បក្សប្រឆាំងថា អាជ្ញាធរ​មូល​ដ្ឋានគំ​រាម​​ដក​បណ្ណ​ក្រី​ក្រ​ពី​​សកម្ម​​ជន​​ខ្លួន មុន​​​ការ​​​​​បោះ​​ឆ្នោត​​ឆ្នាំ​​២០២៧

ស្រប​ពេល​​ដែល​ការ​​បោះ​ឆ្នោត​​ក្រុ​មប្រឹ​ក្សា​​ឃុំ​សង្កាត់​ឆ្នាំ​​២០២៧ ជិត​​ឈាន​​មក​​ដល់ សមាជិក និង​​សកម្ម​ជន​គណបក្ស​ជំទាស់​​នៅ​​មូល​​ដ្ឋាន​​មួយ​ចំនួន បាន​រ​​ង​នូវ​​កា​រ​គំរាម​កំហែង និង​ការ​​​​​កាត់​ផ្តាច់​​ផល​​ប្រយោជន៍​​ពី​ស​ង្គម​ ដូច​ជា ការ​​ដក​​​ហូត​​បណ្ណ​សម​ធម៌​ឬ​បណ្ណ​ក្រីក្រ និង​បណ្ណប.ស.សជាដើម ពី​សំណាក់​អាជ្ញាធរ​​មូល​ដ្ឋាន​ ដែល​​ការណ៍​​នេះ មេដឹក​នាំ​ម​ក​​​ពី​​គណបក្ស​​​ជំទាស់ ចាត់​ទុក​​សកម្ម​ភាព​​ទាំង​នេះ​ថា ជា​ការ​ធ្វើ​​​ឱ្យ​​​ប៉ះ​ពាល់​​ដល់​​សង្វៀន​​ប្រកួត​ប្រជែង​នយោ​បា​យ​​ក្នុង​​កា​​រ​បោះ​​ឆ្នោត។

អនុប្រធាន​គណបក្ស​ប្រជាធិបតេយ្យជឿនលឿន លោក សួន សូរីដា បាន​ឱ្យដឹង​នៅថ្ងៃទី​៣០ ខែតុលានេះ​ថា ថ្មីៗនេះ លោក​បានព័ត៌មាន​ជាហូរហែពីសមាជិក បេក្ខជន​ឈរឈ្មោះបោះឆ្នោត ​និងសកម្មជន​របស់​ខ្លួន​នៅថ្នាក់​មូល​ដ្ឋាន ពី​ការ​គាប​​សង្កត់​ ការ​​​គំរាម​កំហែង​របស់អាជ្ញាធរ ដោយ​ឱ្យពួកគេ​លាឈប់​ពីសមាជិក​គណបក្ស​ជំទាស់ ហើយ​បើ​សិន​ជា​ពួក​គេ​​មិន​​លា​ឈប់​​នោះ​ទេ នោះ​អាជ្ញាធរមូលដ្ឋានទាំងនោះ នឹង​ដកបណ្ណ​សមធម៌ ឬបណ្ណក្រីក្រ និង​បណ្ណ​ប.ស.សជាដើម។ ហេតុការណ៍ទាំងនេះ លោកថា បានកើតឡើង​នៅ​តាម​បណ្តា​រាជ​ធានី​ខេត្ត​​មួយ​ចំនួន ដូចជា រាជធានីភ្នំពេញ ខេត្ត​បន្ទាយមានជ័យ កំពង់​ស្ពឺ កំពង់ធំ សៀម​រាប ពោធិ៍​សាត់ កំពង់ឆ្នាំ​ង​ជា​ដើម។

លោកថា៖ «គាត់[សមាជិកនិង​អ្នកគាំទ្រ​​គណបក្ស​]បាននិយាយដូចគ្នាដែរថា ឥឡូវ​​ហ្នឹង​ពិបាក​ណាស់ដោយ​​សារ​តែ​ការ​គាប​សង្កត់​ពីអាជ្ញាធរមូលដ្ឋាន​​ មិនឱ្យ​ចូលរួម​នយោបាយ​ជាមួយ​គណបក្សប្រឆាំង តាមរយៈ​គេ​គំរាម​ដក​បណ្ណក្រីក្រ​ ប្រសិន​បើគេ​ឃើញ​​ប្រជាពលរដ្ឋ​ណាចូលរួមជាមួយ​គណបក្សប្រឆាំង ជាពិសេស​​​គឺ​​ឈរជាបេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ជា​ក្រុមប្រឹក្សា​ឃុំសង្កាត់​ ​​នៅក្នុង​ឆ្នាំ​២០២៧ខាង​មុខ​នេះ[…] ហើយ​​បើសិនជាការ​ធ្វើបែបនេះ ខ្ញុំគិត​​ថា ជា​រឿង​មួយ​មិន​ត្រូវ មិនត្រូ​វហេតុ​អី? ពីព្រោះ​យើង​ដឹង​ហើយ​​​ថា ​កញ្ចប់ថវិកា​ដែល​ប្រើ​ប្រាស់​​នៅក្នុង​មូលនិធិ​ឬក៏បណ្ណក្រីក្រ​នេះ គឺ​​ជា​ថវិកាជាតិ ដែល​យក​ទៅប្រើ​ប្រាស់​ក្នុងការ​​​​ជួយ​សង្គ្រោះប្រជាពលរដ្ឋក្រីក្រ»។

ថ្នាក់ដឹកនាំគណបក្ស​ជំទាស់រូបនេះ ចាត់ទុក​​​សកម្មភាពនេះ រួម​ទាំង​សកម្មភាពរឹតត្បិត​​​ការ​ជួបជុំ ការ​លើក​ស្លាក​​គណបក្ស​ និងការ​បង្កើត​​​ឧបសគ្គនៃការ​ជ្រើសរើស​បេក្ខជន​ឈរឈ្មោះ​ជា​ដើមនោះ ថាជាការរើស​អើង បំភិត​​បំភ័យ​​ទៅ​លើ​សកម្មជន​របស់​គណបក្ស​ប្រឆាំង និង​ធ្វើ​ឱ្យការ​ប្រកួត​ប្រជែង​កា​របោះឆ្នោត​នា​ពេល​មុខ​ មានភាពមិនសេរី ​ត្រឹម​ត្រូវ​ យុត្តិធម៌ និង​​មិនស្មើភាពគ្នានៅ​ចំពោះមុខ​ច្បាប់​នៃកា​របោះឆ្នោត​។ ការណ៍នេះ លោក​អំពាវនាវ​ដល់​គណបក្ស​កាន់អំណាច និង​អាជ្ញាធរពាក់ព័ន្ធ គួរតែ​បង្រួប​បង្រួម​ជាតិ និង​​​បើក​លំហសេរីភាព​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​​បញ្ចេញមតិ​ បើកលំហដល់​សកម្មជន​​គណបក្សនយោបាយ​ទាំងអស់ អាច​ធ្វើនយោបាយ​ដោយសេរី ​និងចូលរួម​បម្រើ​​ជាតិ ស្របពេល​ដែល​ប្រទេសជាតិ​កំពុង​ជួប​វិបត្តិ​បរទេសជិត​ខាង​​​ឈ្លាន​ពាន​​ទឹក​ដី។

លោកថា៖ «ខ្ញុំគិតថា មក​ដល់ពេលគណបក្ស​នយោបាយ ទាំង​គណបក្ស​កាន់​អំណាច​ ទាំង​គណបក្ស​នៅ​ក្រៅ​រដ្ឋា​ភិបាល​​​​ដែល​ក្នុងនាមជា​គណបក្សប្រឆាំងហ្នឹង គួរតែ​អាច​មើល​មុខ​គ្នា​​​បាន​​ អាចនិយាយ​គ្នាបាន អាច​​ធ្វើ​ការ​​ជាមួយ​គ្នា​​​បាន​ ​ដើម្បី​បុព្វហេតុ​ជាតិមាតុ​ភូមិ​ ដូច្នេះ​ខ្ញុំគិតថា ចាប់ពីពេល​នេះទៅគួរ គួរ​បញ្ឈប់​ទៅវប្បធម៌គំរាម គួរបញ្ឈប់ទៅ​​វប្បធម៌សម្លុត ឬក៏​បំភិត​បំភ័យ​​ទៅ​លើ​ប្រជា​ពលរដ្ឋ និង​សកម្មជន​នយោបាយ​នៃ​គណបក្ស​ផ្សេង​ៗណា​ គួរ​បញ្ឈប់​ទៅ​បាទ»។

ជាមួយគ្នានេះដែរ អនុប្រធានគណបក្សកម្លាំង​ជាតិ លោក សុខ គឹមសេង បាន​លើកឡើង​ស្រដៀងគ្នា​ដែរថា នៅ​ពេល​​ដែល​​លោក​​បាន​ចុះ​ទៅមូលដ្ឋាន ក៏បានលឺការ​រអ៊ូរទាំ​របស់​សកម្មជន​គណបក្ស​ និងប្រជាពលរដ្ឋ ជុំវិញការ​គំរាមកំហែង​​រឿង​ដកបណ្ណក្រីក្រនេះ​ ពីសំណាក់​អាជ្ញាធរ​មូលដ្ឋាន​ដែរ។ លោកថា កា​រ​​គិត​​គូរ​​ពី​​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ គឺជាកាតព្វកិច្ច​របស់​រាជរដ្ឋាភិបាល ជាពិសេស​គឺគណបក្ស​ដែល​កំពុង​ដឹក​នាំ​​ប្រទេស ដូច្នេះ​​អាជ្ញាធរដែលជា​សេនា​ធិការ​​​របស់​​រាជរដ្ឋាភិ​បាល ​​ត្រូវតែ​មានតម្លាភាព និង​យុត្តិធម៌ នៅក្នុងការ​​ជួយ​​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ទាំងនោះ។

ការណ៍នេះ លោកស្នើថា៖ «ខ្ញុំសូមស្នើដល់រាជរដ្ឋាភិបាល ត្រូវ​តែ​ពិនិត្យឡើងវិញ​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​បែង​​​ចែក​​បណ្ណ​​សមធម៌​ ដែល​យើង​ហៅថា​បណ្ណ​ក្រីក្រ​នេះ​ ព្រោះថា ប្រជាពលរដ្ឋ​ខ្មែរ​ដែលគាត់មានការ​ខ្វះខាតពិតប្រាកដ​ គាត់​​ពិតជា​ត្រូវ​កា​រចាំ​បាច់​ណាស់ ព្រោះគាត់មាន​​ខ្វះ​ខាត។ ហើយ​កន្លងមក​មាន​ការ​រអ៊ូ​រទាំពាក់ព័ន្ធជាមួយនឹង​​ការ​រើ​សអើង​ ដូច្នេះ​រដ្ឋាភិបាលគួរ​តែមានស៊ើបអង្កេត ហើយ​ត្រូវ​តែ​រៀបចំ​​ឱ្យ​មានការ​បែង​ចែក​​​​ប្រកប​ដោយ​សមធម៌ យុត្តិធម៌ ហើយ​និង​គ្មានការ​ប្រកាន់​បក្ខពួក និង​ការ​រើស​អើង​គណបក្សនយោ​បាយ​»។

បើតាម លោក សុខ គឹមសេង និងលោក សួន សូរីដា កន្លងមក ពួកគាត់​ក៏ធ្លាប់​បានទទួលព័ត៌មាន​ពីភាព​ចម្រូង​​ចម្រាស់​លើ​ការ​ផ្តល់​ជូន​​បណ្ណ​ក្រីក្រនេះពីសំណាក់អាជ្ញាធរ​ ទៅដល់​ពលរដ្ឋ​​ផងដែរ ដូចជាករណី​​ពលរដ្ឋ​​មួយចំនួន​ដែលក្រីក្រ​ពិតប្រាកដ តែមិនមាន​និន្នាការ​គាំទ្រគណបក្ស​នយោបាយ ឬគណបក្ស​កាន់​អំណាច គឺគាត់​មិនទទួលបាន​បណ្ណ​​ក្រីក្រនោះទេ ប៉ុន្តែ​ប្រជាពលរដ្ឋ​ដែលមាននិន្នាការ​គាំទ្រ​គណបក្ស​កាន់​អំណាច និងជា​បក្ខពួករបស់​អាជ្ញាធរ​ បើ​ទោះ​​បីជាពួកគាត់​មានជីវភាពមធ្យម​ក៏ដោយ​ ក៏​ទទួលបាន​​បណ្ណ​ក្រីក្រ​នេះ​ដែរ។​

វីអូឌី មិនអាចសុំការ​អត្ថាធិប្បាយជុំវិញករណីនេះ ពីអ្នកនាំពាក្យរដ្ឋាភិបាល​លោក ប៉ែន បូណា បានទេ​នៅថ្ងៃ​សុក្រនេះ​។

យ៉ាងណា លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងជា​រឿយៗនាពេល​កន្លងមកថា កា​រផ្តល់បណ្ណក្រី​ក្រត្រូវ​បានអនុវត្ត​ប្រកបដោយ​តម្លាភាព និង​បរិយាបន្ន មិនមែន​ផ្តល់​ឱ្យ​តែបក្ខពួក​ ដូចការ​មួល​បង្កាច់​របស់​អ្នកនយោបាយ​ប្រឆាំងនោះទេ។ ហើយ​កាល​ពីខែ​កុម្ភៈ ឆ្នាំ​២០២៦ លោក​បាន​ក្រើនរំលឹក​ដល់​ក្រសួង​ផែន​ការ និង​ក្រសួងមហាផ្ទៃ តាម​រយៈ​រាជធានីខេត្ត​ ក្រុង ស្រុក​ ខណ្ឌ និ​ងឃុំសង្កាត់ ត្រូវ​ធានា​ថា ការ​កំណត់​អត្តសញ្ញាណពលរដ្ឋ​ក្រី​ក្រ ត្រូវ​បាន​ធ្វើឡើង​​ចំគោល​ដៅ និងប្រកបដោយ​ប្រសិទ្ធភាព ព្រមទាំង​ពន្លឿន​កា​រធ្វើ​បច្ចុប្បន្ន​ភាព​ជា​ប្រចាំ ដើម្បីចៀសវាង​នូវ​កា​រខ្វះខាត​ក្នុងកា​រទទួលបាន​អត្ថប្រយោជន៍​សង្គម​របស់​ប្រជាពលរដ្ឋ។

ប្រធានអង្គការ​ប្រជាធិបតេយ្យខ្មែរ លោក ស៊ឹង សែនករុណា បាន​លើកឡើង​ថា ​​អ្នកដែលមាននិន្នាការ​នយោ​បាយ មកពីគ្រប់គណបក្ស​នយោបាយ នៅពេល​ដែលខ្លួន​ជាប់ឆ្នោតទៅកាន់តួនាទីនៅមូលដ្ឋានក្តី ថ្នាក់​ជាតិក្តី គឺ​ត្រូវ​​​ប្រកាន់​នូវ​ជំហរ​ឯករាជ្យ អព្យា​ក្រឹត្យ​ ចំពោះពលរដ្ឋគ្រប់រូប មិនថា​ប្រជាពលរដ្ឋ​មាន​និន្នា​ការ​គាំទ្រ​គណបក្សនយោ​បាយ​ ក្រៅពីគណបក្ស​ខ្លួន។ ដូច្នេះ អាជ្ញាធរ​មិនគួរ​មានការ​ដក​ហូត​បណ្ណ​ក្រីក្រពីពលរដ្ឋដែលគ្រាន់តែ​គាំទ្រ​គណបក្ស​ប្រឆាំង​នោះ​ទេ។

លោកថា៖ «កាលណា​ធ្វើបែបហ្នឹង វាមានការ​បង្ហាញ​​ឱ្យ​ឃើញ​ពីកា​ររើស​អើង​និន្នាការនយោបាយ​ ចឹង​និន្នា​ការ​​​នយោ​បាយ​​​នេះ​​ហើយ ដែល​ធ្វើ​ឱ្យមានការ​​​​​បែកបាក់ជាតិ បែកបាក់សង្គម ចឹង​នៅ​កម្ពុជា​យើង​មិនទាន់បាន​​ដើរ​តាមគន្លង​ប្រជាធិបតេយ្យ​ឱ្យបាន​ត្រឹម​ត្រូវ​ទេ គឺ​នៅមាន​បញ្ហា​រើស​អើង​នេះ​​ តាំង​ពីថ្នាក់មូលដ្ឋាន​ទៅដល់​ថ្នាក់​ជាតិ យើង​ឃើញ​ហើយ មេដឹកនាំ​នៃគណបក្ស​​កាន់​អំណាច បង្ហាញ​នូវ​អារម្មណ៍​ស្អប់ខ្ពើមគណបក្ស​ប្រឆាំងអី​ចឹង​ទៅ​ ធ្វើ​ទុក្ខ​បុកម្នេញ ប្រើ​ប្រាស់​គ្រប់​មធ្យោបាយ ចឹង​ហើយ​បាន​ជា​មន្ត្រី​អាជ្ញាធរ​នៅ​មូលដ្ឋានហ្នឹង​ ធ្វើកា​រសម្រេច​អនុវត្តលើ​​បញ្ហា ដោះស្រាយ​​​បញ្ហា​​ផ្សេង​ៗ​​ទៅតាម​អាម្មរណ៍ ទៅតាម​អំពើ​ចិត្ត​របស់ខ្លួន ដោយ​រើស​អើងអី​ចឹង​ទៅ»។

យោងតាមរបាយការណ៍​ពីក្រសួងផែនការ និងប្រភពផ្លូវការនានា ​នៅក្នុងឆ្នាំ​២០២៦ កម្ពុជាមានពលរដ្ឋក្រីក្រ និង​គ្រួសារងាយរងហានិភ័យ​ប្រមាណ ៤,៦ លាននាក់ ដែលកំពុងទទួលបានការឧបត្ថម្ភ និងអត្ថប្រយោជន៍​ពី​កម្មវិធី​ជាតិ​គាំពារសង្គម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ