ក្រុមអ្នកបម្រើសេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរនៅខេត្តសៀមរាប ស្នើដល់រដ្ឋាភិបាល ជាពិសេសអាជ្ញាធរខេត្តសៀមរាប ជួយអន្តរាគមន៍លុបចោលថ្លៃសេវាប្រើប្រាស់ផ្លូវហាយវេ និងកំណត់តម្លៃចំណត និងសេវាពាក់ព័ន្ធតាមស្តង់ដាតែមួយ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ក្រោយអាកាសយានដ្ឋានចាប់ផ្តើមអនុវត្តតម្លៃសេវាពេញ ដែលកើនទ្វេដង និងស្របពេលវិបត្តិប្រេងសាំងឡើងថ្លៃ សេដ្ឋកិច្ចគ្រួសារនិងភ្ញៀវទេសចរធ្លាក់ចុះ។
កាលពីថ្ងៃទី២៦ និងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ក្រុមអ្នកបម្រើសេវាកម្មដឹកភ្ញៀវទេសចរនៅក្នុងតំបន់ទេសចរណ៍ខេត្តសៀមរាបជិត ៥០នាក់ តំណាងឱ្យជិត ៥០០នាក់ (៤៦៧នាក់) ដូចជា អ្នកប្រកបមុខរបររត់តាក់ស៊ី និងម៉ូតូកង់បីដឹកភ្ញៀវទៅ/មកពីទីរួមខេត្តសៀមរាប ទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរជិត បាននាំគ្នាប្រមូលផ្តុំតវ៉ានៅមុខសាលាខេត្ត ដោយស្នើឱ្យអាជ្ញាធរជួយអន្តរាគមន៍លុបចោលតម្លៃសេវាប្រើប្រាស់ផ្លូវហាយវេអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គ្រប់យានជំនិះដឹកអ្នកដំណើរ រថយន្តដឹកភ្ញៀវទេសចរ និងម៉ូតូកង់បីដឹកភ្ញៀវទេសចរគ្រប់ប្រភេទ ព្រមទាំងស្នើសុំឱ្យការអនុវត្តតម្លៃចំណតព្រលានស្តង់ដាតែមួយ ដូចអាកាសយានដ្ឋានអន្តរជាតិតេជោភ្នំពេញ។ នេះបើតាមលិខិតស្នើសុំអន្តរាគមន៍របស់ពួកគេទៅកាន់អភិបាលខេត្តសៀមរាប។
លិខិតនោះ បានលើកឡើងថា តារាងតម្លៃសេវាប្រើប្រាស់ផ្លូវហាយវេចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បច្ចុប្បន្ននេះ មានតម្លៃខ្ពស់ពេក ហើយកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅ និងមុខរបររបស់អ្នករត់តាក់ស៊ី និងអ្នកបើកបរកង់បី ហើយបើពួកគេតម្លើងថ្លៃដឹកជញ្ជូនតាមក្រុមហ៊ុនគ្រប់គ្រងផ្លូវហាយវេ នោះនឹងប៉ះពាល់ដល់ភ្ញៀវទេសចរផងដែរ។
ចំណែកឯតម្លៃសេវាប្រើប្រាស់ផ្លូវហាយវេ (Highway) ដែលក្រុមហ៊ុន AIAI អនុវត្តពេញ១០០ភាគរយចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦តទៅ គឺ ម៉ូតូកង់បី ឬ PassApp និងរថយន្តតូច មានតម្លៃសេវា ៤ ដុល្លារ (កើនពី ២ ដុល្លារ), រថយន្ត ៨ ដល់ ១៩ កៅអី មានតម្លៃសេវា ៨ ដុល្លារ (កើនពី ៤ ដុល្លារ), រថយន្ត ២០ ដល់ ៥៦ កៅអី មានតម្លៃសេវា ១៦ ដុល្លារ (កើនពី ៦ ដុល្លារ) និងរថយន្តដឹកទំនិញចាប់ពី ១០ ដល់ ២០ តោន មានតម្លៃសេវា ១៦ ដុល្លារ (កើនពី ៨ ដុល្លារ)។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីលោកប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងលោក លី វណ្ណៈ អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប បានទេ នៅថ្ងៃទី០២ ខែវិច្ឆិកានេះ។
យ៉ាងណា អភិបាលខេត្តសៀមរាប លោក ប្រាក់ សោភ័ណ កាលពីថ្ងៃទី៣០ខែតុលា បានផ្ញើលិខិតមួយជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្នើសុំអន្តរាគមន៍សំណើររបស់អ្នកបម្រើសេវាកម្មដឹកជញ្ជូនភ្ញៀវនេះ និងស្នើអនុវត្តតម្លៃដែលធ្លាប់បានដាក់នាពេលកន្លងមក ទាំងតម្លៃសេវាប្រើប្រាស់ផ្លូវចេញចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងតម្លៃចំណតយានយន្ត។
ក្នុងលិខិតនោះ អភិបាលរូបនេះ ក៏បានដាក់បញ្ចូលពីក្តីកង្វល់ និងបញ្ហាប្រឈមរបស់អ្នកបម្រើសេវាដឹកជញ្ជូនភ្ញៀវផងដែរ ដូចជា ចំនួនភ្ញៀវថយចុះជាបន្តបន្ទាប់ តាំងពីមានវិបត្តិកូវីដ-១៩ និងភាពមិនប្រាកដប្រជាថ្មីនៃសកលលោក, ផ្លូវដឹកជញ្ជូនឆ្ងាយជាងមុនដែលមានបន្ទុកចំណាយច្រើន និងបញ្ហាប្រេងឥន្ទនៈប្រែប្រួលនិងឡើងថ្លៃ រួមនឹងតម្លៃទំនិញកើនឡើង ប៉ុន្តែប្រាក់ចំណូលតិចដែលប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃជាដើម។
លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) បានកត់សម្គាល់ថា ភ្ញៀវទេសចរនៅខេត្តសៀមរាប មានការធ្លាក់ចុះច្រើន និងស្របពេលមានបញ្ហាវិបត្តិប្រេងឥន្ធនៈសកលមានការកើនឡើងនោះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការរកចំណូលប្រចាំថ្ងៃរបស់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសអ្នកប្រកបរបរដឹកជញ្ជូនភ្ញៀវទេសចរ។
លោកបន្តថា ការបង់ថ្លៃដើមនូវការប្រើប្រាស់សេវាប្រើប្រាស់ផ្លូវហាយវេ និងកំណត់តម្លៃចំណតនេះទៀតសោត កាន់តែជាការដាក់ទម្ងន់លើការចំណាយថ្លៃដើមរបស់ពួកគាត់ ដែលកំពុងធ្លាប់ដុនដាបបន្ថែមទៀត ខណៈអ្នកប្រកបមុខរបរក្រៅប្រព័ន្ធមួយចំនួន ក៏មានជាប់បំណុលធនាគារផងដែរ។
លោកថា៖ «ខ្ញុំគិតថា អាហ្នឹងវាជា ជាការចាំបាច់សម្រាប់កំណត់នូវគោលនយោបាយ រៀបចំអំពីការពិនិត្យឡើងវិញការវាយតម្លៃទៅលើសេវាការប្រើប្រាស់ ដើម្បីជួយកាត់បន្ថយបន្ទុកសម្រាប់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ»។
កាលពីខែមករា ឆ្នាំ២០២៤ ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានយល់ព្រមបញ្ចុះតម្លៃសេវាប្រើប្រាស់ផ្លូវចេញចូលអាកាសយានដ្ឋាន រយៈពេល២ឆ្នាំ ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៥។ កិច្ចព្រមព្រៀងនោះក៏បានកំណត់មិនយកថ្លៃចំណត សម្រាប់រថយន្តតូចដែលចូលក្នុងអាកាសយានដ្ឋានក្រោម ១៥នាទី និងរថយន្តប្រភេទផ្សេងទៀតក្រោម ៣០នាទីផងដែរ៕









