សមាជិក​បក្ស​​ប្រជា​ធិប​តេយ្យ​​គាំទ្រ​​បេក្ខ​ជន​​បក្ស​​សាធារណ​​រដ្ឋ ក្នុង​​ការ​​ប្រកួត​​នៅ​​រដ្ឋ​​មីឈី​ហ្គែន

តំណាង​រាស្ត្រ​​សមាជិក​​បក្ស​​ប្រជា​ធិប​តេយ្យ​​ម្នាក់​​​នៅ​​រដ្ឋ Michigan បាន​ប្រកាស​គាំទ្រ​បេក្ខជន​បក្ស​សាធារណ​រដ្ឋ ក្នុង​​ការ​ប្រកួត​ប្រជែង​​អាសនៈ​​​ព្រឹទ្ធ​សភា​អាមេរិក​​ដ៏​​សំខាន់ ខណៈ​ដែល​ជម្លោះ​ជាមួយ​លោក Abdul El-Sayed ដែល​ជា​បេក្ខជន​បក្ស​ផ្ទាល់ខ្លួន​បាន​ផ្ទុះ​ឡើង​ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​មុន​ការ​បោះឆ្នោត។

លោកស្រី Haley Stevens ដែល​ជា​សមាជិក​រដ្ឋសភា​បច្ចុប្បន្ន និង​បាន​ចាញ់​លោក El-Sayed ក្នុង​ការ​បោះ​ឆ្នោត​​​ជ្រើស​រើស​​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ បាន​បង្ហាញខ្លួន​ដោយ​ភ្ញាក់ផ្អើល​អមដំណើរ​ជាមួយ​លោក Mike Rogers ដែល​ជា​បេក្ខ​ជន​​បក្ស​​សាធារណរដ្ឋ ​កាលពី​ថ្ងៃទី​១ ខែ​វិច្ឆិកា។

លោកស្រី​​បាន​និយាយ​ក្នុង​វីដេអូ​លើ​​បណ្តាញ X ថា៖ «ខ្ញុំមិនស័ក្តិសមនៅក្នុងយុទ្ធនាការឃោសនារបស់ Abdul ទេ… នោះ​ជាមូល​ហេតុដែលខ្ញុំប្រកាសគាំទ្រ​លោក Mike Rogers»។

ចំណាត់ការ​នេះ ​បាន​ធ្វើ​ឱ្យ​សមាជិក​បក្ស​ប្រជាធិបតេយ្យ​ជាច្រើន​ភ្ញាក់ផ្អើល និង​ថ្កោលទោស​ការ​សម្រេចចិត្ត​​របស់​​លោ​កស្រី​ ​ដែល​បាន​ប្តូរ​ការ​គាំទ្រ​ត្រឹម​តែ​ពីរ​ថ្ងៃ​​​មុន​ការ​បោះឆ្នោត ដោយ​​​មាន​ម្នាក់​បាន​ហៅ​សកម្មភាព​​នេះ​​​ថា​ជា «ការក្បត់យ៉ាងអាម៉ាស់»។

ជម្លោះ​រវាង​លោកស្រី Stevens ដែល​ជា​សមាជិក​បក្ស​ប្រជាធិបតេយ្យ​បែប​កណ្តាល​និយម និង​លោក El-Sayed ដែល​ជា​តំណាង​ខាង​ឆ្វេង​និយម បាន​ផ្ទុះ​ឡើង​បន្ទាប់ពី​លោកស្រី Stevens ទាមទារ​ឱ្យ​លោក El-Sayed ថ្កោលទោស​ផ្ទាំង​ពាណិជ្ជកម្ម​មួយ​ដែល​ភ្ជាប់​ការ​គាំទ្រ​អាមេរិក​ចំពោះ​អ៊ីស្រាអែល​ទៅនឹង​បញ្ហា​ទំនិញ​​​ឡើង​ថ្លៃ។ លោក El-Sayed បាន​រិះគន់​ផ្ទាំង​ពាណិជ្ជកម្ម​នោះ ប៉ុន្តែ​បាន​បញ្ជាក់​ថា លោក​មិន​មាន​ពាក់​ព័ន្ធ​​ឡើយ។

ដើមឡើយ លោកស្រី Stevens ត្រូវ​ចូលរួម​កម្មវិធី​ជាមួយ​លោក El-Sayed កាលពី​ថ្ងៃ​អាទិត្យ ប៉ុន្តែ​លោក​បាន​សុំ​​ឱ្យ​​លោក​​ស្រី​មិន​បាច់​​មក ហើយ​លោកស្រី​ក៏​បាន​សម្រេចចិត្ត​ទៅ​ចូលរួម​កម្មវិធី​នៅ​វិហារ​ជាមួយ​គូប្រជែង​​​បក្ស​សាធារណ​រដ្ឋ​​ជំនួស​​វិញ។ លោកស្រី Stevens បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា៖ «Abdul បានធ្វើឱ្យច្បាស់ថា ខ្ញុំមិនត្រូវបានស្វាគមន៍​នៅក្នុងយុទ្ធនាការរបស់គាត់ទេ»។

ចំណែក​លោក El-Sayed បាន​ឆ្លើយតប​ថា លោក​ផ្តោត​លើ​បញ្ហា​របស់​ប្រជាជន​រដ្ឋ Michigan ហើយ​រឿង​លោក​ស្រី Stevens មិនមែន​ជា​បញ្ហា​សំខាន់​ឡើយ។ ការ​ប្រកួតប្រជែង​​អាសនៈ​​ព្រឹទ្ធ​សភា​​នៅ​​រដ្ឋ Michigan គឺ​ជា​រដ្ឋ​ប្រជែង​សំខាន់​មួយ​ដែល​នឹង​កំណត់​ថា​បក្ស​ណា​នឹង​គ្រប់គ្រង​ព្រឹទ្ធសភា។ អាសនៈ​នេះ​ត្រូវ​បាន​​កាន់កាប់​ដោយ​បក្ស​ប្រជាធិបតេយ្យ​តាំងពី​ឆ្នាំ​១៩៩៤ មកម្ល៉េះ។

លោក Rogers បាន​ស្វាគមន៍​ការ​ប្រកាស​គាំទ្រ​នេះ​ដោយ​ហៅ​វា​ថា​ជា «ភាពក្លាហាន» ហើយ​អតីត​ប្រធានា​ធិបតី ដូណាល់ ត្រាំ ក៏​បាន​កោតសរសើរ​លោកស្រី Stevens ផងដែរ។

ទោះជាយ៉ាងណា បុគ្គលិក​របស់​លោកស្រី Stevens ជាច្រើន​នាក់​បាន​លាលែង​ពី​តំណែង​ភ្លាមៗ ហើយ​មេដឹក​នាំ​បក្ស​ប្រជាធិបតេយ្យ រួមទាំង​លោក Chuck Schumer បាន​រិះគន់​ការ​សម្រេចចិត្ត​នេះ​យ៉ាង​ធ្ងន់ធ្ងរ ខណៈ​​ម្ចាស់​ឆ្នោត​មួយចំនួន​សម្តែង​ការ​ខកចិត្ត ប៉ុន្តែ​អ្នកខ្លះ​ទៀត​ជឿ​ថា​វា​នឹង​មិន​ផ្លាស់ប្តូរ​លទ្ធផល​ឆ្នោត​នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ