ក្រុម​​បក្ស​​ប្រឆាំង​​និង​​ពលរដ្ឋ​​នឹង​​បន្ត​​រ​ងគ្រោះ ​​​​​បើ​​មិន​​ជំរុញ​​​ឱ្យ​​កែ​លម្អ​​ប្រព័ន្ធ​​បោះ​ឆ្នោត​​និង​​តុលាការ

ក្នុង​​កាលៈទេសៈ​ដែល​ស្ថាប័ន​កំពូលៗ​របស់​ជាតិ​​ស្ទើរតែ​ទាំងអស់ ​ស្ថិត​​ក្រោម​ការត្រួតត្រា​​ដោយ​​មេដឹក​​នាំ​​បក្ស​​​កាន់​អំណាច​​​នោះ អ្នកតាម​ដាន​​​ភូមិសាស្ត្រ​​នយោ​បាយ និង​​សិទ្ធិ​មនុស្ស ទាញ​​សញ្ញា​​ព្រមាន​​ថា ទាំង​​បក្ស​​​ប្រឆាំង និង​ប្រជា​ពលរដ្ឋ​​នឹង​​ប​ន្ត​​រង​គ្រោះ​​ដូច​គ្នា​​រយៈ​ពេល​​ច្រើន​​ឆ្នាំ​​ទៀត បើ​​មិន​​រួ​ម​គ្នា​​ជំរុញ​​ឱ្យ​​កែ​ទម្រង់​​ប្រព័ន្ធ​​បោះ​ឆ្នោត និង​​តុលាការ មុន​​សម្រេច​ចិត្ត​​ចូល​រួម​​បោះ​ឆ្នោត​​នោះ​​ទេ។

បើ​គ្មាន​អ្វី​ប្រែប្រួល ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០២៧ ខាង​មុខ ប្រមាណ​​ជា ៧ ខែ​ទៀត​នេះ។

ខណៈ​ការបោះឆ្នោត​ជិត​មកដល់ សញ្ញា​គំរាមកំហែង​ខាង​នយោបាយ​​ទៅកាន់​គណបក្ស​ប្រឆាំង​ដែល​នៅ​សេស​សល់ ត្រូវបាន​គេ​មើលឃើញ​ថា មាន​កម្ដៅ​កើនឡើង​គួរ​ឱ្យ​ព្រួយបារម្ភ ក្នុង​នោះ ក្រសួងមហាផ្ទៃ បាន​បង្កើត​​លេស​ថ្មី​រារាំង​​ការចង​សម្ព័ន្ធ​ភាព​​រវាង​គណបក្ស​ភ្លើងទៀន និង​គណបក្ស​ឆន្ទៈ​ខ្មែរ ព្រមទាំង​មាន​ក្រុម​អ្នក​គាំទ្រ​បក្ស​​កាន់​អំណាច​ទៅ​តវ៉ា​​លើក​បដា​នៅមុខ​ស្នាក់ការ​គណបក្ស​កម្លាំង​ជាតិ ទាមទារ​ឱ្យ​គណបក្ស​នេះ ប្រកាស​ផ្តាច់ខ្លួន​ពី​ការ​មិន​ជាប់ពាក់ព័ន្ធ​ទៅនឹង​គណបក្ស​ប្រឆាំង​នៅ​​ក្រៅប្រទេស រួមទាំង​វិធានការ​ចាប់ខ្លួន​សកម្ម​ជន​បក្ស​ប្រឆាំង​ជា​បន្តបន្ទាប់​ជាដើម។

ជុំវិញ​បញ្ហា​នេះ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា មើលឃើញ​​ថា តាំងពី​ដើម​មក គណបក្ស​កាន់​អំណាច​​ព្យាយាម​មិន​ឱ្យ​មាន​ការបោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​ទេ ក្រោយ​ពី​ការរំលាយ​នូវ​​គណបក្ស​​សង្គ្រោះ​​ជាតិ​មក ខណៈ​ក្បាលម៉ាស៊ីន​នៃ​គណៈកម្មាធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប.) ក៏​​ស្ថិតនៅ​ក្រោម​ក្រញ៉ាំ​ដៃ​​នៃ​គណបក្ស​កាន់​អំណាច​ទាំងស្រុង។

លោក​ថា៖ «អញ្ចឹង​សម្រាប់​ខ្ញុំ ខ្ញុំ​ឲ្យ​យោបល់​ទៅ​ដល់​គណបក្ស​ដែល​មិន​នៅ​ក្នុង​រដ្ឋាភិ​បាល​ទាំង​ឡាយ គប្បី​រួប​រួម​គ្នា ដើម្បី​តស៊ូ​មតិ​ជាមួយ​នឹង​ខាង​សហគមន៍​អន្តរ​ជាតិ​ជា​មុន​សិន​ ធ្វើ​យ៉ាង​ណា​សូម​ឲ្យ​សហគមន៍​​អន្តរ​ជាតិ​ដាក់​សម្ពាធ​ទៅ​ជជែក​យ៉ាង​ណា ឲ្យ​ខាង​គណបក្ស​កាន់​អំណាច​កែ​ទម្រង់​ឲ្យ​មាន​គណៈ​កម្ម​ការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​មួយ ដោយ​​មាន​ឯករាជ្យ​ភាព អព្យា​ក្រឹត​ភាព ហើយ​ធានា​ថា ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​​របស់​ខ្លួន ប្រកប​ដោយ​ភាព​សេរី​ត្រឹម​ត្រូវ និង​យុត្តិ​​ធម៌ ​អា​ហ្នឹង​ចាំ​នាំ​គ្នា​ទៅ​ប្រកួត​ប្រ​ជែង»។

សម្រាប់​​លោក ករុណា ភាព​​មិន​ជឿ​ទុកចិត្ត​នេះ បង្កើត​​ឱ្យ​មាន​ការព្រួយបារម្ភ និង​ភ័យខ្លាច​ចាញ់ឆ្នោត ដោយ​សារតែ​ការដឹកនាំ​បន្សល់​ទុក​បញ្ហា​សង្គម​ចាក់ស្រេះ រីឯ​ពលរដ្ឋ​ឆ្អែតឆ្អន់ ​និង​ឈឺចាប់ ​ចំពោះ​ការដឹកនាំ​ដែល​​បំផ្លាញ​​សង្គម បំផ្លាញ​​ជាតិ ធ្វើ​​ឱ្យ​បាត់បង់​ទឹកដី​ទៅ​ប្រទេស​ជិតខាង ពលរដ្ឋ​រាប់​ម៉ឺន​គ្រួសារ​រស់នៅក្នុង​វិបត្តិ​​បំណុល និង​កសិករ​គ្មាន​​ទីផ្សារ និង​វិបត្តិ​ការងារ ​និង​ការធ្វើ​ចំណាកស្រុក​​ ដើម្បី​តែ​ដោះ​បំណុល​ជាដើម។

បញ្ហា​ទាំងអស់​នេះ ​លោក​គិត​ថា បើ​បក្ស​ប្រឆាំង​និង​ពលរដ្ឋ​មិន​​រួមគ្នា​ជំរុញ​ឱ្យ​មាន​ការកែទម្រង់​ប្រព័ន្ធ​បោះឆ្នោត និង​​ប្រព័ន្ធ​យុត្តិធម៌ ​មុន​ការសម្រេច​ធ្វើដំណើរ​ទៅកាន់​​​ការិយាល័យ​បោះឆ្នោត ​ដែល​គ្រោង​ធ្វើ​នៅ​ឆ្នាំក្រោយ​​ទេ​​នោះ ទាំង​​​ក្រុម​បក្ស​ប្រឆាំង ​និង​ពលរដ្ឋ ​នឹង​បន្ត​រងគ្រោះ​ដូចគ្នា​យូរ​ឆ្នាំ​ទៅមុខ​ទៀត។

លោក​ថា៖ «អញ្ចឹង​ក្នុង​កាលៈទេសៈនេះ ត្រូវតែធ្វើ​យ៉ាង​ណា​កំណត់​នូវ​គោល​ដៅ​រួម គឺ​ធ្វើ ជំរុញ​ឲ្យ​មាន​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ដោយ​សេរី ដោយ​ត្រឹម​ត្រូវ និង​យុត្តិ​ធម៌ ហើយ​ធានា​ថា ឲ្យ​មាន​បរិយា​កាស​ចាប់​ផ្ដើម​ពី​មុន​ការ​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត រហូត​ទៅ​ដល់​ក្រោយ​ការ​បោះ​ឆ្នោត»។

ប៉ុន្តែ​ផ្ទុយទៅវិញ ​លោក​បារម្ភ​ថា បើ​ក្រុម​គណបក្ស​ប្រឆាំង និង​ពលរដ្ឋ​រងគ្រោះ នៅ​​បែកខ្ញែក​គ្នា​វា​ច្បាស់​ណាស់ ការធ្វើទុក្ខបុកម្នេញ អយុត្តិធម៌​សង្គម រួមទាំង​វិបត្តិ​បំណុល​ពលរដ្ឋ​​អាច​នឹង​បន្ត​កើនឡើង។ ថ្វីត្បិត​ថា​​គណបក្ស​ផ្សេងទៀត​​មិនទាន់​ដល់​វេន គង់តែ​ដល់​វេន​ដែរ ដែល​ការណ៍​នេះ​ លោក​ថា វា​គួរតែ​ដល់ពេល​សហការ​​​គ្នា ដើម្បី​កាត់បន្ថយ​អំពី​ការដាក់​សម្ពាធ​ពី​គណបក្ស​កាន់​អំណាច​បាន​ខ្លះ។

អ្នកជំនាញ​ភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណលី បាន​ទាញ​ការចាប់អារម្មណ៍​ថា ការយាយី​ផ្នែក​នយោ​បាយ​​មុន​ការបោះឆ្នោត វា​នឹង​បង្កើត​បាន​ប្រព័ន្ធ​ដឹកនាំ​មួយ​​បែងចែក​អំណាច​តាម​បែប​គ្រួសារនិយម ហើយ​​ប្រព័ន្ធ​តុលាការ និង​ប្រព័ន្ធ​បោះឆ្នោត​ ​នៅតែ​ជា​ឧបករណ៍​របស់​អ្នកនយោបាយ ដែល​បញ្ហា​នេះ ពលរដ្ឋ ​និង​​គណបក្ស​​ប្រឆាំង​ ​នឹង​បន្ត​រងគ្រោះ​ដូចគ្នា បើ​គ្មាន​អ្វី​ប្រែប្រួល។

ក្នុង​ន័យ​នេះ ​លោក​ពន្យល់​ថា ការបង្រួម​លំហ​សេរីភាព និង​សមភាព​ក្នុងការ​ប្រកួតប្រជែង​នយោបាយ​ តាម​រយៈ​វិធានការ​ផ្លូវច្បាប់ ព្រមទាំង​​ការរឹតបន្តឹង​រដ្ឋបាល​លើ​គណបក្ស​ប្រឆាំង គឺ​ជា​យុទ្ធសាស្ត្រ​មួយ​ក្នុង​គោល​បំណង​កាត់បន្ថយ​សមត្ថភាព​របស់​គូប្រជែង។

លោក​ថា នៅពេល​ដែល​គណបក្ស​ប្រឆាំង​ត្រូវ​ប្រឈមមុខ​នឹង​​ឧបសគ្គ​ក្នុងការ​រៀបចំ​រចនាសម្ព័ន្ធ ឬ​ការធ្វើ​សកម្ម​ភាព​​​នៅ​មូលដ្ឋាន បរិយាកាស​នៃ​ការបោះឆ្នោត​នឹង​បាត់បង់​តុល្យភាព ដែល​ធ្វើ​ឱ្យ​ដំណើរការ​ប្រជាធិបតេយ្យ​​ប្រែជា​មាន​ទម្រង់​ត្រឹមតែ​ជា​បែបបទ ​ជាជាង​ការប្រកួតប្រជែង​ដោយ​សេរី និង​ស្មើភាព​ពិតប្រាកដ។

ក្នុង​ប្រព័ន្ធ​នេះ ការផ្ទេរ​តំណែង​​ដឹកនាំ និង​ការបែងចែក​តួនាទី​សំខាន់ៗ​ក្នុង​ស្ថាប័នរដ្ឋ​​ទៅឱ្យ​សាច់ញាតិ ឬ​ក្រុម​​បក្ខពួក បាន​បង្កើត​ឱ្យ​មាន​ការបារម្ភ​យ៉ាងខ្លាំង ​អំពី​ការបង្កើត​ប្រព័ន្ធ​ដឹកនាំ​បែប​គ្រួសារនិយម។

លោក​យល់ឃើញ​ថា ទម្រង់​បែប​នេះ​​​អាច​កាត់បន្ថយ​ប្រសិទ្ធភាព​នៃ​ការត្រួតពិនិត្យ និង​តុល្យភាព​អំណាច ព្រម​ទាំង​រារាំង​ឱកាស​របស់​អ្នក​ដែលមាន​សមត្ថភាព​ពិតប្រាកដ ​ដែល​នៅ​ក្រៅ​បណ្តាញ​អំណាច មិន​ឱ្យ​មាន​​ឱកាស​​ចូលរួម​ក្នុងការ​ដឹកនាំ​ប្រទេស​ដោយ​ស្មើភាព​នោះ​ទេ។

សម្រាប់​លោក សេង វណ្ណលី ភាព​មិន​ច្បាស់លាស់​នៃ​បរិយាកាស​នយោបាយ និង​ការសង្ស័យ​លើ​ភាព​ត្រឹមត្រូវ​​នៃ​ការបោះឆ្នោត អាច​បង្ក​ជា​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​ជាតិ។ សម្ពាធ និង​ការរិះគន់​ពី​សំណាក់​​ប្រទេស​លោកខាង​លិច អាច​ឈាន​ទៅ​ដល់​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះពន្ធ ឬ​កាត់បន្ថយ​ការវិនិយោគ​​ទុន​បរទេស ដែល​កត្តា​នេះ​​នឹង​​ប៉ះ​ពាល់​​ដោយផ្ទាល់​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ ជាពិសេស​ក្រុម​កម្មករ និង​អាជីវកម្ម​ក្នុងស្រុក។

ជាចុងក្រោយ នៅពេល​ដែល​ស្ថាប័ន​ច្បាប់ និង​តុលាការ​ត្រូវបាន​មើលឃើញ​ថា​​មាន​ការលម្អៀង ឬ​បម្រើ​ឱ្យ​ផល​ប្រយោជន៍​​នយោបាយ វា​នឹង​ធ្វើ​ឱ្យ​បាត់បង់​ទំនុកចិត្ត​ពី​សាធារណជន និង​អាច​បង្ក​ជា​ហានិភ័យ​នៃ​ភាព​មិន​ស្ថិតស្ថេរ​ក្នុង​សង្គម​នៅ​ពេល​អនាគត​វែងឆ្ងាយ។

អនុប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក សុខ គឹមសេង លើកឡើង​ថា ការជំរុញ​ឱ្យ​កែទម្រង់​ប្រព័ន្ធ​បោះឆ្នោត និង​តុលាការ​ វា​ជា​រឿង​​ចាំបាច់ ដើម្បី​ធានា​ឱ្យ​បរិយាកាស​បោះឆ្នោត​ដំណើរការ​ទៅ អាច​ទទួលយក​បាន​​ទាំងអស់​គ្នា ប៉ុន្តែ​លោក​ថា ភាពជោគជ័យ​នៃ​ការជំរុញ​ឱ្យ​កែទម្រង់​ស្ថាប័ន​សំខាន់​ទាំងពីរ​នេះ វា​អាច​ត្រូវ​​ស៊ីពេល​យូរ​ទៀត។

លោក​ថា៖ «ខ្ញុំ​មាន​ជំនឿ​ថា នៅ​ពេល​វេលា​ណា​មួយ​ប្រទេស​កម្ពុជា​យើង នឹង​មាន​ការ​កំណែទម្រង់​ពាក់​ព័ន្ធ​ជាមួយ​នឹង​​កំណែ​ទម្រង់​វិស័យ​ច្បាប់ ជា​ពិសេស​គឺ​ប្រព័ន្ធ​យុត្តិ​ធម៌​ហ្នឹង ឲ្យ​តែ​យើង​មាន​គេ​ហៅ​ថា ទាំង​ប្រជា​​ពលរដ្ឋ​ខ្មែរ និង​អ្នក​​នយោ​បាយ​ខ្មែរ​ឈរ​លើ​ស្មារតី​មួយ គេ​ហៅថា ស្មារតី​រួម​ជាតិ​»។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ធីរិទ្ធ បាន​ថ្លែង​ថា ការ​ចោទប្រកាន់​បែប​នេះ គឺ​មាន​​លក្ខណៈ​​ជ្រុល​​ហួស​​ហេតុ​ពេក ដោយ​​សំអាង​ថា ការចោទ​នេះ មិន​​មាន​ភស្តុតាង​ដែល​​បង្ហាញ​​ថា គណបក្ស​​ប្រជាជន​​កម្ពុជា​​បាន​​ទៅ​​គំរាម​កំហែង ឬ​​ធ្វើ​ទុក្ខបុ​កម្នេ​ញ​​នោះ​​ទេ។

តែ​ផ្ទុយទៅវិញ ​លោក​ថា គណបក្ស​ប្រជាជន​កម្ពុជា ​គឺ​អនុវត្ត​ទៅតាម​ច្បាប់​ស្តីពី​គណបក្សនយោបាយ និង​អនុវត្ត​​ទៅ​តាម​​រដ្ឋ​ធម្ម​នុញ្ញ ដែល​ជា​ច្បាប់​កំពូល​របស់​ប្រទេស​កម្ពុជា ហើយ​ថា សកម្មភាព​របស់​ក្រុម​ណាមួយ​ដែល​ពាក់ព័ន្ធ​នឹង​ផ្លូវ​ច្បាប់ គឺ​ជា​សមត្ថកិច្ច និង​ជា​កិច្ចការ​របស់​តុលាការ។

លោក​ថា៖ «ជា​រឿង​របស់​​តុលាការ ដែល​ទាស់​តែ​ត្រង់​ថា នៅ​ពេល​ដែល​តុលាការ​ចាត់​វិធាន​ការ​រឿង​ណា​មួយ ទាញ​ចូល​មក​គណបក្ស​ប្រជាជន​កម្ពុជា។ តុលាការ​ចាត់​វិធាន​ការ​ចំពោះ​បុគ្គល​ខុស​ច្បាប់ យើង​មិន​ផ្ដល់​តម្លៃ​ទៅ​លើ​ឆន្ទានុ​សិទ្ធិ​​របស់​​តុលាការ​ទេ អញ្ចឹង​បើ​សកម្ម​ភាព​ណា​ដែល​វា​ពាក់​ព័ន្ធ​នឹង​ផ្លូវ​ច្បាប់ អា​ហ្នឹង ច្បាប់​ប្រទេស​យើង ជា​ប្រទេស​នីតិ​រដ្ឋ ក្រែង​យើង​ចង់​អនុវត្ត​នីតិ​រដ្ឋ»។

បើ​តាម​ក្រុម​អ្នកឃ្លាំមើល ប្រព័ន្ធ​បោះឆ្នោត ជា​ទ្វារ​ចូល​ទៅកាន់​អំណាច ចំណែក​ប្រព័ន្ធ​តុលាការ ជា​ខែល​ការ​​ពារ​​យុត្តិធម៌។ បើ​​ស្ថាប័ន​ទាំងពីរ​នេះ មិន​ត្រូវបាន​កែទម្រង់​ឱ្យ​មាន​តុល្យភាព និង​ឯករាជ្យ​ទេ នោះ​លទ្ធិប្រជាធិបតេយ្យ​​នឹង​មិន​​អាច​​ដើរ​ទៅមុខ​បាន​ទេ។

បរិបទ​នេះ ទាំង​អ្នកនយោបាយ​ប្រឆាំង និង​ពលរដ្ឋ​ទូទៅ នឹង​​បន្ត​រង​សម្ពាធ​ផ្នែក​ផ្លូវច្បាប់ និង​អយុត្តិធម៌​សង្គម​​​ក្នុង​​រយៈ​ពេល​វែង​ដូចគ្នា ព្រោះ​ប្រព័ន្ធ​នេះ​នឹង​បង្កើត​ឱ្យ​មាន​ក្បាលម៉ាស៊ីន​ដឹកនាំ​មួយ​បែងចែក​អំណាច​​តាមរយៈ​សែ​ស្រឡាយ ដើម្បី​​តែ​ប្រយោជន៍​​បក្ខពួក ខ្វះ​ទំនួលខុសត្រូវ​ចំពោះ​ពលរដ្ឋ និង​ជោគ​វាសនា​​​ជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ