កម្មករ​​រោងចក្រ​មួយ​នៅ​ខេត្ត​តាកែវ តវ៉ា​បិទ​ផ្លូវ​​ប្រឆាំង​​នឹង​​ថៅកែ ដែល​​កាត់​​លុយ​​ថ្លៃ​​​ធ្វើ​ដំណើរ

សេចក្តី​រាយការណ៍​ បាន​​ឱ្យ​​ដឹ​ង​​ថា នៅ​​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា​នេះ កម្មករ​​រោង​ចក្រ​​ប្រមាណ ២,០០០ នាក់ បាន​​តវ៉ា​​បិទ​​កំណាត់​​​ផ្លូវ​ជាតិ​​លេខ​២២ នៅ​​ទីតាំង​​រោង​ចក្រ​​ស្ថិត​ក្នុង​​ភូមិ​​ធ្នង់​រលើង ឃុំ​​លាយ​បូរ ស្រុក​​ត្រាំកក់ ខេត្តតាកែវ ក្រោយ​​ដឹង​​ថា ថៅកែ​​របស់​​ខ្លួន​​សម្រេច​​កាត់​​លុយ​​ថ្លៃ​​ធ្វើ​ដំណើរ ២,៥០ ដុល្លារ​​ក្នុង​​ម្នាក់ ឬ ១ ម៉ឺន​រៀល ដែល​​រដ្ឋាភិ​បាល​​ផ្តល់​​​ឱ្យ​​ថ្មី​ៗ​នេះ ដើម្បី​​ប៉ះ​ប៉ូវ​​តម្លៃ​​សាំង​​ឡើង​​ថ្លៃ។

កម្មករ​រោងចក្រ​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​វីអូឌី​ថា ការ​ផ្ទុះ​ការ​តវ៉ា​របស់​ពួកគេ​នៅ​ថ្ងៃ​នេះ គឺ​កើតឡើង​​ក្រោយ​ពី​ដឹង​​ថា កាលពី​ថ្ងៃទី​០៣ ខែវិច្ឆិកា ប្រធាន​រោងចក្រ​បាន​បើក​កិច្ចប្រជុំ​ខ្លី​មួយ ដោយ​មាន​ប្រធាន​​សហជីព និង​​តំណាង​​កម្មករ​​ទាំង​អស់​​ចូល​រួម។ លោក​បន្ត​ថា ក្រោយមក​កម្មករ​បាន​ដឹង​ថា ថៅកែ​សម្រេច​​កាត់​លុយ​ធ្វើដំណើរ​ចំនួន ២,៥០ ដុល្លារ​ពី​ពួកគេ​វិញ ដោយ​ថៅកែ​សំអាង​ថា រោងចក្រ​ខាតបង់។

លោក​ថា៖ «មាន​ការ​កាត់​លុយ​ចំនួន ២.៥០ ដុល្លារ​ ក្នុង​​​ខែ​នេះ​​ទៅ ដោយ​សារ​​រោង​ចក្រ​​ស៊ី​ឈ្នួល​​ឥវ៉ាន់​នេះ​​ខាត។ ទើប​​​ថ្ងៃ​​ទី​៤ វេលា​​ម៉ោង​​១​​ជាង​​នេះ កម្មករ​​ធ្វើ​ការ​​ផ្ទុះ​​ការ​​តវ៉ា​​នេះ»។

លើស​ពី​នេះ បើ​តាម​អង្គការ​សង់ត្រាល់ កម្មករ​ដែល​ធ្វើការ​តវ៉ា​នេះ ដោយសារ​ក្រុមហ៊ុន​បាន​កាត់​ប្រាក់​ថ្លៃ​ធ្វើដំណើរ​ចំនួន ២,៥០ ដុល្លារ​ក្នុង​ម្នាក់ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រាក់ចំណូល និង​ការ​ចំណាយ​ប្រចាំថ្ងៃ​របស់​ពួកគាត់។ មូលហេតុ​នេះ ធ្វើ​ឱ្យ​កម្មករ​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ពិនិត្យ និង​បកស្រាយ​ឡើងវិញ ព្រមទាំង​អំពាវនាវ​​ឱ្យ​​មន្ទីរ​ការងារ​ខេត្តតាកែវ និង​អាជ្ញាធរ​ពាក់ព័ន្ធ ជួយ​អន្តរាគមន៍​រក​ដំណោះស្រាយ​សមស្រប៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ