ពលរដ្ឋ​​ម្នាក់​​​នៅខេត្ត​​​ត្បូង​ឃ្មុំ​​ត្រូវ​​អាជ្ញាធរ​​ហៅ​​ព្រមាន​​រឿង​​ផ្សាយ​​ពី​​​ដី​​ខ្មែរ​​ត្រូវ​​វៀត​ណាម​​ឈ្លាន​ពាន

ស្រប​ពេល​​កម្ពុជា​​កំពុង​​ត្រូវ​​ប្រទេស​​ថៃ​​ឈ្លាន​ពាន​​យក​​ទឹក​ដី​​ជាង ៨០ ទីតាំង​​ ដោយ​​ខុស​ច្បាប់ តាម​​បណ្តោយ​​​ព្រំដែន​​ខាង​លិច នៅ​​ឯ​​ព្រំដែន​​ខា​ងកើ​ត​​ឯណេះ​​​វិញ ក៏​ប្រឈម​នឹង​ត្រូវ​វៀតណាម​រំកិល​បង្គោល​ព្រំដែន​ចូល​ដី​ខ្មែរ​បន្តិច​ម្តងៗ​ដែរ។

យ៉ាងណា អាជ្ញាធរ​រដ្ឋាភិបាល​មិន​បង្ហាញ​តម្លាភាព ដោយ​បញ្ចេញ​ព័ត៌មាន និង​​ភស្តុតាង​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​​ឱ្យ​បាន​ច្បាស់លាស់​នោះ​ទេ ហើយ​បន្ត​គំរាមកំហែង​ពលរដ្ឋ​នៅ​មូលដ្ឋាន ឱ្យ​លុប​វីដេអូ​ដែល​ពួកគេ​គ្រាន់​តែ​បង្ហាញ​ក្តី​បារម្ភ​របស់​ខ្លួន។ លើស​ពី​នេះ ពលរដ្ឋ​មួយ​ចំនួន និង​សកម្មជន​បក្ស​នយោបាយ​ផង រង​ការ​​ផ្តន្ទា​ទោស​​ដាក់​ពន្ធនា​គារ​​ថែម​ទៀត ដោយសារតែ​ពួកគេ​ហ៊ាន​រិះគន់​រឿង​ព្រំដែន​រវាង​ខ្មែរ និង​ថៃ។

ពលរដ្ឋ​មួយ​រូប​រស់នៅ​ភូមិ​ទួលចំការ ឃុំ​កណ្តោលជ្រុំ ស្រុក​ពញ្ញាក្រែក ខេត្ត​ត្បូងឃ្មុំ លោក ជឹម សុងន់ ដែល​​បច្ចុប្បន្ន​​ជា​គ្រូ​ព្យាបាល​ឆ្អឹង​សរសៃ​បែប​បុរាណ​ខ្មែរ ប្រាប់​វីអូឌី​នៅ​ថ្ងៃទី​០៣ ខែ​វិច្ឆិកា​ថា កាលពី​ម្សិលមិញ លោក​​ត្រូវ​មន្ត្រី​សមត្ថ​កិច្ច​​មូល​ដ្ឋាន​​ហៅ​ទៅ​ធ្វើ​កិច្ចសន្យា​ឱ្យ​ឈប់​ផ្សព្វផ្សាយ និង​លុប​វីដេអូ​​ស្តីពី​តំបន់​វត្ត​គិរីមាន​ជ័យ ហៅ​វត្ត​បឹងជ្រោង ឃុំ​ជាំ នៃ​ស្រុក​មេមត់។

លោក​អះអាង​ថា សមត្ថកិច្ច​បាន​ចោទ​លោក​ទាក់ទង​នឹង​ការ​បំពុល​សង្គម និង​ញុះញង់​ជាដើម បន្ទាប់ពី​លោក​​ផុស​វីដេអូ​​លើ​​ហ្វេសប៊ុក​របស់​​លោក​ ​ដែល​ដាក់​ឈ្មោះ គ្រូក្មេង និង​មាន​អ្នក​ចូល​មើល និង​បញ្ចេញ​មតិ​ច្រើន។

យ៉ាងណា លោក​បញ្ជាក់​ថា ការ​ផុស​វីដេអូ​របស់​លោក​ស្តីពី​បញ្ហា​ព្រំដែន​មិនមែន​ជា​រឿង​ថ្មី​ទេ ពីព្រោះ​លោក​តែង​​ឆ្លៀត​ពេល​ទំនេរ​​ពី​ការងារ​ដើរ​កម្សាន្ត និង​ថតរូប​តាម​បណ្តោយ​ព្រំដែន ទាំង​ខាងលិច​ជាប់​ថៃ និង​ខាងកើត​​ជាប់​វៀត​ណាម​​ជា​ដើម។ លោក​អះអាង​ថា ខ្លួន​ជា​ពលរដ្ឋ​សាមញ្ញ​ដែល​តែង​បារម្ភ​ពី​បញ្ហា​បូរណភាព​ទឹក​ដី និង​​កោតសរសើរ​ពី​វីរភាព​នៃ​ដំណើរ​ចុះ​ព្រំដែន​របស់លោក​​​បណ្ឌិត កែម ឡី កាល​នៅ​មាន​ជីវិត តាមរយៈ​កម្ម​វិធី ១០០ រាត្រី។ ពលរដ្ឋ​រូបនេះ ​​អះ​អាង​​ថា រាល់​ការ​ថត​បង្ហោះ​វីដេអូ គឺ​លោក​តែង​សួរ​ពលរដ្ឋ​នៅ​មូលដ្ឋាន មុន​​និយាយ​រៀបរាប់​ក្នុង​វីដេអូ។

លោក ជឹម ឆៃងន់ និយាយថា៖​ «ខ្ញុំធ្វើតាមការសម្រេចរបស់គេ (សមត្ថកិច្ច) ខ្ញុំគ្មានអ្វីតទល់នឹងគេទេ ព្រោះ​ខ្ញុំមិន​មែ​ន​​អ្នក​នយោបា​យ មិន​មែន​អ្នក​ប្រឆាំង។ និយាយចំទៅខ្ញុំបក្សកែមឡី តែមួយគត់»។

បើ​តាម​វីដេអូ​ដែល​លោក​លុប ហើយ​ត្រូវ​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក អ៊ុំ សំអាន បង្ហោះ​​ឡើង​វិញ កាលពី​ថ្ងៃទី​០១ ខែ​វិច្ឆិកា បង្ហាញ​ថា ពលរដ្ឋ​រូបនេះ​​ជិះ​រថយន្ត​ថត​ទិដ្ឋភាព​បង្គោល​ព្រំដែន​ចាប់ពី​បង្គោល​លេខ ៧៨ ដល់ ៩៥។ ក្នុង​វីដេអូ​ លោក​រៀបរាប់​ថា បើ​គ្មាន​វត្ត​បឹងជ្រោង នៅ​ជាប់​ព្រំដែន ម៉្លេះ​​អាច​​ត្រូវ​វៀតណាម​ធ្វើ​ផ្លូវ​ព័ទ្ធ​ត្រង់ ខណៈ​របង​វត្ត​នៅ​ក្បែរ​នោះ​ដែល​ជា​អតីត​តំបន់​ស ត្រូវបាន​វៀតណាម​​វាយ​​កម្ទេច ហើយ​ដីស្រែ​របស់​ពលរដ្ឋ​ខ្មែរ​ត្រូវ​វៀតណាម​រំកិល​ចូល​កាន់កាប់​រហូត។

វីអូឌី មិនអាច​សុំ​ការ​ឆ្លើយ​បំភ្លឺ​ពី​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ទូច សុខៈ បាន​​ទេ នៅ​ថ្ងៃទី​០៣ ខែ​វិច្ឆិកា។

យ៉ាងណា មាន​អ្នកគាំទ្រ​បក្ស​ប្រជាជន​កម្ពុជា​មួយ​​រូប បាន​ចុះ​ថត និង​សម្ភាសន៍​ពលរដ្ឋ និង​ព្រះសង្ឃ​វ័យ​ក្មេង ២ អង្គ ដោយ​​​ពួកគេ​ហាក់​បង្ហាញ​​ថា ទីតាំង​ដីស្រែ​ដែល​ពលរដ្ឋ​ខ្មែរ​ធ្លាប់​​កាន់កាប់​ទាំងនោះ គឺ​ជា​របស់​វៀតណាម​​ស្រប​ច្បាប់ ខណៈ​តំបន់​នេះ​​ធ្លាប់​ជា​តំបន់​ចម្រូងចម្រាស ពិសេស​ទីតាំង​ក្រោយ​វត្ត​បឹងជ្រោង​តែម្តង ដោយ​​អាជ្ញាធរ​វៀតណាម​​តែង​រារាំង​ការ​សង់​របង​វត្ត​ជាដើម។

ជុំវិញ​ករណី​នេះ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក អ៊ុំ សំអាន ប្រាប់​វីអូឌី​នៅ​ថ្ងៃទី​០៣ ខែ​វិច្ឆិកា​ថា តំបន់​​​នេះ​ស្ថិតក្នុង​តំបន់​ជាច្រើន​ទៀត​នៅ​តាម​ព្រំដែន ដែល​កម្ពុជា​បាត់បង់​ទឹកដី​ទៅ​វៀតណាម ដោយ​សារ​​ការ​បោះ​​បង្គោល​​ព្រំដែន​កម្ពុជា-វៀតណាម ដោយ​ផ្អែកលើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ២០០៥ ដែល​យោង​ទៅលើ​សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ ក្នុង​អំឡុងពេល​វៀតណាម​មាន​វត្តមាន​យោធា និង​គ្រប់គ្រង​កម្ពុជា។

លោក​ថា បើ​តាម​មាត្រា ៥៥ នៃ​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ១៩៩១ គឺ​សន្ធិសញ្ញា​​ឆ្នាំ​១៩៨៥ ជាមួយ​វៀតណាម គួរ​លែង​មាន​សុពលភាព​ទៀតហើយ។ ប៉ុន្តែ លោក​ចោទ​ថា លោក ហ៊ុន សែន បាន​ធ្វើឱ្យ​សន្ធិសញ្ញា​នេះ​រស់​ឡើងវិញ ដោយ​គំរាម​ព្រះមហាក្សត្រ​ឡាយព្រះហស្តលេខា​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ២០០៥ ដែល​ជា​ហេតុ​ធ្វើឱ្យ​កម្ពុជា​បន្ត​បាត់​ដី​ទៅ​វៀតណាម​ដល់​បច្ចុប្បន្ន ហើយ​​គ្មាន​ពលរដ្ឋ​នៅ​តាម​ភូមិ​ហ៊ាន​និយាយ​នោះ​ទេ។

លោក អ៊ុំ សំអាន ថ្លែងថា​៖​ «អញ្ចឹងហើយបានជាការបោះបង្គោលព្រំដែនថ្មីហ្នឹង ចាប់ពីឆ្នាំ២០០៥មករហូត​ដល់​បច្ចុប្បន្ន​​ហ្នឹង ធ្វើឱ្យបាត់បង់ដីខ្មែរយើងច្រើន ដូចជានៅវត្តបឹងជ្រោង។ ឃើញទេ ពីមុនមានរបងវត្ត ដែលធ្វើពីឥដ្ឋធ្វើ​ពី​ថ្ម​ហ្នឹង ប៉ុន្តែសព្វថ្ងៃនេះគឺគេវាយចោលហើយ នៅសល់តែបង្គោលព្រំដែនថ្មីនៅជាប់វិហារវត្ត​ហ្នឹង»។

ចំណែក ​ទីប្រឹក្សា​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន ជំរុញ​ឱ្យ​អាជ្ញាធរ និង​រដ្ឋាភិបាល គួរ​យក​ចិត្ត​ទុកដាក់​ពិនិត្យ​រាល់​ព័ត៌មាន ឬ​វីដេអូ​ដែល​ប្រជាពលរដ្ឋ​ផ្សព្វផ្សាយ​ពាក់ព័ន្ធ​នឹង​បូរណភាព​ទឹកដី និង​បញ្ហា​​ផ្សេងៗ។ លោក​ថា ប្រសិនបើ​ព័ត៌មាន​ទាំងនោះ​​ជា​ការពិត រដ្ឋ​ត្រូវ​ចាត់​វិធានការ​ដោះស្រាយ និង​លើកទឹក​ចិត្ត​ពលរដ្ឋ​ដែល​បាន​​ចូលរួម​ផ្តល់​ព័ត៌មាន ​ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ។ ផ្ទុយទៅវិញ លោក​ថា បើ​អាជ្ញាធរ​​មិន​ពិនិត្យ​ការពិត ហើយ​​បែរជា​គំរាមកំហែង បំភ័យ ឬ​បង្ខំ​ឱ្យ​ពលរដ្ឋ​លុប​វីដេអូ​ដែល​បង្ហាញ​ពី​ភាព​មិន​ប្រក្រតី​នៅ​តាម​ព្រំដែន គឺ​ជា​ទង្វើ​​ដែល​​មិន​ល្អ និង​ប៉ះពាល់​ដល់​សង្គម​ទៅវិញ​ទេ។

លោក រ៉ុង ឈុន ថ្លែងថា៖​ «បើយើងគ្រាន់តែឃើញពលរដ្ឋបង្ហោះទាក់ទងរឿងបូរណភាពទឹកដី ដែលគាត់មើលឃើញមានភាពមិនប្រក្រតីពីប្រទេសជិតខាង បំពានមកលើដែនអធិបតេយ្យនៃកម្ពុជាយើង ហើយយើង​បែរជាមិនយកចិត្ត​ទុកដាក់ ហើយបើសិនយើងនៅតែបន្តរូបភាពបែបហ្នឹង វាគ្រោះថ្នាក់ដល់សង្គមជាតិ​យើង យើងអ្នកដឹកនាំត្រូវ​តែ​មាន​សេចក្តី​ក្លាហាន​ទទួលយកការពិតពីប្រជាពលរដ្ឋ ដែលលោកបានលើកឡើងបាទ»។

សម្រាប់​មន្ត្រី​បក្ស​ប្រឆាំង​ ​នៅតែ​យល់ថា វៀតណាម​បាន​រំលោភ​ចូល​ដី​ខ្មែរ​ជាច្រើន​ទីតាំង​មកហើយ ខណៈ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា ​មិន​ហ៊ាន​តវ៉ា​ប្រឆាំង​ជាមួយ​វៀតណាម​នោះ​ទេ។ ដូច​ករណី​នៅ​វត្ត​បឹងជ្រោង​​ជា​ឧទាហរណ៍​ស្រាប់។ លោក អ៊ុំ សំអាន ចោទប្រកាន់​ថា លោក ហ៊ុន សែន បន្ត​កាត់​ដី​កម្ពុជា​ឱ្យ​ទៅ​វៀត​ណាម ដើម្បី​តបស្នង​គុណ​វៀត​ណាម ដែល​បាន​លើកបន្តុប​លោក​ឱ្យ​ឡើង​កាន់​អំណាច​តាំងពី​ទសវត្សរ៍​​ឆ្នាំ​១៩៨០ មក​ដល់​បច្ចុប្បន្ន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ