កម្ពុជាបានទម្លាយឱ្យដឹងពីការនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន ទៅមើលទីតាំងថៃដណ្តើមកាន់កាប់ទឹកដីខ្មែរ នៅតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ ខណៈការឈ្លានពាននេះ ធ្វើឱ្យពលរដ្ឋខ្មែរជិត ៨ ០០០ នាក់ រស់នៅទីនោះ ត្រូវភៀសខ្លួនចោលផ្ទះសម្បែង និងដីធ្លីជាង ១ ឆ្នាំមកនេះ។
បើតាមក្រសួងការពារជាតិ នៅថ្ងៃអង្គារ ទី៣ ខែវិច្ឆិកានេះ ក្រុមអ្នកសម្របសម្រួល បានជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា «ចុះទៅសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ»។
ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មក កងកម្លាំងយោធាថៃបាននិងកំពុងបន្តធ្វើសកម្មភាពរាយបន្លាលួស ជីកប្រឡាយ ធ្វើលេណដ្ឋានថ្មីៗជាបន្តបន្ទាប់ ព្រមទាំងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋស៊ីវិល ការបង្កការភ័យខ្លាច និងការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់នៅតំបន់ច្រកបឹងត្រកួន ដែលបណ្តាលឱ្យប្រជាពលរដ្ឋស្លូតត្រង់កម្ពុជាចំនួន ៧ ៨៧៣ នាក់ ស្មើនឹង ១ ៨៦៩ គ្រួសារ មិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ។
យ៉ាងណាក៏ដោយ កម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុត នូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។
តាមអ្នកឃ្លាំមើលបញ្ហាព្រំដែនដែលមិនចំណុះឱ្យរដ្ឋាភិបាល ចាប់តាំងពីមានបទឈប់បាញ់ជាង ១ ឆ្នាំមកនេះ យោធាថៃបានបន្តរុលចូលឈ្លានពានទឹកដីកម្ពុជាជាបន្តបន្ទាប់ លើទីតាំងចំនួន ៨៥ ដោយថៃបានរាយបន្លាលួសព័ទ្ធ ជីកប្រឡាយ យកដីខ្មែរតាមខេត្តជាប់ព្រំដែនតាមទំនើងចិត្ត និងធ្វើរបងព្រំដែនដោយឯកតោភាគី ទាំងគ្មានការរារាំងលើដីជាក់ស្តែងពីរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ឡើយ៕









