ការដែលថៃចេះតែបន្តរុលចូល ដើម្បីឈ្លានពានទឹកដីកម្ពុជា ជាបន្តបន្ទាប់ជាង ១ ឆ្នាំមកនេះ ក្រោយមានបទឈប់បាញ់ ទាំងគ្មានវិធានការទប់ស្កាត់លើដីជាក់ស្តែង និងមិនប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិនោះ ជំរុញឱ្យក្រុមអ្នកតាមដាន ទាញការចាប់អារម្មណ៍ ពីសមត្ថភាពរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ក្នុងបុព្វហេតុការពារទឹកដី។
ក្តីបារម្ភទាំងនេះ ខណៈរដ្ឋាភិបាល បានព្យាយាមរក្សាជំហរដោះស្រាយដោយសន្តិវិធី និងការចរចា ក៏ប៉ុន្តែសំឡេងពីសមរភូមិជួរមុខ និងមតិសាធារណៈ នៅតែបន្តទាមទារឱ្យរដ្ឋាភិបាលមានវិធានការការពារទឹកដីឱ្យបានម៉ឺងម៉ាត់ និងមានតម្លាភាពជាងមុន ដើម្បីកុំឱ្យកម្ពុជាបន្តបាត់បង់បូរណភាពទឹកដីបន្ថែមទៀត។
តួយ៉ាងដូចជា ក្រសួងការពារជាតិកម្ពុជា ទទួលស្គាល់ថា យោធាថៃបាននិងកំពុងបន្តធ្វើសកម្មភាពរាយបន្លាលួស ជីកប្រឡាយ ធ្វើលេណដ្ឋានយោធាថ្មីៗជាបន្តបន្ទាប់ នៅលើដីកម្ពុជា មានការអះអាងថា កងទ័ពកម្ពុជាបានបាត់បង់ទីតាំងយុទ្ធសាស្ត្រឈរជើងស្ទើរតែទាំងស្រុងនៅលើភ្នំដងរែក ដោយសារតែកងទ័ពកម្ពុជាគោរពបទឈប់បាញ់តែម្នាក់ឯង ដែលជាឱកាសអាចឱ្យយោធាថៃចូលមកបណ្តេញទាហានកម្ពុជាឱ្យចេញពីទីតាំងឈរជើងរបស់ខ្លួន។
ការលើកឡើងនេះ បន្ទាប់ពីមានការអះអាងថា យោធាថៃកាលពីថ្ងៃទី៣០ ខែតុលា បានចូលមកបណ្តេញកងទ័ពកម្ពុជាឱ្យចុះចេញពីលើភ្នំដោះក្រមុំ ក្នុងខេត្តឧត្តរមានជ័យ ធ្វើឱ្យចំនួនដីខ្មែរដែលយោធាថៃដណ្តើមកាន់កាប់ ចាប់តាំងពីក្រោយបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលមាន ១៤ ទីតាំង បានកើតឡើងដល់ ៨៦ ទីតាំង គិតមកដល់ត្រឹមខែវិច្ឆិកានេះ។
ក្រសួងការពារជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានមួយ នៅថ្ងៃទី៣ ខែវិច្ឆិកានេះថា ក្រុមអ្នកសម្របសម្រួលកម្ពុជា បានជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
បើតាមក្រសួងការពារជាតិ ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មក កងកម្លាំងយោធាថៃ បាននិងកំពុងបន្តរាយបន្លាលួស ជីកប្រឡាយ ធ្វើលេណដ្ឋានថ្មីៗជាបន្តបន្ទាប់ ព្រមទាំងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋស៊ីវិល ការបង្កការភ័យខ្លាច និងការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ នៅតំបន់ច្រកបឹងត្រកួន បណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជាចំនួន ៧ ៨៧៣ នាក់ ស្មើនឹង ១ ៨៦៩ គ្រួសារ (ក្នុងនោះមានកុមារចំនួន ១ ៨៤៧ នាក់) មិនទាន់អាចត្រឡប់ទៅកាន់លំនៅឋានវិញបាននៅឡើយ។
ជាមួយគ្នានេះ ទាហានខ្មែរជួរមុខនៃវរសេនាតូចលេខ ២៦៤ បានអះអាងប្រាប់លោក អ៊ុំ សំអាន អ្នកនយោបាយប្រឆាំងនៅក្រៅប្រទេសថា ទាហានថៃ បានចូលមកដណ្តើមកាន់កាប់ដីខ្មែរមួយទីតាំងទៀត គឺ ភ្នំដោះក្រមុំ ឬហៅ ភ្នំ៦៤២ នៅខាងកើតច្រកជប់រុន ឃុំព្រះប្រឡាយ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៣០ ខែតុលា។
ប្រភពដដែលបន្តថា ក្រោយពីទាហានថៃបានបើកការបាញ់មកលើទាហានខ្មែរជាង ១០ គ្រាប់ នៅភ្នំដោះក្រមុំ ខាងមេបញ្ជាការទាហានខ្មែរបានសុំចរចាជាមួយមេបញ្ជាការយោធាថៃ រួចហើយទាហានថៃ ឱ្យខាងទាហានខ្មែរចុះចេញពីភ្នំដោះក្រមុំ។
នៅទីបំផុត ទាហានខ្មែរជិត ៤០ នាក់ បានបង្ខំចិត្តចុះចេញពីភ្នំដោះក្រមុំ ទៅតាមបញ្ជាថ្នាក់លើ ដើម្បីបញ្ចៀសការផ្ទុះអាវុធ ខណៈមានការដេញពីយោធាថៃ។
ព័ត៌មាននេះ ក៏ត្រូវបានសារព័ត៌មានថៃមួយចំនួន ចុះផ្សាយផងដែរថា ឧត្តមសេនីយ៍ឯក វីរៈយុទ្ធ រ៉ាក់ស៊ីល មេបញ្ជាការយោធភូមិភាគទី២ របស់ថៃ បានចុះត្រួតពិនិត្យតំបន់ភ្នំដោះក្រមុំ និងថា យោធាថៃ បានគ្រប់គ្រងតំបន់នេះ និងបង្កើតមូលដ្ឋានប្រតិបត្តិការឈ្មោះ «ភ្នំកានទុង»។ ប្រភពបន្តថា ទាហានថៃបានបាញ់គ្រាប់ពិត ដើម្បីឱ្យទាហានកម្ពុជាដកចេញពីភ្នំដោះក្រមុំ។
បុរសម្នាក់បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះការបន្តរុលចូលមកដណ្តើមកាន់កាប់ទឹកដីកម្ពុជាឥតឈប់ឈរ ពីសំណាក់យោធាថៃ។
ពលរដ្ឋរូបនោះ និយាយថា៖«សែនស្តាយទឹកដីយើងណាស់បងប្អូនអើយ! នៅតាមទីតាំងយុទ្ធសាស្ត្រយោធាខ្ពស់ៗនៅលើភ្នំដងរែក ត្រូវបានទាហានថៃដណ្តើមយកអស់ហើយ។ រហូតមកដល់ពេលនេះហើយវាយកអាតំបន់ខ្ពស់ៗអស់ហើយ សូម្បីតែកន្លែងទំនាបៗក៏វាមិនទុកដែរ វាយកបន្លាលួសមកព័ទ្ធវាជីកប្រឡាយ វាប្រឹងទាំងយប់ វាប្រឹងទាំងថ្ងៃ ពីព្រោះវាទាន់មានឱកាសល្អវាកម្រមានឱកាសណាដែលល្អយកដីខ្មែរបានផុយៗស្រួលៗ ដូចសម័យនេះណាស់ ពីព្រោះមេដឹកនាំពីរនាក់ឪកូននេះ បណ្តែតបណ្តោយឱ្យគេយកដីតាមចិត្ត អត់ហ៊ានធ្វើអីគេផងហ្នឹង!»។
យោងតាមហ្វេសប៊ុកឈ្មោះ «Nam Bunna Lee» បុរសរូបនេះ បាននិយាយទៀតថា ប្រសិនបើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យកងទ័ពកម្ពុជា ប្រើប្រាស់សិទ្ធិការពារខ្លួន ហើយបំពាក់អាវុធទំនើបៗឱ្យកងទ័ពនៅសមរភូមិជួរមុខ នោះយោធាថៃប្រាកដជាមិនហ៊ានគឃ្លើនរុលចូលវាទទីយកដីខ្មែរបានតាមចិត្តបែបនេះនោះទេ។
លោកថា៖ «ទាហានខ្មែរយើងគឺជាទាហានទឹកចិត្តស្វិតស្វាញណាស់ យកបេះដូងថ្លើមប្រម៉ាត់ចេញពីចិត្តចេញពីថ្លើមហ្មង លះបង់ឆន្ទៈការពារទឹកដី។ វាខុសពីទាហានសៀម ទាហានសៀមទាហានទឹកលុយហ្នឹង ហើយបើបំពាក់អាវុធទំនើបដូចគ្នាសាកមើលទៅ ចូលមកដឹងតែស្ពៃ ហើយចូលមកត្រូវ ចូលមកត្រូវ វាម៉េចហ៊ានចូល ហើយចុះបើគេចូលមកអត់ប្រើសិទ្ធិការពារខ្លួនផង បណ្តោយឱ្យគេចូលមកយកដីតាមចិត្ត រឿងអីគេមិនយក!»។
លោក អ៊ុំ សំអាន អ្នកជំនាញកិច្ចការព្រំដែនពីបក្សប្រឆាំង ថ្លែងថា ការដែលថៃអាចបន្តរុលចូលវាទយកដីខ្មែរបានតាមអំពើចិត្ត ចាប់តាំងពី ១៤ ទីតាំង នៅក្រោយបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កើនដល់ ៨៦ ទីតាំង គិតត្រឹមដើមខែវិច្ឆិកានេះ គឺបានបង្ហាញពីភាពអសមត្ថភាពយ៉ាងខ្លាំង របស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ក្នុងការការពារទឹកដីកម្ពុជា។
លោកថា៖ «ខ្ញុំយល់ថា ទាហានខ្មែរគាត់ចង់ការពារទឹកដីណាស់ មិនចង់ប្រគល់ទឹកដីទៅឱ្យថៃនោះទេ ក៏ប៉ុន្តែអាចមានបទបញ្ជាពីលោកហ៊ុន ម៉ាណែត ឬក៏លោកហ៊ុន សែន ឱ្យដកថយពីទីតាំងនោះ ដើម្បីចៀសវាងការផ្ទុះអាវុធទៅ អាចមានសង្គ្រាមលើកទី៣ទៅ អាចថៃទម្លាក់ត្រកូលហ៊ុនពីអំណាច ហេតុដូច្នេះហើយទើបត្រកូលហ៊ុន តែងតែបញ្ជាឱ្យទាហានខ្មែរដកថយពីទីតាំងដែលខ្លួនឈរជើង ហើយប្រគល់ទីតាំងនោះទៅឱ្យថៃគ្រប់គ្រងវិញ»។
សម្រាប់អ្នកនយោបាយប្រឆាំងរូបនេះ ការដែលរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនប្តឹងថៃទៅកាន់តុលាការអន្តរជាតិ និងទៅសហប្រធានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស រួមទាំងយន្តការច្បាប់អន្តរជាតិផ្សេងទៀត ដោយនៅតែប្រកាន់ជំហរប្រើយន្តការចរចាទ្វេភាគីជាមួយថៃដែលជាភាគីចោរ គឺច្បាស់ណាស់ កម្ពុជាមិនត្រឹមតែមិនអាចទាមទារទឹកដីដែលថៃឈ្លានពានបានមកវិញប៉ុណ្ណោះទេ កម្ពុជានឹងបាត់បង់ទឹកដីកាន់តែច្រើនថែមទៀតទៅថៃ។
ប៉ុន្តែយ៉ាងណាក្តី លោក ហ៊ុន ម៉ាណែត បានថ្លែងកាលពីពេលថ្មីៗនេះ ដោយអំពាវនាវឱ្យខ្មែរគ្រប់និន្នាការនយោបាយ ស្ងប់ស្ងាត់ ទុកឱកាសឱ្យរដ្ឋាភិបាលរបស់លោក ធ្វើការដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយថៃដោយសន្តិវិធី ខណៈបញ្ហាព្រំដែនមានភាពស្មុគស្មាញខ្លាំង។
លោកថា៖ «គោលបំណងរបស់ខ្ញុំ គឺសូមឱ្យខ្មែរគ្រប់និន្នាការទាំងអស់ ទាំងក្នុង និងក្រៅប្រទេស សូមឱ្យរក្សាភាពស្ងប់ស្ងៀម ទុកឱកាសឱ្យរាជរដ្ឋាភិបាលកំពុងតែខំប្រឹងធ្វើការដោះស្រាយជាមួយថៃ មិនត្រូវមកច្របូលច្របល់ ត្រូវបែកអារម្មរណ៍នៅជាមួយខ្មែរគ្នាឯងនៅក្នុងទេ។ ដំណាក់កាលនេះ ជាដំណាក់កាលដែលព្រំដែនមិនទាន់ដោះស្រាយចប់ រឿងរសើបច្រើនណាស់ ព័ត៌មានរសើបច្រើនណាស់ យើងមិនអាចបញ្ចេញ ប៉ុន្តែយើងធ្វើការដោយការទទួលខុសត្រូវ»។
ត្រង់ចំណុចនេះ លោក អ៊ុំ សំអាន ចោទសួរថា តើឱ្យប្រជាជាតិខ្មែរ ជឿជាក់ និងទុកចិត្តលើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត យ៉ាងដូចម្តេច បើថៃនៅតែបន្តរុលចូលវាទទីយកដីខ្មែរជារៀងរាល់ថ្ងៃ ដោយពុំមានការទប់ស្កាត់ ហើយលោក ហ៊ុន ម៉ាណែត ថែមទាំងបញ្ជាឱ្យទាហានខ្មែរជួរមុខ ដកថយបណ្តោយឱ្យថៃវាទទីយកទឹកដីកម្ពុជាបានដោយស្រួលៗបែបនេះ?។
លោកថា៖ «នៅពេលដែលគាត់អំពាវនាវឱ្យខ្មែរគ្រប់និន្នាការស្ងប់ស្ងាត់ ហើយឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាព្រំដែន ប៉ុន្តែបែរជាបណ្តែតបណ្តោយឱ្យថៃរំលោភឈ្លានពានយកទឹកដីខ្មែរជាបន្តបន្ទាប់ ហើយលោកហ៊ុន ម៉ាណែត បញ្ជាឱ្យទាហានខ្មែរដកចេញពីដីខ្លួន ឱ្យយើងទុកចិត្តយ៉ាងម៉េច នៅពេលគាត់ដោះស្រាយបញ្ហាព្រំដែន បែរជាឱ្យកងទ័ពយើងដកថយចេញពីទីតាំងដែលខ្លួនឈរជើង ហើយប្រគល់ទឹកដីទៅឱ្យថៃគ្រប់គ្រងដូច្នេះ? ខ្ញុំយល់ថា អាសន្លឹកបៀរចុងក្រោយរបស់គាត់ គ្មានអ្វីនោះទេប្រាកដប្រជាទេ ហើយប្រាកដជាមិនអាចទាមទារទឹកដីពីថៃបានមកវិញនោះទេ»។
យ៉ាងណាក្តី ក្រសួងការពារជាតិ បញ្ជាក់ថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។
បើទោះបីរហូតមកដល់ពេលនេះ ថៃហាក់មិនអើពើ ចំពោះសំណើរាប់រយដងរបស់កម្ពុជា ដែលសូមឱ្យថៃវិលត្រឡប់ចូលតុចរចា ដើម្បីអាចឈានទៅបន្តកំណត់ខណ្ឌសីមាព្រំដែនតាមច្បាប់ និងកិច្ចព្រមព្រៀងនានា ហើយថៃនៅតែបន្តរុលចូលកាន់កាប់ទឹកដីកម្ពុជាយ៉ាងគឃ្លើនឥតឈប់ឈរក្តី ក៏រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនទាន់បានបង្ហាញជំហរណាមួយក្នុងការប្តឹងថៃទៅកាន់តុលាការអន្តរជាតិ ក្រៅពីបន្តចរចាទ្វេភាគីជាមួយភាគីថៃ បើទោះបីជាមានសង្ឃឹមត្រឹម ១ ភាគរយក្តីនោះឡើយ៕









