សហគមន៍​៣​​​ភូមិ​​នៅ​​មណ្ឌល​គិរី​​ប្រឈម​​ជីវភាព​​ធ្លាក់​​ចុះ​ ​ក្រោយ​​​អាជ្ញាធរ​​ហាម​​រែង​​រ៉ែ​​មាស​​គ្រួសារ​

ក្រោយ​​ពេល​​អាជ្ញាធរ​​ផ្អាក​​អាជីវ​កម្ម​​រ៉ែ​​មាស​​លក្ខណៈ​​គ្រួសារ​​ កំឡុង​​ខែ​​តុលា​​នេះ​ ស្ថាន​ភាព​​ឃុំ​​ចុង​​ផ្លាស់​ ស្រុក​​កែវ​​សីមា​ ​គ្រប​​​ដណ្តប់​​ដោយ​​ភាព​​ស្ងប់​ស្ងាត់​​ខុស​​​ធម្មតា​។​

ពេល​នេះ​សំឡេង​រែង​រ៉ែ​មាស​​របស់​សហគមន៍​​ក្នុង​តំបន់​ព្រៃ​មាស​ជា​ច្រើន​​ជំនាន់​មក​ហើយ​នោះ​ ​ក៏​ស្ងប់ស្ងាត់​ដែរ​ ​ជំនួស​​ដោយ​​ទឹក​មុខ​ស្រពោន​ ​និង​ក្តី​អស់​សង្ឃឹម​របស់​អ្នក​ស្រុក​ភាគ​ច្រើន​ជា​ជន​ជាតិ​ដើម​ភាគ​តិច​។​

អ្នក​ប្រកប​របរ​អាជីវកម្ម​រែង​មាស​ដែល​ស្នើ​សុំ​ហៅ​ឈ្មោះ​​ក្រៅ​ថា​ លោក​ ម៉ៅ​ សាន់​ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០​ ខែ​តុលា​​ថា​ ​អ្នក​ភូមិ​ភាគ​ច្រើន​ប្រកប​របរ​រែង​រ៉ែ​មាស​លក្ខណៈ​គ្រួសារ​ចិញ្ចឹម​ជីវិត​ ខណៈ​ដែល​តំបន់​នោះ​ដី​ស្រែ​ចម្ការ​​ដាំ​ដុះ​មិន​អំណោយ​ផល​។​ លោក​ថា​ អ្នក​ភូមិ​ភាគ​ច្រើន​រំពឹង​រែង​មាស​លក្ខណៈ​គ្រួសារ​ ដើម្បី​ដោះ​បំណុល​ ទំនុក​​បម្រុង​​កូន​​រៀន​ ហើយ​​ពលរដ្ឋ​​ខ្លះ​​ទៀត​ តែងតែ​ប្រមូល​ដី​ដែល​នៅ​សេសសល់​កិន​កម្ទេច​រក​រ៉ែ​មាស​។​ លោក​ថា​ ទង្វើ​របស់​អាជ្ញាធរ​បំផ្លាញ​សុភមង្គល​​ពលរដ្ឋ​ ​ធ្វើ​ឱ្យ​សហគមន៍​មិន​សប្បាយ​ចិត្ត​។

លោក​ ម៉ៅ​ សាន់ និយាយថា​៖​ «​ជាប់​បំណុល​ធនាគារ​ផង​ ហើយ​​ទៅ​​ជីវភាព​​ប្រចាំ​​ថ្ងៃ​ ជាប់​​បំណុល​​ធនា​គារ​​ផង​ លុយ​​រាប់​​ប្រចាំ​​ថ្ងៃ​​ផង​ ដែល​​កើត​​មក​​ហ្នឹង​​ឃើញ​​ម៉ែ​​ឪ​ធ្វើ​ការ​ងារ​​ហ្នឹង​ ធ្វើ​តាម​​​​តៗ​​ម៉ែ​​ត​កូន​​ត​ចៅ​​អ៊ីចឹង​»​។​

ក្រសួង​រ៉ែ​ និង​ថាមពល​ បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ​ អេធិច​ ផៅវ័រ​ ឯ.ក​ (APEX POWER CO,.LTD)​ ធ្វើ​ប្រតិបត្តិការ​ធនធាន​រ៉ែ​មាស​លើ​ផ្ទៃ​ដី​ជិត​ ២​ពាន់​ហិកតា​ (១​ ៩៥៧ហិកតា)​ ស្ថិត​នៅ​តំបន់​មេសំ​ ឃុំ​​ចុង​ផ្លាស់​ ស្រុក​កែវ​សីមា​ ​ខេត្ត​មណ្ឌលគិរី​ មាន​រយៈ​ពេល​​៥​ឆ្នាំ​ ​តាម​អាជ្ញាបណ្ណ​ចុះ​ថ្ងៃ​ទី​៦​ ​ខែ​ឧសភា​ ​ឆ្នាំ​២០២៦​។​ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​​មន្ទីរ​រ៉ែ​ និង​ថាមពល​។​ ខ្លឹមសារ​លិខិត​នោះ​ ​តម្រូវ​ឱ្យ​​អនុវត្ត​ច្បាប់​លើ​អាជីវកម្ម​រ៉ែ​មាស​​របស់​ពលរដ្ឋ​ទ្រង់​ទ្រាយ​​តូចៗ​​​រាប់​​រយ​​គ្រួសារ​ ​ស្ថិត​លើ​ដី​ដែល​ក្រសួង​រ៉ែ​ផ្តល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​ចិន​វិនិយោគ​។​

កាល​ពី​សប្តាហ៍​មុន​នេះ​ អ្នក​ភូមិ​ជាង​ ២០០​នាក់​ បាន​តវ៉ា​នៅ​សាលា​ឃុំ​ចុង​ផ្លាស់ ​​ស្នើ​ឱ្យ​អាជ្ញាធរ​អនុញ្ញាត​ឱ្យ​សហគមន៍​​រែង​មាស​លក្ខណៈ​គ្រួសារ​ ​ជា​ពិសេស​ស្នើ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​សំណង​ប៉ះពាល់​ផ្ទះ​សម្បែង​ឱ្យ​សមរម្យ​ លើ​គម្រោង​ពង្រីក​ប្រឡាយ​ស្តារ​បរិស្ថាន​នេះ​។​

ក្រោយ​ពី​ពលរដ្ឋ​តវ៉ា​ អាជ្ញាធរ​ខេត្ត​ ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​រ៉ែ​ ​និង​តំណាង​សហគមន៍​ប្រមាណ​ ១០០​ នាក់ ​​បាន​ជួបជុំ​​​គ្នា​ធ្វើ​វេទិកា​សាធារណៈ​ ​ក្នុង​ឃុំ​​ចុង​ផ្លាស់​ ​ដើម្បី​ជជែក​ពី​បញ្ហា​នេះ​។​ ក្នុង​វេទិកា​នោះ​ តំណាង​សហគមន៍​សំណូមពរ​ឱ្យ​អាជ្ញាធរ​​រក​មធ្យោបាយ ​ឱ្យ​ពលរដ្ឋ​រែង​មាស​លក្ខណៈ​គ្រួសារ​ ​និង​ណែនាំ​ពលរដ្ឋ​ឱ្យ​ធ្វើ​អាជីវកម្ម​​តាម​​​ស្តង់​ដារ​​បច្ចេក​ទេស​ ​មិន​ប៉ះពាល់​បរិស្ថាន​។​ ក៏ប៉ុន្តែ​សំណើ​នេះ​ ​អាជ្ញាធរ​​បាន​បដិសេធ​។

ពលរដ្ឋ​តវ៉ា​៖​ «​ហេតុ​អី​ក៏​ធ្វើ​បាប​ប្រជា​រាស្ត្រ​ម្ល៉េះ​ បោះ​​ឆ្នោត​​ហើយ​ វេទនា​រស់​នៅ​ដដែល​»​​។​

សមាជិក​សហគមន៍​ភូមិ​ចុង​ផ្លាស់​ លោក​ ច្រាយ​ ឡូន​ បារម្ភ​ថា​ ​តំបន់​ព្រៃ​មាស​ទាំង​មូល​ដែល​សហគមន៍​មាន​​រណ្តៅ​រ៉ែ​មាស​​ស្ទើរ​តែ​គ្រប់​ក្រុម​គ្រួសារ​ ហើយ​ប្រកប​របរ​នេះ​ទ្រង់ទ្រាយ​តូចៗ​ជា​ច្រើន​ជំនាន់​មក​ហើយ​នោះ​ ​អាជ្ញាធរ​ហាម​មិន​ឱ្យ​ពលរដ្ឋ​ធ្វើ​ ដើម្បី​ប្រគល់​ទីតាំង​នោះ​ឱ្យ​ក្រុមហ៊ុន​បរទេស​វិនិយោគ​រ៉ែ​មាស​។​ លោក​ថា​ សូម្បី​តែ​អាចម៍​ដី​នៅ​សេសសល់​តិចតួច​ពលរដ្ឋ​ស្នើ​សុំ​រែង​មាស​ ក៏​អាជ្ញាធរ​ហាម​ដែរ​។

លោក​ ច្រាយ​ ឡូន និយាយថា​៖​ «​បើ​មិន​ធ្វើ​គាត់​មាន​លុយ​​ណា​​ខាង​​អង្គ​ការ​ គាត់​​ជំពាក់​​អង្គកា​រ​ ឥឡូវ​​ហ្នឹង​​គេ​​បិទ​​រណ្តៅ​​​អស់​​​ហើយ​ ​ក៏​​គ្មាន​​អី​​ធ្វើ​ យក​​លុយ​​សង​​អង្គកា​រ​។​ តំប​ន់​​ហ្នឹង​​គេ​​យក​​ទាំង​អស់​​ហើយ​​បង​ តំបន់​​ហ្នឹង​​គេ​ ៤០​ ហិកតា​ជាង​ ដី​​​តំបន់​​ហ្នឹង​ ដី​រ៉ែ​មាស​ហ្នឹង​ ដី​ក្រុមហ៊ុន​ចិន​ហ្នឹង​ វា​ ៤០​ ហិកតា​ជាង​ គេ​ដេញ​យក​បាន​​អញ្ចឹង​​ទៅ​​ណា​»​។​

កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​តុលា​ ក្រសួង​រ៉ែ​ និង​ថាមពល​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ជុំវិញ​ការ​​​​បង្ក្រាប​ទីតាំង​រ៉ែ​ ​នៅ​​តំបន់​មេសំ​ ឃុំ​ចុង​ផ្លាស់​ ​ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​មាន​អាជ្ញាបណ្ណ​រ៉ែ​មាស​ស្រប​ច្បាប់​ ​ជួយ​ប្រមូល​កាក​​សំណល់​​រ៉ែ​ ​ផ្ទុក​សារធាតុ​គីមី​បន្សល់​ពី​ការ​ធ្វើ​អាជីវកម្ម​ ​ដើម្បី​បន្សាប​សារធាតុ​គីមី​ទាំង​នោះ​ ​កាត់​បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​។​

ក្រសួង​ថា​ ក្រុមហ៊ុន​ទទួល​អាជ្ញាបណ្ណ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ទីនោះ​ ​បាន​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ ១០០​ នាក់​ ធ្វើ​​ការ​ក្នុង​ការ​ដ្ឋាន​​រ៉ែ​។​ តែ​យ៉ាង​ណា​ ក្រសួង​មិន​បាន​បង្ហាញ​ឈ្មោះ​ក្រុមហ៊ុន​វិនិយោគ​នៅ​ឡើយ​ទេ​។​

ប្រធាន​មន្ទីរ​រ៉ែ​ ​និង​ថាមពល​ ​ខេត្ត​មណ្ឌលគិរី​ លោក​ ​ទី​ សុផល​ បាន​បង្ហោះ​វីដេអូ​ថ្មីៗ​នេះ​ដោយ​បកស្រាយ​ថា​ ​គម្រោង​ស្តារ​បរិស្ថាន​នៅ​តំបន់​នោះ​ ​ធ្វើ​ឡើង​តាម​ស្ទឹង​ ​និង​អូរ​ធម្មជាតិ​ ​មិន​ប៉ះពាល់​ដល់​ដី​កម្មសិទ្ធិ​របស់​ពលរដ្ឋ​នោះ​ទេ​។​ លោក​​ថា​ ថ្មីៗ​នេះ​ ​សត្វ​ពាហនៈ​ច្រើន​ក្បាល​ងាប់​ ដោយសារ​ពុល​ទឹក​អូរ​ បង្ក​ឡើង​ដោយ​សកម្ម​ភាព​រែង​រ៉ែ​មាស​​ខុស​ច្បាប់​។

លោក​ ទី​ សុផល និយាយថា​​៖​ «​មាន​ផល​ប៉ះពាល់​ រក​ឃើញ​នូវ​អាស៊ីត​ខ្ពស់​ សំណល់​​ស្កេស្កាក​​នៅ​​ទី​នោះ​ បង​ប្អូន​​ដែល​​រស់​​នៅ​​​ផ្ទាល់​​​បញ្ហា​​ធំ​​ណាស់​ ចំពោះ​​សុខ​ភាព​​របស់​​បង​ប្អូន​។​ ជា​ថ្មី​ម្តង​​ទៀត​ ​ខ្ញុំ​សូម​​បង​ប្អូន​​ប្រជា​ពលរដ្ឋ​​នោះ​​មាន​​ការ​​យោគ​​​យល់​ ហើយ​និង​សំណូមពរ​សហការ​ជាមួយ​ក្រុម​ការងារ​យើង​ខ្ញុំ​ ដើម្បី​ដំណើរ​ការ​នៃ​ការ​ស្តារ​បរិស្ថាន​នោះ​ ដើម្បី​ជា​​សុខភាព​របស់​បងប្អូន​ ជា​សោភ័ណភាព​ឃុំ​របស់​បងប្អូន​នៅ​ទីនោះ​»​។​

អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ ​និង​ធនធាន​ធម្មជាតិ​ លោក​ ប៊ី​ វ៉ាន់នី​ ​ស្នើ​ឱ្យ​អាជ្ញាធរ​ពិចារណា​ឡើង​វិញ​លើ​បញ្ហា​នេះ​ ​ដោយ​ផ្តល់​​លទ្ធភាព​ឱ្យ​សហគមន៍​មាន​លទ្ធភាព​រែង​រ៉ែ​មាស​លក្ខណៈ​គ្រួសារ​ស្រប​ច្បាប់​ដើម្បី​លើក​កម្ពស់​​​ជីវភាព​ពលរដ្ឋ​ និង​កាត់​​បន្ថយ​ភាព​ក្រីក្រ​។​ លោក​ថា​ ការ​ផ្តល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​បរទេស​ចូល​វិនិយោគ​រ៉ែ​ក្នុង​តំបន់​សហគមន៍​ ហើយ​ហាម​ពលរដ្ឋ​​មិន​ឱ្យ​ធ្វើ​អាជីវកម្ម​រ៉ែ​នេះ​ នឹង​រាំង​ស្ទះ​ដល់​ចំណូល​ពលរដ្ឋ​ធ្ងន់ធ្ងរ​។

លោក ប៊ី​ វ៉ាន់នី និយាយថា​​៖​ «​គួរ​តែ​យើង​ផ្តល់​អាទិភាព​ទៅ​លើ​ការ​រស់​នៅ​ ឬ​ក៏​ការ​រកស៊ី​របស់​ប្រជាពលរដ្ឋ​ ឬ​​ក៏​បញ្ហា​ដោះ​ស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​ ជាជាង​យើង​យក​ក្រុមហ៊ុន​មក​អភិវឌ្ឍ​រាំង​ស្ទះ​ដល់​ការ​រស់​នៅ​ ឬ​ក៏​រក​ចំណូល​សេដ្ឋ​កិច្ច​​របស់​ពួកគាត់​ទៀត​»​។​

អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​ លើក​ឡើង​ថា​ ការ​សិក្សា​ពី​ផល​ប៉ះពាល់​បរិស្ថាន​ (EIA)​ លើ​គម្រោង​អាជីវកម្ម​រ៉ែ​មាស​ របស់​ក្រុម​ហ៊ុន​​ចិន​ អេធិច​ ផៅវ័រ​ ឯ.ក​ (APEX POWER CO., LTD.)​ ត្រូវ​បាន​ធ្វើ​ឡើង​រួចរាល់​ហើយ​។​ ចំណែក​សហគមន៍​​ចាត់​ទុក​ថា​ ការ​សិក្សា​ផល​ប៉ះពាល់​ EIA​ របស់​អាជ្ញាធរ​នៅ​មិន​ទាន់​បាន​ទទួល​យក​សំណើ​របស់​សហគមន៍​ទៅ​ដោះស្រាយ​នៅ​ឡើយ​ទេ​ ហើយ​ផល​ប៉ះពាល់​ក៏​មិន​ទាន់​ដោះស្រាយ​រួចរាល់​ដែរ​។​

សហគមន៍​ថា​ តំបន់​ព្រៃ​មាស​សម្បូរ​រ៉ែ​មាស​មាន​តម្លៃ​មហាសាល​ កំពុង​ប្រឈម​ធ្លាក់​ក្នុង​ដៃ​ក្រុមហ៊ុន​បរទេស​ ហើយ​បំភ្លេច​​ពលរដ្ឋ​ម្ចាស់​ស្រុក​ឱ្យ​ចាកចេញ​ដោយ​បង្ខំ​។​

ពួកគាត់​ទទូច​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​វិនិយោគ​រ៉ែ​មាស​ឱ្យ​ក្រុមហ៊ុន​បរទេស​ ហើយ​រក​មធ្យោបាយ​បង្កើត​ក្រុម​ហ៊ុន​​ជាតិ​ ​ចម្រាញ់​​មាស​​ដោយ​​ខ្លួន​​ឯង​ ដើម្បី​បង្កើន​ថវិកា​ជាតិ​ និង​ផ្តល់​លទ្ធភាព​ឱ្យ​សហគមន៍​រ៉ែ​មាស​លក់​ជូន​រដ្ឋ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ