្រាវ​រឿងនេះ​ឱ្យ​ដល់​ឫសគល់ ដើម្បី​កំណត់​ថាតើ​មាន​ការ​ធ្វេសប្រហែស​​ណាមួយ​កើតឡើង​​ឬអត់។

ភាគច្រើន​នៃ​គណបក្សនយោបាយ​នៅ​អេស្ប៉ាញ បាន​លុបចោល​ព្រឹត្តិការណ៍​យុទ្ធនាការ​ឃោសនា​របស់​ពួកគេ លើក​​លែងតែ​គណបក្ស​ស្តាំនិយម​ជ្រុល Vox ដែល​បាន​រិះគន់​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវដែក។ ខណៈពេល​ជាមួយគ្នា​​នេះ សហជីព​ពាណិជ្ជកម្ម​អេស្ប៉ាញ CSIF បាន​ទាមទារ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​ចុះចេញ​ពី​តំណែង ដោយ​ចោទប្រកាន់​លោក​ថា​បាន​ទម្លាក់​កំហុស​លើ​អ្នកគ្រប់គ្រង​ចរាចរណ៍ ជំនួស​ឱ្យ​ការទទួលខុសត្រូវ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ