បញ្ហាព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលលេខ ៥២ ដល់ ៥៩ ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង នៅបន្តឡើងកម្តៅដែល លោក ហ៊ុន ម៉ាណែត រងការរិះគន់ថាបានចាញ់កលល្បិចថៃ យកព័ត៌មានក្លែងក្លាយមកវាយប្រហារខ្មែរគ្នាឯង ដើម្បីបិទបាំងកំហុសធ្វើឱ្យបាត់បង់ដីជាង ៨០ទីតាំង ទៅថៃ។
លោក អ៊ុំ សំអាន តំណាងរាស្ត្របក្សប្រឆាំង និងជាអ្នកជំនាញកិច្ចការព្រំដែន បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ដោយចោទប្រកាន់ថា រដ្ឋាភិបាលលោកហ៊ុន ម៉ាណែត កំពុងប្រើប្រាស់ព័ត៌មានដែលលោកចាត់ទុកថាជាការប្រឌិតរបស់ភាគីថៃ។ លោកថា ភាគីថៃបានផ្សាយថា ការធ្វើរបងព្រំដែនបេតុងដោយឯកតោភាគី បានធ្វើឱ្យពលរដ្ឋថៃចំនួន ៦៦គ្រួសារ បាត់បង់ដីចំនួន ១៣៨ហិកតា ចូលមកខាងកម្ពុជា។
លោក អ៊ុំ សំអាន យល់ថា នេះគឺជាល្បិចកលដើម្បីបិទបាំងការបាត់បង់ទឹកដីខ្មែរចំនួន ៨៥ទីតាំង ដោយលោកលើកឡើងថា ប្រសិនបើពលរដ្ឋថៃពិតជាបាត់បង់ដីពិតមែន ពួកគេនឹងធ្វើបាតុកម្មទម្លាក់នាយករដ្ឋមន្ត្រីថៃ គឺលោក អនុទីន ចេញពីតំណែង ដោយមិនទុកឱ្យនៅរហូតបច្ចុប្បន្ន ព្រោះការធ្វើរបងនោះ ថៃធ្វើឡើងដោយឯកតោភាគី ខណៈថៃមានប្រៀបខាងកម្លាំងយោធា និងបានវាយដណ្តើមកាន់កាប់ទឹកដីខ្មែរច្រើនកន្លែងរួចមក។ លោកព្រួយបារម្ភថា យុទ្ធសាស្ត្របែបនេះ អាចជាជំហានឆ្ពោះទៅរកការកាត់ទឹកដីបន្ថែមទៀត ទៅឱ្យប្រទេសជិតខាង ដើម្បីដោះដូរយកសន្តិភាព។
លោកថា៖ «ការព្រួយបារម្ភរបស់ខ្ញុំខ្លាចតែពេលក្រោយទៅ លោក ហ៊ុន ម៉ាណែត កាត់ទឹកដីខ្មែរយើង ៨៥ ទីតាំង ទៅឲ្យថៃ ហើយឲ្យពួកអ៊ុំៗ ពូអ៊ុំ មីង ពលរដ្ឋជនហ្នឹង មកកើតព័ត៌មានក្លែងក្លាយថា ខ្មែរយើងមិនបានបាត់បង់ទឹកដីទេ ហើយទឹកដី ៨៥ ទីតាំងហ្នឹង គឺជាទឹកដីរបស់ថៃទេ មានតែថៃទេ ដែលបាត់បង់ដីមកខាងកម្ពុជា ពលរដ្ឋថៃតវ៉ារឿងបាត់ដីស្រែមកខាងកម្ពុជា»។
ចំណែកឯ លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានអះអាងស្រដៀងគ្នាថា ការដែលភាគីថៃសាងសង់របងដោយឯកតោភាគី គឺជាការរំលោភបំពាន និងពង្រីកការឈ្លានពានមកលើទឹកដីខ្មែរ ដោយសារតែថៃតែងតែបង្ខំឱ្យកម្ពុជាប្រើប្រាស់ផែនទីខ្នាត ១/៥០.០០០ ដែលថៃបានគូសជាឯកតោភាគីផ្ទុយនឹងច្បាប់អន្តរជាតិ។
លោកបានផ្តល់អនុសាសន៍ឱ្យរដ្ឋាភិបាល ប្រើប្រាស់វិធានការរឹងមាំ ដើម្បីទប់ទល់ទៅនឹងមហិច្ឆតាឈ្លានពានរបស់ថៃនេះ។ សម្រាប់ លោក ម៉ែន ណាត មេដឹកនាំត្រូវឈប់ចាញ់កលល្បិចយុទ្ធសាស្ត្រព័ត៌មានក្លែងក្លាយ ហើយងាកមកប្រើប្រាស់ «សិទ្ធិការពារខ្លួន» ស្របតាមច្បាប់អន្តរជាតិ។ ត្រូវប្តឹងភាគីថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)។ លើសពីនេះ កម្ពុជាត្រូវដំឡើងកម្រិតការទូតអន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិ និងសហប្រធានកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
ការរិះគន់នេះ ធ្វើឡើងខណៈលោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៨ ខែតុលា បានបង្ហោះសារវាយបកទៅក្រុមអ្នកនយោបាយប្រឆាំងក្រៅប្រទេស ដោយចោទប្រកាន់ថា ពួកគេតែងតែចោទប្រកាន់រាជរដ្ឋាភិបាល ដោយគ្មានភស្តុតាងថាធ្វើឱ្យបាត់បង់ទឹកដី។
លោកហ៊ុន ម៉ាណែត បានចង្អុលបង្ហាញថា នៅពេលដែលសារព័ត៌មានថៃ បានផ្សព្វផ្សាយជាសាធារណៈថាការធ្វើរបងបេតុងរបស់ថៃ ធ្វើឱ្យពលរដ្ឋថៃ ៦៦គ្រួសារ បាត់បង់ដី ១៣៨ហិកតា ចូលមកខាងកម្ពុជាស្រាប់តែក្រុមអ្នកនយោបាយប្រឆាំងទាំងនោះ មិនហ៊ាននិយាយទេ។
លោកបានចោទសួរថា៖ «តើខួរក្បាលរបស់ក្រុមអ្នកនយោបាយខ្មែរនេះមានតែមួយគត់ គឺចោទថារដ្ឋាភិបាលខ្មែរធ្វើឱ្យបាត់ដី ទោះជាពួកគេគ្មានឯកសារ ឬភស្តុតាងអ្វីច្បាស់លាស់ក៏ដោយ។ ហើយអ្វីខុសពីហ្នឹង ទោះជាការពិត មានភស្តុតាង និងឯកសារបញ្ជាក់ច្បាស់យ៉ាងណា គឺពួកគេមិនទទួលស្គាល់ និងមិនហ៊ាននិយាយទេ?»។
ជុំវិញបញ្ហានេះ លោក វន ចាន់ឡូត អ្នកសិក្សាច្បាប់ ក៏បានលើកឡើងទស្សនៈរិះគន់ចំៗ ចំពោះប្រសិទ្ធភាព និងសមត្ថភាពរបស់រាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី ដោយប្រៀបធៀបជាមួយបណ្តាប្រទេសដទៃទៀតលើពិភពលោក ដែលមិនអនុញ្ញាតឱ្យកងទ័ពបរទេសធ្វើសកម្មភាពតាមអំពើចិត្តលើទឹកដីរបស់ខ្លួនឡើយ។
លោកថា៖ «គ្រប់ប្រទេសមានជម្លោះព្រំដែន គ្មានកងទ័ពប្រទេសណាមួយអនុញ្ញាតឱ្យកងទ័ពមួយទៀត ធ្វើអ្វីតាមអំពើចិត្តបានឡើយ មានតែមួយគត់គឺកម្ពុជា ក្រោមស្នាដៃលោក ហ៊ុន ម៉ាណែត»។
ជុំវិញរឿងនេះ ថៃបានប្រើកម្លាំងទ័ពឈ្លានពានទឹកដីកម្ពុជាចំនួនពីរលើក អំឡុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ ហើយរហូតបច្ចុប្បន្ននេះ ត្រូវបានក្រុមអ្នកតាមដាន និយាយថា ថៃបានបន្តរុលចូលដណ្តើមគ្រប់គ្រងដីខ្មែរតាមខេត្តជាប់ព្រំដែនកើនឡើងដល់ជាង ៨០ទីតាំង។
ក្រុមអ្នកតាមដាន បន្តលើកឡើងថា បញ្ហាព្រំដែន គឺជាបញ្ហាអធិបតេយ្យភាពជាតិដ៏រសើបបំផុត ដែលតម្រូវឱ្យភាគីពាក់ព័ន្ធទាំងអស់ ប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ឯកភាពជាតិ និងផ្អែកលើមូលដ្ឋានគតិយុត្តិអន្តរជាតិច្បាស់លាស់ ដើម្បីធានាថាផលប្រយោជន៍ និងបូរណភាពទឹកដីរបស់កម្ពុជា ត្រូវបានការពារយ៉ាងគត់មត់ ស្របតាមស្មារតីនៃច្បាប់ជាតិនិងអន្តរជាតិ។
ពួកគេថា កម្ពុជាត្រូវប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងប្តឹងទៅកាន់សហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ទើបអាចបញ្ឈប់ការឈ្លានពានរបស់ថៃ និងអាចទាមទារទឹកដីត្រឡប់មកវិញបាន ព្រោះការចរចាទ្វេភាគីមិនអាចទាមទារទឹកដីមកវិញបានឡើយ។
មាត្រា៤៤០នៃក្រមព្រហ្មទណ្ឌ ចែងថា «អំពើប្រគល់ឱ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេស នូវដែនដីជាតិទាំងស្រុង ឬមួយផ្នែក ជាអំពើក្បត់ជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត»៕









