រដ្ឋាភិបាលលោក ដូណាល់ ត្រាំ បានចេញដីកាកោះហៅជាង ១០០ ដើម្បីទាមទារកំណត់ត្រាលើអ្នកបោះឆ្នោតរាប់ម៉ឺននាក់ នៅក្នុងរដ្ឋយ៉ាងហោចណាស់ ១៣ ក្នុងគោលបំណងស្វែងរកភស្តុតាងនៃការបោះឆ្នោតខុសច្បាប់ដោយជនបរទេស នៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសប្តាហ៍មុខ។
ភាគច្រើននៃដីកាកោះហៅដែលប្រមូលបាន ដោយទីភ្នាក់ងារសារព័ត៌មាន Reuters ត្រូវបានចេញទៅកាន់មន្ត្រីរៀបចំការបោះឆ្នោតក្នុងស្រុក និងរដ្ឋ ក្នុងរយៈពេល ៣ ខែចុងក្រោយនេះ។ អ្នកជំនាញខាងច្បាប់និយាយថា កំណត់ត្រាទាំងនេះ អាចត្រូវគេយកទៅប្រើ ដើម្បីតវ៉ាលទ្ធផលឆ្នោតនៅក្នុងការប្រកួតប្រជែងដ៏ប្រកៀកប្រកិត ទោះបីជាមានភស្តុតាងតិចតួចថា ការបោះឆ្នោតដោយជនបរទេសកើតឡើងទូលំទូលាយក៏ដោយ។
យ៉ាងហោចណាស់ ដីកាកោះហៅចំនួន ៤៩ ត្រូវបានចេញក្រោមអំណាចនៃគណៈកម្មាធិការវិនិច្ឆ័យធំ (grand juries) ដែលបញ្ជាក់ថា វាជាប់ពាក់ព័ន្ធនឹងការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌ។
សេតវិមាន បានអះអាងថា ការបោះឆ្នោតរបស់ជនបរទេស គឺជាបញ្ហាធ្ងន់ធ្ងរដែលទាមទារឱ្យមានវិធានការសហព័ន្ធយ៉ាងទូលំទូលាយ។ អ្នកនាំពាក្យសេតវិមាន លោកស្រី Lauren Bis បានថ្លែងថា “មានតែប្រជាជនអាមេរិកប៉ុណ្ណោះ ដែលគួរបោះឆ្នោតជ្រើសរើសមេដឹកនាំអាមេរិក”។
ទោះជាយ៉ាងណា ការសិក្សាស្រាវជ្រាវជាច្រើន និងការវិភាគរបស់ Reuters បានរកឃើញថា ការបោះឆ្នោតដោយជនបរទេស គឺកើតមានឡើងកម្របំផុត។
ដីកាកោះហៅទាំងនេះ គឺជាផ្នែកមួយនៃយុទ្ធនាការដ៏ធំទូលាយមួយ។ ភ្នាក់ងារសន្តិសុខមាតុភូមិដែលមានអាវុធបានសាកសួរពលរដ្ឋនៅក្នុងរដ្ឋមួយចំនួន អំពីសញ្ជាតិ និងការបោះឆ្នោត ខណៈដែលក្រសួងយុត្តិធម៌បានប្តឹងរដ្ឋចំនួន ៣០ ដែលបដិសេធមិនផ្តល់បញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលមានព័ត៌មានផ្ទាល់ខ្លួនស៊ីជម្រៅ ដូចជា លេខបណ្ណបើកបរ និងលេខសន្តិសុខសង្គម។
ក្រសួងយុត្តិធម៌ និងភ្នាក់ងារសន្តិសុខមាតុភូមិ អាចប្រើប្រាស់ដីកាកោះហៅទាំងនេះដើម្បីទទួលបានព័ត៌មានអ្នកបោះឆ្នោត ដែលអ្នកជំនាញនិយាយថា អាចយកទៅប្រកែកលើលទ្ធផលបោះឆ្នោតបាន។
ក្រោមច្បាប់រដ្ឋភាគច្រើន មានតែបេក្ខជនដែលចាញ់ ឬអ្នកបោះឆ្នោតប៉ុណ្ណោះដែលអាចតវ៉ាលទ្ធផល ប៉ុន្តែក្រសួងយុត្តិធម៌អាចចាត់វិធានការផ្លូវច្បាប់ ដើម្បីពន្យារពេល ឬរារាំងការបញ្ជាក់ជ័យជម្នះ។
នៅរដ្ឋកាលីហ្វ័រញ៉ា ក្រសួងយុត្តិធម៌បានអះអាងនៅខែនេះថា មានជនបរទេសប្រហែល ២០,០០០ នាក់បានទទួលសន្លឹកឆ្នោតតាមប្រៃសណីយ៍ ហើយបានទាមទារមិនឱ្យរាប់សន្លឹកឆ្នោតទាំងនោះរហូតដល់សញ្ជាតិត្រូវបានផ្ទៀងផ្ទាត់។ ប៉ុន្តែមន្ត្រីរដ្ឋកាលីហ្វ័រញ៉ាបានបដិសេធ ដោយនិយាយថាការពិនិត្យលើឈ្មោះ ២០០ នាក់ រកឃើញថាជិត ៤០% ជាអ្នកកើតនៅអាមេរិក។
មន្ត្រីបោះឆ្នោត និងមេធាវីមួយចំនួនបានប្រាប់ Reuters ថា ការស៊ើបអង្កេតនេះ អាចបង្កើនការយល់ច្រឡំថាការបោះឆ្នោតនៅអាមេរិកងាយរងគ្រោះដោយសារការបន្លំ។ បេក្ខជនចាញ់ឆ្នោតអាចប្រើការអះអាងទាំងនេះដើម្បីវាយប្រហារលើភាពស្របច្បាប់នៃលទ្ធផលឆ្នោត។
អតីតរដ្ឋអាជ្ញាសហព័ន្ធ លោក Paul Charlton បានលើកឡើងថា ការស៊ើបអង្កេតនេះគឺជា “រឿងរំខាន” សម្រាប់មន្ត្រីរៀបចំការបោះឆ្នោត ហើយករណីជនបរទេសបោះឆ្នោតគឺកម្រណាស់ រហូតមិនដែលធ្វើឱ្យផ្លាស់ប្តូរលទ្ធផលឆ្នោតនោះទេ។
ចាប់តាំងពីលោក ត្រាំ ត្រឡប់មកកាន់តំណែងវិញ ព្រះរាជអាជ្ញាបានចោទប្រកាន់មនុស្សយ៉ាងហោចណាស់ ១៤៧ នាក់ ពីបទបោះឆ្នោតខុសច្បាប់ ដែលចំនួននេះស្មើនឹងតិចជាង ១ នាក់ ក្នុងចំណោមអ្នកបោះឆ្នោត ១ លាននាក់កាលពីឆ្នាំ ២០២៤៕









