សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ និងសកម្មជន២៣តុលា នៅតែចាត់ទុកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថា ជាទ្រព្យដ៏មហាសាលរបស់កម្ពុជា ដែលបានចងកាតព្វកិច្ចប្រទេសមហាអំណាចទាំងអស់ និងបណ្តាប្រទេសជឿនលឿនជាច្រើនទៀត មានទាំងវៀតណាម និងថៃផងដែរ ឱ្យជួយការពារបូរណភាពទឹកដី និងប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា មិនអាចរំលោភបំពានបានជាដាច់ខាត។
ការសម្អាងបែបនេះ ស្របពេលដែលកម្ពុជា ត្រូវបានគេមើលឃើញថា បានងាកចេញពីគន្លងប្រជាធិបតេយ្យយ៉ាងលឿនជិត ១០ ឆ្នាំមកនេះ និងបន្សល់ទុកនូវវិបត្តិសង្គមចាក់ស្រេះ បង្កឱ្យជាតិបែកបាក់ និងពលរដ្ឋជាច្រើនម៉ឺនគ្រួសារ រស់នៅក្នុងវិបត្តិបំណុល។
លើសពីនេះ សហគមន៍អន្តរជាតិ មានសហភាពអឺរ៉ុបជាដើម បានសម្រេចកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% ដែលជាអំណោយផលសេដ្ឋកិច្ចសម្រាប់កម្ពុជា ដើម្បីឆ្លើយតបទៅនឹងការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធក្រោមការដឹកនាំរបស់គណបក្សកាន់អំណាច។
បរិបទនេះ ជំរុញឱ្យមានការឈ្លានពានទឹកដីកាន់តែធ្ងន់ធ្ងរពីប្រទេសជិតខាង តែរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនប្រើកិច្ចព្រមព្រៀងនេះ ដើម្បីទប់ស្កាត់ទង្វើឈ្លានពាននោះទេ បើទោះបីពេលនេះសេចក្តីរាយការណ៍នានា បានអះអាងថា ថៃ និងវៀតណាម កំពុងពង្រីកការឈ្លានពានទឹកដីខ្មែរជាបន្តបន្ទាប់ក្តី។
ជុំវិញបញ្ហានេះ សកម្មជន២៣តុលា កញ្ញា ភឹង សោភា បានបន្តផ្សព្វផ្សាយពីសារសំខាន់នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបន្តទៀត ទោះត្រូវបានរដ្ឋាភិបាលចាប់ដាក់ពន្ធនាគារអស់រយៈពេល ២ ឆ្នាំក៏ដោយ។
សម្រាប់កញ្ញា ភឹង សោភា មូលហេតុចម្បងដែលជំរុញឱ្យកញ្ញា នៅតែបន្តផ្សព្វផ្សាយកិច្ចព្រមព្រៀង២៣តុលា គឺដោយយល់ឃើញថា កិច្ចព្រមព្រៀងនេះ មានសារសំខាន់ទាក់ទងការពារបូរណភាពទឹកដីកម្ពុជា ជាក្តីសង្ឃឹមធ្វើឱ្យខ្មែរមានសន្តិភាព និងការអនុវត្តសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល។
កញ្ញាបានបន្តទៀតថា ការជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំនេះ មិនអាចធ្វើឱ្យកញ្ញាបញ្ឈប់ការផ្សព្វផ្សាយអំពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះទេ ពីព្រោះកិច្ចព្រមព្រៀងនេះ ជាបេសកកម្មដែលក្រុមកញ្ញាបានកំណត់ទុករយៈពេល ៧ ០០០ ថ្ងៃ ស្មើនឹងរយៈពេល ២០ ឆ្នាំ ដើម្បីឱ្យពលរដ្ឋបានយល់ដឹង និងស្ថាបនា កសាងកម្ពុជាឡើងវិញ ពោលគឺឱ្យខ្មែរធ្វើជាម្ចាស់បំណុល កុំធ្វើជាកូនបំណុល ឱ្យខ្មែរមានសិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ទ្វេភាគីនានា។
កញ្ញាថា៖ «គឺនៅក្នុងកិច្ចព្រមព្រៀងបានសរសេរជាមគ្គុទេសក៍ប្រាប់ខ្មែររូចហើយ អញ្ចឹងខ្ញុំជឿថាការបន្តផ្សាយនេះ គឺការចូលរួមនៅក្នុងការធ្វើឱ្យខ្មែរមានក្តីសង្ឃឹម និងប្រើប្រាស់នូវសន្តិវិធី នីតិវិធីក្នុងការជួយជាតិ»។
យ៉ាងណា អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាផង និងជាប្រធានគណបក្សប្រជាជនកម្ពុជា គឺលោក ហ៊ុន សែន ធ្លាប់អះអាងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ វាបានរលាយធាតុចូលទៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជាហើយ ដែលរដ្ឋធម្មនុញ្ញបានប្រសូតឡើងនៅឆ្នាំ១៩៩៣។ លោកថា ការអំពាវនាវណាមួយងាកមកមើលបញ្ហាកម្ពុជាជារឿងពិបាកទៅរួច។
លោកថា៖ «ដូច្នេះ របស់ដែលហៅថា អំពាវនាវឱ្យបណ្តាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងប៉ារីស ភាគីនៃកិច្ចហត្ថលេខីនៃកិច្ចព្រមព្រៀងប៉ារីសប្រជុំឡើងវិញ វាហួសសម័យ ហើយវាធ្វើ វាមិនកើតផង»។
យ៉ាងនេះក្តី សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា នៅតែអះអាងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅតែមានសារសំខាន់សម្រាប់កម្ពុជា រួមទាំងបញ្ហាបូរណភាពទឹកដីក្រោមមហាអំណាចទាំងអស់ និងបណ្តាប្រទេសជាហត្ថលេខី។
លោកគូសបញ្ជាក់ថា កិច្ចព្រមព្រៀង២៣តុលា បានបញ្ជាក់ថាទាំងមហាអំណាច និងបណ្តាប្រទេសជាហត្ថលេខីមានកាតព្វកិច្ចជួយអភិវឌ្ឍន៍សេដ្ឋកិច្ច និងជំរុញឱ្យកម្ពុជាបន្តដើរក្នុងគន្លងប្រជាធិបតេយ្យ ពិសេសខណៈដែលកម្ពុជាកំពុងរងការឈ្លានពានជាបន្តបន្ទាប់ពីប្រទេសជិតខាង។
លោកគូសបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅមានសុពលភាព ក្នុងការជំរុញឱ្យប្រទេសមហាអំណាច និងបណ្តាប្រទេសហត្ថលេខី បំពេញកាតព្វកិច្ចជួយកម្ពុជាតាមការសន្យារបស់ពួកគេ ហើយថាបើអ្នកនយោបាយខ្មែរប្រើកិច្ចព្រមព្រៀង២៣តុលា កម្ពុជានឹងមានប្រៀបលើឆាកអន្តរជាតិក្នុងការទប់ស្កាត់ទង្វើឈ្លានពានពីប្រទេសជិតខាងបាន។
ប៉ុន្តែ រដ្ឋធម្មនុញ្ញកម្ពុជា មិនអាចយកទៅដាក់សម្ពាធប្រទេសជិតខាង ឱ្យគោរពបូរណភាពទឹកដីកម្ពុជាបានទេ ទោះបីបានបញ្ចូលស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ចូលក្នុងរដ្ឋធម្មនុញ្ញកម្ពុជាក៏ដោយ។ ហើយវាកាន់តែគ្មានប្រសិទ្ធភាពទៅទៀត ប្រសិនបើកម្ពុជាជាប្រទេសសាមី មិនហាស្តី មិននិយាយទេ ប្រទេសហត្ថលេខីទាំងនោះ នឹងមិនបង្ខំចិត្តបំពេញកាតព្វកិច្ចរបស់ខ្លួនតាមការសន្យា ដើម្បីជួយការពារបូរណភាពទឹកដីកម្ពុជា ពីការរំលោភបំពានពីប្រទេសជិតខាងនោះឡើយ។
លោកថា៖ «កិច្ចព្រមព្រៀងអន្តរជាតិនេះវាជាច្បាប់ដែលតម្រូវឱ្យភាគីហត្ថលេខី រួមមានប្រទេសជិតខាងកម្ពុជា ត្រូវគោរពអធិបតេយ្យភាពកម្ពុជា។ ប៉ុន្តែវាទាមទារឱ្យរដ្ឋាភិបាលកម្ពុជាហ្នឹងផ្ទៀងផ្ទាត់ ឬក៏ហៅថាជំរុញឱ្យប្រទេសហត្ថលេខីចូលរួមអនុវត្តទាំងអស់គ្នា»។
លើសពីនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់វីអូឌីនៅថ្ងៃទី២ ខែវិច្ឆិកាថា កិច្ចព្រមព្រៀងក្រុងប៉ារីសមានសារសំខាន់ចំពោះកម្ពុជា ដោយមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ ប្រសិនបើគណបក្សកាន់អំណាចអនុវត្តកិច្ចព្រមព្រៀងនេះ នឹងបាត់អំណាច និយាយឱ្យខ្លីថា មិនអាចផ្ទេរអំណាចឱ្យក្រុមគ្រួសារកូនចៅរបស់ខ្លួនបានទេ។
លោកបានបន្តទៀតថា ពាក់ព័ន្ធនឹងអាថ៌កំបាំងដែលលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត មិនព្រមអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ ដោយសារមានសន្ធិសញ្ញា និងកិច្ចព្រមព្រៀងរបស់កម្ពុជា-វៀតណាមកន្លងទៅនៅទសវត្សរ៍៨០ ដែលលោក ហ៊ុន សែន ធ្វើឱ្យរស់ឡើងវិញ គឺសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ទទួលស្គាល់អាសន្ធិសញ្ញាខុសច្បាប់ឆ្នាំ១៩៨៥ ដែលជាសម័យយួនឈ្លានពាន វាជាការរំលោភកិច្ចព្រមព្រៀងក្រុងប៉ារីសនេះ។
លោកថា៖ «កិច្ចព្រមព្រៀងទីក្រុងប៉ារីស តម្រូវឱ្យលុបចោលអាសន្ធិសញ្ញាកិច្ចព្រមព្រៀងខុសច្បាប់ ក្នុងសម័យវៀតណាមត្រួតត្រាកម្ពុជាហ្នឹង អាហ្នឹងវាអ៊ីចឹង ហើយលោក ហ៊ុន សែន អត់ព្រមលុបចោលអាឯកសារអស់ហ្នឹងទេ បែរជាខំធ្វើសន្ធិសញ្ញា និងកិច្ចព្រមព្រៀងថ្មីៗបន្ថែមទៀត»។
នៅក្នុងឆ្នាំ២០២៦នេះ ទាំងក្រុមអង្គការសង្គមស៊ីវិល គណបក្សក្រៅរដ្ឋាភិបាល អ្នកឃ្លាំមើល និងយុវជន២៣តុលា ក៏បានគូសបញ្ជាក់ដែរថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ មិនអស់សុពលភាពដូចការលើកឡើងរបស់មតិមួយចំនួនឡើយ។ ពួកគេថា កិច្ចព្រមព្រៀងនេះ ជាច្បាប់អន្តរជាតិមួយដែលនៅតែមានប្រសិទ្ធភាព និងសុពលភាព ក្នុងការតតាំងការពារដែនដីអធិបតេយ្យភាពរបស់កម្ពុជា ពីការឈ្លានពានរបស់ប្រទេសជិតខាង និងជំរុញឱ្យមានការស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការគោរពសិទ្ធិមនុស្សជាដើម។
បើទោះបីទាំងសង្គមស៊ីវិល គណបក្សប្រឆាំង អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ រួមទាំងប្រទេសមហាអំណាចមួយចំនួនជាប្រទេសហត្ថលេខី មានសហរដ្ឋអាមេរិក និងប្រទេសបារាំងជាដើម បានបន្តបង្ហោះសារលើផេកស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជា ពីសារសំខាន់នៃស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ នៅក្នុងខួបលើកទី៣៥ នៃកិច្ចព្រមព្រៀង២៣តុលា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះក្តី ក៏មេដឹកនាំបក្សកាន់អំណាចកម្ពុជា មិនគ្រាន់តែអះអាងថា ការទាមទារឱ្យអនុវត្តកិច្ចព្រមព្រៀង២៣តុលាជារឿងហួសសម័យប៉ុណ្ណោះទេ មេដឹកនាំរូបនេះថែមទាំងដកថ្ងៃ២៣តុលា និងទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ចេញពីថ្ងៃឈប់សម្រាកប្រចាំឆ្នាំរបស់ប្រទេសកម្ពុជាទៀតផង។
បញ្ហានេះជំរុញឱ្យមានការរិះគន់ថា មេដឹកនាំបច្ចុប្បន្នប្រើគ្រប់មធ្យោបាយ ដើម្បីការពារអំណាចឱ្យបាន ទោះក្នុងតម្លៃណាក៏ដោយ៕









