អង្គការ​​អន្តរ​ជាតិ​​រក​​ឃើញ​​ក្រុម​ហ៊ុន​​សន្តិ​សុខ​​៥ ​ការ​ពារ​​មជ្ឈ​មណ្ឌល​​ឆបោក​​នៅ​​កម្ពុជា​

អង្គ​ការ​​លើក​លែង​​ទោស​​អន្តរ​ជាតិ​ (Amnesty International)​ បាន​​ចេញ​​ផ្សាយ​​របាយ​ការណ៍​​ថ្មី​​មួយ​​រក​​ឃើញ​​ថា​ ក្រុមហ៊ុន​​សន្តិសុខ​​ឯកជន​​យ៉ាង​​ហោ​ច​​ណាស់​​ចំនួន​ ៥​ បាន​​ដើរ​​តួនាទី​​យ៉ាង​​សំខាន់​​ក្នុង​​ការ​​ជួយ​​ទ្រទ្រង់​ និង​​ការ​ពារ​​មជ្ឈ​មណ្ឌល​​បោក​ប្រាស់​​តាម​​ប្រព័ន្ធ​​អន​ឡាញ​។​

របាយការណ៍ ​បាន​បង្ហាញ​ថា​ ឆ្មាំ​សន្តិសុខ​នៃ​ក្រុមហ៊ុន​ទាំងនោះ ​បាន​ដើរ​តួ​ជា​អ្នក​រារាំង​ជនរងគ្រោះ​មិន​ឱ្យ​រត់​គេច​ និង​ប្រើប្រាស់​អំពើ​ហិង្សា​ព្រៃផ្សៃ​ រួម​មាន​ ​ការ​ប្រើ​ដំបង​ឆក់​ អាវុធ​ ការ​វាយដំ​ ព្រម​ទាំង​ការ​រំលោភ​បំពាន​ និង​​រំលោភ​សេពសន្ថវៈ​លើ​យុវនារី​រងគ្រោះ ​ដែល​ត្រូវ​គេ​បោកប្រាស់​ឱ្យ​មក​ធ្វើការ​។​

ក្រុមហ៊ុន​ទាំងនេះ ​ត្រូវ​បាន​រក​ឃើញ​ថា ​បាន​ផ្តល់​សេវាកម្ម​ដល់​ទីតាំង​ឆបោក​យ៉ាង​តិច​ ២៣​ កន្លែង ​នៅ​ទូទាំង​​ប្រទេស​ ចន្លោះ​​ខែ​ធ្នូ​ ឆ្នាំ​២០២១​ និង​ខែ​មិថុនា​ ឆ្នាំ​២០២៦​។​

តាម​របាយការណ៍​ចេញ​ផ្សាយ​​នា​ថ្ងៃ​ទី​២៩​ ខែ​តុលា​ ឆ្នាំ​២០២៦​ មាន​ចំណងជើង​ថា​ «អាជីវកម្ម​ផ្លូវការ​ ក្រុមហ៊ុន​​សន្តិសុខ​ និង​​អាជ្ញាធរ​នៅ​តាម​ទីតាំង​ឆបោក​អនឡាញ​នៅ​កម្ពុជា»​ បាន​ឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​ទាំងនោះ​បាន​​ដើរ​តួនាទី​យ៉ាង​សំខាន់​​ក្នុង​ការ​ជួយ​ទ្រទ្រង់​ និង​រៀបចំ​ឱ្យ​មាន​ការ​​ឃុំឃាំង​ មនុស្សឃាត​ ការ​បង្ខំ​ឱ្យ​ធ្វើការ​ងារ​​ទាសករ​​តាម​​អន​ឡាញ​ ការ​ធ្វើ​ទារុណកម្ម​ និង​ការ​រំលោភ​បំពាន​ផ្លូវភេទ​​នៅ​ក្នុង​ទីតាំង​ឆបោក​តាម​អន​ឡាញ​ (Scam compounds)​។​

ឆ្មាំ​សន្តិសុខ​នៃ​ក្រុមហ៊ុន​ទាំងនោះ ​ត្រូវ​បាន​ប្រៀបធៀប​ថា​ ​ជា​អ្នក​រារាំង​ជនរងគ្រោះ​មិន​ឱ្យ​រត់គេច​ និង​ប្រើប្រាស់​​អំពើ​ហិង្សា​ ​ដើម្បី​បំបាក់​ស្មារតី​។​

ក្រុមហ៊ុន​ធំៗ​ និង​ទីតាំង​ដែល​ត្រូវ​បាន​របាយការណ៍​ធ្វើ​ការ​កត់សម្គាល់ ​រួម​មាន​ ក្រុមហ៊ុន​ លាភសំណាង​ សេក​ឃ្យូ​រីធី,​ ក្រុមហ៊ុន​ សេក​ឃ្យូរីធី​ រេសស្ពន់​ (Security Response),​ ក្រុមហ៊ុន​ ដារ៉ា​ សេកឃ្យូរីធី​ (Dara Security)​ ក្រុមហ៊ុន​ ប៊េស​ សេកឃ្យូរីធី​ (Best Security)​ និង​ក្រុមហ៊ុន​ ហ្ស៊េតឌី​ សេកឃ្យូរីធី​ (ZD Security)​។​

របាយការណ៍​បាន​ចង្អុលបង្ហាញ​ពី​ទំនាក់ទំនង​រវាង​ក្រុមហ៊ុន​សន្តិសុខ​ឯកជន​ទាំងនោះ​ ជាមួយ​បុគ្គល​ជាន់ខ្ពស់​​ក្នុង​ជួរ​កងទ័ព​ នគរបាល​ និង​អ្នក​មាន​អំណាច​ អ្នក​ជំនួញ​ធំៗ​។​

ក្នុង​នោះ​ មន្ត្រី​យោធា​ និង​នគរបាល​យ៉ាង​ហោច​ណាស់​ ២០​ រូប ​ត្រូវ​បាន​រក​ឃើញ​ថា ​​មាន​ពាក់ព័ន្ធ​ក្នុង​ការ​គ្រប់គ្រង​ ផ្តល់​​ការ​​ហ្វឹក​ហ្វឺន​ ឬ​ដើរ​តួ​ជា​ម្ចាស់​​ក្រុមហ៊ុន​សន្តិសុខ​​ដែល​ឈរជើង​ការពារ​ទីតាំង​ឆបោក​។​ ក្រុមហ៊ុន​​ទាំង​៥​ ខាង​លើ​ បាន​ផ្តល់​សេវាកម្ម​ដល់​ទីតាំង​ឆបោក​យ៉ាង​តិច​ ២៣​ កន្លែង​ នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ចន្លោះ​​​ខែ​ធ្នូ​ ឆ្នាំ​២០២១​ និង​ខែ​មិថុនា​ ឆ្នាំ​២០២៦​ ក្នុង​ពេល​កម្ពុជា​កំពុង​មាន​ការ​បង្ក្រាប​ការ​ឆបោក​អនឡាញ​​ក្នុង​ទ្រង់ទ្រាយ​ធំ​។​

ជាមួយ​គ្នា​នេះ​ របាយការណ៍​ ​ក៏​បាន​រក​ឃើញ​ភស្តុតាង​ដែល​ភ្ជាប់​ទំនាក់ទំនង ​រវាង​សមាជិក​កងយោធពលខេមរភូមិន្ទ​ និង​នគរបាល​ជាតិ​កម្ពុជា​ ទៅ​នឹង​ទីតាំង​ឆបោក​យ៉ាង​ហោច​ណាស់​ ២២​ កន្លែង​ ក្នុង​ចំណោម​ ៨៦​ កន្លែង​ ​ដែល​​ត្រូវ​បាន​រក​ឃើញ​នៅ​តាម​ខេត្ត​-ក្រុង​ចំនួន​ ១០​។​ ក្នុង​ចំណោម​កងកម្លាំង​ដែល​មាន​ឈ្មោះ​ក្នុង​​នោះ​​មាន​ លោក​វរសេនីយ៍​​ឯក​ ប៉ាន់​ សុផាត​ ជា​​មន្ត្រី​​កងយោធពលខេមរភូមិន្ទ​ ដែល​ Amnesty​ សន្និដ្ឋាន​​ថា​​ជា​អ្នក​​ដឹក​នាំ​ និង​​គ្រប់គ្រង​​​ក្រុមហ៊ុន​ លាភ​សំណាង​ សេកឃ្យូរីធី​ (Leap Somnang Security)​ ដែល​​ជា​ក្រុមហ៊ុន​ជាប់​ពាក់ព័ន្ធ​នឹង​ទីតាំង​ឆបោក​​យ៉ាង​តិច​ ១៥​ កន្លែង​នៅ​ទូទាំង​ប្រទេស​។​

អង្គការ​ Amnesty International​ បាន​ផ្អែក​លើ​ការ​រក​ឃើញ​របស់​ខ្លួន​ ​តាម​រយៈ​ការ​សម្ភាសន៍​ជនរងគ្រោះ​ចំនួន​ ១៥១​ នាក់​ ការ​ចុះ​ទៅ​ទីតាំង​ចំនួន​ ៨២​ កន្លែង​ កំណត់ត្រា​ក្រុមហ៊ុន​ រូបភាព​រថយន្ត​ និង​ផ្កាយរណប​ ព្រម​​ទាំង​ការ​វិភាគ​រូបថត​ និង​វីដេអូ​ជាង​ ២៥.០០០​ សន្លឹក​/ឃ្លីប​ ដែល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ដោយ​​គណនី​​ពាក់ព័ន្ធ​នឹង​ឆ្មាំ​សន្តិសុខ​។​

តាម​របាយការណ៍​ដដែល​ ដែល​បាន​សម្ភាស​ជនរងគ្រោះ​ និង​ការ​ពិនិត្យ​ភស្តុតាង​ អង្គការ​ Amnesty​ បាន​កត់ត្រា​នូវ​ការ​ប្រើប្រាស់​ដំបង​ឆក់​ អាវុធ​ និង​ការ​វាយដំ​យ៉ាង​ព្រៃផ្សៃ​ពី​សំណាក់​ឆ្មាំ​សន្តិសុខ​។​ អត្ថបទ​ក៏​បាន​លើក​​ឡើង​ពី​ករណី​រំលោភ​បំពាន​ផ្លូវភេទ​ ការ​រំលោភ​សេពសន្ថវៈ​ទៅ​លើ​ស្ត្រី​រងគ្រោះ​ ​ដែល​ត្រូវ​គេ​បោក​ប្រាស់​​មក​ធ្វើការ​នៅ​ក្នុង​ទីតាំង​ទាំងនោះ​។​

ក្នុង​របាយការណ៍​​បញ្ជាក់​ថា​ ក្រុម​ឆ្មាំ​ទាំងនេះ​ ថែម​ទាំង​បាន​ឈរ​​យាម​នៅ​ច្រក​ទ្វារ​ ក្នុង​ពេល​ដែល​ក្រុម​ឆបោក​​ធ្វើ​សកម្មភាព​រំលោភ​បំពាន​ទៅ​លើ​ស្ត្រី​ថែម​ទៀត​ផង​។​

យោង​តាម​អ្វី​ដែល​បាន​រក​ឃើញ​ អង្គការ​ Amnesty​ បាន​កត់សម្គាល់​ថា​ ទោះបី​ជា​មាន​ការ​ចុះ​បង្ក្រាប​ពី​សំណាក់​​រាជរដ្ឋាភិបាល​កន្លង​មក​ក៏ដោយ​ ការ​បង្ក្រាប​ភាគ​ច្រើន​ធ្វើ​ឡើង​ត្រឹម​តែ​ការ​ចាប់​ខ្លួន​ ឬ​បណ្តេញ​ចេញ​ ប៉ុន្តែ​អ្នក​រៀបចំ​ អ្នក​កៀរគរ​ និង​អ្នក​ទទួល​បាន​ផលប្រយោជន៍​ពិតប្រាកដ​ រួម​ទាំង​ក្រុមហ៊ុន​សន្តិសុខ​ និង​មន្ត្រី​ពាក់ព័ន្ធ​ មិន​ទាន់​ត្រូវ​បាន​បញ្ជូន​ទៅ​ផ្តន្ទាទោស​តាម​ច្បាប់​នៅ​ឡើយ​។​

នៅ​ក្នុង​ការ​ឆ្លើយតប​ទៅ​កាន់​ Amnesty International​ កាល​ពី​ថ្ងៃ​ទី​​១៥​ ខែ​តុលា​ ក្រសួង​មហាផ្ទៃ​បាន​ពិពណ៌​នា​​អំពី​​​វិស័យ​សន្តិសុខ​ឯកជន​ថា​ជា​ «កម្លាំង​គាំទ្រ​ដល់​នគរបាល​ជាតិ»​ ដោយ​ការ​ពង្រឹង​ការ​ត្រួតពិនិត្យ​លើ​ក្រុមហ៊ុន​សន្តិសុខ​ឯកជន ​គឺ​ជា​អាទិភាព​មួយ​ ដើម្បី​ការពារ​កុំ​ឱ្យ​សេវាកម្ម​របស់​ពួកគេ​ត្រូវ​បាន​យក​ទៅ​​ប្រើប្រាស់​ក្នុង​គោលបំណង​ខុស​ច្បាប់​។​

ទោះជា​យ៉ាងណា​ អង្គការ​ Amnesty International​ បាន​លើក​ឡើង​ថា​ ចម្លើយ​របស់​រដ្ឋាភិបាល​មិន​បាន​បញ្ជាក់​ពី​ការ​ស៊ើបអង្កេត​លើ​ក្រុមហ៊ុន​សន្តិសុខ​ទាំង​ ៥​ អ្នក​ដឹកនាំ​របស់​ពួកគេ​ ឬ​បណ្តាញ​ជំនួញ​ទូលំទូលាយ​​ដែល​ត្រូវ​បាន​ពិនិត្យ​មើល​ក្នុង​របាយការណ៍​នោះ​ទេ​។​

អង្គការ​នេះ​ បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ និង​រដ្ឋាភិបាល​កម្ពុជា​ បើក​ការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​លើ​ក្រុមហ៊ុន​​សន្តិសុខ​ និង​​មន្ត្រី​​រដ្ឋ​ ដែល​ត្រូវ​បាន​បង្កក​អាជ្ញាបណ្ណ​ ក្រុមហ៊ុន​ដែល​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​ និង​​ពិនិត្យ​មើល​បណ្តាញ​​ទូលំទូលាយ​រួម​មាន​ កាស៊ីណូ​ ម្ចាស់​អចលនទ្រព្យ​ អ្នក​កៀរគរ​ប្រជាជន​ ស្ថាប័ន​ហិរញ្ញវត្ថុ​ និង​បុគ្គល​មាន​អំណាច​​នយោបាយ​ ដើម្បី​ធានា​ថា​ក្រុម​ឧក្រិដ្ឋ​មិន​អាច​បង្កើត​ប្រតិបត្តិការ​ឡើង​វិញ​បាន​ បន្ទាប់​ពី​ការ​ចុះ​បង្ក្រាប​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ