អ្នក​​នៅ​​ខេត្ត​​ជាប់​​ព្រំដែន​​នឹង​​រង​គ្រោះ​​យូរ​​​ឆ្នាំ​​ទៀត បើ​​លោក ហ៊ុន ម៉ាណែត មិន​​ប្តឹង​​ថៃ

អ្នក​​រស់​នៅ​​តាម​​បណ្តា​ខេត្ត​​ជាប់​​ព្រំដែន និង​​ជនភៀសសឹក​​ប្រមាណ​ជា ២ ម៉ឺន​​នាក់ ត្រូវ​​គេ​ជឿ​ថា ពួកគេ​នឹង​រងគ្រោះ​យូរ​ឆ្នាំ​ទៀត​ពី​ការ​ឈ្លានពាន​របស់​ថៃ បើ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត នៅតែ​បន្ត​បោះដៃ​រក​ការ​ចរចា​​ជាមួយ​ថៃ ហើយ​មិន​ប្រើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​ប្តឹង​ថៃ​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ ដើម្បី​បង្ខំ​ឱ្យ​ថៃ​ដក​កងទ័ព​ចេញពី​ទឹកដី​ខ្មែរ​វិញ​ទេ​នោះ។

ក្តី​បារម្ភ​នេះ កើតមានឡើង​បន្ទាប់ពី​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត តាមរយៈ​អ្នកនាំពាក្យ គឺ​លោក ប៉ែន បូណា បាន​បន្ត​លើកឡើង​ពី​ផល​លំបាក​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ ទោះបីជា​ថៃ​បាន​ចុះ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​នៅ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ក៏ដោយ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ប៉ែន បូណា បាន​បន្ត​លើកឡើង​នៅ​ថ្ងៃទី​០៤ ខែវិច្ឆិកា នេះ​ថា កម្ពុជា​គោរព និង​​​​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​បទ​ឈប់​បាញ់ ជាពិសេស​ចំណុច​ទី ៣ ដែល​ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​ប្រគល់​ភារកិច្ច​ឱ្យ​​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) ចុះ​វាស់វែង​កំណត់​ខណ្ឌសីមា​ប្រទេស​​ទាំង​ពីរ​ជាប្រញាប់ ស្រប​តាម​កិច្ចព្រមព្រៀង​ដែលមាន​ស្រាប់។

លោក​គូសបញ្ជាក់​ថា កម្ពុជា​បាន​ផ្ញើ​កំណត់ទូត​ទៅ​ភាគី​ថៃ​ ដើម្បី​ស្នើ​បើក​កិច្ចប្រជុំ​គណៈកម្មការ JBC ចំនួន ១២ លើក​​​ហើយ គិត​​ចាប់តាំងពី​ក្រោយ​បទ​ឈប់​បាញ់​លើក​ទី ២ ប៉ុន្តែ​ភាគី​ថៃ​មិនទាន់​បាន​​អនុវត្ត​​​នៅឡើយ​​ទេ។

លោក​ថា៖ «ការ​យឺតយ៉ាវ​ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀង​ទាំងនេះ បានរារាំងប្រជាពលរដ្ឋភៀសសឹក​ប្រមាណ​២ម៉ឺន​នាក់ ក្នុង​ការ​ត្រឡប់​ទៅ​ផ្ទះស​ម្បែង​វិញ​ដោយ​សុវត្ថិ​ភាព និង​សេចក្តី​ថ្លៃ​ថ្នូរ​»។

សម្រាប់​អ្នកនាំពាក្យ​រូបនេះ កម្ពុជា​បាន​និង​កំពុង​ជំរុញ​ការអនុវត្ត​ចំណុច​នេះ​​​ឱ្យ​មាន​ប្រសិទ្ធភាព និង​ឱ្យ​បាន​​លឿន​​បំផុត​​តាម​​កិច្ច​ព្រម​ព្រៀង​​ដែល​​បាន​​ឯកភាព​​គ្នា។

សម្រាប់​អតីត​តំណាងរាស្ត្រ​ពី​បក្ស​ប្រឆាំង​ដែលមាន​ជំនាញ​កិច្ចការ​ព្រំដែន លោក អ៊ុំ សំអាន បាន​ហៅ​ការ​អាះ​អាង​​នេះ​​ថា ប្រជាពលរដ្ឋ​នៅតាម​ព្រំដែន​នឹង​បន្ត​រងគ្រោះ បាត់​ដីស្រែ​ចម្ការ បាត់​ផ្ទះសម្បែង មិនអាច​វិល​ត្រឡប់​ទៅ​ផ្ទះសម្បែង​វិញ​បានទេ ដរាបណា​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត រំពឹង​ទៅលើ​ការចរចា​ទ្វេ​ភាគី ខណៈដែល​ថៃ​មិនដែល​ខ្វល់​ខ្វាយ​​ទៅ​នឹង​​យន្តការ​ចរចា​ទ្វេភាគី​នោះ។

លោក​គូសបញ្ជាក់​ថា ដរាបណា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត មិនព្រម​ប្តឹង​ថៃ​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ មិនព្រម​ប្តឹង​ថៃ​ទៅកាន់​សហប្រធាន​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ១៩៩១ ទេ ប្រជា​ពលរដ្ឋ​​នៅតាម​ព្រំដែន​​នឹង​បន្ត​រងគ្រោះ ហើយ​ជនភៀសសឹក​រាប់ពាន់​នាក់​នោះ ក៏​មិនអាច​វិលត្រឡប់​ទៅ​ផ្ទះសម្បែង​វិញ​បានដែរ ហើយ​​ថា​ដីធ្លី ស្រែចម្ការ ផ្ទះសម្បែង​របស់ពួកគេ នឹងត្រូវ​ទាហាន​ថៃ​គ្រប់គ្រង​បន្តទៀត។

លោក​ថា៖ «ខ្ញុំ​យល់​ថា ​ដោយសារ​តែ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត អត់​​មាន​​ជម្រើស​​អី​​ក្រៅ​ពី​​សុំ​លន់​​តួ​​​ថៃ​សុំ​​​ចរ​ចា​​​​ទ្វេ​ភា​គី ហើយ​​​ទោះបី​ជា​​​បាន​​ចរ​ចា​​ទ្វេ​ភាគី​ ក៏​​ថៃ​​មិន​​ឱ្យ​​ដី​​ហ្នឹង​​ត្រឡប់​​មក​វិញ​​ដែរ ដូច្នេះ​​ដូច​ជា​​​គាត់​​ចង់​​ចរចា​​ទ្វេ​ភាគី​​ទៅ អាច​​នឹង​​កាត់​​ដី​​ខ្មែរ​​យើង​​ឱ្យ​ថៃ​​ខ្លះ​ទៅ ដើម្បី​ដូច​យក​សន្តិភាព​និង​អំណាច[…] ដូច្នេះ​​ហើយ​បានជា​គាត់​នៅតែ​ទទូច​ជាមួយ​​ថៃ​ហ្នឹង ដើម្បី​ចរចា​ទ្វេភាគី កាត់​ដី​ដូច​យក​សន្តិភាព​និង​អំណាច»។

សម្រាប់​លោក អ៊ុំ សំអាន ស្របពេល​ដែល​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត កំពុង​លួង​ថៃ​ឱ្យ​ចូល​តុ​ចរចា​នេះ ថៃ​​កំពុង​អភិវឌ្ឍន៍​​ទឹកដី​ខ្មែរ​ចំនួន ៨៥ ទីតាំង ដែល​ថៃ​កំពុង​គ្រប់គ្រង ឱ្យ​ក្លាយទៅជា​ទឹកដី​របស់​ថៃ តាម​រយៈ​ធ្វើ​របង​​រឹង ដូច​ជា​​​​ផ្លូវ​​បេតុង សាង​សង់​​ដង​​ទង់​ជាតិ​​ថៃ ហើយនិង​ចែក​ដី​ឱ្យ​ប្រជាពលរដ្ឋ​គេ ដូច​នៅ​ភូមិ​ជោគជ័យ ភូមិ​ព្រៃចាន់ ជាដើម។

ចំណែក ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត បាន​និយាយថា មូលហេតុ​ដែល​ថៃ​មិនព្រម​ចូល​​ចរចា តាម​ការ​ទទូច​របស់​លោក ហ៊ុន ម៉ាណែត មកពី​ថៃ​ដឹងថា ខ្លួន​កំពុង​មានប្រៀប ហើយ​អាច​ពង្រីក​ការ​​ឈ្លាន​ពាន​​​ទឹក​ដី​​​ខ្មែរ​​បាន​​តាមចិត្ត​ជាង ១ ឆ្នាំ​មកនេះ ដូច្នេះ​ថៃ​មិនចាំបាច់​ចរចា​ជាមួយ​ភាគី​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត នោះ​ទេ ខណៈដែល​លោក ហ៊ុន ម៉ាណែត មិន​ទប់ស្កាត់​ការ​ឈ្លានពាន​លើ​ដី​ជាក់ស្តែង និង​មិន​ប្តឹង​ថៃ​ទៅកាន់​តុលាការ​​យុត្តិធម៌​អន្តរជាតិ​នោះ។

លោក​ថា៖ «មូលហេតុ​នៅ​ត្រង់​ថា ថៃ​គេ​បាន​បន្ត​អនុវត្ត​ផែនទី​ខ្នាត ១លើ ៥០ពាន់​​របស់​គេ​ហ្នឹង ហើយ​គេ​មក​​​កាត់​តម្រូវ​ព្រំដែន​គោក​របស់​ខ្មែរ​តាមចិត្ត ​គេ​ចង់បាន​សព្វថ្ងៃ​ហ្នឹង ហើយ​ពេល​ហ្នឹងហើយ​គេ​បោះ​បង្គោល​​​​ព្រំដែន​​​តាមចិត្ត​គេ​ចង់បាន គេ​ពង្រីក​ការ​ជាន់ពាន​តាមចិត្ត​គេ​ចង់បាន អញ្ចឹងហើយ​បានជា​គេ​មិនព្រម​ចូល​រួម​​ចរចា JBCទេ ពីព្រោះ​អា​តុ​ចរចា JBC វា​តាម​ឱ្យ​ថៃ​ហ្នឹង​​ចរចា​ទៅតាម​យន្តការ​សន្ធិសញ្ញា​បារាំង​សេស និង​​​ផែនទី​របស់​បារាំង​ខ្នាត ១លើ ២០០ពាន់ អាកន្លែង​ហ្នឹង​ថៃ​គេ​មិនព្រម​ជាមួយ​ខ្មែរ»។

ក្រុម​អ្នកតាមដាន យល់ថា ភាពបរាជ័យ​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ក្នុងការ​ទប់ស្កាត់​ការ​ឈ្លាន​ពាន​​ទឹក​ដី​​ពី​​ប្រទេស​​ជិតខាង គឺ​ការ​មិនព្រម​ស្តារ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ តាម​ស្មារតី​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​ជា​ដើមហេតុ​ធ្វើឱ្យ​សហគមន៍​អន្តរជាតិ​ស្ទាក់ស្ទើរ​ដាក់សម្ពាធ​ទៅលើ​ប្រទេស​ថៃ​ដែល​​ឈ្លាន​ពាន​កម្ពុជា។

រដ្ឋធម្មនុញ្ញ បាន​ចង​កាតព្វកិច្ច​រដ្ឋាភិបាល​ពី​ឆន្ទៈ​ការពារ​ទឹកដី។ ចំណែក ក្រមព្រហ្មទណ្ឌ ក៏​ដូចគ្នា​ដែរ បាន​ចែង​ពី​ការដាក់ទោស​ទណ្ឌ​ធ្ងន់ធ្ងរ​ចំពោះ​អ្នក​ដែល​ធ្វើឱ្យ​បាត់បង់​ទឹកដី​ទៅ​បរទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ