រដ្ឋសភាកម្ពុជា ដែលគេដឹងថា គ្រប់គ្រងដោយមេដឹកនាំបក្សប្រជាជនកម្ពុជា បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះក្រុមអ្នកនយោបាយប្រឆាំង ដែលបានបង្កើត «សភាក្រៅប្រទេស» នៅទីក្រុងប៉ារីស ប្រទេសបារាំង។
ការឆ្លើយតបយ៉ាងនេះ កើតឡើងក្នុងពេលដែលស្ថាប័ននីតិប្បញ្ញត្តិក្នុងស្រុក ក៏កំពុងរងនូវការរិះគន់យ៉ាងខ្លាំងផងដែរថា មានភាពអសកម្មក្នុងការកោះហៅមន្ត្រីរដ្ឋាភិបាល មកសួរដេញដោលលើបញ្ហាអធិបតេយ្យភាព និងវិបត្តិសង្គមធ្ងន់ធ្ងរ។
កាលពីថ្ងៃទី២៣ និងទី២៥ ខែតុលា ឆ្នាំ២០២៦ ក្រុមអ្នកនយោបាយខ្មែរនិរទេស បានរៀបចំការបោះឆ្នោត និងប្រកាសបង្កើត «សភាក្រៅប្រទេស» ដែលមានសមាជិកសភាចំនួន ៤៧ រូប ព្រមទាំងបានផ្តល់សុពលភាពដល់រដ្ឋាភិបាលក្រៅប្រទេសក្រោមការដឹកនាំដោយ លោក សម រង្ស៊ី។
ជាការឆ្លើយតប រដ្ឋសភាកម្ពុជា បានចេញញត្តិមួយកាលពីថ្ងៃទី២៧ ខែតុលា ដោយចាត់ទុកសកម្មភាពនេះថាជា «ការរំលោភលើរដ្ឋធម្មនុញ្ញ និងបំផ្លាញឆន្ទៈរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត» ព្រមទាំងបានចាត់ទុកក្រុមអ្នកនយោបាយទាំងនោះថាជា «ក្រុមឧទ្ទាមក្រៅច្បាប់» ដោយយោងតាមមាត្រា ៥១ ថ្មី នៃរដ្ឋធម្មនុញ្ញ។
ជុំវិញបញ្ហានេះ អ្នកឃ្លាំមើល និងតំណាងភាគីប្រឆាំង បានលើកឡើងពីហេតុផលដែលនាំឱ្យមានការបង្កើតស្ថាប័នក្រៅប្រទេស។ លោក ទេព មនោរម្យ ប្រធានសភាពលរដ្ឋខ្មែរនៅក្រៅប្រទេស និងលោក ស៊ឹង សែនករុណា ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ បានលើកឡើងថា រដ្ឋសភាក្នុងស្រុកមិនដែលប្រើប្រាស់តួនាទីរបស់ខ្លួន ក្នុងការសួរដេញដោលរដ្ឋាភិបាល ឬការពារផលប្រយោជន៍ជាតិពិតប្រាកដនោះឡើយ។ ពួកគេបានលើកឡើងពីបញ្ហាប្រឈមធំៗ ដែលរដ្ឋសភាខកខានមិនបានដោះស្រាយ ដូចជា បញ្ហាថៃឈ្លានពាន និងដណ្តើមគ្រប់គ្រងទឹកដីជាង ៨០ ទីតាំង។
លោក ទេព មនោរម្យ បានគូសបញ្ជាក់ដូចនេះថា៖ «ខ្ញុំឃើញបញ្ហាជាច្រើនកើតឡើងនៅក្នុងប្រទេសកម្ពុជា ហើយនៅពេលពលរដ្ឋទាមទារអ្វីមួយ មិនដែលទទួលបានចម្លើយ តែទទួលបាននូវការគំរាមកំហែងទទួលបាននូវការជិះជាន់ ទទួលបាននូវការរំលោភ។ ខ្ញុំលើកឧទាហរណ៍ខ្លីមួយ ទាក់ទងនឹងសង្រ្គាមខ្មែរថៃប្រជាពលរដ្ឋខ្មែរសូម្បីតែពាក្យថាបាត់ដីហ្នឹង ក៏ត្រូវបានគេគំរាមកំហែងដាក់គាត់ទៅជាមនុស្សដែលខុសច្បាប់ ឬក៏ក្បត់ជាតិ។ គាត់បាត់ដីហើយ គាត់មិនអាចនិយាយថាបាត់ដី បាត់ផ្ទះ បាត់ភូមិ ដាក់ពួកគាត់ហ្នឹងឱ្យទៅជាអ្នកទោស ហើយទទួលរងនូវទោសយ៉ាងធ្ងន់ គឺក្បត់ជាតិទៅទៀត»។
លោកថា វិបត្តិឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam) ដែលធ្វើឱ្យកម្ពុជាខូចកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិ។ លើសពីនេះ លោកថា បញ្ហាមន្ត្រី និងឧកញ៉ាគ្រាក់ៗ បើកមុខជំនួញឆបោក ដែលធ្វើឱ្យពលរដ្ឋរាប់ម៉ឺននាក់ ជំពាក់បំណុលវ័ណ្ឌក។
លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ យល់ថា រដ្ឋសភាបច្ចុប្បន្ន គឺជា «រដ្ឋសភាប្រថាប់ត្រា» ដែលកើតចេញពីការបោះឆ្នោតក្លែងក្លាយឆ្នាំ២០២៣ និងបម្រើឱ្យតែមហិច្ឆតាអំណាចបក្ខពួកតែប៉ុណ្ណោះ ទើបធ្វើឱ្យពលរដ្ឋខ្មែរក្រៅប្រទេសសម្រេចចិត្តបង្កើតស្ថាប័នផ្ទាល់ខ្លួនដើម្បីតស៊ូមតិ។
លោកថា៖ «រដ្ឋសភានៅក្នុងស្រុកគ្រាន់តែជារដ្ឋសភាប្រថាប់ត្រា រដ្ឋសភាបម្រើឱ្យមហិច្ឆតាកាន់អំណាចផ្តាច់ការរបស់ត្រកូលហ៊ុនតែប៉ុណ្ណោះឯង មិនតំណាងឱ្យឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរនោះទេ ពីព្រោះសភាហ្នឹងកើតចេញពីការបោះឆ្នោតក្លែងក្លាយ កាលពីឆ្នាំ២០២៣។ បើមិនចង់ឱ្យមានរដ្ឋសភាខ្មែរនៅក្រៅប្រទេសនេះ ធ្វើម៉េចរៀបចំឱ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា មានគណបក្សប្រឆាំងពិតប្រាកដចូលរួមទៅ ឱ្យខ្មែរនៅក្រៅប្រទេសក៏អាចបោះឆ្នោតបានទៅ គ្មានអ្នកណាទៅចង់បង្កើតសភាអីនៅក្រៅប្រទេស»។
ចំណែកលោក ស៊ឹង សែនករុណា ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី បានថ្លែងថា ការខ្វែងគំនិត និងការប៉ះទង្គិចពាក្យសម្តីគ្នារវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង គឺជារឿងធម្មតាទៅហើយ ពីព្រោះវាបានកើតឡើងជាហូរហែរួចមកហើយ ចាប់តាំងពីមិនទាន់រំលាយគណបក្សសង្គ្រោះជាតិ រហូតដល់មានការរំលាយគណបក្សសង្គ្រោះជាតិ កាលពីចុងឆ្នាំ២០១៧ និងរហូតមកដល់បច្ចុប្បន្ន។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នៅពេលនេះ លោកថា គឺការតស៊ូមតិរបស់ខ្មែរនៅក្រៅប្រទេសស្របតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ មិនមានអ្វីខុសច្បាប់ដូចសភានៅក្នុងប្រទេសចោទប្រកាន់នោះទេ។
លោកថា៖ «អ៊ីចឹងអ្វីៗដែលគេធ្វើទាំងអស់នេះ វាសុទ្ធតែជារឿងស្របច្បាប់ ហើយកាលណាគេអនុវត្តនូវនីតិវិធីតស៊ូមតិត្រឹមត្រូវ ដោយស្របតាមច្បាប់ជាតិអន្តរជាតិ វាអត់មានអ្វីខុសច្បាប់នោះទេ។ អ៊ីចឹងខ្ញុំគិតថា ការថ្កោលទោសអ្វីទាំងអស់នេះ អាចធ្លាក់ទៅចំលើខ្លួនឯងទៅវិញ ដោយសារថា តាមខ្ញុំកត់សម្គាល់នោះ គឺសភាពលរដ្ឋខ្មែរក្រៅប្រទេស ហើយរដ្ឋាភិបាលខ្មែរក្រៅប្រទេសនេះ គឺកើតចេញអំពីភាពអសកម្មរបស់រដ្ឋាភិបាល រួមទាំងរដ្ឋសភាខ្មែរតែម្តង»។
បើតាមអ្នកឃ្លាំមើលរូបនេះ សភា និងរដ្ឋាភិបាលខ្មែរនៅក្នុងប្រទេស មិនបានប្រើប្រាស់តួនាទីរបស់ខ្លួនក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី និងបម្រើប្រជាពលរដ្ឋ ចុះពិនិត្យអំពីបញ្ហារបស់ប្រជាពលរដ្ឋ ហើយកោះហៅស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលមកសួរនាំ ដើម្បីឱ្យមានការទទួលខុសត្រូវចំពោះកិច្ចការងាររបស់ខ្លួននោះទេ។
លោក ករុណា ថ្លែងថា បើពិនិត្យមើលទៅលើដំណើរការរៀបចំរបស់អ្នកនយោបាយខ្មែរនិរទេស គឺកើតឡើងដោយសារការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាលក្នុងប្រទេសបច្ចុប្បន្ន ដែលបានប្រើប្រាស់តុលាការ ប្រើប្រាស់នូវអំពើហិង្សា និងការគំរាមកំហែង ធ្វើទុក្ខបុកម្នេញគ្រប់រូបភាព មិនអនុញ្ញាតឱ្យអ្នកនយោបាយប្រឆាំង ចូលរួមបោះឆ្នោតដោយត្រឹមត្រូវ និងយុត្តិធម៌នៅក្នុងប្រទេស។ បន្ថែមពីនេះ ពលរដ្ឋខ្មែរក្រៅប្រទេសទៀតសោត ក៏មិនដែលទទួលបានសិទ្ធិរបស់ខ្លួនក្នុងនាមជាពលរដ្ឋ ដើម្បីចូលបោះឆ្នោតជ្រើសរើសមេដឹកនាំ ស្របតាមរដ្ឋធម្មនុញ្ញនោះទេ។
ផ្ទុយទៅវិញ រដ្ឋសភាកម្ពុជា បានអះអាងនៅក្នុងញត្តិរបស់ខ្លួនថា រដ្ឋសភា និងរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គឺកំពុងបំពេញតួនាទីយ៉ាងសកម្មក្នុងការការពារសុខសន្តិភាព ស្ថិរភាពសង្គម និងបូរណភាពទឹកដីយ៉ាងម៉ឺងម៉ាត់ ប្រឆាំងនឹងការឈ្លានពានពីបរទេស។
ព្រឹត្តិការណ៍នៃការចេញញត្តិថ្កោលទោស «សភាក្រៅប្រទេស» នេះ បានបង្ហាញឱ្យឃើញពីចន្លោះប្រហោង និងវិបត្តិទំនុកចិត្តដ៏ធំរវាងស្ថាប័ននីតិប្បញ្ញត្តិក្នុងស្រុក និងក្រុមអ្នកនយោបាយប្រឆាំងនិរទេសខ្លួន ខណៈរដ្ឋសភាចាត់ទុកសកម្មភាពក្រៅប្រទេសជាការរំលោភច្បាប់។
ចំណែក អ្នករិះគន់ និងអង្គការសង្គមស៊ីវិល មើលឃើញថា រដ្ឋសភាបច្ចុប្បន្នមិនមែនជារដ្ឋសភាដែលតំណាងឱ្យប្រជាជាតិខ្មែរទាំងមូលនោះទេ ប៉ុន្តែជារដ្ឋសភាដែលតំណាងឱ្យតែគណបក្សប្រជាជន និងគ្រួសារហ៊ុនប៉ុណ្ណោះ ពីព្រោះក្រៅពីដង្ហែតាមលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត គ្រប់រឿង ហើយគេមិនដែលឃើញរដ្ឋសភាកោះហៅនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ឬក៏តំណាងរដ្ឋាភិបាល ទៅសួរដេញដោលនៅក្នុងរដ្ឋសភា រាប់ចាប់តាំងពីរឿងថៃដណ្តើមកាន់កាប់ដីខ្មែរ ៨៥ ទីតាំង កម្ពុជាក្លាយជាសម្បុកឧក្រិដ្ឋជនឆបោកតាមបច្ចេកវិទ្យា ធ្វើឱ្យកម្ពុជាមានកេរ្តិ៍ឈ្មោះស្អុយអាសោចពេញពិភពលោក រួមទាំងមន្ត្រី និងឧកញ៉ាគ្រាក់ៗរបស់គណបក្សប្រជាជនកម្ពុជា បើកក្រុមហ៊ុនរកស៊ីឆបោកគ្រប់ទម្រង់ ធ្វើឱ្យពលរដ្ឋខ្មែររាប់សិបម៉ឺននាក់ជំពាក់បំណុលធនាគារវ័ណ្ឌក រហូតដល់ពលរដ្ឋជាច្រើនបង្ខំចិត្តលក់ដី លក់ផ្ទះ សងបំណុលនោះទេ៕









