មេធាវី​រដ្ឋាភិបាល​​សន្យា​​ពន្លឿន​​​ករណី​អ្នក​ស្រី ឡេង ចាន់​ណា ក្រោយ​​​ជន​​រង​​គ្រោះ​​​តវ៉ា​​​ដេក​​មុខ​​តុលាការ

ក្រុម​​អ្នក​​តវ៉ា​​ដែល​​ចាញ់​បោក​​ក្រុម​ហ៊ុន​​អ្នក​ស្រី ឡេង ចាន់ណា បាន​​រំសាយ​​ការ​​តវ៉ា​​នៅ​​មុខ​​តុលាការ​​ខេត្ត​​សៀម​រាប នៅ​​រសៀល​​ថ្ងៃ​ទី​០៣ ខែ​វិច្ឆិកា​នេះ ក្រោយពី​មេធាវី​របស់​រដ្ឋាភិបាល​បាន​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​ពួក​គាត់ ដោយ​លើកឡើង​ថា នឹង​ពន្លឿន​ការ​ដោះស្រាយ​បញ្ចប់​ការ​សាកសួរ​ឱ្យ​បាន​ឆាប់។

ពលរដ្ឋ​រស់នៅ​ខេត្ត​បាត់ដំបង អ្នកស្រី ជាវ លីនដា ប្រាប់​វីអូឌី​នៅ​ថ្ងៃទី​០៣ ខែ​វិច្ឆិកា​ថា ក្រុម​ពលរដ្ឋ​នឹង​រង់ចាំ​​មើល​​ដំណោះស្រាយ ក្រោយពី​ស្តាប់​មេធាវី​របស់​រដ្ឋាភិបាល​បកស្រាយ ក៏ប៉ុន្តែ​ពួកគាត់​នៅ​មិនទាន់​ស្ងប់ចិត្ត​​នៅ​ឡើយ​​ទេ ខណៈ​ដែល​តុលាការ​នៅតែ​លាក់បាំង​ទិន្នន័យ​រឹបអូស​ទ្រព្យសម្បត្តិ​ពី​ក្រុមហ៊ុន។ អ្នកស្រី​ព្រមាន​ថា ក្រុម​ពលរដ្ឋ​​នឹង​លើកគ្នា​តវ៉ា​ទ្រង់ទ្រាយ​ធំ ប្រសិនបើ​សំណុំរឿង​នេះ​នៅ​ជាប់គាំង។

អ្នកស្រី ជាវ លីនដា និយាយថា៖ «ដំបូង​ពួក​ខ្ញុំប​ម្រុង​នឹង​តវ៉ា​ចំនួន ៣ ថ្ងៃ ៣ យប់ ៣ ថ្ងៃ ដោយ​សារ​គាត់​បញ្ជាក់​រួច​ហើយ អ៊ី​ចឹង​ហើយ​ក៏​ពួក​ខ្ញុំ​​ឥឡូវ​រំសាយ​ទៅ។ ឥឡូវ​ប្រជា​ពលរដ្ឋ​គាត់​សុំ​តែ ៨០% ទេ មិន​បាន​ប្រាក់​ដើម​ក៏ដោយ​​​ចុះ ធ្វើ​ម៉េច​ឱ្យ​បាន​លុយ​ហ្នឹង​យក​ទៅ​សង​ធនាគារ​ខ្លះៗ។ ឱ្យ​ថា​រួច​ធនាគារ​វា​មិន​រួច​ទេ»។

ក្រុម​អ្នក​តវ៉ា​ប្រមាណ​ជាង ១០០ នាក់ មកពី​ខេត្ត​កំពត កំពង់ធំ កំពង់ចាម សៀមរាប និង​បាត់ដំបង តវ៉ា​ដេក​ខាង​​មុខ​​​តុលាការ ដើម្បី​​ទាមទារ​យុត្តិធម៌ រយៈ​ពេល ២ ថ្ងៃ​ជាប់គ្នា ក៏ប៉ុន្តែ​ត្រូវ​អាជ្ញាធរ​រារាំង ហាម​មិនឱ្យ​​ពួកគាត់​​ដេក​នៅ​​ខាង​មុខ​​តុលាការឡើយ ដោយ​​លើក​ហេតុផល​សុវត្ថិភាព។

ក្រុម​ពលរដ្ឋ​តវ៉ា​ទាំងនោះ ឈរ​ក្រោម​ដំណក់​ទឹកភ្លៀង ខ្លះ​អង្គុយ​​ផ្ទាល់​ដី និង​ខ្លះទៀត​​ដេក​ផ្ទាល់​​នឹង​ដី ហើយ​​ខ្លះទៀត​កាន់​មេក្រូ​​ស្រែក​ខ្លាំងៗ នៅ​​ខាងមុខ​តុលាការ។

ក្រុម​អ្នក​តវ៉ា​បន្ថែម​ថា ទោះបី​មេធាវី​​តំណាង​រដ្ឋាភិបាល លោក វិច សុវាចា បាន​សន្យា​​ថា នឹង​​ពន្លឿន​​ដំណោះ​ស្រាយ​​បញ្ចប់​​ការ​​សាក​សួរ​​ដើម​បណ្តឹង​រដ្ឋប្បវេណី​យ៉ាងណាក្តី ក៏​ក្រុម​ពលរដ្ឋ​មិនទាន់​ស្ងប់​អារម្មណ៍​នៅឡើយ​ទេ។

ពលរដ្ឋនិយាយថា៖ «លុយដែលរឹបអូស​ទ្រព្យស​ម្បត្តិ​ដែល​រឹប​អូស​បាន​ហ្នឹង ចំនួន​ប៉ុន្មាន​ឱ្យ​ពលរដ្ឋ​ដឹង​ផង​ ពួ​ក​​ខ្ញុំ​ចង់​ដឹង​តែប៉ុ​ណ្ណឹង​ទេប​ង។ តើ​ពួក​ខ្ញុំ​មាន​សង្ឃឹម​នឹង​បាន​លុយ​ហ្នឹង​មក​វិញ​អត់? ឬ​មួយ​ក៏​ស្ងាត់ៗ​ទៅ​បាត់​ឈឹង ដូច​ខ្លោច​កប់ គាស់​លែង​ឡើង? ពួក​ខ្ញុំ​ទារ ​ធនាគារ​គេម​ក​រាល់​ថ្ងៃ…រាល់ខែ…»។

ពលរដ្ឋ​ម្នាក់ទៀត​រស់នៅ​ខេត្ត​សៀមរាប អ្នកស្រី ផាន់នី ឱ្យដឹងថា គ្រួសារ​អ្នកស្រី​ចាញ់បោក​ក្រុមហ៊ុន​របស់ អ្នក​ស្រី ឡេង ចាន់ណា ២ ម៉ឺន ៥ ពាន់​​ដុល្លារ ហើយ​ប្រាក់​ទាំងនោះ ​គ្រួសារ​អ្នកស្រី​បាន​យក​​ប្លង់​ដីស្រែ និង​​ប្លង់​ផ្ទះ​ទៅ​បញ្ចាំ​​ធនាគារ។ អ្នកស្រី​ថា មកទល់​ពេលនេះ​ជិត ៤ ឆ្នាំ គ្មាន​ដំណោះស្រាយ​វិជ្ជមាន​នៅឡើយ​​ទេ។

អ្នកស្រី​ថា៖ «ដោះស្រាយកូនចៅផង គ្មានអីទេ សព្វថ្ងៃវេទនាណាស់ កូនចៅ​អស់​ស្រែអ​ស់​ភ្លឺ អស់​ផ្ទះ​ហើយ ដោយ​សារ​ក្រុម​ហ៊ុន ឡេង ចាន់ណា»។

វីអូឌី មិនទាន់​អាច​ទាក់ទង​សុំ​ការបំភ្លឺ​រឿងនេះ ពី​អ្នកនាំពាក្យ​សាលាដំបូង និង​អយ្យការ​ខេត្ត​សៀមរាប លោក យិន ស្រាង បាន​​នៅឡើយ​ទេ គិត​ត្រឹម​​​ម៉ោង​ផ្សាយ​នេះ។

សមាជិក​ក្រុម​មេធាវី​រាជរដ្ឋាភិបាល ដែល​ការពារ​ក្តី​ឱ្យ​ពលរដ្ឋ​រងគ្រោះ លោក វិច សុវាចា បាន​ថ្លែង​ប្រាប់​ក្រុម​ពលរដ្ឋ​ក្នុង​ពេល​តវ៉ា​ថា មេធាវី​នឹង​បញ្ចប់​ការ​សាកសួរ​ដើមបណ្តឹង​រដ្ឋប្បវេណី​ ​ត្រឹម​ថ្ងៃទី​​១២ ខែ​វិច្ឆិកា ខាងមុខ​នេះ។

លោកថា៖ «លុយយើងដើមសុទ្ធប៉ុន្មាន? ទាមទារប៉ុន្មាន? មានន័យថា យើង​ទៅ​បំភ្លឺ​លើប​ណ្តឹង ដើម​បណ្តឹង​យើង​​ អ្វីដែ​ល​ទាក់​ទង​ផល​ប្រយោជន៍​កូន​ក្តី​យើង​ឱ្យតុ​លាការ​ដឹង»។

ជុំវិញ​រឿងនេះ អ្នកគ្រប់គ្រង​ការិយាល័យ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) ប្រចាំ​ទិសពាយ័ព្យ លោក អ៊ិន គង់ជិត យល់ថា តុលាកា​រ​គួរតែ​ប្រកាស​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន​ដែល​រឹបអូស​បាន ដើម្បី​ទូទាត់​​ផ្តល់​សំណង​ជូន​ជនរងគ្រោះ​វិញ​ឱ្យ​ឆាប់ៗ បន្ថយ​ការលំបាក​ជូន​ពលរដ្ឋ​រងគ្រោះ។

លោក​ថា៖ «សម្រាប់ជនរងគ្រោះ ដែលជាដើមបណ្តឹងហ្នឹង ចង់បាននូវដំណោះ​ស្រាយ​ឆាប់ៗ។ សង្ឃឹម​ថា​ ក្រុម​មេធាវី​របស់​សម្តេច និង​តុលាការ នឹង​ពន្លឿន ពន្លឿន​ចំណាត់​ការ​នេះ​ឱ្យ​បាន​ជា​លទ្ធ​ផល តាម​ការ​ទាម​ទារ​របស់​ពួក​គាត់ បាទ»។

កាលពី​ថ្ងៃទី​១៣ ខែ​ឧសភា ឆ្នាំ ២០២៤ លោក ហ៊ុន ម៉ាណែត តែងតាំង​មេធាវី​រដ្ឋាភិបាល ដែល​មាន​​លោក គី តិច ជា​​ប្រធាន តំណាង​​ការ​ពារ​​សិទ្ធិ​ជូន​​ពលរដ្ឋ​​រ​ង​គ្រោះ​​ចាញ់​បោក​ក្រុម​ហ៊ុន ប្រ៊ីលាន ស៊ីធី​វើលដ៍ ឯ.ក របស់​​អតីត​ឧកញ៉ា ឡេង ចាន់ណា និង​បក្ខពួក។

តែ​យ៉ាងណា ពលរដ្ឋ​ថា មេធាវី​រដ្ឋាភិបាល លោក គី តិច តែងតែ​បង្វែរ​សាច់រឿង​ឆ្លើយ ដោះសារ​​ថា សំណុំរឿង​នេះ​​ធំ និង​មាន​ជនរងគ្រោះ​ច្រើនពេក ដែល​តុលាការ និង​មេធាវី មិនដែល​ជួបប្រទះ។ សំណុំរឿង​នេះ មាន​ពលរដ្ឋ​រងគ្រោះ​ចន្លោះ ៦ ០០០ ទៅ ៧ ០០០ នាក់ ស្ទើរតែ​គ្រប់​ខេត្ត​ក្រុង និង​ខ្លះ​រស់នៅ​ក្រៅប្រទេស។

កន្លងទៅ អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ឱ្យដឹងថា អតីត​​ឧកញ៉ា ឡេង ចាន់ណា និង​បក្ខពួក បាន​ប្រមូល​លុយ​​ពី​ពលរដ្ឋ​ជាង ៩៣ លាន​ដុល្លារ​អាមេរិក វិនិយោគ​អចលនទ្រព្យ ក្នុង​ក្រុង​សៀមរាប៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ