មូលនិធិ​សន្តិ​សុខ​​សង្គម​​ក្លាយ​​ជា​​បញ្ហា​​ស្នូល​​ក្នុង​​ការ​​បោះ​ឆ្នោត​​​ពាក់​​កណ្តាលអាណត្តិ​​​​នៅ​​​អាមេ​រិក​

ការ​​បោះ​ឆ្នោត​​ពាក់​​​​កណ្តាល​​អាណត្តិ​​នា​ពេល​​ខាង​​មុខ​​នេះ​ អាច​​មាន​​សារៈ​សំខាន់​​ខ្លាំង​​ចំពោះ​​កម្ម​វិធី​​សន្តិ​សុខ​​សង្គម​ (Social Security)​ ដោយ​សារ​​ពេល​វេលា​​ក្នុង​​ការ​​ពង្រឹង​​មូល​ដ្ឋាន​​ហិរញ្ញ​វត្ថុ​​រប​ស់​​កម្ម​វិធី​​នេះ​​កាន់​តែ​​ខើច​​ទៅៗ​។​

របាយ​ការណ៍​ថ្មីៗ​បំផុត ​ព្យាករ​ថា​ មូលនិធិ​ទុកចិត្ត​ចម្បង​របស់​កម្មវិធី​នេះ ​នឹង​ត្រូវ​អស់​ទុនបម្រុង​នៅ​ចុង​ឆ្នាំ​ ​២០៣២​ ដែល​​បន្ទាប់ពី​នោះ​ អ្នក​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​នឹង​ត្រូវ​ប្រឈមមុខ​​នឹង​ការ​កាត់​បន្ថយ​​អត្ថប្រយោជន៍​​​ជាង​ ២០%​។​

ជា​លទ្ធផល​ ភារកិច្ច​ក្នុង​ការ​ជួសជុល​សន្តិសុខ​សង្គម​ ​​នឹង​ធ្លាក់​លើ​ស្មា​ទាំង​សមាជិក​សភា​បច្ចុប្បន្ន​ និង​សមាជិក​សភា​​ថ្មី​។​ ប្រសិនបើ​សភា​ចង់​ជៀសវាង​ផល​ប៉ះពាល់​ហិរញ្ញវត្ថុ​ដ៏​ធ្ងន់ធ្ងរ​ សម្រាប់​ជនជាតិ​អាមេរិក​រាប់​លាន​​នាក់​ ពួកគេ​នឹង​ត្រូវ​ដោះស្រាយ​បញ្ហា​ដែល​អ្នកនយោបាយ​ជំនាន់​មុនៗ ​​បាន​ពន្យារពេល​អស់​ជាច្រើន​ទសវត្សរ៍​មក​ហើយ​។​

លោកស្រី​ Martha Shedden​ ប្រធាន​សមាគម​អ្នកវិភាគ​សន្តិសុខ​សង្គម​ បាន​លើកឡើង​ថា​៖​ «​សម្ពាធ​លើ​សភា​ ​​គឺ​ពិត​ជា​​ខ្លាំង​ក្លា​មែនទែន​នា​ពេល​អនាគត​»​។​

មូលនិធិ​សន្តិសុខ​សង្គម ​កំពុង​ខើច​ទឹកប្រាក់​ជា​ចម្បង​ដោយសារតែ​កត្តា​ប្រជាសាស្ត្រ​ ដោយសារ​ចំនួន​ប្រជាជន​​អាមេ​រិក​​​មាន​វ័យ​ចាស់ជរា​ច្រើនឡើង​។​ មនុស្ស​ជំនាន់​បេប៊ីប៊ូម៉ឺ​ (Baby Boomer)​ កំពុង​ទាមទារ​ប្រាក់​ឧបត្ថម្ភ​​កាន់តែ​​ច្រើន​ ខណៈ​ដែល​ចំនួន​កម្មករ​និយោជិត​ដែល​បង់ប្រាក់​ចូល​ក្នុង​កម្មវិធី​នេះ ​មាន​ការ​ថយចុះ​។​ ក្តី​បារម្ភ​អំពី​អនាគត​នៃ​​សន្តិសុខ​សង្គម​ ដែល​ជា​បញ្ហា​ស្នូល​សម្រាប់​ជនជាតិ​អាមេរិក​វ័យចំណាស់​ បាន​លេច​​ចេញ​ជា​រូបរាង​​ឡើង ​នៅ​ក្នុង​ការ​​បោះ​ឆ្នោត​​ជាច្រើន​ទូទាំង​ប្រទេស​។​

នៅ​ក្នុង​ការ​ប្រកួតប្រជែង​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​រដ្ឋ​មីឈីហ្គែន​ (Michigan)​ បេក្ខជន​បក្ស​សាធារណ​រដ្ឋ​ លោក​ Mike Rogers​ បាន​គូសបញ្ជាក់​ពី​សារៈ​សំខាន់​នៃ​ការ​លុបបំបាត់​អំពើពុករលួយ​ ខណៈ​​ដែល​គូប្រជែង​បក្ស​ប្រជាធិប​តេយ្យ​ លោក​ Abdul El-Sayed​ បាន​គាំទ្រ​ការ​ដកចេញ​នូវ​ដែនកំណត់​លើ​​ប្រាក់​​ចំណូល​ដែល​ត្រូវ​ជាប់ពន្ធ​ប្រាក់បៀវត្សរ៍​ «​ដើម្បី​​ឱ្យ​អ្នកមាន​ជួយ​បង់ប្រាក់​ក្នុង​កម្រិត​សមរម្យ​មួយ​»​។​ ដែនកំណត់​ប្រាក់ចំណូល​បច្ចុប្បន្ន​គឺ​ ១៨៤ ៥០០​ ដុល្លារ​ ដោយ​ប្រាក់ចំណូល​លើស​ពី​នេះ​ត្រូវ​បាន​លើកលែង​។​

ការ​កែទម្រង់​សន្តិសុខ​សង្គម​ ក៏​ជា​បញ្ហា​ដ៏​ក្តៅគគុក​នៅ​ក្នុង​រដ្ឋ​សមរភូមិ​ដែនដី​មែន​ (Maine)​ ដែល​មាន​ប្រជាជន​​វ័យ​ចាស់​​ជាងគេ​ផងដែរ​។​ សមាជិក​ព្រឹទ្ធសភា ​លោកស្រី​ Susan Collins​ (បក្ស​សាធារណរដ្ឋ)​ និង​​គូប្រជែង​បក្ស​​ប្រជាធិប​តេយ្យ​ លោក​ Troy Jackson​ បាន​ស្នើ​វិធីសាស្ត្រ​ផ្សេងៗ​គ្នា​។​

លោក​ Jackson​ បាន​ប្តេជ្ញាចិត្ត​ថា​នឹង​លុបបំបាត់​ដែនកំណត់​ពន្ធ​ប្រាក់បៀវត្សរ៍​ ដើម្បី​ឱ្យ​មហាសេដ្ឋី​បង់ប្រាក់​​ក្នុង​អត្រា​​ដូចគ្នា​ទៅ​នឹង​អ្នកដទៃ​ ខណៈ​លោកស្រី​ Collins​ បាន​ស្នើ​បង្កើត​គណៈកម្មាធិការ​ទ្វេបក្ស​ និង​ប្តេជ្ញា​មិន​កាត់បន្ថយ​​អត្ថប្រយោជន៍​។​

លោកស្រី​ Shedden​ បាន​កត់សម្គាល់​ថា​ ការ​ជជែក​ដេញដោល​គ្នា​កំពុង​ប្តូរ​ទិសដៅ​ពី​ថាតើ​ជនជាតិ​អាមេរិក​​ ដែល​មាន​​ចំណូល​​ខ្ពស់​គួរតែ​រួមចំណែក​បន្ថែម​ទៀត​ឬ​អត់​ ទៅ​ជា​ការ​សម្រេចចិត្ត​ថា​ត្រូវ​បន្ថែម​ក្នុង​កម្រិត​ណាមួយ​ និង​ថា​តើ​​សភា​​អាច​សម្រេច​បាន​កិច្ចព្រមព្រៀង​មុន​ពេល​មូលនិធិ​អស់​ទុន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ