ការ​​រំលោភ​​សិទ្ធិ​​មនុស្ស​​ជា​​ដើម​ចម​​ធ្វើ​​ឱ្យ​​កម្ពុជា​​បាត់​បង់​​អំណោយ​​ផល​​សេដ្ឋ​កិច្ច​ និង​​បញ្ហា​​ទឹក​ដី​

ការ​​រំលោភ​​សិទ្ធិ​​មនុស្ស​ ​ត្រូវ​​បាន​​គេ​​អះ​អាង​​ថា​ ជា​ដើម​ច​ម​​ធ្វើ​​ឱ្យ​​កម្ពុជា​បាត់បង់​អំណោយផល​សេដ្ឋកិច្ច​ និង​ឯកកោ​​​ពី​សហគមន៍​​អន្តរ​ជាតិ​ ពាក់​ព័ន្ធ​​បញ្ហា​បូរណភាព​ទឹកដី​ ​​ដែល​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​ប្រញាប់​ស្តារ​វិបត្តិ​នេះ​ឡើង​​វិញ​ ដើម្បី​​បុព្វ​ហេតុ​​ជាតិ​ និង​ពលរដ្ឋ​ទូទាំង​ប្រទេស​។​

ក្តី​បារម្ភ​នេះ​ ក្រោយ​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ដែល​សកម្ម​ជំរុញ​យុត្តិធម៌​សង្គម​ បាន​ធ្វើ​យុទ្ធនាការ​ជា​បន្តបន្ទាប់​ ទាម​ទារ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​សិទ្ធិ​មនុស្ស​ និង​បរិស្ថាន​ដែល​កំពុង​ជាប់​ឃុំ​អយុត្តិធម៌​។​

តួយ៉ាង​ នៅ​ថ្ងៃ​សុក្រ​នេះ​ អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ សមាគម​ការ​ពារ​​សិទ្ធិ​​មនុស្ស​​​អា​ដហុក​ អង្គ​ការ​​សង់​ត្រាល់​ និង​អង្គការ​ធ្វើ​ការ​ផ្នែក​បរិស្ថាន​ជាដើម​ បាន​បន្ត​ធ្វើ​យុទ្ធនាការ​ឱ្យ​​ដោះលែង​​យុវជន​ ធី​ ថន​ ដែល​​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ដាក់​​ពន្ធនាគារ​រយៈពេល​ ៧​ ឆ្នាំ​ ក្រោម​បទចោទ​ «រួម​គំនិត​ក្បត់»​។​

ប៉ុន្តែ​សម្រាប់​អង្គការ​សង្គម​ស៊ីវិល​វិញ​ យុវជន​ ធី​ ថន​ មិន​មាន​កំហុស​ដូច​ការ​ចោទប្រកាន់​នោះ​ទេ​ ការពិត​យុវជន​ ធី​ ថន​ ជា​យុវជន​សកម្ម​ទាមទារ​ឱ្យ​មាន​​យុត្តិធម៌​​សង្គម​ ដោះលែង​សកម្មជន​បរិស្ថាន​ ចលនា​មាតា​ធម្មជាតិ​ រួម​ទាំង​​លោក​ កើត​ សារ៉ាយ​ ផង​ដែរ​។​

ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ ក្រុម​អង្គការ​ទាំង​នេះ ​​ក៏​បាន​ធ្វើ​យុទ្ធនាការ​ដូចគ្នា​ ទាមទារ​ឱ្យ​ដោះលែង​យុវជន​ចលនា​មាតា​ធម្ម​ជាតិ​ និង​សកម្មជន​​ផ្សេង​ទៀត​ រួម​ទាំង​ព្រះសង្ឃ​ផង​ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ ដោយសារ​តែ​ភាព​សកម្ម​​ប្រើប្រាស់​សិទ្ធិ​បញ្ចេញ​មតិ​ ដើម្បី​ជំរុញ​យុត្តិធម៌​សង្គម​ ខណៈ​មាន​ការ​កត់ត្រា​ថា​ អ្នកទោស​មនសិការ​មាន​ទាំង​អ្នកនយោបាយ​ប្រឆាំង​ផង​ ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​ឡើង​ដល់​ជាង​ ១០០​ អង្គ​/នាក់​ នា​ពេល​បច្ចុប្បន្ន​។​

ជុំវិញ​បញ្ហា​នេះ​ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​អង្គការ​លីកាដូ​ លោក​ អំ​ សំអាត​ បាន​មាន​ប្រសាសន៍​ថា​ សកម្មជន​​ទាំង​នោះ​ ពួកគេ​គ្រាន់តែ​អនុវត្ត​នូវ​សេរីភាព​មូលដ្ឋាន​ និង​សិទ្ធិ​មូលដ្ឋាន​ ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​ និង​បទដ្ឋាន​អន្តរជាតិ​ស្តីពី​សិទ្ធិ​មនុស្ស​ ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​ និង​ទទួលស្គាល់​ មិន​គួរ​ត្រូវ​បាន​​ចាប់​ខ្លួន​ ចោទប្រកាន់​ ឃុំ​ខ្លួន​ និង​ការ​ផ្តន្ទាទោស​ទៅលើ​សកម្មជន​ទាំង​នោះ​ទេ​។​ លោក​យល់​ថា​ វិធានការ​​នេះ​ វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេរីភាព​មូល​ដ្ឋាន​ មិន​​មាន​លំហ​ពលរដ្ឋ​ លំហ​នយោបាយ​ និង​លំហ​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា​។​ លោក​សង្កត់ធ្ងន់​ថា​ បញ្ហា​សិទ្ធិ​មនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ​នេះ​ វា​ជា​បញ្ហា​ចម្រូង​ចម្រាស​ ធ្វើ​​ឱ្យ​កម្ពុជា​បាន​ធ្លាក់​ចុះ​ រហូត​ទៅដល់​សហគមន៍​អឺរ៉ុប​កាត់​ EBA​ ២០%​ ហើយ​ GSP​ របស់​​សហរដ្ឋ​​អាមេរិក​ ដោយសារ​ការ​មិន​បាន​ស្តារ​ ការ​គោរព​សិទ្ធិ​មនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ​។​

លោក អំ សំអាត ថ្លែង​ថា​៖​ «ពួកគាត់​គ្រាន់តែ​អនុវត្ត​នូវ​សេរីភាព​មូលដ្ឋាន​ និង​​សិទ្ធិ​​មូល​ដ្ឋាន​​ដែល​​ធានា​​ដោយ​​រដ្ឋ​ធម្ម​​នុញ្ញ​ និង​​បទ​ដ្ឋាន​​អន្តរ​ជាតិ​​ស្តីពី​​សិទ្ធិ​​មនុស្ស​​ដែល​​កម្ពុជា​​បាន​​ទទួល​ស្គាល់​ ពីព្រោះ​​​ការ​ចាប់​ខ្លួន​​ ការ​ចោទ​ប្រកាន់​ ការ​​ឃុំ​ខ្លួន​ និង​​ការ​ផ្តន្ទាទោ​ស​​ទៅ​លើ​​សកម្ម​ជន​​ទាំង​នោះ​ ​វាតែ​ង​ឱ្យ​​ប៉ះ​ពាល់​ទៅដ​ល់​ការ​រឹត​បន្តឹង​នូវ​សេរីភាព​មូល​ដ្ឋាន​»​។​

ចំណែក​ ​​ប្រធាន​អង្គការ​ភាព​ជា​ដៃគូ​ដើម្បី​បរិស្ថាន​ និង​ការ​អភិវឌ្ឍ​ លោក​ សាន់​ ម៉ាឡា​ និយាយ​ថា​ ការ​រៀបចំ​​យុទ្ធនា​ការ​​​លើ​បណ្តាញ​​សង្គម​ បង្ហាញ​សាមគ្គីភាព​ និង​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​យុវជន​ ធី​ ថន​,​ លោក​ កើត​ សារ៉ាយ​,​ សកម្មជន​មាតា​ធម្មជាតិ​,​ លោក​ ស្រ៊ុន​ ស្រ៊ន​ និង​​អ្នកទោស​មនសិការ​ដទៃ​ទៀត​ ដែល​ត្រូវ​​ចាប់​​ឃុំ​​ខ្លួន​​​ដោយសារ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​របស់​ខ្លួន​ ដូច​ករណី​លោក​ ធី​ ថន​ ត្រូវ​បាន​តុលាការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​រយៈពេល​ ៧​ ឆ្នាំ​ ដោយ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ ១៨​ សីហា​ ប្រឆាំង​គម្រោង​ CLV-DTA​។​

លោក​បន្ត​ថា​ សវនាការ​សំណុំរឿង​ជម្រះក្តី​របស់លោក​​​ ធី​ ថន​ នេះ​ទៀតសោត​ មិន​ឃើញ​ព្រះរាជអាជ្ញា​ និង​ចៅក្រម​​បង្ហាញ​​ភស្តុតាង​ណាមួយ​រឹងមាំ​ ដោយ​ចោទប្រកាន់​មកលើ​លោក​ទាំង​អយុត្តិធម៌​។​

លោក​ សាន់ ម៉ាឡា ថ្លែងថា​​៖​ «លោក​ ធី​ ថន​ ក៏ដូចជា​សកម្មជន​សង្គម​ដទៃ​ទៀត​ គាត់​​​ពុំបា​ន​​ធ្វើ​​សកម្ម​ភាព​​អ្វី​​ដែល​​​ធ្វើ​ឲ្យ​​ប៉ះ​ពាល់​​ដល់​​ផល​ប្រយោជន៍​​ជាតិ​ ក៏​ដូច​ជា​​បំពាន​​ច្បាប់​​នោះ​ទេ។​ ពួក​គាត់​​គ្រាន់​តែ​​អនុវ​ត្ត​​នូវ​​សិទ្ធិ​​សេរីភាព​​រប​ស់​​ខ្លួន»។​

សម្រាប់​លោក​ យ៉ែម​ បុញ្ញឫទ្ធិ​ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន​ មាន​ប្រសាសន៍​ថា​ ការ​គោរព​សិទ្ធិ​​មនុស្ស​ និង​ប្រជាធិបតេយ្យ​ ហាក់ដូចជា​មាន​ការ​រឹតត្បិត​ ធ្វើ​ឱ្យ​កម្ពុជា​ដើរ​ថយក្រោយ​នៅលើ​កិច្ចការ​មួយ​​ចំនួន​ នាំ​ឱ្យ​អន្តរ​ជាតិ​​ពុំ​សូវ​ចាប់​អារម្មណ៍​ ឬ​យកចិត្ត​ទុកដាក់​នៅលើ​ប្រទេស​កម្ពុជា​ នៅ​ពេល​ដែល​កម្ពុជា​ជួបប្រទះ​បញ្ហា​ធំៗ​ជាច្រើន​ដែល​​បាន​កើតឡើង​។​

លោក​បន្ត​ទៀត​ថា​ គណបក្ស​ក្រៅ​រដ្ឋាភិបាល​​តែងតែ​ទាមទារ​ សំណូមពរ​ឱ្យ​មាន​ការ​ដោះលែង​សកម្មជន​សិទ្ធិ​​មនុស្ស​ សកម្មជន​​​បរិស្ថាន​ ដែល​ខិតខំ​ព្យាយាម​តស៊ូ​ គោរព​សិទ្ធិ​មនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ​ កុំ​ឱ្យ​មាន​​ការ​រើសអើង​ លុបបំបាត់​អំពើ​ពុករលួយ​ និង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​សារព័ត៌មាន​។​

លោកថា​៖​ «គោលការណ៍​អភិបាលកិច្ច​ល្អ​ក៏​ធ្លាក់ចុះ[…]​ ពីព្រោះ​ខ្វះ​​នូវ​​មតិ​​រិះ​គន់​ ទទួល​យក​​មតិ​​រិះ​គន់​​ស្ថាប​នា​ ដោយ​មាន​​ការ​បិទ​​សិទ្ធិ​​សេរី​ភាព​​ក្នុង​​ការ​បញ្ចេញ​មតិ​​មួយ​ចំនួន​ នោះ​ជា​ចំណុច​ដែល​សំខាន់»។​​

យ៉ាងណា​ លោក​ ជា​ ធីរិទ្ធ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ច្រានចោល​ការ​លើក​ឡើង​ខាង​លើ​នេះ​ ដោយ​អះអាង​ថា​ បច្ចុប្បន្ន​ វា​ជា​ទម្លាប់​អ្នករិះគន់​តែងតែ​យក​បញ្ហា​សិទ្ធិ​មនុស្ស​មក​ចោទប្រកាន់​រដ្ឋាភិបាល​។​ ប៉ុន្តែ​យ៉ាងណា​ លោក​ទទួល​ស្គាល់​អំពី​ភាព​ខ្វះចន្លោះ​។​ បើ​តាម​អ្នកនាំពាក្យ​រូប​នេះ​ ប្រទេស​ណាក៏ដោយ​ ការ​​អនុវត្ត​សិទ្ធិ​មនុស្ស​មិន​បាន​​ល្អ​ឥតខ្ចោះ​នោះ​ទេ​។​

មួយវិញទៀត​ លោកថា អ្វី​ដែល​ថា​កម្ពុជា​​ឯកកោ​ជុំវិញ​បូរណភាព​ទឹកដី ​ក៏​មិន​ត្រឹមត្រូវ​ដែរ​ ដោយ​ថា​ បច្ចុប្បន្ន​ កម្ពុជា​​កំពុង​​ធ្វើ​ការ​ជាមួយ​សហគមន៍​អន្តរជាតិ​ ដើម្បី​លើក​កម្ពស់​ជីវភាព​ពលរដ្ឋ​។​

លោក ជា ធីរិទ្ធ ថ្លែង​ថា​៖​ «រដ្ឋាភិបាល​របស់​យើង​បាន​ព្យាយាម​កែប្រែ​ជា​បន្តបន្ទាប់។​ ចំណុច​​ដែល​​នៅ​​​ខ្វះ​​ វា​​មិ​នអា​ច​​ល្អ​​ភើ​ហ្វិច​ (perfect)​ នោះ​ទេ។​ ហើយ​​ចំពោះ​​ឯកកោ​ សេដ្ឋកិច្ច​ ឥឡូវ​​បញ្ហា​​សេដ្ឋ​កិច្ច​ តើ​​ប្រទេស​​ណា​​លើ​​សកល​លោក​ ​មិន​​​ប៉ះ​ពាល់​​ដល់​​សេដ្ឋ​កិច្ច​​នៅ​​ពេល​​បច្ចុប្បន្ន​​នេះ?»។​

តែ​យ៉ាងណា​ បើ​តាម​កំណត់ត្រា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ចេញ​ផ្សាយ​កាលពី​ខែ​កក្កដា​ ដល់​ខែ​កញ្ញា​ ឆ្នាំ​២០២៦​ នៅតែ​រក​ឃើញ​ថា​ សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​ សេរីភាព​សារព័ត៌មាន​ ការ​ចូលរួម​ផ្នែក​នយោ​បាយ​ និង​​សេរីភាព​​ខាង​​សមាគម​ សិទ្ធិ​ដីធ្លី​ និង​សិទ្ធិ​មាន​សេរីភាព​ នៅតែ​បន្ត​រង​ការ​រឹតត្បិត​ រំលោភបំពាន​ និង​​គំរាមកំហែង​​តាម​រយៈ​​ព្រហ្មទណ្ឌ​ ដូចជា​ការ​ដាក់​ទោស​ទណ្ឌ​ ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ ការ​ទំនាក់ទំនង​ជា​លក្ខណៈ​ឯកជន​​តាម​ប្រព័ន្ធ​ឌីជីថល​ និង​ការ​បំពេញ​វិជ្ជាជីវៈ​សារព័ត៌មាន​។​

លើស​ពី​នេះ​ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ (UN)​ ទទួលបន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​​​នៅ​កម្ពុជា​ លោក​ ថម​ អេនឌ្រូ​ បាន​​វាយតម្លៃ​ថា​ កម្ពុជា​នៅតែ​ប្រឈមមុខ​នឹង​បញ្ហា​សិទ្ធិ​មនុស្ស​ធ្ងន់​​ធ្ងរ​។​ លោក​បាន​បង្ហាញ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​​ពី​ការ​ឃុំ​ខ្លួន​សកម្មជន​ និង​ការ​រឹតត្បិត​សេរីភាព​។​

លោក​បាន​លើក​ឡើង​ពី​ការ​ឃុំ​ខ្លួន​មនុស្ស​ជាង​ ១០០​ នាក់​ នៅ​ក្នុង​ពន្ធនាគារ​ ដោយសារ​តែ​ពួកគេ​គ្រាន់តែ​អនុវត្ត​​សិទ្ធិ​ និង​សេរីភាព​មូលដ្ឋាន​របស់​ខ្លួន​។​ ហើយ​ថា​ លំហ​នយោបាយ​ និង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា​កាន់​តែ​​រួម​​តូច​​ទៅៗ​។​

បន្ថែម​ពី​នេះ​ លោក​មាន​ក្តី​បារម្ភ​ចំពោះ​ការ​រឹតត្បិត​លើ​គណបក្ស​ប្រឆាំង​ ការ​ប្រើប្រាស់​ច្បាប់​បោះឆ្នោត​ដោយ​មិន​ស្មើភាព​ និង​ការ​គំរាមកំហែង​ដល់​អ្នកនយោបាយ​។​ ជាមួយ​គ្នានេះ​ អ្នក​សារព័ត៌មាន​ក៏​រង​ការ​គំរាមកំហែង​ ដែល​​បង្ខំ​ឱ្យ​ពួកគេ​ត្រូវ​ត្រួតពិនិត្យ​ព័ត៌មាន​ដោយ​ខ្លួន​ឯង​ជាដើម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ