ក្នុងទិវាអន្តរជាតិដើម្បីបញ្ចប់និទណ្ឌភាពចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងអ្នកសារព័ត៌មាន ក្រុមអ្នកធ្វើការលើកកម្ពស់សិទ្ធិមនុស្ស និងសារព័ត៌មាន ជំរុញឱ្យរដ្ឋាភិបាលពង្រឹងយន្តការការពារអ្នកសារព័ត៌មាន ធ្វើវិសោធនកម្មច្បាប់ទាំងឡាយដែលមានលក្ខណៈរឹតត្បិតលើសេរីភាពសារព័ត៌មាន និងអនុម័តច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ខណៈពួកគេមើលឃើញថា អ្នកសារព័ត៌មាននៅកម្ពុជា នៅបន្តរងនូវការយាយី ការបៀតបៀន ការចាប់ខ្លួន និងការចោទប្រកាន់ជាបន្តបន្ទាប់ជាច្រើនឆ្នាំមកហើយ ដែលធ្វើឱ្យសេរីភាពសារព័ត៌មានមានការធ្លាក់ចុះខ្លាំង។
ការលើកឡើងនេះ ស្របពេលដែលអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គុយទែរ៉េស (António Guterres) បានអំពាវនាវក្នុងទិវាអន្តរជាតិនេះដែលប្រព្រឹត្តទៅនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឱ្យមានការការពារអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាននៅទូទាំងពិភពលោក ដើម្បីឱ្យពួកគេអាចបំពេញការងារដ៏សំខាន់របស់ខ្លួនបានដោយសុវត្ថិភាព។ នេះបើតាមការផ្សព្វផ្សាយលើបណ្តាញសង្គមរបស់អង្គការសហប្រជាជាតិ។
លោក អាន់តូនីញ៉ូ ហ្គុយទែរ៉េស បានកត់សម្គាល់ថា អ្នកសារព័ត៌មានតែងតែរងការយាយី ការតាមដាន ការប្តឹងផ្តល់ ការវាយប្រហារលើរាងកាយ ឬការជាប់ពន្ធនាគារ ហើយជួនកាលថែមទាំងរងការធ្វើទារុណកម្ម ឬត្រូវបានសម្លាប់ទៀតផង គ្រាន់តែដោយសារតែពួកគេបំពេញការងាររបស់ខ្លួន។
លោកបន្ថែមថា៖ «មិនគួរមានអ្វីមករារាំងសមត្ថភាពរបស់អ្នកសារព័ត៌មាន ក្នុងការបំពេញការងាររបស់ពួកគេឡើយ ព្រោះការងារនេះ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ»។
ជុំវិញបញ្ហានេះ លោក ណុប វី នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) បានលើកឡើងនៅថ្ងៃទី០៣ ខែវិច្ឆិកានេះថា លោកគាំទ្រចំពោះការលើកឡើងរបស់លោក អាន់តូនីញ៉ូ ហ្គុយទែរ៉េស ដែលជំរុញឱ្យមានការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការលើកកម្ពស់សេរីភាពសារព័ត៌មាន និងការពារអ្នកសារព័ត៌មានពីការយាយីផ្សេងៗ។
លោកបន្តថា សម្រាប់នៅកម្ពុជា បើទោះបីជាប៉ុន្មានឆ្នាំចុងក្រោយនេះ មិនមានករណីឃាតកម្មឬសម្លាប់អ្នកសារព័ត៌មាន ប៉ុន្តែករណីប្តឹងផ្តល់ទៅលើអ្នកសារព័ត៌មាន ដែលរាយការណ៍រឿងរសើបៗ មាននិន្នាការកើនឡើងគួរឱ្យព្រួយបារម្ភ ខណៈការដកអាជ្ញាប័ណ្ណស្ថាប័នព័ត៌មានមានភាពផុយស្រួយ និងការចាប់ខ្លួន ចោទប្រកាន់អ្នកសារព័ត៌មានក៏មានច្រើនផងដែរ។
លោកថា៖ «ហើយនិងការដែលចោទប្រកាន់ ហើយនិងការចាប់អ្នកសារព័ត៌មានដាក់ពន្ធនាគារ ដោយសារយើងឃើញអំពី គេហៅថា ភាពនៃការបកស្រាយទូលំទូលាយចំពោះខ្លឹមសារច្បាប់ដែលមានក្នុងពេលបច្ចុប្បន្ន ហើយករណីនេះ គឺវាជះឥទ្ធិពលអវិជ្ជមានធ្ងន់ធ្ងរណាស់ ដូចយើងដឹងហើយថា នៅពេលដែលយើងបាត់បង់ស្ថាប័នសារព័ត៌មានឯករាជ្យ តាំងពីឆ្នាំ២០១៧មក យើងឃើញអំពីផលប៉ះពាល់ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជាយើង ហើយផលប៉ះពាល់នេះវានឹងជះឥទ្ធិពលក្នុងរយៈពេលវែង បើសិនជាយើងមិនយកចិត្តទុកដាក់ដោះស្រាយ ឬឆ្លើយតបដោយមានប្រសិទ្ធភាពទេ»។
កន្លងមក អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក ថម អេនឌ្រូ បានវាយតម្លៃថា កម្ពុជានៅតែប្រឈមមុខនឹងបញ្ហាសិទ្ធិមនុស្សធ្ងន់ធ្ងរ។ លោកបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីការឃុំខ្លួនសកម្មជន អ្នកសារព័ត៌មាន និងការរឹតត្បិតសេរីភាព។ បន្ថែមពីនេះ លោកមានក្តីបារម្ភចំពោះការរឹតត្បិតលើគណបក្សប្រឆាំង ការប្រើប្រាស់ច្បាប់បោះឆ្នោតដោយមិនស្មើភាព និងការគំរាមកំហែងដល់អ្នកនយោបាយ ហើយអ្នកសារព័ត៌មាន ក៏រងការគំរាមកំហែង ដែលបង្ខំឱ្យពួកគេត្រូវត្រួតពិនិត្យព័ត៌មានដោយខ្លួនឯងជាដើម។
នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ អ្នកស្រី ឆន សុគន្ធា សង្កេតឃើញដែរថា បច្ចុប្បន្ន ពិតជាមានការរឹតត្បិត និងរំលោភបំពានសិទ្ធិសេរីភាពសារព័ត៌មាន រួមមានតាមរយៈការយាយី តាមដាន ចោទប្រកាន់បទល្មើសព្រហ្មទណ្ឌ ការវាយប្រហាររូបរាងកាយ ជាប់ពន្ធនាគារ ការសងសឹកតាមរយៈវិធីផ្សេងៗ នៅតែបន្តកើតមានមកលើអ្នកសារព័ត៌មាននៅទូទាំងពិភពលោក និងនៅក្នុងប្រទេសកម្ពុជា។
ដោយឡែក ករណីធ្វើឃាតមកលើអ្នកសារព័ត៌មាននៅរយៈពេល ២ ឆ្នាំចុងក្រោយនេះ អ្នកស្រីថា មិនមានកើតឡើងទេ ក្រោយពីមានហេតុការណ៍ចុងក្រោយបំផុតនៃការបាញ់សម្លាប់អ្នកសារព័ត៌មាន លោក ឈឿង ឈឹង ដែលសកម្មក្នុងការរាយការណ៍ព័ត៌មានបែបស៊ើបអង្កេត និងបទល្មើសបរិស្ថាន កាលពីចុងឆ្នាំ២០២៤។
អ្នកស្រីបន្តក្នុងសំណេរដើមតាមតេឡេក្រាមថា៖ «មកដល់នឹងសព្វថ្ងៃនេះ យើងនៅតែរកឃើញថា អ្នកសារព័ត៌មានដែលជាកញ្ចក់ឆ្លុះពីបញ្ហាសង្គមនៅតែបន្តរងការយាយីតាមរូបភាពផ្សេងៗដូចដែលបានលើកឡើងខាងលើនេះ ដែលគិតត្រឹមរយៈ ១០ខែនៃឆ្នាំ២០២៦ CCIM បានកត់ត្រាករណីឧប្បត្តិហេតុមកលើអ្នកសារព័ត៌មាន និងពលរដ្ឋសារព័ត៌មានជិត ៤០ករណី ហើយវាជាសញ្ញាណដ៏គួរឱ្យព្រួយបារម្ភបំផុតនៅក្នុងសង្គមនីតិរដ្ឋ និងប្រជាធិបតេយ្យ។ លើសពីនេះទៅទៀត បញ្ហានិទណ្ឌភាពដែលនៅបន្តរាំរៃ ជាពិសេសជុំវិញករណីដែលកើតឡើងចំពោះអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្សកម្រនឹងត្រូវបានដោះស្រាយប្រកបដោយយុត្តិធម៌ ហើយភាគច្រើនលើសលុបនៃករណីទាំងនោះ គឺជនល្មើសមិនត្រូវបានចាប់ខ្លួន ឬយកមកទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌឡើយ»។
អ្នកស្រី ឆន សុគន្ធា បន្ថែមថា ដើម្បីឱ្យស្ថានភាពសារព័ត៌មានមានភាពប្រសើរឡើងវិញ ចាំបាច់ត្រូវពង្រឹងការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង លុបបំបាត់និទណ្ឌភាពចំពោះបទល្មើសដែលកើតមានលើអ្នកសារព័ត៌មាន ព្រមទាំងអនុម័តច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ដែលផ្តល់ប្រយោជន៍ដល់អ្នកសារព័ត៌មាន និងពលរដ្ឋឱ្យបានលឿនបំផុត។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីអ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានទេ។ យ៉ាងណា ក្រសួងព័ត៌មាន ធ្លាប់ចេញរបាយការណ៍ថា សេរីភាពសារព័ត៌មាននៅកម្ពុជា មានលក្ខណៈល្អប្រសើរ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា អ្នកសារព័ត៌មានដើរតួនាទីសំខាន់ក្នុងការរាយការណ៍ព័ត៌មានពីតថភាពនានាដែលកើតឡើងក្នុងសង្គម ទៅកាន់ប្រជាពលរដ្ឋ និងរដ្ឋាភិបាល ហើយក៏ជាកញ្ចក់ឆ្លុះបញ្ចាំងនូវចំណុចខ្វះខាតនានាទៅកាន់រាជរដ្ឋាភិបាល ដើម្បីធ្វើការកែលម្អ និងការស្ថាបនាផងដែរ។ ដូច្នេះ ប្រសិនបើអ្នកសារព័ត៌មាននៅទូទាំងពិភពលោក រួមទាំងនៅកម្ពុជា រងនូវការយាយី ការសម្លាប់ ការគំរាមកំហែង ការចាប់ខ្លួន ចោទប្រកាន់ នឹងធ្វើឱ្យប៉ះពាល់ដល់ការចូលរួមអភិវឌ្ឍន៍សង្គមជាតិ។
លោកបន្តថា៖ «កន្លងមក ទាក់ទងនឹងបញ្ហាលំហសេរីភាពសារព័ត៌មាន ឬក៏បញ្ហាសារព័ត៌មាននៅកម្ពុជាយើង គឺមានការរិះគន់ច្រើន ជាពិសេសទាក់ទងនឹងការប្រើប្រាស់នៃក្រមព្រហ្មទណ្ឌ ក្នុងការចោទប្រកាន់ ការឃុំខ្លួន ការផ្តន្ទាទោស ឬក៏មានការប្តឹងផ្តល់សម្រាប់អ្នកសារព័ត៌មាន ដោយយើងមិនបានអនុវត្តឱ្យបានពេញលេញសម្រាប់ច្បាប់ស្តីពីរបបសារព័ត៌មានជាមុន ចឹងអ្វីដែលសំខាន់គឺត្រូវតែបង្កើននៃកិច្ចការពារសម្រាប់អ្នកសារព័ត៌មាន ឬអាជីពអ្នកសារព័ត៌មានឯករាជ្យ»។
បើតាមរបាយការណ៍របស់អង្គការការពារសិទ្ធិមនុស្សលីកាដូ គិតមកទល់ពេលនេះ មានពលរដ្ឋកម្ពុជាយ៉ាងហោចណាស់ ១០៩ នាក់ ដែលកំពុងជាប់ឃុំឃាំង ដោយសារការប្រើប្រាស់សិទ្ធិរបស់ខ្លួន ក្នុងនោះ មានអ្នកជាប់ឃុំដោយសារនយោបាយចំនួន ៤១ នាក់, បរិស្ថានចំនួន ៥ នាក់, អ្នកសារព័ត៌មាន ៧ នាក់, សកម្មជនដីធ្លី ១ នាក់, សហជីព ១ នាក់ និងករណីផ្សេងទៀតចំនួន ៥២ នាក់។ បើតាមអ្នកតាមដាន អ្នកជាប់ឃុំទាំងនេះ ភាគច្រើនជាប់ឃុំដោយសាររដ្ឋាភិបាលប្រើប្រាស់អំណាចតុលាការកំហិតលើសកម្មភាព និងសំឡេងរបស់ពួកគេដោយខុសច្បាប់ ព្រមទាំងការអូសបន្លាយនីតិវិធី ដើម្បីញាំញីដល់សេរីភាព និងផ្លូវចិត្តរបស់ពួកគេ និងក្រុមគ្រួសារ។
ចំណែករបាយការណ៍របស់អង្គការអ្នកយកការណ៍គ្មានព្រំដែន ហៅកាត់ RSF បានដាក់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជាក្នុងឆ្នាំ២០២៦ នៅលេខរៀងទី១៥១ ក្នុងចំណោម ១៨០ ប្រទេស។ ទោះបីកើនឡើងចំណាត់ថ្នាក់ល្អជាងមុន ១០ លេខ តែស្ថានភាពទូទៅនៃសេរីភាពសារព័ត៌មាននៅកម្ពុជា នៅតែស្ថិតក្នុងភាពចង្អៀត តាមរយៈការបង្កើតក្រម ប្រកាស ធម្មនុញ្ញវិជ្ជាជីវៈ និងយុទ្ធនាការផ្សេងៗដែលមានចរិតដាក់សម្ពាធទៅលើអ្នកសារព័ត៌មានដែលរាយការណ៍ផ្អែកលើវិជ្ជាជីវៈ និងឯករាជ្យ។
ជុំវិញបញ្ហានេះ ទាំងលោក ណុប វី អ្នកស្រី ឆន សុគន្ធា និងលោក អំ សំអាត ដែលជាមន្ត្រីអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស និងសារព័ត៌មាន ស្នើដល់រដ្ឋាភិបាល បញ្ឈប់ការរឹតត្បិត ការយាយី និងការគំរាមកំហែងផ្សេងៗទៅលើសារព័ត៌មាន ដោយបើកលំហសេរីភាពសារព័ត៌មានឡើងវិញ ព្រមទាំងកែទម្រង់ប្រព័ន្ធច្បាប់ ឬធ្វើវិសោធនកម្មច្បាប់ទាំងឡាយណាដែលរឹតត្បិតលើសេរីភាពអ្នកសារព័ត៌មាន ជាពិសេសអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ដើម្បីធានាថាអ្នកសារព័ត៌មានត្រូវបានការការពារ និងមានសេរីភាពពេញលេញក្នុងការប្រកបអាជីពរបស់ពួកគេ៕









