ជន​រងគ្រោះ​​​ថា អ្នក​​ចាញ់​បោក​​អ្នក​ស្រី ឡេង ចាន់ណា ស្លាប់ ៤៦​នាក់ ដោយ​សារ​​វិបត្តិ​​បំណុល

ការ​​អូស​បន្លាយ​​រក​​ដំណោះ​ស្រាយ​​សំណុំ​រឿង​​អតីត​​ឧកញ៉ា ឡេង ចាន់ណា ឆបោក ជាង ៣​ឆ្នាំ​​មក​​នេះ ជំរុញ​​​​ឱ្យ​​ជន​រង​គ្រោះ​​ផ្ទុះ​​ការ​​តវ៉ា​​ជា​​ថ្មី​​ទៀត នៅ​​មុខ​​តុលាការ​​ខេត្ត​​សៀម​រាប នៅ​​ថ្ងៃ​​ចន្ទ​​នេះ ដោយ​​អះ​អាង​​ថា បញ្ហា​​នេះ ជនរងគ្រោះ​រាប់ពាន់​នាក់ កំពុង​ប្រឈម​នឹង​វិបត្តិ​បំណុល​ធ្ងន់ធ្ងរ ធ្វើ​ឱ្យ​អ្នក​ស្លាប់​កើនឡើង​ដល់ ៤៦​នាក់។

ពលរដ្ឋ​ទាំងនោះ​មកពី​ខេត្ត​បាត់ដំបង កំពង់ចាម ភ្នំពេញ និង​ខេត្ត​សៀមរាប បាន​កាន់​មេក្រូ​ស្រែក​តវ៉ា​នៅ​ខាងមុខ​សាលាដំបូង​ខេត្ត​សៀមរាប បង្ហាញ​ពី​ភាព​អយុត្តិធម៌ ក្រោយពី​តុលាការ​មិន​ផ្តល់​ដំណោះស្រាយ​ដល់​​ជន​រងគ្រោះ ដែល​ចាញ់បោក​ក្រុមហ៊ុន ប៊្រីលាន ស៊ីធីវើលដ៍ ឯ.ក របស់​អ្នកស្រី ឡេង ចាន់ណា។

ពលរដ្ឋ​ទាំងនោះ បង្ហាញ​ការ​ឈឺចាប់​នៅ​ចំពោះមុខ​តុលាការ ព្រោះ​ឆ្អែតចិត្ត​នឹង​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា ដែល​លាក់​បាំង មិន​បង្ហាញ​ពី​ទិន្នន័យ​រឹបអូស​ទ្រព្យសម្បត្តិ​ពី​ក្រុមហ៊ុន​ប្រាប់​ពួកគាត់។ ពលរដ្ឋ​ថា ពួកគាត់​អស់​លទ្ធភាព​​​ប្រាក់​សង​​ធនាគារ ដែល​ជនរងគ្រោះ បាន​ខ្ចី​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​នេះ​រាប់​ម៉ឺន​ដុល្លារ។

សំឡេង​តវ៉ា៖ «ពួកខ្ញុំជាជនរងគ្រោះ ឈឺចាប់ណាស់! ពួក​ខ្ញុំ​អត់​ដល់​ក ពួក​ខ្ញុំ​អត់​ឈឺ​ចាប់ រឿង​ធនាគារ​មិន​ដល់​ផ្ទះទេ​ ពួក​​ខ្ញុំ​អត់​មក​តុលាការ​ទេ។ ហេតុ​អី​ពួក​អស់​លោក​ធ្វើ​ការ​យូរ​យ៉ាង​នេះ? ៤ ឆ្នាំ​ ឥលូវ​ហើយ​ ហេតុ​អី​គ្មាន​ដំណោះ​ស្រាយ? បើ​អស់​លោក​គ្មាន​សមត្ថ​ភាព​ទេ អស់​លោក​ចុះចេ​ញ​ពី​តំណែង​ទាំង​អស់​ទៅ!»។

ពល​រដ្ឋ​​រស់​នៅ​ខេត្ត​បាត់ដំបង អ្នកស្រី ហាប ហៀប ឱ្យ​ដឹង​ថា គ្រួសារ​អ្នកស្រី​ចាញ់បោក​ក្រុមហ៊ុន​របស់​អ្នកស្រី ឡេង ចាន់ណា ជាង ១២​ម៉ឺន​​ដុល្លារ (១២៣.៥០០ដុល្លារ​) ហើយ​ប្រាក់​ទាំងនោះ អ្នកស្រី​បាន​ខ្ចី​លុយ​ពី​ធនាគារ។ អ្នកស្រី​ថា អ្នកស្រី​មាន​ទំនុកចិត្ត​លើ​ក្រុមហ៊ុន ដោយ​សារតែ​អ្នកស្រី ឡេង ចាន់ណា មាន​សមាគម​​មួយ​​ដែល​ទទួលស្គាល់​ដោយ​​ក្រសួង​មហាផ្ទៃ គឺ​សមាគម​ពលករ​លើកកម្ពស់​ពលរដ្ឋ និង​អតីត​ពលករ​​ដើម្បី​​សប្បុរស​ធម៌ (APWVC)។ អ្នកស្រី​បន្ថែម​ថា មក​ទល់​​ពេល​​នេះ​​ជិត ៤​ឆ្នាំ​ហើយ សំណុំរឿង​នេះ​នៅ​ជាប់គាំង ធ្វើ​ឱ្យ​ពលរដ្ឋ​បាត់បង់​ក្តី​សង្ឃឹម​លើ​ប្រព័ន្ធ​យុត្តិធម៌ និង​មេធាវី​​រ​បស់​រាជរដ្ឋាភិបាល។

អ្នកស្រី ហាប ហៀប និយាយថា៖ «សុទ្ធតែលុយធនាគារទាំងស់ អត់មានលុយខ្លួនឯងទេ លុយ​ធនាគារ​ទាំង​អស់។ ចំពោះ​ខ្ញុំ​អត់​មាន​ប្រាក់​ខែ​ទេ តែ​ខាង​ក្រុម​ហ៊ុន​គេ​ធ្វើ​​លិខិត​បញ្ជាក់​ប្រាក់​ខែ​ឱ្យ​ពួក​ខ្ញុំ​ទៅ​យក​លុយ​ពី​ធនាគារ។ គេ​ជួយ​យើង​ទៀត គេ​ជ្រោម​ជ្រែង​យើង»។

ក្រុម​ពលរដ្ឋ​បាន​ស្រែក​តវ៉ា និង​ទាមទារ​ឱ្យ​តុលាការ​ចុះចេញ​ពី​តំណែង ដោយសារតែ​គ្មាន​សមត្ថភាព​ដោះស្រាយ​​សំណុំរឿង​នេះ។ អ្នកស្រី​ថា ពលរដ្ឋ​រងគ្រោះ​បាន​ស្លាប់​សរុប ៤៦​នាក់ ខ្លះ​សម្លាប់ខ្លួន និង​ខ្លះទៀត​មាន​សម្ពាធ​ផ្លូវចិត្ត។

អ្នក​តវ៉ា និយាយថា៖ «អ្នកស្លាប់ ៤៦ នាក់ហើយ! អ្នកស្លាប់ ៤៦ នាក់ ដោយ​សារ​រឿង​ក្តី​ហ្នឹង។ អស់​លោក​ពូកែ​ណាស់ ពូកែ​​ខាង​​ធ្វើ​គរថ្ល​ង់ ធ្វើ​អត់​ដឹង​ធ្វើ​អត់​ឮ។ ដល់​ខែ​អស់​លោក​ម្ចាស់​បើក​ប្រាក់​ខែ​ទេ? ពួក​ខ្ញុំ​ជា​ជន​រង​គ្រោះ មួយ​ថ្ងៃៗ ដល់​ខែ​បង់​ពន្ធ​ចូល​រដ្ឋ។ ម៉េច​ចង់​ឱ្យ​ពួក​ខ្ញុំ​ស្លាប់​អស់​ពី​ផែន​ដី​មែន បាន​ដោះ​ស្រាយ​បាន»។

វីអូឌី ​មិនទាន់​អាច​ទាក់ទង សុំ​ការ​បកស្រាយ​ឬ​បំភ្លឺ​រឿង​នេះ ពី​អ្នកនាំពាក្យ​សាលាដំបូង និង​អយ្យការ​ខេត្ត​សៀម​រាប លោក យិន ស្រាង បាន​នៅឡើយ​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

តែ​យ៉ាងណា ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុម​មេធាវី​រាជរដ្ឋាភិបាល លោក គី តិច ថ្មីៗ​នេះ​បាន​ចូល​ការពារ​សិទ្ធិ​​ជូន​កូនក្តី​ដែល​ជា​ពលរដ្ឋ​រងគ្រោះ ក្នុង​នីតិវិធី​របស់​ចៅក្រម​ស៊ើបសួរ របស់​សាលាដំបូង​ខេត្ត​សៀមរាប ពាក់​ព័ន្ធ​នឹង​ក្រុមហ៊ុន ព្រីលាន ស៊ីធីវើលដ៍ ឯ.ក របស់​អតីត​ឧកញ៉ា ឡេង ចាន់ណា និង​បក្ខពួក។

កន្លងទៅ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ (ACU) ឱ្យ​ដឹង​ថា ឧកញ៉ា ឡេង ចាន់ណា និង​បក្ខពួក បាន​ប្រមូល​​លុយ​ពី​ពលរដ្ឋ​​ជាង ៩៣​លាន​ដុល្លារ​អាមេរិក។

ជុំវិញ​​រឿង​នេះ អ្នកគ្រប់គ្រង​ការិយាល័យ អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) ប្រចាំ​ទិសពាយ័ព្យ លោក អ៊ិន គង់ជិត យល់ថា តុលាការ និង​មេធាវី​របស់​រដ្ឋាភិបាល​គួរតែ​ពន្លឿន​ដោះស្រាយ​ករណី​នេះ ដើម្បី​​ឱ្យ​ពលរដ្ឋ​មាន​ទំនុកចិត្ត​លើ​សមត្ថភាព​របស់​តុលាការ។

លោក អ៊ិន គង់ជិត និយាយថា៖ «ក្នុងនាមសង្គមស៊ីវិល យើងស្នើសុំឱ្យតុលាការខេត្តសៀមរាបពន្លឿននីតិវិធី និង​ធ្វើ​សេចក្តីសម្រេចឱ្យបានឆាប់ ដើម្បីដោះស្រាយឱ្យជនបង្កប្រគល់ប្រាក់មកឱ្យ​ជនរ​ង​គ្រោះ​ជា​ប្រជា​ពលរដ្ឋ​​ស្លូត​ត្រង់​វិញ​ បានកាន់តែឆាប់រឹត​តែល្អ ដើម្បីបញ្ចប់ទុក្ខ​កង្វល់ ហើយបង្ហាញ​នូវសមត្ថភាពរបស់តុលាការ​​​ដែលជាក្តីសង្ឃឹម​របស់​ប្រជាពលរដ្ឋ»។

កាលពី​ថ្ងៃទី​១៣ ខែ​ឧសភា ឆ្នាំ​២០២៤ លោក ហ៊ុន ម៉ាណែត តែងតាំង​មេធាវី​រដ្ឋាភិបាល ដែល​មាន​លោក គី តិច និង​ជា​តំណាង​ការពារ​សិទ្ធិ​ជូន​ពលរដ្ឋ​រងគ្រោះ​ពី​ក្រុមហ៊ុន​របស់​អ្នកស្រី ឡេង ចាន់ណា រហូត​ដល់​ត្រូវ​​បញ្ចប់​សំណុំរឿង។

តែ​យ៉ាងណា ពលរដ្ឋ​ថា មេធាវី​រដ្ឋាភិបាល​លោក គី តិច តែងតែ​បង្វែរ​សាច់រឿង​ឆ្លើយដោះសារ​ថា រឿងក្តី​ការ​ឆបោក​របស់​ក្រុមហ៊ុន ព្រីលាន ស៊ីធី ជា​សំណុំរឿង​ធំ និង​មាន​ជនរងគ្រោះ​ច្រើន​ពេក ដែល​តុលាការ និង​មេធាវី មិនដែល​ជួប​ប្រទះ។ សំណុំរឿង​នេះ មាន​ពលរដ្ឋ​រងគ្រោះ​ចន្លោះ ៦ ០០០ ទៅ ៧ ០០០​នាក់ ស្ទើរតែ​គ្រប់​ខេត្ត​ក្រុង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ