ភាព​​អសមត្ថភាព​​ក្នុង​​ការ​​ការ​ពារ​​ទឹក​ដី អាច​​ជា​មូ​ល​ហេតុ​​ដែល​​រដ្ឋាភិ​បាល​​បិទ​បាំង​​ព័ត៌​មាន​​ព្រំដែន

ភាព​​អសមត្ថភាព​ក្នុង​ការ​ការពារ​ទឹកដី ធ្វើ​ឱ្យ​ទឹកដី​ខ្មែរ​ជាច្រើន​ត្រូវ​បាត់បង់​ជា​បន្តបន្ទាប់ ទាំង​ទៅ​វៀតណាម និង​​ទៅ​​ថៃ អាច​ជា​មូលហេតុ​ដែល​ទាំង​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត តែងតែ​បិទបាំង​​​ព័ត៌មា​ន​​រឿង​​ព្រំដែន និង​តែងតែ​ចាប់​ដាក់​គុក ឬ​បង្ខំ​ឱ្យ​ចុះ​កិច្ចសន្យា ចំពោះ​អ្នក​ដែល​ហ៊ាន​និយាយ ឬ​ផ្សព្វ​ផ្សាយ​រិះគន់​ពី​ការ​​បាត់​បង់​​ទឹក​ដី​នៅ​តាម​ព្រំដែន។

លោក ចឹម សុងុន ជា​ពលរដ្ឋ​រស់នៅ​ភូមិ​ទួលចម្ការ ឃុំ​កណ្តោលជ្រុំ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​សមត្ថ​កិច្ច​​មូល​​ដ្ឋាន​​​ហៅ​​ទៅ​ធ្វើ​កិច្ចសន្យា កាលពី​ថ្ងៃទី​​០២ ខែវិច្ឆិកា ឱ្យ​ឈប់​ផ្សព្វផ្សាយ និង​លុប​វីដេអូ ដែល​លោក​​បាន​​ថត​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-វៀតណាម ដែល​បង្ហាញ​ថា ការ​បោះ​បង្គោល​ព្រំដែន គឺ​​បាន​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ដីស្រែ ដីចម្ការ ព្រៃប្រឹក្សា និង​ស្ទឹង បឹងបួរ ជាច្រើន​ទៅ​វៀតណាម។

ពលរដ្ឋ​រូប​នេះ​ ស្ថិត​ក្នុង​ចំណោម​ពលរដ្ឋ​រាប់សិប​នាក់​ផ្សេងទៀត ទាំង​នៅ​តាម​ព្រំដែន​ខាងកើត​ជាមួយ​វៀតណាម និង​​​ទាំង​នៅ​តាម​បណ្តោយ​ព្រំដែន​ថៃ ដែល​ត្រូវបាន​អាជ្ញាធរ​ហៅ​ទៅ​ព្រមាន និង​ឱ្យ​លុប​វីដេអូ​ដែល​ខ្លួន​​បាន​ថត​ទាក់​ទង​​នឹង​​បញ្ហា​​ព្រំដែន​​ចេញ។

បន្ថែម​ពី​នេះ កញ្ញា ខែម ស្រីមុំ អ្នកកាសែត​​ពលរដ្ឋ និង​ជា​សកម្មជន​សង្គម ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាល​​ពី​ពេល​​​ថ្មីៗ​​នេះ ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញមតិ និង​ចែករំលែក​ព័ត៌មាន​ព្រំដែន ទាក់ទង​នឹង​ថៃ​ឈ្លានពាន​កម្ពុជា។ កញ្ញា ស្រីមុំ ស្ថិតក្នុង​ចំណោម​សកម្មជន​នយោបាយ និង​សង្គម​ជាង ១០០ នាក់ ដែល​កំពុង​ជាប់ឃុំ​​ក្នុង​​ពន្ធនាគារ ដោយ​សារ​​ការ​​ប្រើ​ប្រាស់​​សិទ្ធិ​​បញ្ចេញ​មតិ ក្នុង​នោះ​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញមតិ​រិះគន់​លើ​ការ​បាត់បង់​ទឹកដី​ខ្មែរ​ជា​​បន្តបន្ទាប់។

មិនមែន​មាន​តែ​ពលរដ្ឋ​នោះ​ទេ ដែល​ត្រូវបាន​ចាប់​ឃុំខ្លួន និង​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​លើ​បញ្ហា​ព្រំដែន អ្នក​នយោ​បាយ​​ប្រឆាំង​ជាច្រើន ក៏​ធ្លាប់​ត្រូវបាន​ចាប់​ដាក់​ពន្ធនាគារ ពាក់ព័ន្ធ​នឹង​ការ​រិះគន់​លើ​ភាព​មិន​ប្រក្រតី​​ក្នុង​ការ​​បោះ​​បង្គោ​ល​​ព្រំដែន​កម្ពុជា-វៀតណាម ផងដែរ ក្នុង​នោះ​មាន​ដូចជា លោក សម រង្ស៊ី, លោក រ៉ុង ឈុន និង​លោក អ៊ុំ សំអាន ជាដើម។

លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ថា ការដែល​រដ្ឋាភិបាល​កម្ពុជា​នៃ​បក្ស​ប្រជាជន តាំង​ពី​​ជំនាន់​​លោក ហ៊ុន សែន ដឹកនាំ រហូតមកដល់​លោក ហ៊ុន ម៉ាណែត ដឹកនាំ តែងតែ​បិទបាំង​​ព័ត៌មាន​រឿង​ព្រំដែន ទាំង​​ខាងកើត និង​ខាងលិច មិន​ឱ្យ​ប្រជាពលរដ្ឋ​ដឹង និង​តែងតែ​ចាប់​ដាក់​ពន្ធនាគារ ឬក៏​គំរាមកំហែង ចំពោះ​អ្នក​​ដែល​​ស្រឡាញ់​​ទឹកដី ហ៊ាន​និយាយ​ពី​បញ្ហា​ព្រំដែន អាច​មកពី​អសមត្ថ​ភាព​​ក្នុង​ការ​ការពារ​ទឹកដី​របស់​មេដឹកនាំ។

លោក​ថា៖ «ដោយ​សារ​តែទាំងឪ​ទាំងកូន​ទាំង​លោក​ហ៊ុន ​សែន ​ទាំង​លោក​ហ៊ុន ម៉ាណែត ​ហ្នឹង​​ធ្វើ​ឱ្យ​បាត់​បង់​​​ទឹក​ដី ​ជាពិសេស​លោក​ហ៊ុន សែន ​​បាន​ធ្វើឱ្យ​បាត់​បង់ទឹកដីទៅ​ខាង​កើត ហើយ​ដល់​សម័យ​លោក​ហ៊ុន ម៉ាណែត ​ធ្វើ​ឱ្យ​បាត់​បង់ទឹកដី​ទៅ​ខាង​លិច។ ដូច្នេះនៅពេល​ពល​រដ្ឋ​ឈឺ​ឆ្អាល​រិះគន់​​ពីការ​បាត់​បង់​ទឹកដី ​​​តែង​ត្រូវ​បាន​​អាជ្ញាធរ​​ហៅទៅគំរាម​​កំហែង ​​ទៅ​ផ្តិតមេដៃ​ចាប់​ដាក់​គុក។ ដូច្នេះ​ដោយ​សារ​កំសោយ​​ក្នុងការ​ការ​ពារ​​ទឹក​​ដី​​ពី​​សំណាក់​​មេដឹក​នាំ​​ខ្មែរ​ គឺត្រកូល​​ហ៊ុន​​ធ្វើ​ឱ្យ​បាត់​បង់​ទឹក​ដីទៅប្រទេស​ជិតខាង ​អ៊ីចឹង​ហើយ​ទើប​តែង​​តែ​ចាប់​អ្នក​ឈឺ​ឆ្អាល​​រឿង​ព្រំដែន​ដាក់​គុក»។

បើ​តាម​អ្នកជំនាញ​កិច្ចការ​ព្រំដែន​ពី​បក្ស​ប្រឆាំង​រូប​នេះ សូម្បីតែ​បច្ចុប្បន្ន ក៏​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ព្យាយាម​​​​លាក់បាំង​ពី​ចំនួន​ទីតាំង​ទឹកដី​ខ្មែរ​ពិតប្រាកដ ដែល​ថៃ​បាន​ដណ្តើម​គ្រប់គ្រង​ផងដែរ។ កាលពី​ក្រោយ​បទ​​ឈប់​បាញ់ កាលពី​ថ្ងៃទី​​២៧ ខែធ្នូ ឆ្នាំ​២០២៥ រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ធ្លាប់​បាន​ប្រកាស​​​ថា ថៃ​បាន​ដណ្តើម​គ្រប់គ្រង​ដី​ខ្មែរ ១៤ ទីតាំង ប៉ុន្តែ​មកដល់​ពេល​នេះ រដ្ឋាភិបាល​មិនដែល​បាន​បង្ហាញ​​​ពី​ចំនួន​ទីតាំង​ដី​ខ្មែរ​ដែល​ថៃ​បាន​ដណ្តើម​គ្រប់គ្រង​នោះ​ទេ អាច​ដោយសារ​តែ​ចំនួន​ទឹកដី​ខ្មែរ​ដែល​បាត់បង់​ទៅ​ថៃ​នោះ វា​មាន​ច្រើនពេក ទើប​មិន​ហ៊ាន​ប្រកាស ខ្លាច​ពលរដ្ឋ​រិះគន់។

លោក​ថា៖ «ក្រោយ​មក​ទៀត​បាត់​ឡើង​រហូត​ដល់​ប៉ុន្មាន​ទីតាំង​មក​ហើយ​ អត់​ប្រកាសនោះទេ ​ដោយ​សារ​ខ្ញុំ​យល់​​ថា ខ្លាច​​ប្រជាពល​រដ្ឋ​រិះ​គន់​​ថា យី​​ធ្វើ​ឱ្យ​បាត់​បង់​ទឹក​ដី​ខ្មែរ​ច្រើន​​ទៅ​ខាង​ភាគីថៃ ​​អ៊ី​ចឹង​ហើយ​បាន​លោក​ហ៊ុន​ ម៉ាណែត ​ហ្នឹង​​លាក់​បាំង​មិន​​ឱ្យ​ប្រជាពល​រដ្ឋ​ដឹងថា ខ្មែរ​យើង​បាត់​បង់​ទឹក​ដី​ប៉ុន្មាន​​​ទីតាំង​​ទៅ​​ថៃ។ ត្រកូល​​​ហ៊ុន​ធ្វើ​​ឱ្យ​បាត់​បង់​ទឹក​ដី​ទាំង​ខាង​លិច​​ទាំង​ខាងកើត ​ហើយ​ចុង​ក្រោយ​អត់​មាន​សមត្ថភាព​​ទាម​ទារ​ទឹក​​ដី​​ហ្នឹង​​មក​វិញ​ កាត់​ទឹក​ដីហ្នឹង​ទៅ​ឱ្យ​ប្រទេស​ជិតខាង ​ដើម្បី​រក្សា​អំណាច​​របស់​ត្រកូល​ហ៊ុន ឬក៏កាត់​ដីដើម្បី​​ដូរ​យក​សន្តិភាព​និង​អំណាច​ ​​ឬក៏សង​គុណ​វៀត​ណាម​​អ៊ីចឹងទៅ​»។

វីអូឌី មិន​អាច​ទាក់ទង​លោក ប៉ែន បូណា អ្នកនាំពាក្យ​រដ្ឋាភិបាល ដើម្បី​ស្នើសុំ​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​បាន​​ទេ នៅ​ថ្ងៃទី​០៤ ខែវិច្ឆិកា នេះ។ ប៉ុន្តែ លោក​បាន​ថ្លែង​នៅក្នុង​កម្មវិធី​ផ្សាយ​បន្តផ្ទាល់ ស្តីពី​ការវិវត្ត​ស្ថានភាព​​ព្រំដែន​កម្ពុជា-ថៃ នៅ​ថ្ងៃទី​០៤ ខែវិច្ឆិកា នេះ​ថា រដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត បាន​ចាត់ទុក​កិច្ចការពារ​អធិបតេយ្យភាព បូរណភាព​ទឹកដី និង​ប្រជាជន ជា​អាទិភាព​ខ្ពស់​បំផុត និង​​ប្រកាន់យក​ជំហរ​ដោះស្រាយ​​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី តាមរយៈ​ការ​ចរចា​ការទូត ដោយ​ប្រើប្រាស់​យន្ត​ការ​ទ្វេភាគី​ដែល​​បាន​ព្រមព្រៀងគ្នា និង​ដោយ​ផ្អែកលើ​ច្បាប់​អន្តរជាតិ។

លោក​ថា៖ «ក្នុង​ន័យ​នេះ ​​រដ្ឋាភិបាល​បាន​និង​កំពុង​ប្រើ​ប្រាស់​មធ្យោបាយ​ច្រើន​យ៉ាង ​និង​សកម្ម​ខ្លាំងក្លា​ ដើម្បី​​ការ​​ពារសិទ្ធិ​​អធិប​តេយ្យ​​​នៅ​លើ​ទឹក​ដី ​ដែល​កងកម្លាំងថៃ​កំពុង​កាន់​កាប់​ដោយ​ខុសច្បាប់​»។

លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​កាលពី​ពេល​ថ្មីៗ​នេះ ដោយ​អំពាវនាវ​ឱ្យ​ខ្មែរ​គ្រប់​និន្នាការ​នយោបាយ ស្ងប់ស្ងាត់ ទុក​ឱកាស​ឱ្យ​រដ្ឋាភិបាល​របស់​លោក ធ្វើការ​ដោះស្រាយ​បញ្ហា​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ​ដោយ​សន្តិវិធី ដោយ​​​លោក​ថា បញ្ហា​ព្រំដែន​មាន​ភាព​ស្មុគស្មាញ​ខ្លាំង និង​ថា ក្នុង​ដំណាក់កាល​នេះ មាន​ព័ត៌មាន​រសើប​ច្រើនណាស់ ដែល​លោក​មិន​អាច​បញ្ចេញ​បាន។ បន្ថែម​ពី​នេះ លោក​ថែមទាំង​ចាត់ទុក​ដំណើរការ​ដោះស្រាយ​​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ប្រៀប​ដូចជា​ការ​លេងបៀរ ដែល​ត្រូវ​ប្រើ​យុទ្ធសាស្ត្រ មិន​អាច​បង្ហាញ​ឱ្យ​គូភាគី​​មើលឃើញ​ឡើយ។

បុរស​ម្នាក់​បាន​សម្តែង​ការ​សោកស្តាយ​យ៉ាងខ្លាំង ចំពោះ​ការ​បន្ត​រុល​ចូល​មក​ដណ្តើម​កាន់កាប់​ទឹកដី​កម្ពុជា​ឥត​ឈប់​ឈរ ពី​សំណាក់​យោធា​ថៃ។

ពលរដ្ឋ​ថា៖ «សែន​ស្តាយ​ទឹក​ដី​យើង​ណាស់​បងប្អូន​អើយ ​នៅ​​តាម​ទីតាំង​យោធាខ្ពស់ៗ​​នៅលើ​ភ្នំ​ដង​រែក ​ត្រូវ​​បាន​​ទាហាន​​ថៃ​​ដណ្តើម​​យក​អស់​ហើយ។ ​រហូត​មក​ដល់​ពេលនេះ​​ហើយ ​វាយក​អាតំបន់​ខ្ពស់​ៗ​អស់ហើយ​ សូម្បី​​​តែកន្លែង​​ទំនាបៗ​ ​ក៏​វាមិន​ទុក​ដែរ​​ វាយក​បន្លាលួស​មក​ព័ទ្ធ​វាជីក​ប្រឡាយ ​វា​ប្រឹង​ទាំងយប់​វាប្រឹង​​ទាំងថ្ងៃ​​ ពីព្រោះ​វាទាន់​មាន​ឱកាស​ល្អ​​​វាកម្រមាន​ឱកាស​ណា​ដែល​ល្អ​យក​ដីខ្មែរ​បាន​ផុយៗ​​ស្រួល​ៗ ​ដូច​សម័យ​នេះណាស់ ​ពីព្រោះ​មេដឹកនាំ​ពីរ​នាក់​ឪកូន​នេះ ​បណ្តែត​បណ្តោយ​ឱ្យ​គេ​យក​ដី​តាម​ចិត្ត​អត់​ហ៊ាន​ធ្វើ​អីគេ​ផង​ហ្នឹង!»។

ចំណែក​ពលរដ្ឋ​ម្នាក់ បាន​និយាយ​នៅ​ពេល​ទៅ​មើល​ព្រំដែន​​កម្ពុជា-វៀតណាម នៅ​ខេត្ត​ត្បូងឃ្មុំ កាលពី​ពេល​​ថ្មីៗ​នេះ​​ថា លោក​មាន​ការ​សោកស្តាយ​ទឹកដី​ខ្មែរ​ណាស់ យួន​​អាច​ដាំដុះ និង​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​បាន​នៅ​លើ​ដី​ខ្មែរ​ទាំងនោះ ប៉ុន្តែ​ខ្មែរ​ម្ចាស់​ទឹកដី បែរជា​មិន​អាច​ចូល​ទៅ​ធ្វើ​អ្វីៗ​បាន​ដូច​កាលពីមុន​ទៅវិញ។

ពលរដ្ឋ​ថា៖ «នេះ​ទេសភាពស្អាតណាស់ ដីស្រែខ្មែរពីដើម ​តែឥឡូវ​គេយក​អស់ហើយ​ ខាងនោះ​​​សុទ្ធ​តែ​ជាដី​រ​បស់​​យួន​​ហើយ​​ឥឡូវ​​។ ដីខ្មែរ​​ស្រែខ្មែរ​យើង​ ​តែ​គេ​យក​អស់ហើយ​ឥឡូវ​។ មើល​ថ្ងៃ​រៀប​​លិច​​ចាំងព្រិចៗ​នៅ​លើ​ដី​ខ្មែរ​ តែ​ឥឡូវ​គេហ៊ុំព័ទ្ធ​យក​ហើយ​ កម្ពុជា​ក្រោម​២១​ខេត្ត​ក្រុង កោះ​​ត្រឡាច​ កោះត្រល់ ​​កោះជាច្រើនដែល​​គេហ៊ុំព័ទ្ធ​យក​​គ្រប់គ្រង​។ ទឹកដីខ្លួនឯង​សុទ្ធតែវាយ​ប៉ាស្ព័រ​ចូល​ឥឡូវ»។

លោក ម៉ែន ណាត ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា បាន​ថ្លែង​ថា ការ​បិទបាំង​ព័ត៌មាន​ទាក់ទង​នឹង​បូរណភាព​​ទឹក​ដី មិន​ឱ្យ​ប្រជាពលរដ្ឋ​បាន​ដឹង ទាំង​ព្រំដែន​ខាងកើត និង​ព្រំដែន​ខាងលិច នា​ពេល​បច្ចុប្បន្ន វា​ជា​ក្តី​បារម្ភ​ធំណាស់ ដែល​បង្ហាញ​ថា រដ្ឋាភិបាល​អសមត្ថភាព ក្នុង​ការ​ការពារ​ទឹកដី។ ដោយសារតែ​ដឹកនាំ​ប្រទេស​អសមត្ថភាព ខ្លាច​​ខូច​មុខ​​ខូចមាត់​​ភាព​អសមត្ថភាព​របស់​ខ្លួន ម្ល៉ោះហើយ​ចេះតែ​រក​លេស​ដោះសារ និង​រក​មធ្យោបាយ​បិទបាំង​មិន​ឱ្យ​គេ​រិះគន់។

លោក​លើកឡើង​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន ពាក់ព័ន្ធ​នឹង​សន្ធិសញ្ញា​ខុសច្បាប់​ឆ្នាំ​១៩៨២-៨៣-៨៥ ដែល​លោក ហ៊ុន សែន ធ្វើ​ជាមួយ​វៀតណាម ធ្វើ​ឱ្យ​បាត់បង់​ទឹកដី​ខ្មែរ និង​កោះ​យ៉ាងច្រើន​ទៅ​វៀតណាម។ ដល់​​សម័យ​​លោក ហ៊ុន ម៉ាណែត ធ្វើ​ឱ្យ​បាត់បង់​ទឹកដី​ព្រំដែន​ខាងលិច​រហូតដល់​ជិត ១០០ ទីតាំង​​ហើយ​ទៅ​ថៃ ហើយ​នៅ​ពេល​នេះ មិនទាន់​ទទួលស្គាល់​ទាំងស្រុង​ថា​បាត់បង់​នៅឡើយ​ទេ កំពុងតែ​ប្រទាញប្រទង់។

លោក​ថា៖ «ប៉ុន្តែគឺ​កំពុង​តែអសមត្ថភាព​ក្នុងការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយសៀម។ អ៊ីចឹង​ហើយ​ដោ​យ​​សារ​តែអសមត្ថភាព​ហ្នឹង​​ហើយ ​បាន​ធ្វើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ហ្នឹង​​ប្រើ​មធ្យោបាយ​ទុច្ចរិត​​ចាប់​ប្រជាពល​រដ្ឋ​​ណា​​ដែ​ល​តិចតៀន​រឿង​ព្រំដែន​ដាក់​គុក​ ទាំង​ពល​រដ្ឋ​​ ទាំង​អ្នក​នយោបាយ ​​ដែល​តិច​តៀន​បញ្ហា​ព្រំដែន​ជា​មួ​យយួន ​ក៏​ដូច​ជាបញ្ហា​ព្រំដែន​​ជាមួយថៃ​ ​ឱ្យ​តែតិចតៀនប៉ះពាល់​ទៅ​ដល់​កិត្តិយស​រដ្ឋាភិបាល ​គឺ​គេ​រ​ក​លេសចាប់​​ប្រជាពល​រដ្ឋ​ដាក់​គុក​​ទាំងអយុត្តិធម៌ អាហ្នឹង​ហេតុ​វាអ៊ី​ចឹង ហេតុហ្នឹង​គឺ​អសមត្ថភាព​​របស់​មេដឹកនាំ​​ហេតុ​ហ្នឹង​គឺមេដឹកនាំប្រទេស​វាមិន​កើត​»។

បើ​តាម​អ្នក​ឃ្លាំមើល​រូប​នេះ កម្ពុជា​ក្រោម​ការ​ដឹកនាំ​ដោយ​​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ជិត ៥០ ឆ្នាំ​មក​នេះ ដែល​វេញ​បញ្ចូល​គ្នា​ទៅ​ដោយ​គ្រួសារ និង​បក្ខពួកនិយម ប្រព្រឹត្ត​អំពើពុករលួយ​ជា​ប្រព័ន្ធ បាន​​ធ្វើ​ឱ្យ​កម្ពុជា​ទន់ខ្សោយ​គ្រប់​វិស័យ ទើប​ជា​ឱកាស​ដែល​យួន និង​សៀម អាច​ប្រមាថ​មើលងាយ និង​រំលោភ​​ឈ្លានពាន​ទឹកដី​ខ្មែរ​តាម​អំពើ​ចិត្ត​ដូច​បច្ចុប្បន្ន។

សម្រាប់​លោក ម៉ែន ណាត និង​លោក អ៊ុំ សំអាន កម្ពុជា​ក្រោម​ការ​ដឹកនាំ​ដោយ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត នឹង​មិន​អាច​ទាមទារ​ទឹកដី​ពី​ថៃ​មកវិញ​បាន​ទេ ប្រសិនបើ​មិន​ប្តឹង​ថៃ​ទៅ​គ្រប់​យន្តការ​ច្បាប់​អន្តរជាតិ និង​ទៅ​​សហប្រធាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ