រដ្ឋាភិបាល​​រង​​ការ​​រិះ​គន់​​ប្រើ​​​អំណាច​​ហួស​​ដែន​​កំណត់​​ធ្វើ​​ឱ្យ​​កម្ពុជា​​ចុះ​ខ្សោយ​​រហូត​​បរទេស​​ឈ្លាន​ពាន

ការ​​ប្រើ​​អំណាច​​ហួស​​ដែន​​កំណត់ និង​​ការ​​បំពាន​​តួនាទី​របស់​គណបក្ស​កាន់​អំណាច កំពុង​ធ្វើ​ឱ្យ​ប្រព័ន្ធ​នយោ​បាយ និង​​ឯកភាព​ជាតិ​​​កម្ពុជា​ចុះ​ខ្សោយ និង​ធ្វើ​ឱ្យ​កម្ពុជា​ងាយ​រងគ្រោះ​ពី​បរទេស។ អ្នក​ឃ្លាំមើល​ជំរុញ​​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ប្រើ​អំណាច​បំពាន និង​រួមគ្នា​ជាមួយ​ភាគី​ទាំងអស់ ​ដើម្បី​ការពារ​អធិបតេយ្យភាព​​ជាតិ​ដោយ​សន្តិវិធី និង​យុត្តិធម៌។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​វីអូឌី​នៅ​ថ្ងៃទី​២ ខែ​វិច្ឆិកា ដោយ​យល់ឃើញ​ថា ការ​​ប្រើ​អំណាច​​ហួស​ដែន​កំណត់ និង​ការ​បំពាន​តួនាទី​របស់​គណបក្ស​ប្រជាជន​កម្ពុជា ឆ្លុះបញ្ចាំង​ពី​ការ​បន្ត​កើតមាន​នៃ​ប្រព័ន្ធ​​គ្រួសារ​និយម​ក្នុង​ការ​ដឹកនាំ​ប្រទេស ដែល​អាច​បន្ត​គំរាមកំហែង​ដល់​អនាគត​ប្រជាធិបតេយ្យ សិទ្ធិ​សេរីភាព និង​​ផល​ប្រយោជន៍​​ជាតិ​ខ្មែរ​កាន់តែ​ធ្ងន់ធ្ងរ ប្រសិនបើ​គ្មាន​ការ​កែទម្រង់​ពិតប្រាកដ។

លោក​ព្រមាន​ថា បើ​នយោបាយ​បែប​នេះ​នៅតែ​បន្ត នោះ​ផលវិបាក​មិនមែន​ធ្លាក់​លើ​តែ​អ្នកនយោបាយ​ប្រឆាំង​ទេ ប៉ុន្តែ​អាច​ប៉ះពាល់​ដល់​សង្គម​ខ្មែរ​ទាំងមូល និង​អនាគត​ប្រទេសជាតិ​ផងដែរ។

លើសពីនេះ លោក ម៉ែន ណាត រិះគន់​ថា គណបក្ស​កាន់​អំណាច​បាន​ធ្វើ​ឱ្យ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ធ្លាក់ចុះ តាមរយៈ​ការ​រឹតត្បិត​សេរីភាព​នយោបាយ និង​ការ​រារាំង​គណបក្ស​ប្រឆាំង​មិន​ឱ្យ​ចូលរួម​ប្រកួតប្រជែង​​ក្នុង​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។ ដូច្នេះ បញ្ហា​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​​ដែល​កម្ពុជា​រង​​កេរ្តិ៍​ឈ្មោះ​​អាសោច និង​ពលរដ្ឋ​រងគ្រោះ​ដោយ​វិបត្តិ​បំណុល​ជាដើម បាន​កើតឡើង​ដោយសារ​ការ​ដឹកនាំ​ដោយ​គ្មាន​តម្លា​ភាព និង​មិន​សុចរិត​របស់​បក្ស​កាន់​អំណាច។

លោក ម៉ែន ណាត ថ្លែងថា៖ «អំពើផ្ដេសផ្ដាសរបស់ក្រសួងមហាផ្ទៃ និងគណបក្សកាន់អំណាចហ្នឹង វាគ្មាន​​អីបាន​ផល​ប្រយោជន៍​ដល់ជាតិទេ ដោយសារអំពើអំពើផ្ដេសផ្ដាសហ្នឹងហើយ ​ធ្វើឱ្យជាតិហ្នឹងវាលិចលង់​មកដល់​បច្ចុប្បន្ន ដោយទទួល​ការប្រមាថមិនឈប់ឈរពីប្រ​​ទេសជិត​ខាង ជាពិសេសគឺបច្ចុប្បន្នហ្នឹង សៀម​កំពុងតែពង្រីកការ​ឈ្លាន​ពាន​នានា​​ទៀត។ អាហ្នឹង​វាអត់មានប្រយោជន៍សម្រាប់ជាតិ និងពួកគណបក្សកាន់អំណាចធ្វើអត់ប្រយោជន៍សម្រាប់ជាតិ​ហ្នឹង​ហើយ ដែលធ្វើឱ្យកម្ពុជារងគ្រោះដល់បច្ចុប្បន្នហ្នឹង»។

ការ​លើកឡើង​នេះ បន្ទាប់ពី​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​២២ ខែ​តុលា ឆ្នាំ​២០២៦ បាន​ចេញ​លិខិត​បដិ​​​សេធ​​មិន​​ទទួលស្គាល់​បេក្ខភាព​​ប្រធាន​គណបក្ស​​ឆន្ទៈ​​ខ្មែរ លោក សេង ម៉ារឌី។ ការ​ច្រានចោល​នេះ ត្រូវបាន​អ្នក​​​ឃ្លាំមើល​យល់ថា ជា​ការ​ជ្រៀតជ្រែក​ផ្ទៃក្នុង​គណបក្ស​ជំទាស់ និង​ប្រព្រឹត្ត​ផ្ទុយ​នឹង​ការងារ​រដ្ឋបាល ត្រង់​យោង​​ចំណារ​​ណែនាំ​របស់​ប្រធាន​គណបក្ស​​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន ជាដើម។

វីអូឌី ​មិនអាច​សុំ​ការ​ឆ្លើយតប​នឹង​ការ​ចោទប្រកាន់​នេះ ពី​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ទូច សុខៈ បាន​​​ទេ​នៅ​ថ្ងៃទី​២ ខែ​វិច្ឆិកា។

សម្រាប់​សមាជិក​ព្រឹទ្ធសភា​ពី​គណបក្ស​ឆន្ទៈ​ខ្មែរ លោក គង់ មុនីកា ប្រាប់​វីអូឌី​នៅ​ថ្ងៃទី​២ ខែ​វិច្ឆិកា ថា ការ​ធ្វើ​ទុក្ខ​បុក​​ម្នេញ ឬ​រារាំង​សកម្មភាព​គណបក្ស​ប្រឆាំង មិនបាន​ជួយ​ដោះស្រាយ​បញ្ហា​ជាតិ​ឡើយ។ ផ្ទុយទៅវិញ រាជរដ្ឋាភិបាល​គួរ​​ផ្តោត​លើ​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន បំណុល អយុត្តិធម៌​សង្គម និង​បញ្ហា​ប្រឈម​ផ្សេងៗ​​របស់​​ប្រជាពលរដ្ឋ ជាជាង​ការ​​រឹតត្បិត​សកម្មភាព​នយោបាយ​របស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល។ លោក​បន្ត​ថា ការ​រក្សា​ឯករាជ្យភាព​របស់​ស្ថាប័ន​រដ្ឋ និង​​ការ​បែងចែក​អំណាច​ដាច់​ពី​គ្នា​រវាង​នីតិបញ្ញត្តិ នីតិប្រតិបត្តិ និង​តុលាការ គឺជា​គោលការណ៍​សំខាន់​ក្នុង​ការ​ធានា​​ភាព​ត្រឹមត្រូវ តម្លាភាព និង​ទំនុកចិត្ត​ពី​សាធារណ​​ជន។

ជាមួយគ្នានេះ លោក​សង្កត់ធ្ងន់​ថា រាជរដ្ឋាភិបាល​គួរ​ផ្តោត​លើ​ការ​ដោះស្រាយ​បញ្ហា​ជាតិ និង​ការ​លំបាក​របស់​ប្រជា​ពលរដ្ឋ ជាជាង​ការ​ធ្វើទុក្ខបុកម្នេញ​​ពួកគេ ព្រោះ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​មាន​តួនាទី​សំខាន់ ​ក្នុង​​ការ​​ឆ្លុះបញ្ចាំង​ពី​ចំណុច​​ខ្វះខាត និង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កែលម្អ​ការ​ដឹកនាំ។ ដូច្នេះ កម្ពុជា​ចាំបាច់​ត្រូវ​ពង្រឹង​​ឯកភាព​ជាតិ តាមរយៈ​ការ​​ទទួលយក​មតិយោបល់ និង​ការ​គោរព​គ្នា​ទៅវិញទៅមក រវាង​គណបក្ស​កាន់​​អំណាច និង​គណបក្ស​ប្រឆាំង ដើម្បី​រួម​គ្នា​​ដោះ​ស្រាយ​​បញ្ហា​​ប្រទេស​ជាតិ។

លោក គង់ មុនីកា ថ្លែងថា៖ «ការរួមតាំងគ្នាជាធ្លុងមួយ មិនថាគណបក្សកាន់អំណាច មិនថាគណបក្សប្រឆាំង​ទេ ត្រូវ​តែ​រួមគ្នាទទួលយកនូវមតិយោបល់គ្នាទៅវិញទៅមក គោរពគ្នាទៅវិញទៅមក។ ខ្ញុំគិតថានោះ យើង​នឹងអាចស្វែង​រកដំណោះស្រាយមួយ ដែលដំណោះស្រាយនោះមិនត្រឹមតែដោះស្រាយបញ្ហាឯករាជ្យ​​ភាពជាតិផ្ទៃក្នុងរបស់កម្ពុជា​ទេ ប៉ុន្តែក៏អាចនឹងជួយឱ្យកម្ពុជាឈានទៅដោះស្រាយបញ្ហាដែលកម្ពុជា​កំពុងជួបប្រទះ ជាមួយបណ្តាប្រទេសជិត​ខាង ហើយក៏ដូចជាបញ្ហាសេដ្ឋកិច្ចដែលកំពុងតែមានភាព មិន​ប្រសើរដូចសព្វថ្ងៃនេះបាទ»។

សម្រាប់​ក្រុម​អ្នក​រិះគន់​ ​អះអាង​ថា បច្ចុប្បន្ន​កម្ពុជា​កំពុង​ប្រឈម​មិនមែន​តែ​ការ​លំបាក​ផ្នែក​សេដ្ឋកិច្ច ឬ​ការ​ឈ្លាន​ពាន​​ពី​​ប្រទេស​ជិតខាង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គុណភាព​នៃ​ការ​ដឹកនាំ​ក៏​មាន​បញ្ហា រួមមាន​ឯករាជ្យភាព​នៃ​ស្ថាប័ន​​រដ្ឋ ការ​គោរព​​ច្បាប់ និង​ការ​ទទួលខុសត្រូវ​ចំពោះ​ប្រជាពលរដ្ឋ​ជាដើម។ ពួកគេ​មើលឃើញ​ថា ប្រសិន​បើ​បញ្ហា​ទាំងនេះ​មិន​ត្រូវ​បាន​កែទម្រង់​ទេ កម្ពុជា​អាច​នឹង​រង​ផលប៉ះពាល់​កាន់តែ​ខ្លាំង​ដល់​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ព្រម​ទាំង​​ស្ថិរភាព​សង្គម​ទៅ​អនាគត​ទៀតផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ