ការវាយ​ប្រហារ​​របស់​​រុស្ស៊ី​​​បាន​​សម្លាប់​​មនុស្ស ២៦ នាក់​​នៅ​​​មជ្ឈ​មណ្ឌល​​ផ្តល់​​ជំនួយ​​អ៊ុយ​ក្រែន

មនុស្ស​យ៉ាងហោចណាស់ ២៦ នាក់ ​ត្រូវបាន​សម្លាប់ បន្ទាប់ពី​គ្រាប់បែក​របស់​រុស្ស៊ី​បាន​ធ្លាក់​ចំ​​មជ្ឈ​មណ្ឌល​​ផ្តល់​​ជំនួយ នៅ​​​ក្នុង​​ការវាយប្រហារ​ដែល​ប្រធានាធិបតី​អ៊ុយក្រែន​​បាន​ហៅថា «គួរឱ្យរន្ធត់ជាទីបំផុត»។

លោក Mykhailo Semikin អភិបាលតំបន់ បានឱ្យដឹងថា មនុស្ស ៥ នាក់​​បាន​រងរបួស និង ២៧ នាក់​ត្រូវបាន​រាយការណ៍​ថា​បាត់ខ្លួន បន្ទាប់ពី​គ្រាប់បែក​តាម​អាកាស​ទម្ងន់ ៣ ០០០ គីឡូក្រាម​ ​យ៉ាងហោចណាស់ ៩ គ្រាប់​បាន​ធ្លាក់​ចំ​ភូមិ Komyshuvakha ក្នុង​តំបន់ Zaporizhzhia ភាគ​ខាងត្បូង។

ប្រធានាធិបតី Volodymyr Zelensky បាន​មានប្រសាសន៍ថា បន្ទាប់ពី​ការវាយប្រហារ​លើក​ទីមួយ​លើ​សាលា​​រៀន​ក្នុង​ស្រុក «ដែលត្រូវបានប្រើប្រាស់សម្រាប់តម្រូវការមនុស្សធម៌» មាន​ការវាយប្រហារ​លើក​ទីពីរ​ ​នៅលើ​ទីតាំង​ដែល​ប្រជាជន​​កំពុង​ជ្រកកោន។ លោក​បាន​បង្ហោះ​វីដេអូ​បង្ហាញពី​ក្រឡុក​ដ៏​ធំ​ដែល​បន្សល់ទុក និង​ក្រុម​អ្នកសង្គ្រោះ​កំពុង​​ស្វែងរក​តាម​គំនរ​បាក់បែក។ កងទ័ព​រុស្ស៊ី ​មិនទាន់​បាន​ធ្វើ​អត្ថាធិប្បាយ​ជា​សាធារណៈ​​នៅឡើយ​ទេ។

សេវា​សង្គ្រោះបន្ទាន់​រដ្ឋ​របស់​អ៊ុយក្រែន DSNS បាន​និយាយថា ក្នុងចំណោម​អ្នកស្លាប់ មាន​អ្នកសង្គ្រោះ ២ នាក់ និង​​មន្ត្រី​នគរបាល ៤ នាក់។

លោក Zelensky បាន​និយាយថា៖ «ជនជាតិរុស្ស៊ីមិនអាចមិនដឹងថា អ្នកភូមិក្នុងស្រុកដែលនៅសេសសល់​​ក្នុង Komyshuvakha ទទួល​បាន​ជំនួយមនុស្សធម៌​​នៅទីនោះរៀងរាល់សប្តាហ៍» នៅ​ថ្ងៃ​ចន្ទ​នោះ​ឡើយ។ «នេះគឺជាភស្តុ​តាង​មួយ​ទៀតដែលថា រុស្ស៊ីមិនចង់ឱ្យមានការបន្ធូរបន្ថយភាពតានតឹងនោះទេ»។

លោក​បាន​បន្តថា បន្ទាប់ពី​ប្រតិបត្តិការ​រួមគ្នា​រវាង​រុស្ស៊ី និង​អ៊ុយក្រែន​ក្នុងការ​ជម្លៀស​ប្រជាជន​ស៊ីវិល​ចេញពី​ក្រុង Oleshky ភាគ​ខាងត្បូង ក្នុង​អំឡុងពេល​បទឈប់បាញ់​បណ្តោះអាសន្ន​ដែល​សម្របសម្រួល​ដោយ​លោកស្រី Melania Trump ភរិយា​ទីមួយ​នៃ​សហរដ្ឋអាមេរិក «មានខណៈពេលមួយដែលជំហានបន្ទាប់អាចបង្ហាញថា សន្តិភាពគឺអាចទៅរួច»។

ប៉ុន្តែ «ជាមួយនឹងការសម្លាប់បែបនេះ រុស្ស៊ីកំពុងផ្ញើសារផ្ទុយស្រឡះទាំងស្រុង – រុស្ស៊ីកំពុងពឹងផ្អែកលើការសម្លាប់បន្ថែមទៀត»។ ទន្ទឹមនឹងនេះដែរ លោក Semikin បាន​ពិពណ៌នា​អំពី​ការវាយប្រហារ​នេះ​ថាជា «មហន្ត​រាយដ៏អាក្រក់» ដោយ​បញ្ជាក់ថា មនុស្ស​នៅតែ​ស្ថិតក្រោម​គំនរ​បាក់បែក ហើយ​ក្រុម​អ្នកសង្គ្រោះ​ត្រូវបាន​បង្ខំឱ្យ​ផ្អាក​ប្រតិបត្តិ​ការ​ជាច្រើន​លើក ដោយសារ​ការវាយប្រហារ​ដោយ​ដ្រូន​របស់​រុស្ស៊ី។

ថ្ងៃ​កាន់ទុក្ខ​មួយថ្ងៃ​ត្រូវបាន​ប្រកាស​សម្រាប់​ថ្ងៃ​អង្គារ នៅ​ទូទាំង​តំបន់ Zaporizhzhia ទាំងមូល។ ក្រុម​ការ​ងារ​​​មក​ពី​អ៊ុយ​ក្រែន រុស្ស៊ី និង​សហរដ្ឋអាមេរិក ត្រូវបាន​កំណត់ថា​នឹង​បន្ត​ការចរចា​សន្តិភាព​ឡើងវិញ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ បន្ទាប់ពី​ការចរចា​ត្រូវបាន​ផ្អាក ខណៈដែល​ទីក្រុង​កៀវ​ស្ទើរតែ​អស់​ប្រព័ន្ធ​ស្ទាក់ចាប់​ប្រឆាំងនឹង​គ្រាប់​មីស៊ីល។ ទោះជាយ៉ាងណាក៏ដោយ គ្មាន​របកគំហើញ​ធំដុំ​ណាមួយ​ត្រូវបាន​រំពឹងទុក​នោះទេ នៅក្នុង​ការចរចា​ដែល​ទំនង​ជា​នឹង​ធ្វើឡើង​នៅ​ទីក្រុង​អាប៊ុយដាប៊ី (Abu Dhabi)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ