អន្តរជាតិ​​​រក​ឃើញ​​លុយ​​គ្រីប​តូ​​ជាង ១​ពាន់​​លាន​​ដុល្លារ​​រត់​​ចូល​​កាស៊ីណូ​​ក្រុង​​ព្រះ​សីហនុ

ក្នុង​​រយៈ​ពេល ៩​ខែ គិត​​ចាប់​ពី​​ថ្ងៃ​ទី​១ ខែ​​មករា រហូត​ដល់​​ថ្ងៃ​​ទី​៧ ខែ​​កញ្ញា ឆ្នាំ​​​២០២៦ កាស៊ីណូ​ចំនួន ៣៤ កន្លែង​ នៅ​ក្រុង​ព្រះសីហនុ ទទួល​បាន​ការ​ផ្ទេរ​ប្រាក់​​រូបិយប័ណ្ណ​​ឌីជីថល ឬ​គ្រីប​តូ​​សរុប​​ប្រមាណ ១.០៧ ពាន់​​លាន​​ដុល្លារ​​អាមេរិក។

នេះ​បើយោង​តាម​ទិន្នន័យ​ស្រាវជ្រាវ ពី​ក្រុមហ៊ុន​វិភាគ​ទិន្នន័យ ប្លុកឆេន (blockchain) ឈ្មោះ TRM Labs និង​​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​កាសែត ខញ អេឌីសិន (Coin Edition) ដែល​ជំនាញ​លើ​វិស័យ​រូបិយប័ណ្ណ​ឌីជីថល ប្លុកឆេន និង​គ្រីបតូ។

TRM Labs បញ្ជាក់​ថា ការ​ផ្ទេរ​ប្រាក់​ស្ទើរតែ​ទាំងអស់ (៩៩.៩%) គឺ​ប្រើប្រាស់ USDT នៅ​លើ​បណ្តាញ ត្រន់ (TRON) ដោយ​សារតែ​វា​មាន​តម្លៃ​សេវា​ទាប ទទួលបាន​សាច់ប្រាក់​ងាយស្រួល និង​ត្រូវបាន​ប្រកប​អាជីវកម្ម​​យ៉ាង​ទូលំទូលាយ​នៅក្នុង​តំបន់។

TRM Labs បាន​អះអាង​ថា ការ​ហូរ​ចូល​នៃ​ទឹកប្រាក់​ទាំងនេះ​នៅតែ​បន្ត​កើតមាន ទោះបីជា​ប្រតិបត្តិករ​កាស៊ីណូ​បាន​​រាយ​ការណ៍​​ថា ទីតាំង​លេងល្បែង​មាន​សភាព​ស្ងប់ស្ងាត់​ជាង​មុន ហើយ​អាជីវកម្ម​នៅ​ជុំវិញ​នោះ​បាន​បិទទ្វារ ឬ​កាត់​បន្ថយ​ប្រតិបត្តិការ​ក៏ដោយ។

ក្នុង​ចំណោម​ទឹកប្រាក់​សរុប​ជាង ១​ពាន់​លាន​ដុល្លារ​នោះ មាន​ទឹកប្រាក់​ប្រមាណ ៦៨៧ លាន​ដុល្លារ ឬ​ស្មើនឹង ៦៤% នៃ​លំហូរ​សរុប ត្រូវបាន​ផ្ទេរ​ទៅកាន់​កាស៊ីណូ​ពាក់ព័ន្ធ​នឹង​បណ្តាញ​ដែល​ទទួលរង​ទណ្ឌកម្ម​ពី​អាជ្ញាធរ​​អាមេរិក។

ក្រុមហ៊ុន​កាស៊ីណូ​ទាំងនោះ រួមមាន ហ៊ន់ ហៃ បូ ឡៃ អ៊ីនធឺណេសិនណល អ៊ីនវេសម៉ិន (Huan Hai Bo Lai International Investment Co Ltd) និង ក្រុមហ៊ុន ស៊ីហ៊ូ រីស៊ត អូតែល (Xihu Resort Hotel Co Ltd) ដែល​ត្រូវបាន​ការិយា​ល័យ​​ត្រួតពិនិត្យ​ទ្រព្យសម្បត្តិ​បរទេស (OFAC) នៃ​ក្រសួង​រតនាគារ​សហរដ្ឋអាមេរិក បាន​ដាក់​ទណ្ឌកម្ម កាលពី​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០២៦ ព្រមគ្នា​ជាមួយ​សមាជិក​ព្រឹទ្ធសភា​កម្ពុជា លោក កុក អាន ព្រមទាំង​បុគ្គល និង​អង្គភាព​​ពាក់ព័ន្ធ​ចំនួន ២៨ ផ្សេងទៀត។

ទោះបីជា​មាន​ការ​ដាក់​ទណ្ឌកម្ម​ក៏ដោយ ប្រាក់​រូបិយប័ណ្ណ​គ្រីបតូ​នៅតែ​បន្ត​ហូរ​ចូល​ទៅក្នុង​កាបូប​ឌីជីថល (wallets) ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បណ្តាញ​កាស៊ីណូ​ទាំងនេះ។ TRM Labs រកឃើញ​ថា ចន្លោះ​ថ្ងៃទី​២៣ ខែ​​មេសា ដល់​ថ្ងៃទី​៧ ខែ​កញ្ញា ទឹកប្រាក់​ចំនួន ១៨៤ លាន​ដុល្លារ បាន​ហូរ​ចូល​ទៅក្នុង​អង្គភាព​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​កាស៊ីណូ ស៊ីហ៊ូ (Xihu) និង​​ទឹកប្រាក់​ចំនួន ១២៩ លាន​ដុល្លារ​ទៀត បាន​ហូរ​ចូល​ទៅក្នុង​អង្គភាព​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន ហ៊ន់ ហៃ បូ ឡៃ (Huan Hai Bo Lai)។

សម្រាប់​ក្រុមហ៊ុន ហ៊ន់ ហៃ បូ ឡៃ ទឹកប្រាក់​ដែល​ហូរ​ចូល​បាន​កើន​ជិត ៣​ដង ដោយ​គិត​ត្រឹម​ថ្ងៃទី ៧ ខែ​កញ្ញា មាន​ចំនួន ២៦៤ លាន​ដុល្លារ ធៀប​នឹង​ចំនួន ៩០ លាន​ដុល្លារ​ ក្នុង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​២០២៥។ យ៉ាង​​ណាក៏ដោយ ក្រុមហ៊ុន TRM បាន​កត់សម្គាល់​ថា ដោយសារ​កាស៊ីណូ​ទាំងនេះ​មាន​មូលដ្ឋាន​អតិថិជន​​ខុសៗ​គ្នា ទើប​ការ​​ប្រៀប​ធៀប​​ជាមួយ​​កាស៊ីណូ​​ដែល​មាន​ទំហំ​តូចជាង មិនអាច​ធ្វើឡើង​បាន​យ៉ាង​ត្រឹមត្រូវ​​នោះ​​ទេ ខណៈ​មាន​ការ​ផ្លាស់ប្តូរ​កាបូប​ឌីជីថល (Wallets) ជាញឹកញាប់​ផងដែរ។

វីអូឌី ​មិនអាច​ទាក់ទង​លោក ឆៃ ស៊ីណារិទ្ធិ ប្រធាន​គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​​បច្ចេក​​វិទ្យា ដើម្បី​សុំ​ការ​បកស្រាយ​លើ​ការ​រកឃើញ​នេះ​បាន​ទេ នៅ​ថ្ងៃទី​២ ខែ​វិច្ឆិកា។

បើ​តាម​ទិន្នន័យ​បញ្ចេញ​ដោយ​គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅ​​ថ្ងៃទី​៨ ខែ​កញ្ញា បាន​ឱ្យ​ដឹង​ថា អាជ្ញាធរ​បាន​ដកហូត​អាជ្ញាប័ណ្ណ​កាស៊ីណូ​ចំនួន ១៨ និង​ផ្អាក​ដំណើរការ​ចំនួន ៩។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី លើកឡើង​ថា ការ​​បន្ត​លេច​ឡើង​នៃ​លំហូរ​ប្រាក់​រាប់រយ​លាន​ដុល្លារ ចូល​ទៅក្នុង​បណ្តាញ​ឧក្រិដ្ឋកម្ម​ដែល​រង​ទណ្ឌកម្ម​អន្តរជាតិ គឺជា​សំណួរ​ចំៗ​លើ​​ឆន្ទៈ និង​សមត្ថភាព​របស់​អាជ្ញាធរ​ជាតិ។ លោក​បន្ត​ថា ប្រសិនបើ​រដ្ឋាភិបាល​នៅតែ​បន្ត​​ប្រើប្រាស់​យុទ្ធសាស្ត្រ​បង្ក្រាប​​ឱ្យ​តែ​បាន ដើម្បី​លុបលាង​រូបភាព នោះ​កម្ពុជា​នឹង​មិន​ត្រឹមតែ​បាត់បង់​ម្ចាស់​​ការ​លើ​ការ​លុបបំបាត់​បទល្មើស​​ឆ្លងដែន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​កំពុង​រុញច្រាន​ប្រព័ន្ធ​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​​ជាតិ​​ឱ្យ​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ទំនុក​ចិត្ត​​យ៉ាង​ធ្ងន់ធ្ងរ​ដែល​ពិបាក​នឹង​ស្តារ​ឡើងវិញ។

លោក​បន្ថែម​ថា ដំណោះស្រាយ​តែមួយគត់​សម្រាប់​ស្តារ​កិត្តិយស​ជាតិ និង​សេដ្ឋកិច្ច គឺ​រដ្ឋាភិបាល​ត្រូវ​ឈប់​ធ្វើ​សកម្ម​ភាព​​បែប​​យក​មុខ ហើយ​ត្រូវ​ផ្លាស់ប្តូរ​មក​ប្រើ​យុទ្ធសាស្ត្រ​តាមដាន​ប្រាក់ ព្រមទាំង​ផ្តន្ទាទោស​អ្នកមាន​អំណាច​ជា​ស្នូល។ អាជ្ញាធរ​ត្រូវ​ក្លាហាន​ស្នើសុំ​ទិន្នន័យ​បច្ចេកទេស​ស៊ីជម្រៅ​ពី TRM Labs និង​ស្ថាប័ន​អន្តរជាតិ ដើម្បី​បង្កក និង​រឹប​អូស​​ទ្រព្យសម្បត្តិ​ដែល​បាន​មកពី​បទល្មើស​តាម​នីតិវិធី​ច្បាប់​ដោយ​គ្មាន​ការ​យោគ​យល់។

តាម TRM Labs ដដែល ក្រៅពី​កាស៊ីណូ នៅមាន សណ្ឋាគារ ភោជនីយដ្ឋាន ហាង​ទូរស័ព្ទ ហាង​បញ្ចាំ និង​បញ្ជរ​ប្តូរ​ប្រាក់ ក៏បាន​បន្ត​ផ្តល់ជូន​ការ​បម្លែង​រូបិយប័ណ្ណ​គ្រីបតូ​ផងដែរ ដោយ​ខ្លះ​បម្លែង​ទៅជា​បន្ទះ​ឈីប និង​ខ្លះ​ទៅជា​ប្រាក់​ដុល្លារ។ ទីតាំង​ខ្លះ​បាន​ផ្សព្វផ្សាយ “USDT Exchange” ដោយ​បើកចំហ និង​បណ្តាញ​តៗ​គ្នា​ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ