គណបក្សប្រជាធិបតេយ្យដណ្ដើមបានការគ្រប់គ្រងព្រឹទ្ធសភាសហរដ្ឋអាមេរិកត្រឡប់មកវិញ ដោយបានយកឈ្នះលើគណបក្សសាធារណរដ្ឋនៅទូទាំងប្រទេស ជាមួយនឹងជ័យជម្នះជាប្រវត្តិសាស្ត្រ ដែលនឹងផ្តល់ឥទ្ធិពលយ៉ាងខ្លាំងដល់ពួកគេលើលោក ដូណាល់ ត្រាំ សម្រាប់អាណត្តិប្រធានាធិបតីដែលនៅសេសសល់របស់លោក។
រួមជាមួយនឹងជ័យជម្នះនៅក្នុងសភាតំណាងរាស្ត្រ គណបក្សប្រជាធិបតេយ្យត្រូវបានរំពឹងថានឹងមានការគ្រប់គ្រងពេញលេញលើសភាជាតិចាប់ពីឆ្នាំក្រោយទៅ ដែលជាលើកដំបូងចាប់តាំងពីឆ្នាំ ២០២២ មក។
មេដឹកនាំភាគតិច លោក Chuck Schumer បានថ្លែងនៅរាជធានីវ៉ាស៊ីនតោនថា៖ «អស្ចារ្យណាស់! ឥឡូវនេះ ទោះបីជាមានភាពមិនប្រាកដប្រជាយ៉ាងណាក៏ដោយ យើងជាគណបក្សប្រជាធិបតេយ្យបានឈ្នះព្រឹទ្ធសភាហើយ។ យើងមានពាក្យប្រាំម៉ាត់សម្រាប់ប្រជាជនអាមេរិក៖ ការធូរស្រាលកំពុងតែមកដល់ហើយ»។
យោងតាមភ្នាក់ងារព័ត៌មាន Associated Press (AP) គណបក្សនេះ បានដណ្ដើមបានការគ្រប់គ្រងព្រឹទ្ធសភាឡើងវិញ បន្ទាប់ពីបេក្ខជនរបស់ពួកគេបានឈ្នះនៅក្នុងរដ្ឋមួយចំនួន ដែលពួកគេមិនធ្លាប់ទទួលបានជោគជ័យអស់ជាច្រើនឆ្នាំ រួមមាន រដ្ឋសាវខារ៉ូឡាយណា (South Carolina), ន័រខារ៉ូឡាយណា (North Carolina), អូហៃយ៉ូ (Ohio), តិចសាស់ (Texas), អាយអូវ៉ា (Iowa) និងកានសាស់ (Kansas)។
ជាមួយនឹងការគ្រប់គ្រងព្រឹទ្ធសភា គណបក្សប្រជាធិបតេយ្យនឹងមានសមត្ថភាពក្នុងការរារាំង មិនត្រឹមតែរបៀបវារៈខាងផ្នែកនីតិបញ្ញត្តិរបស់លោក ត្រាំ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការតែងតាំងទាំងឡាយដែលលោកធ្វើឡើងចំពោះគណៈរដ្ឋមន្ត្រី ឬប្រព័ន្ធតុលាការសហព័ន្ធ — រួមទាំងតុលាការកំពូលផងដែរ។
ការរាប់សន្លឹកឆ្នោតកំពុងបន្តធ្វើឡើងនៅក្នុងរដ្ឋ មីនីសូតា និង មីឈីហ្គែន ព្រមទាំងរដ្ឋ មេន និង អាឡាស្កា ខណៈគណបក្សសាធារណរដ្ឋបានបរាជ័យ ក្នុងការទម្លាក់សមាជិកបក្សប្រជាធិបតេយ្យនៅក្នុងរដ្ឋ ចចជីយ៉ា និង ញូហែមសៀ។
គណបក្សប្រជាធិបតេយ្យ បានបាត់បង់ការគ្រប់គ្រងព្រឹទ្ធសភា កាលពី២ឆ្នាំមុន នៅពេលដែលអ្នកបោះឆ្នោតបានបញ្ជូនលោក ត្រាំ ត្រឡប់ទៅសេតវិមានវិញ ហើយបានផ្តល់ឱ្យសម្ព័ន្ធមិត្តរបស់លោកនូវសំឡេងភាគច្រើនចំនួន ៥៣ កៅអី។
កាលៈទេសៈហាក់ដូចជាផ្លាស់ប្តូរទៅជាប្រៀបល្អសម្រាប់គណបក្សប្រជាធិបតេយ្យ នៅពេលដែលអាណត្តិទីពីររបស់លោក ត្រាំ បានចាប់ផ្តើម។ អត្រាគាំទ្ររបស់លោកបានធ្លាក់ចុះជាលំដាប់ ជាពិសេសលើការដោះស្រាយបញ្ហាសេដ្ឋកិច្ច និងអន្តោប្រវេសន៍។
ការសម្រេចចិត្តរបស់លោក ត្រាំ ក្នុងការវាយប្រហារលើប្រទេសអ៊ីរ៉ង់ និងការបញ្ជូនភ្នាក់ងារសហព័ន្ធឱ្យធ្វើការបង្ក្រាបលើបញ្ហាអន្តោប្រវេសន៍ ដែលបណ្តាលឱ្យជនជាតិអាមេរិកពីរនាក់ស្លាប់នៅទីក្រុង មីនីអាប៉ូលីស បានធ្វើឱ្យអ្នកបោះឆ្នោតកាន់តែបាត់បង់ទំនុកចិត្តលើលោក។ នៅពេលដែលតម្លៃប្រេងសាំងបានកើនឡើង គណបក្សប្រជាធិបតេយ្យបានជឿជាក់លើការឈ្នះការបោះឆ្នោតព្រឹទ្ធសភានៅក្នុងរដ្ឋ តិចសាស់, កានសាស់ និង អាយអូវ៉ា។
រដ្ឋកានសាស់ មិនដែលបញ្ជូនសមាជិកបក្សប្រជាធិបតេយ្យទៅកាន់ព្រឹទ្ធសភាទេចាប់តាំងពីឆ្នាំ១៩៣២ ហើយរដ្ឋតិចសាស់ ចាប់តាំងពីឆ្នាំ១៩៨៨។ នៅក្នុងរដ្ឋ ខារ៉ូឡាយណា វាមានរយៈពេល ៣៨ ឆ្នាំមកហើយ ខណៈនៅក្នុងរដ្ឋ អាយអូវ៉ា និង ន័រខារ៉ូឡាយណា វាមានរយៈពេល ១៨ ឆ្នាំ។
ការជ្រៀតជ្រែករបស់លោក ត្រាំ នៅក្នុងការបោះឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋ ក៏បានបង្កផលវិបាកអវិជ្ជមានផងដែរ។ លោកបានថ្កោលទោសសមាជិកព្រឹទ្ធសភាបក្សសាធារណរដ្ឋ លោក Thom Tillis ដែលនាំឱ្យរូបលោកប្រកាសចូលនិវត្តន៍។ បេក្ខជនបក្សប្រជាធិបតេយ្យ លោក Roy Cooper បានឈ្នះការប្រកួតប្រជែងយ៉ាងងាយស្រួលដើម្បីជំនួសរូបលោក។
លោក ត្រាំ ក៏បានគាំទ្រអគ្គព្រះរាជអាជ្ញារដ្ឋតិចសាស់ លោក Ken Paxton ជំនួសឱ្យសមាជិកព្រឹទ្ធសភាលោក John Cornyn ដែលធ្វើឱ្យរូបលោកចាញ់ក្នុងការបោះឆ្នោតបឋម ហើយបានផ្តល់ឱកាសឱ្យតំណាងរាស្ត្រប្រជាធិបតេយ្យ លោក James Talarico ឈ្នះកៅអីនោះដោយគម្លាតតួលេខពីរខ្ទង់៕









