ស្ថានភាពសិទ្ធិមនុស្ស និងសិទ្ធិនយោបាយ ត្រូវគេមើលឃើញថា រងការរំលោភបំពានកាន់តែធ្ងន់ធ្ងរ ធ្វើឱ្យពលរដ្ឋរងគ្រោះជាប្រព័ន្ធ ត្រឹមរយៈពេលជិត ១០ឆ្នាំមកនេះ ក្រោយបក្សកាន់អំណាចទាញកម្ពុជាឱ្យរអិលចេញពីគន្លងប្រជាធិបតេយ្យ ដើម្បីសម្រេចផែនការស្នងតំណែងពីឪពុកទៅកូន។
ចាប់តាំងពីការរំលាយគណបក្សសង្គ្រោះជាតិ កាលពីចុងឆ្នាំ២០១៧មក ការដឹកនាំប្រទេសបានឈានចូលដល់របបឯកបក្សជាថ្មី ដែលនាំឱ្យលំហប្រជាធិបតេយ្យ សេរីភាពនយោបាយ និងសិទ្ធិពលរដ្ឋត្រូវបានគេមើលឃើញថាមានភាពរួញតូចទៅៗ។ អ្នកឃ្លាំមើល និងអ្នកជំនាញ ព្រមានថា ប្រសិនបើរដ្ឋាភិបាលមិនមានវិធានការកែលម្អប្រកបដោយវិជ្ជមានទេនោះ កម្ពុជានឹងត្រូវប្រឈមមុខនឹងការបាត់បង់ប្រយោជន៍ និងខូចខាតកិត្តិយសលើឆាកអន្តរជាតិកាន់តែធ្ងន់ធ្ងរ។
ការបាត់បង់តុល្យភាពនយោបាយ និងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច-ការបរទេស ការបន្តរឹតត្បិតសេរីភាព និងការបំបិទសិទ្ធិបញ្ចេញមតិ ត្រូវបានអ្នកវិភាគមើលឃើញថា ជាដើមហេតុចម្បងដែលធ្វើឱ្យកម្ពុជារងសម្ពាធជាបន្តបន្ទាប់ពីសហគមន៍អន្តរជាតិ។
លោក សេក សុជាតិ អ្នកប្រឹក្សាផ្នែកផ្នត់គំនិត និងការអភិវឌ្ឍ បានលើកឡើងថា ការបន្តដាក់បន្ទុក និងចោទប្រកាន់លើសកម្មជនសង្គម បរិស្ថាន និងសកម្មជននយោបាយ មិនបានផ្តល់ផលប្រយោជន៍អ្វីដល់ជាតិឡើយ។ តែផ្ទុយទៅវិញ វានឹងធ្វើឱ្យបញ្ហាកម្ពុជាកាន់តែធ្ងន់ធ្ងរលើគ្រប់វិស័យទាំងអស់ រួមទាំងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម ក៏ដូចជាបញ្ហាផ្សេងៗ អាចនឹងកើតឡើងគ្រប់ទិដ្ឋភាពទាំងអស់ ដែលមេដឹកនាំគួរតែព្យាយាមទម្លាក់ចោលនូវបញ្ហាមួយចំនួន ដែលបានដាក់បន្ទុកចោទប្រកាន់ទៅលើសកម្មជនសង្គម បរិស្ថាន និងសកម្មជននយោបាយ។
លោកថា៖ «អីចឹងតាមរយៈរូបភាពទាំងនេះ នឹងធ្វើឱ្យបញ្ហាកម្ពុជាកាន់តែធ្ងន់ធ្ងរ លើគ្រប់វិស័យទាំងអស់ រួមទាំងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ រួមទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម ក៏ដូចជាបញ្ហាផ្សេងៗអាចនឹងកើតឡើងគ្រប់ទិដ្ឋភាពទាំងអស់។ សម្រាប់ខ្ញុំមើលឃើញថា កម្ពុជាគួរតែព្យាយាមទម្លាក់ចោលនូវបញ្ហាមួយចំនួនដែលបានដាក់បន្ទុក ចោទប្រកាន់ទៅលើសកម្មជនសង្កម សកម្មជនបរិស្ថាន ធនធានធម្មជាតិ ហើយនឹងសកម្មជនសង្គម ពិសេសសកម្មជននយោបាយ»។
ក្នុងស្ថានភាពបច្ចុប្បន្ន លោកមើលឃើញថា រដ្ឋាភិបាលហាក់មិនមានចេតនាក្នុងការបន្ថយការដាក់គំនាបទៅលើពលរដ្ឋ សកម្មជនសង្គមដែលឈឺឆ្អាលលើបញ្ហាជាតិ បញ្ហាព្រំដែន បញ្ហានយោបាយនោះឡើយ។ លោកថា ការធ្វើបែបនេះ កាន់តែធ្វើឱ្យកម្ពុជាខាតបង់ប្រយោជន៍ និងមុខមាត់លើឆាកអន្តរជាតិ។
លោកថា៖ «កត្តាទាំងអស់នេះ វានឹងមិនផ្តល់ផលប្រយោជន៍នោះទេ។ បើចង់ឱ្យកម្ពុជាល្អ កម្ពុជាមានសន្តិភាព កម្ពុជាមានឯកភាពជាតិ កម្ពុជាអាចដើរល្អលើផ្លូវដែលបានរៀបចំនៅក្នុងកិច្ចព្រមព្រៀង និងអនុវត្តទៅតាមកាតព្វកិច្ចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ នោះអ្វីៗនឹងធ្វើឱ្យកម្ពុជាប្រែប្រួល ហើយកម្ពុជាមានកិត្តិយសមុខមាត់គ្រប់គ្រាន់ ដើម្បីស្មើមុខស្មើមាត់ជាមួយសហគមន៍អន្តរជាតិ ដោយខ្លួនបានអនុវត្តកាតព្វកិច្ចយ៉ាងខ្ជាប់ខ្ជួន មិនប្រាសចាកពីគោលការណ៍ដើមដែលបានកំណត់ហ្នឹង»។
នៅក្នុងមាត្រា១៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ចែងថា ជនគ្រប់រូបនៅកម្ពុជា ជនភៀសខ្លួន រួមទាំងជនផ្លាស់ប្តូរទីលំនៅផង ត្រូវមានសិទ្ធិនិងសេរីភាពដូចដែលមានចែងនៅក្នុងសេចក្តីប្រកាសជាសកល និងកិច្ចព្រមព្រៀងទាំងឡាយពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ក្នុងនោះប្រទេសកម្ពុជាសន្យាថា ធានាការគោរព និងប្រតិបត្តិតាមសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាននៅកម្ពុជា។ គាំទ្រសិទ្ធិរបស់ពលរដ្ឋកម្ពុជាទាំងអស់ ក្នុងការធ្វើសកម្មភាពជំរុញ និងការពារសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋាន។ បន្ថែមពីនេះ ត្រូវចាត់វិធានការដ៏មានប្រសិទ្ធភាពដើម្បីធានាថា នយោបាយ និងសកម្មភាពរំលោភសិទ្ធិមនុស្សពីអតីតកាលមិនត្រូវបានវិលត្រឡប់មកវិញ។
រដ្ឋធម្មនុញ្ញកម្ពុជាដែលប្រកាសឱ្យប្រើនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ មាត្រា៣១ ចែងថា កម្ពុជាទទួលស្គាល់ និងគោរពសិទ្ធិមនុស្សដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាផ្សេងៗពាក់ព័ន្ធសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ។
ដោយឡែក មាត្រា៣៥ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។
លោក យិន ម៉េងលី អនុប្រធានផ្នែកសិទ្ធិមនុស្ស និងដីធ្លីនៃអង្គការអាដហុក (ADHOC) បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានដាក់បញ្ចូលមាត្រាសិទ្ធិមនុស្ស គឺដោយសារតែកម្ពុជាធ្លាប់មានប្រវត្តិសាស្ត្រខ្មៅងងឹតនៃការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ក្នុងសម័យខ្មែរក្រហម។
លោកបានផ្តល់អនុសាសន៍ថា ដើម្បីស្តារមុខមាត់កម្ពុជាឡើងវិញ រដ្ឋាភិបាលគួរតែពិចារណាអនុវត្តតាមការណែនាំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN HRC) ជាពិសេសលើសេរីភាពបញ្ចេញមតិ និងសិទ្ធិនយោបាយ មុនពេលការបោះឆ្នោតមកដល់ ដើម្បីធានាបាននូវដំណើរការបោះឆ្នោតមួយដែលសេរី និងយុត្តិធម៌។
លោកថា៖ «យើងឃើញហើយនៅក្នុងការប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក៏បាននិយាយពីបញ្ហារបស់កម្ពុជាដែរ។ អីចឹងប៉ះពាល់ដល់មុខមាត់របស់កម្ពុជានៅលើឆាកអន្តរជាតិធ្ងន់ធ្ងរ ពាក់ព័ន្ធវិស័យសិទ្ធិមនុស្សនេះ។ អីចឹងធ្វើឱ្យរាជរដ្ឋាភិបាលគួរតែពិចារណាពិនិត្យមើលឡើងវិញ នូវអនុសាសន៍ដែលផ្តល់ដោយក្រុមប្រឹក្សាសិទ្ធិមនុស្សក្នុងការកែទម្រង់ ពិសេសហ្នឹងគឺពាក់ព័ន្ធនឹងសេរីភាពបញ្ចេញមតិ និងសិទ្ធិនយោបាយ។ អីចឹងការបោះឆ្នោតយើងនៅពេលខាងមុខជិតមកដល់ហើយ អីចឹងគប្បីធ្វើឱ្យស្ថានភាពសេរីភាពបញ្ចេញមតិ និងសេរីភាពនយោបាយអីចឹងឱ្យមានភាពប្រសើរឡើង ក៏នាំឱ្យការបោះឆ្នោតហ្នឹងមានការធានាបានល្អដែរ ពីសេរី និងយុត្តិធម៌បានល្អដែរ»។
ក្នុងសម័យប្រជុំលើកទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ លោក ថម អែនដ្រូ (Tom Andrews) អ្នករាយការណ៍ពិសេស UN ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានសម្តែងការព្រួយបារម្ភពីវិបត្តិសិទ្ធិមនុស្សនៅកម្ពុជា។ លោកលើកឡើងថា ការរួមតូចនៃលំហសង្គមស៊ីវិល និងសេរីភាពបញ្ចេញមតិ ការប្រើប្រាស់ប្រព័ន្ធច្បាប់ដើម្បីដាក់គំនាបលើអ្នកនយោបាយប្រឆាំង រួមទាំងការឃុំខ្លួនអ្នកការពារសិទ្ធិមនុស្ស សកម្មជន និងអ្នកសារព័ត៌មានជាដើម។
លោក ថម អែនដ្រូ បានគូសបញ្ជាក់សារជាថ្មីថា «ការបោះឆ្នោតប្រកបដោយសេរី យុត្តិធម៌ និងគួរឱ្យទុកចិត្តបាន អាចប្រព្រឹត្តទៅបាន លុះត្រាតែមេដឹកនាំនយោបាយគ្រប់និន្នាការ មានសេរីភាពពេញលេញ ដោយគ្មានការរឹតត្បិត ឬការបំភិតបំភ័យណាមួយឡើយ»។
ការស្តារឡើងវិញនូវលំហប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សស្របតាមស្មារតីរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មិនត្រឹមតែជាកាតព្វកិច្ចផ្លូវច្បាប់របស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែគឺជាសោយ៉ាងសំខាន់ ក្នុងការរក្សាស្ថិរភាពទំនាក់ទំនងអន្តរជាតិ ការផ្សះផ្សាជាតិ ការពារប្រយោជន៍សេដ្ឋកិច្ច-បង្កើតទីផ្សារការងារគ្រប់វិស័យនៅកម្ពុជា ដែលជាសក្តានុពលដល់ការស្តារជីវភាពពលរដ្ឋជាប្រព័ន្ធផងដែរ។
ប៉ុន្តែផ្ទុយទៅវិញ បើវិបត្តិសិទ្ធិមនុស្សមិនត្រូវបានស្តារឡើងវិញទេ អ្នកឃ្លាំមើលព្រមានថា ពលរដ្ឋនឹងបន្តរងគ្រោះជាប្រព័ន្ធ រយៈពេលយូរឆ្នាំទៀត ដោយសារតែការដឹកនាំបែបគ្រួសារនិយមនេះ ហើយទ្រព្យសម្បត្តិជាតិស្ទើរតែទាំងអស់ នឹងធ្លាក់ក្នុងដៃក្រុមគ្រួសារអ្នកមានអំណាច៕









